

អតិថិជនជនជាតិចិនមួយចំនួននៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់ លោក ហ៊ុន តូ បានធ្លាក់ខ្លួនជាអ្នកសុំទាន ខណៈអាជីវករខ្លះទៀតបានបង្ខំចិត្តបិទទ្វារអាជីវកម្មរបស់ខ្លួន ដោយសារតែគ្មានលទ្ធភាពជួលកន្លែងធ្វើអាជីវកម្ម ឬជួលផ្ទះ។ ទន្ទឹមគ្នា នេះ អតិថិជនខ្មែរដែលត្រូវបានក្រុមហ៊ុនលោក ហ៊ុន តូ បង្កកលុយបញ្ជាក់ថា ពួកគាត់បារម្ភអំពីសុវត្ថិភាពផ្ទាល់យ៉ាងខ្លាំង និងភ័យខ្លាចមិនហ៊ានចេញតវ៉ាការពារសិទ្ធិទៀតឡើយ ដោយសារតែអាជ្ញាធរគំរាមកំហែងចាប់ដាក់គុក។
ក្រុមអតិថិជនរងគ្រោះដោយសារតែក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ បញ្ជាក់ថា ជនជាតិចិនមួយចំនួនដែលជាប់គាំងលុយក្នុងគណនីហួយវ័នកំពុងប្រឈមវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតអ្នកខ្លះបានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង។ លើសពីនេះទៀត អតិថិជនខ្មែរដែលហ៊ានចេញប្រមូលផ្ដុំគ្នាតវ៉ាក៏ត្រូវបានកម្លាំងអាជ្ញាធរគំរាមកំហែងចាប់ដាក់គុក។
ក្រុមអតិថិជនភាគច្រើនជាជនជាតិចិនបានរិះគន់ប្រព័ន្ធដឹកនាំរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ថា ពុករលួយ និងអសមត្ថភាព និងបានបង្ហាញអារម្មណ៍ខឹងសម្បារចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលមិនបានអើពើនឹងសុខទុក្ខរបស់ប្រជាជនខ្លួននៅក្រៅប្រទេស។
ម្ចាស់ហាងលក់ទូរស័ព្ទ និងកុំព្យូទ័រជនជាតិចិនម្នាក់ដែលជាប់គាំងលុយក្នុងគណនីហួយវ័ន ថ្លែងប្រាប់ទូរទស្សន៍អាស៊ីសេរីសុំមិនបញ្ចេញឈ្មោះថា ថ្មីៗនេះលោកបានសម្រេចចិត្តទាំងឈឺចាប់ ដោយបង្ខំចិត្តបិទហាងអាជីវកម្មរបស់លោកទាំងស្រុងនៅរាជធានីភ្នំពេញ និងបានបញ្ឈប់បុគ្គលិកខ្មែរ ១០នាក់ ដោយសារតែគ្មានលទ្ធភាពផ្ដល់ប្រាក់ឈ្នួលឱ្យពួកគេ និងបង់ថ្លៃផ្ទះជួល។ លោកបានទាមទារដល់រដ្ឋាភិបាលចេញមុខដោះស្រាយបញ្ហាលុយជនរងគ្រោះដែលបានជាប់គាំងនៅក្រុមហ៊ុន ហួយវ័ន ផេ ដើម្បីឱ្យលោកអាចមានលទ្ធភាពបន្តអាជីវកម្មនៅកម្ពុជា។
