

អ្នកតាមដានសង្គមកម្ពុជារិះគន់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីភូមា លោក មីន អុងឡាំង (Min Aung Hlaing) មកកម្ពុជា ដោយព្រមានថា ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ អាចបង្កើនការព្រួយបារម្ភអំពីការគោរពប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនយោបាយ។ ការអះអាងនេះធ្វើឡើង ខណៈលោក មីន អុងឡាំង កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា គឺពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា។
រដ្ឋាភិបាលត្រកូលហ៊ុន កំពុងទទួលស្វាគមន៍ជាពិសេសដល់មេដឹកនាំរដ្ឋប្រហារយោធាភូមា ឬមីយ៉ាន់ម៉ា លោក មីន អុងឡាំង នៅថ្ងៃទី១១ ខែកញ្ញា ប៉ុន្តែអ្នកឃ្លាំមើល ចាត់ទុកថា ការស្វាគមន៍ និងការគាំទ្រគ្នាទៅវិញទៅមករវាងមេដឹកនាំប្រទេសទាំងពីរនេះ ព្រោះពួកគេជាមេដឹកនាំផ្ដាច់ការ និងមានកេរ្តិ៍ឈ្មោះអាស្រូវដូចគ្នារឿងរំលោភសិទ្ធិមនុស្ស និងរងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បាននិយាយថា ទម្រង់នៃការគ្រប់គ្រងរបស់មេដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ា មានចំណុចស្រដៀងគ្នា ដោយលោកអះអាងថា ទាំងពីរប្រទេសបានប្រឈមនឹងការរិះគន់ពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិនយោបាយ និងសេរីភាពស៊ីវិល ជាពិសេសមេដឹកនាំទាំងពីរ បានឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារយោធាដូចគ្នា។
លោក ស៊ឹង សែនករុណា ក៏បានលើកឡើងពីបញ្ហាឆបោកតាមអនឡាញ និងអំពើពុករលួយ ដែលលោកថា ជាបញ្ហាដែលប្រទេសទាំងពីរប្រឈមមុខដូចគ្នាដែរ។ លោកថា ដំណើរទស្សនកិច្ចរបស់លោក មីន អុងឡាំង មិនបានផ្តល់ផលប្រយោជន៍ច្បាស់លាស់ដល់កម្ពុជាទេ ហើយអាចធ្វើឱ្យសហគមន៍អន្តរជាតិបង្កើនការតាមដានទំនាក់ទំនងរវាងប្រទេសទាំងពីរ ថាអាច នឹងមានទំនាក់ទំនងសម្ព័ន្ធភាព ទៅលើបទល្មើស និងការរៀនសូត្រពីគ្នាទៅវិញទៅមក អំពីការធ្វើទុក្ខបុកម្នេញ ទៅលើសកម្មជន សិទ្ធិមនុស្ស សកម្មជនសង្គមនយោបាយ។
លោក ស៊ឹង សែនករុណា៖ «បើសិនជាយើង ដែលជាប្រទេសដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ សេរី គោរពសិទ្ធិមនុស្ស ហើយយើងតែងតែសេពគប់ ជាមួយនឹងមេដឹកនាំកុម្មុយនិស្តផ្ដាច់ការ ចង់មិនចង់ បញ្ហារបស់កម្ពុជា នឹងរងការចោទប្រកាន់ថា កម្ពុជាជាសម្ព័ន្ធមិត្តប្ដេជ្ញាប្ដូរ ជាមួយនឹងបណ្ដាប្រទេសផ្ដាច់ការហើយ ឬក៏ប្រទេសដែលក្រុមប្រទេស ដែលធ្វើទុក្ខបុកម្នេញសកម្មជន រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យហើយ ហើយផលប្រយោជន៍ផ្សេងៗ ពីសហគមន៍អន្តរជាតិ ដែលជាពិសេសប្រទេសលោកសេរី គេនឹងអាចមានការពិចារណា»។
ជាមួយគ្នានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ HRW នៅថ្ងៃទី១១ខែកញ្ញាក៏បានចេញសេចក្ដីថ្លែងការណ៍រិះគន់ថា រដ្ឋាភិបាលកម្ពុជាមិនគួរទទួលស្វាគមន៍លោក Min Aung Hlaing ឡើយ ព្រោះមេដឹកនាំរដ្ឋប្រហារយោធារូបនេះកំពុងស្វះស្វែងរកការគាំទ្រឱ្យមានភាពស្របច្បាប់ក្រោយបានបន្តកាន់អំណាចបន្ទាប់ពីការបោះឆ្នោតក្លែងក្លាយនៅដើមឆ្នាំនេះ។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ អ្នកស្រី អេឡាន់ ភាសិន (Elaine Pearson) លើកឡើងថា លោក មីន អុងឡាំង បានបង្កឱ្យមានអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)បានចេញសំណើឱ្យមានការចាប់ខ្លួនដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ អ្នកស្រីបន្តថា កម្ពុជាដែលជាសមាជិកសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)មានតួនាទីសំខាន់ក្នុងការរក្សាជំហរស្របតាមសំណើស្របច្បាប់ណាមួយរបស់តុលាការនេះ។
