មេធាវី លោក រ៉ុង ឈុន ស្នើតុលាការបញ្ជាក់ពីការបញ្ចប់ការត្រួតពិនិត្យតាមផ្លូវតុលាការ

0
8
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មេធាវី​របស់​អតីត​ទីប្រឹក្សាគណបក្សកម្លាំងជាតិ និង ជាទីប្រឹក្សាសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ដាក់​លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ស្នើសុំ​ការ​បញ្ជាក់​ជាផ្លូវការអំពីការបញ្ចប់កាតព្វកិច្ចរបស់កូនក្តី ដែល​ត្រូវបានដាក់​ឱ្យស្ថិតក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

មេធាវីរបស់លោក រ៉ុង ឈុន លោក ជូង ជូងី បានដាក់លិខិតទៅកាន់តុលាការនៅថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីលោក រ៉ុង ឈុន អះអាងថា មន្ត្រីនគរបាលបានប្រាប់លោកដោយផ្ទាល់មាត់ថា តុលាការបានបញ្ចប់កាតព្វកិច្ចឱ្យលោកទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលប្រចាំខែ ហើយលោកមិនចាំបាច់ទៅបង្ហាញខ្លួនទៀតទេ។ ប៉ុន្តែលោក រ៉ុង ឈុន មិនដែលទទួលបានការបញ្ជាក់ពីតុលាការនោះឡើយទើបធ្វើឱ្យលោកមិនមានភាពច្បាស់លាស់ពីបញ្ហានេះ។

តាមលិខិតរបស់លោក ជូង ជូងី លោក រ៉ុង ឈុន បានគោរពតាមលក្ខខណ្ឌនៃដីកាសម្រេចចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ អស់រយៈពេលប្រហែលពីរឆ្នាំ ដោយត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមមួយខែម្តង។

នៅក្នុងលិខិតដដែលនោះបាន សរសេរថា លោក រ៉ុង ឈុន មិនទទួលបានដំណឹងអ្វីថ្មីពីតុលាការ អំពីការអនុវត្តកាតព្វកិច្ចតាមដីកា សម្រេចដាក់ជនត្រូវចោទឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ទេ។ ហើយក៏មិនដឹងឱ្យច្បាស់ថា តើលោក រ៉ុង ឈុន ត្រូវអនុវត្តកាតព្វកិច្ច តាមដីកាសម្រេចដាក់ជនត្រូវចោទឱ្យនៅក្រោមការត្រួតពិនិត្យ តាម ផ្លូវតុលាការ រហូតដល់ពេលណា? ហើយនឹងត្រូវបញ្ចប់នៅពេលណា?

អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានប្រាប់ទូរទ្សន៍អាស៊ីសេរីថា លោកបានប្រាប់ឱ្យមេធាវីដាក់លិខិតទៅតុលាការ ដើម្បីស្នើសុំការបញ្ជាក់ជាផ្លូវការ ព្រោះលោកមិនទាន់ទទួលបានលិខិត ឬដំណឹងជាផ្លូវការណាមួយពីតុលាការអំពីការបញ្ចប់កាតព្វកិច្ចនេះនៅឡើយ។

លោក រ៉ុង ឈុន បានបន្ថែមទៀតថា កាលពី ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា សម្រេច ដាក់លោកឱ្យនៅក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឱ្យគោរពកាតព្វកិច្ច ដូចជា មិនត្រូវចាកចេញពីកម្ពុជា ដោយគ្មានការអនុញ្ញាតមិនត្រូវផ្លាស់ប្តូរលំនៅដ្ឋាន, ត្រូវចូលបង្ហាញខ្លួននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ក្នុងរយៈពេល១ខែម្តង រៀងរាល់សប្តាហ៍ទី៤ នៃខែនីមួយៗ។

លោក រ៉ុង ឈុន បាននិយាយថា លោកបាន ចូលបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម រៀងរាល់ខែ អស់រយៈពេលពីរឆ្នាំ មកហើយ។ លោកថា នេះជាការរំខានដល់ពេលវេលា និងប៉ះពាល់អារម្មណ៍របស់លោក ពីព្រោះលោកមិនបានធ្វើអ្វីសោះបែរជាទទួលរងនូវភាពអយុត្តិធមបែបនេះ។

ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់វិទ្យុអាស៊ីសេរីថា លោកមើលឃើញថា លោក រ៉ុង ឈុន ជាសកម្មជនសង្គម និង​សហជីពដែលបាន​ចំណាយពេលវេលារបស់ខ្លួនក្នុងការងារដែលពាក់ព័ន្ធនឹងកម្មករ គ្រូបង្រៀន និងបញ្ហាសង្គម។ លោកថា ដំណើរការតុលាការក្នុងករណីលោក រ៉ុង ឈុន គឺជាការរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជន និងអ្នកនយោបាយ។

លោក ស៊ឹង សែនករុណា៖ «អ្វីដែលអាក្រក់បំផុត ដែលគេមើលឃើញ ដែលយើងមើលឃើញនោះ គឺការរឹតត្បិតនូវសិទ្ធិសេរីភាពរបស់លោកតាមរយៈការចោទប្រកាន់ ប្រើប្រាស់នូវផ្លូវតុលាការ ដែលជាឧបករណ៍មួយគាបសង្កត់ទៅលើសកម្មជនទាំងអស់នោះ។ ចឹងហើយ បានជាយើងឃើញថា លោក រ៉ុង ឈុន ទទួលបានការធ្វើទុក្ខបុកម្នេញ និងត្រូវបានចោទប្រកាន់ផ្សេងៗជាដើម។ ចឹងករណីនេះ យើងមិនចង់ឃើញរូបភាពបែបហ្នឹងកើតឡើងបន្តបន្ទាប់នោះទេ។ យើងចង់ឱ្យគាត់មានសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើនយោបាយ»។

សាលាដំបូងរាជធានីភ្នំពេញ  កាលពី ខែឧសភា ឆ្នាំ២០២៥  បានផ្តន្ទាទោសលោក  រ៉ុង ឈុន  ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ តុលាការក៏បានដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់លោក។ សំណុំរឿងនោះពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់លោកអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលបានរក្សាការផ្តន្ទាទោសរបស់លោក ប៉ុន្តែបានព្យួរទោសជាប់ពន្ធនាគារ និងដាក់លោកឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេលបីឆ្នាំ ។ ការហាមឃាត់សិទ្ធិនយោបាយក៏ត្រូវបានកាត់បន្ថយពីមួយជីវិតមកប្រាំឆ្នាំ។ តុលាការកំពូលបានហាម មិនឱ្យដូរទីលំនៅក្រៅពីភ្នំពេញ និង ហាមមិនឱ្យថ្លែងសារនយោបាយនៅតាមទីសាធារណៈ និង​ហាមមិនឱ្យមានវត្តមានក្នុងចំណោមមហាជន។

អ្នកឃ្លាំមើល​អះអាង​ថា តាមរយៈករណី លោក រ៉ុង ឈុន គេសង្កេតឃើញមានមតិរិះគន់ពី សហគមន៍ជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិសេរីភាពធ្វើនយោបាយ សិទ្ធិបញ្ចេញមតិ និងការបិទផ្លូវអ្នកនយោបាយដែលមានទស្សនៈប្រឆាំងទៅនឹងបក្សកាន់អំណាច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