អតិថិជនរូបនេះបន្តថា មកដល់ពេលនេះ ក្រុមជនរងគ្រោះគ្មានជម្រើសអ្វីក្រៅពីបន្តប្រមូលផ្ដុំគ្នាតវ៉ាទាមទារលុយរបស់ខ្លួនឡើយ ដោយសារតែធនាគារជាតិនៃកម្ពុជា និងស្ថាប័នតុលាការមិនអាចផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះបានឡើយ។ អតិថិជនដដែលរិះគន់ថា ប្រព័ន្ធច្បាប់របស់កម្ពុជាគឺលម្អៀង និងគិតគូរតែផលប្រយោជន៍ក្រុមគ្រួសារលោក ហ៊ុន សែន និងអ្នកមានអំណាចប៉ុណ្ណោះ ប៉ុន្តែមិនបានគិតគូរដល់ពលរដ្ឋជាជនរងគ្រោះឡើយ។
ទន្ទឹមនឹងជនរងគ្រោះមួយចំនួនប្រឈមនឹងវិបត្តិសេដ្ឋកិច្ច រហូតត្រូវបិទអាជីវកម្ម ក៏មានជនរងគ្រោះមួយចំនួនធ្លាក់ខ្លួនក្លាយជាអ្នកសុំទាន និងធ្លាក់ខ្លួនឈឺ ក្រោយលុយរបស់ខ្លួនដែលខិតខំរកស៊ីបានដោយលំបាកត្រូវក្រុមហ៊ុនរបស់លោក ហ៊ុន តូ បង្កកយកដោយគ្មានដំណោះស្រាយ។
ក្នុងឃ្លិបវីដេអូមួយដែលទូរទស្សន៍អាស៊ីសេរីទទួលបានស្ត្រីអាជីវករជនជាតិចិនម្នាក់បានធ្លាក់ខ្លួនសុំទាន និងថ្លែងអំពាវនាវទាំងទឹកភ្នែកដង្ហោយរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងស្ថានទូតចិនប្រចាំកម្ពុជា ក្រោយលោកស្រី បានបាត់បង់ប្រាក់សន្សំទាំងអស់ក្នុងប្រព័ន្ធទូទាត់កម្មវិធីហួយវ័ន ផេ (Huione Pay ដែលលុយទាំងនោះបានមកពីការតស៊ូធ្វើការយ៉ាងលំបាក។
នៅក្នុងឃ្លិបវីដេអូនោះ ស្ត្រីរងគ្រោះបានរៀបរាប់ថា លោកស្រីបានធ្វើដំណើរមកកម្ពុជាបើកអាជីវកម្មលក់អាហារពេលព្រឹកខ្នាតតូចរួមមាននំប៉ាវ ទឹកសណ្ដែក និងបបរ ហើយប្រាក់ចំណូលដែលរកបានគឺបានដាក់សន្សំក្នុងកម្មវិធីហួយវ័ន ផេ។ លោកស្រីបានខិតខំប្រឹងប្រែងធ្វើការធ្ងន់ស្រាលយ៉ាងលំបាក ដោយត្រូវភ្ញាក់តាំងពីម៉ោង ៣ព្រឹក និងធ្វើការរហូតដល់ ១៦ម៉ោងក្នុងមួយថ្ងៃអស់រយៈពេល ៤ ឆ្នាំមកហើយ។ លោកស្រីក៏មានកូនៗតូចកំពុងសិក្សា និងមានម្ដាយជរាត្រូវផ្គត់ផ្គង់នៅប្រទេសកំណើត និងអំពាវនាវដោយទទូចសុំឱ្យភាគីពាក់ព័ន្ធ និងស្ថានទូតចិនប្រចាំកម្ពុជាជួយស្វែងរកដំណោះស្រាយ ដល់លោកស្រី និងជនរងគ្រោះផ្សេងទៀត អាចដកប្រាក់សន្សំទាំងនោះត្រឡប់ទៅផ្ទះក្នុងប្រទេសចិនវិញ។
ជនរងគ្រោះជនជាតិចិនបញ្ជាក់ថា ស្ត្រីរូបនេះក៏មានជំងឺបេះដូង និងបានបង្ខំចិត្តត្រឡប់ទៅប្រទេសចិនវិញកាលពីខែសីហា ដើម្បីព្យាបាលជំងឺ ខណៈលុយសន្សំរបស់គាត់មកដល់ពេលនេះក៏មិនទាន់អាចទទួលបានវិញនៅឡើយ។