ការអះអាងទាំងនេះធ្វើឡើងនៅខណៈ លោក មីន អុងឡាំង បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី ១១ ខែកញ្ញា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី។ លោក មីន អុងឡាំង បានជួបលោក ហ៊ុន សែន ដែលកាន់តួនាទីជាប្រមុខរដ្ឋស្តីទី និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងជួបប្រធានរដ្ឋសភា លោកស្រី ឃួន សុដារ។ លោក មីន អុងឡាំង ក៏មានកម្មវិធីដាក់កម្រងផ្កានៅវិមានឯករាជ្យ និងនៅព្រះបរមរូបព្រះបាទ នរោត្តម សីហនុ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចដោយទៅទស្សនាតំបន់អង្គរ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាលោក ជា ធីរិទ្ធ លើកឡើងក្នុងសន្និសីទសារព័ត៌មានរសៀលថ្ងៃទី១១ ខែកញ្ញា នេះ បានថ្លែងថាការរិះគន់ពីការឡើងកាន់អំណាចមិនស្របច្បាប់របស់លោក មីន អុងឡាំង គឺជារឿងមួយឡែករបស់ប្រទេសមួយចំនួនទៅតាមនិន្នាការរបស់គេ តែសម្រាប់កម្ពុជាគឺឈរលើការគោរពគោលការណ៍អាស៊ានដែលមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ហើយចំពោះការទទួលស្គាល់ឬមិនទទួលស្គាល់មិនមែនតែកម្ពុជាទេ ព្រោះប្រទេសដែលរិះគន់ការឡើងកាន់អំណាចរបស់លោក មីន អុងឡាំង ក៏មិនដែលដកទូតរបស់ខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាដែរ។
លោក ជា ធីរិទ្ធ ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលលោក មីន អុងឡាំង បច្ចុប្បន្នគឺដូចរដ្ឋាភិបាលកម្ពុជាកាលពីអតីតកាលដែលមានប្រទេសខ្លះថាមិនទទួលស្គាល់ ក្រោយការបោះឆ្នោត តែនៅបន្តធ្វើការជាមួយដដែល។
ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ភាគីទាំងពីរនឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ដំណើរទស្សនកិច្ចនេះមិនគួរត្រូវបានមើលត្រឹមជាដំណើរទស្សនកិច្ចការទូតធម្មតាទេ ប៉ុន្តែជាផ្នែកមួយនៃការខិតខំរបស់លោក មីន អុងឡាំង ដើម្បីពង្រឹងទំនាក់ទំនងក្នុងតំបន់ និងកាត់បន្ថយភាពឯកោផ្នែកការទូតរបស់រដ្ឋាភិបាលភូមា។ លោកថា កម្ពុជាគួរប្រើប្រាស់ដំណើរទស្សនកិច្ចនេះដោយប្រុងប្រយ័ត្ន និងត្រូវបញ្ជាក់ឱ្យច្បាស់ថា ការចូលរួមការទូតមិនមានន័យថា ជាការគាំទ្រ ឬទទួលស្គាល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានោះទេ។
លោក សេង វណ្ណលី បានព្រមានថា ប្រសិនបើកម្ពុជាផ្តល់ការទទួលស្វាគមន៍កម្រិតខ្ពស់ ដោយមិនលើកឡើងពីការបញ្ឈប់អំពើហិង្សា ការដោះលែងអ្នកជាប់ឃុំដោយសារហេតុនយោបាយ និងការស្វែងរកដំណោះស្រាយនយោបាយ នោះអាចធ្វើឱ្យមានការយល់ឃើញថា កម្ពុជាកំពុងផ្តល់ភាពស្របច្បាប់ផ្នែកនយោបាយដល់រដ្ឋាភិបាលយោធាភូមា។ លោក ថា កម្ពុជាគួរប្រើទំនាក់ទំនងជាមួយភូមា ដើម្បីជំរុញសន្តិភាព និងការគោរពគោលការណ៍របស់អាស៊ាន ជាជាងផ្ដោតតែលើការពង្រឹងទំនាក់ទំនងទ្វេភាគី។
លោក សេង វណ្ណលី បន្ថែមទៀតថា កម្ពុជាក៏គួរជៀសវាងការរៀបចំទស្សនកិច្ចក្នុងរបៀបដែលអាចផ្តល់ឱកាសឱ្យលោក មីន អុងឡាំង យកទៅប្រើជាការឃោសនានយោបាយរបស់ខ្លួន។ រឿងនេះកាន់តែសំខាន់សម្រាប់កម្ពុជា ព្រោះរូបភាពរបស់ខ្លួននៅលើឆាកអន្តរជាតិកំពុងរងសម្ពាធរួចហើយពីបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបណ្ដាញឆបោកតាមអនឡាញ។ ជំហរដែលមានតុល្យភាព និងតម្លាភាព នឹងអាចជួយឱ្យកម្ពុជារក្សាច្រកការទូតជាមួយមីយ៉ាន់ម៉ា ដោយមិនបង្កឱ្យមានការយល់ថា កម្ពុជាកំពុងជួយផ្តល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលដែលគាំទ្រដោយយោធានោះទេ។
កាលពីថ្ងៃទី៩ ខែកញ្ញា អង្គការ Fortify Rights បានលើកឡើងថា មេដឹកនាំកម្ពុជាមិនគួរផ្តល់ការស្វាគមន៍ជាផ្លូវការក្នុងកម្រិតរដ្ឋដល់លោក មីន អុងឡាំង (Min Aung Hlaing) ដែលជាមេដឹកនាំរបបយោធាមីយ៉ាន់ម៉ានោះទេ។ ផ្ទុយទៅវិញ កម្ពុជាគួរតែគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) រួមទាំងការអនុវត្តសំណើស្របច្បាប់ណាមួយរបស់ ICC សម្រាប់ការចាប់ខ្លួន និងការប្រគល់ខ្លួនលោក មីន អុងឡាំងនេះ។ អ្នកឯកទេសផ្នែកទំនាក់ទំនងនៅអង្គការ Fortify Rights អ្នកស្រី Winter Berry បានមានប្រសាសន៍ថា ប្រសិនបើកម្ពុជា មិនមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួននោះទេ កម្ពុជា គួរតែលុបចោលដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាជាងផ្តល់ភាពស្របច្បាប់ដល់បុគ្គលម្នាក់ដែលទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឡើយ៕