ចំណែក ជនរងគ្រោះក្រុមហ៊ុន ហួយវ័ន ផេ ម្នាក់ទៀត ថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីបញ្ហាសុវត្ថិភាពប្រាប់ទូរទស្សន៍អាស៊ីសេរីឱ្យដឹងដែរថា ជនរងគ្រោះខ្មែរភាគច្រើនលែងហ៊ានចេញតវ៉ាទាមទារលុយរបស់ខ្លួនទៀតឡើយ ដោយសារតែពួកគាត់ត្រូវបានអាជ្ញាធរគំរាមកំហែងចាប់ដាក់ដាក់គុក។ ជនរងគ្រោះរិះគន់ថា ស្ថាប័នធនាគារជាតិនៃកម្ពុជា និងរដ្ឋាភិបាលមិនបានបំពេញតួនាទីរបស់ខ្លួនការពារ និងបម្រើប្រជាពលរដ្ឋឡើយ ប៉ុន្តែបែរជាសម្ងំស្ងៀមមើលពលរដ្ឋរងទុក្ខវេទនាទៅវិញ។
ថ្លែងលាក់ឈ្មោះ៖«សម្រាប់ខ្ញុំដែលជាជនរងគ្រោះម្នាក់ របស់ហួយវ័ន ខ្ញុំគឺអស់សង្ឃឹមខ្លាំង ហើយខ្ញុំលែងទុកចិត្តនៅលើប្រព័ន្ធធនាគារនៅក្នុងស្រុកខ្មែរហើយ លែងហ៊ានដាក់លុយនៅក្នុងធនាគារទៀតហើយ។ ដោយសារអី ពេលដែលត្រូវបានគេយកលុយទៅបាត់អ៊ីចឹង បែរជាឱ្យពួកខ្ញុំដើរទៅតាមផ្លូវច្បាប់ ដើម្បីធ្វើការតវ៉ាដោយខ្លួនឯង។ ពួកខ្ញុំដាក់លុយនៅក្នុងហួយវ័នគឺពួកខ្ញុំទុកចិត្តថា ហួយវ័ន គឺមានអាជ្ញាប័ណ្ណត្រឹមត្រូវ ទទួលស្គាល់ពីធនាគារជាតិត្រឹមត្រូវ។ ពេលដែលបិទហួយវ័ន ក៏អត់មានប្រកាសប្រាប់ពួកខ្ញុំដែរ អ៊ីចឹងពួកខ្ញុំជាប្រជាជន ដែលជាអ្នកប្រើប្រាស់ក៏ពួកខ្ញុំអត់ដឹងដែរ។ អ៊ីចឹងពីខ្ញុំ គឺខ្ញុំខកចិត្តខ្លាំងមែនទែនចំពោះប្រព័ន្ធនៃការដឹកនាំ ជាមួយ និងការគ្រប់គ្រងមួយហ្នឹង»។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកក្រុមជំនាញប្រឆាំងអំពើពុករលួយនៃរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក ទេព មនោរម្យ លើកទឹកចិត្តដល់ជនរងគ្រោះទាំងអស់បន្តប្រមូលផ្ដុំគ្នាសម្ដែងមតិរបស់ខ្លួនដោយសន្តិវិធី ដើម្បីទាមទារយុត្តិធម៌សម្រាប់ខ្លួនឯង និងដាក់សម្ពាធឱ្យរដ្ឋាភិបាលបញ្ចប់នូវវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍លើអ្នកប្រព្រឹត្តខុសច្បាប់។ លោកចោទថា រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន គឺជាអ្នកកាងការពារពីក្រោយក្រុមហ៊ុន លោក ហ៊ុន តូ ដែលធ្វើឱ្យស្ថាប័នពាក់ព័ន្ធមិនហ៊ានចាត់វិធានការដោះស្រាយ និងទុកឱ្យជនរងគ្រោះរស់នៅក្នុងស្ថានភាពវេទនា និងធ្វើឱ្យមុខមាត់ជាតិកាន់តែរងភាពអាម៉ាស់លើឆាកអន្តរជាតិ។
លោក ទេព មនោរម្យ៖ «ប្រជាពលរដ្ឋខ្មែរ កុំអស់សង្ឃឹម ហើយកុំបោះបង់លុយកាក់របស់យើង ដែលយើងរកបានហ្នឹងដោយវេទនាណាស់។ អ៊ីចឹង យើងមិនអាចទុកឱ្យគេហ្នឹង លួចប្លន់ទ្រព្យសម្បត្តិយើងងាយៗបានទេ! អ៊ីចឹង ត្រូវតែធ្វើការតស៊ូ ត្រូវតែធ្វើការទាមទារ ជាពិសេសឱ្យយោងទៅតាមនីតិវិធីដែលច្បាប់ ចក្រភពអង់គ្លេស អាមេរិក និងអឺរ៉ុបហ្នឹងបានស្នើសុំឱ្យជនរងគ្រោះខ្លួនឯងហ្នឹងធ្វើជាឯកសារ។ បើសិនជាយើងខ្លាច យើងទៅធ្វើបាតុកម្មតែគ្នាយើងហ្នឹង ខ្លាចគេវាយគេដំ នៅពេលដែលចិនធ្វើហ្នឹង យើងទៅចូលរួមជាមួយចិនទៅ ចូលរួមជាមួយគ្នាកាន់តែច្រើន ដើម្បីជាកម្លាំង ជាកម្លាំងហ្នឹងហើយ ដែលយើងអាចធ្វើឱ្យមានដំណោះស្រាយ»។
ក្រុមហ៊ុន ហួយវ័ន ផេ គឺជាផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) មានកម្មវិធីទូទាត់លុយតាមអនឡាញក្នុងមួយដងអាចក្នុងចំនួនទឹកប្រាក់រាប់ម៉ឺនដុល្លារដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធធនាគារ។ ក្មួយប្រុសបង្កើតប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងត្រូវជាបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ជាសហប្រធានមួយរូបនៃក្រុមហ៊ុននេះ។ ធនាគារជាតិនៃកម្ពុជាបានដកអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័នគ្រុប (Huione Group) ដោយស្ងាត់ៗកាលពីឆ្នាំ២០២៤ ប៉ុន្តែក្រុមហ៊ុននេះនៅតែបន្តដំណើរអាជីវកម្មរបស់ខ្លួនរហូតដល់ចុងឆ្នាំ២០២៥ និងបានបង្កកលុយអតិថិជន បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអើពើឆបោកតាមអនឡាញ និងការលាងលុយកខ្វក់។
ជិតមួយឆ្នាំមកនេះ ក្រុមអតិថិជនបានព្យាយាមដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ជាច្រើនដងពីស្ថាប័នពាក់ព័ន្ធដូចជាក្រសួងយុត្តិធម៌ ធនាគារជាតិនៃកម្ពុជា និងស្ថានទូតចិនជាដើម ប៉ុន្តែអតិថិជនថា ស្ថាប័នទាំងអស់នេះមិនបានខ្វាយខ្វល់ជួយរកដំណោះស្រាយឡើយ។ ផ្ទុយទៅវិញ អាជ្ញាធរបែរជាវាយដំបង្ក្រាបដោយហិង្សា និងចាប់ខ្លួនជនរងគ្រោះខ្មែរ ២នាក់ដាក់គុក ព្រមទាំងបណ្ដេញជនជាតិចិនម្នាក់ត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារតែពួកគាត់សកម្មក្នុងការចូលរួមតវ៉ាទាមទារលុយរបស់ខ្លួនដែលបាត់បង់នៅក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ៕








