

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហាអន្តរាយឱ្យដឹងថា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ ដល់ផ្ទះពលរដ្ឋជាង៤ម៉ឺនគ្រួសារ និងដំណាំស្រូវ ជិត៥ម៉ឺនហិតា ក្នុងខេត្តចំនួន១០ ក្នុងនោះ ខេត្តបាត់ដំបង បានរងផលប៉ះពាល់ជាងគេ។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ជាមួយពលរដ្ឋតាមរយៈការរៀបចំទីជម្រកនិងផ្ដល់ស្បៀងអាហារ ជាបណ្ដោះអាសន្ន សម្រាប់ ពលរដ្ឋ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់។
ខេត្តដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្នុងរយៈពេលចុងក្រោយនេះ រួមមានកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និង ខេត្តឧត្តរមានជ័យ ជាដើម។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហាអន្តរាយបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ជំនន់ទឹកភ្លៀងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផ្ទះពលរដ្ឋ ជាង៤ម៉ឺនគ្រួសារ និងដំណាំស្រូវជិត៥ ម៉ឺនហិកតារ ខណៈដែល ជាង ៣៦០០ គ្រួសារ បានបង្ខំចិត្តជម្លៀសទៅរកទីទួលសុវត្ថិភាព។
ក្នុងចំណោមខេត្តចំនួន១០មានខេត្តបាត់ដំបង រងផលប៉ះពាល់ច្រើនជាងគេ គឺមាន១៤ក្រុង ស្រុក និងមានឃុំ-សង្កាត់ចំនួន ៧១ បានរងផលប៉ះពាល់។ ក្នុងនោះមានមានផ្ទះពលរដ្ឋជិត២ម៉ឺន (១៩,២៩១)ខ្នង ស្មើនឹងជាង២ម៉ឺន(២១,៨០៧)គ្រួសារ បានរងផលប៉ះពាល់ ខណៈពលរដ្ឋជាង៨០០(៨៥៦)គ្រួសារ បានជម្លៀសទៅរកទីទួលសុវត្ថិភាព។ បន្ថែមពីលើនោះ នៅក្នុងខេត្តបាត់បង់មានហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យជាដើមជិត៨០០(៧៨០)កន្លែង និងមានដំណាំស្រូវជាង ៣ម៉ឺន(៣៥,៦១២) ក៏កំពុងតែរងការលិចលង់ផងដែរ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី ប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី ២៨ កញ្ញា នេះថា ចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី ២៧ ខែកញ្ញា គ្រោះទឹកជំនន់បានប៉ះពាល់ពលរដ្ឋជាង៤ម៉ឺន (៤៤,៨៨៩)គ្រួសារ ផ្ទះជាង៤ម៉ឺន( ៤០,៣៨៤) ខ្នង ស្ថិតនៅក្នុងក្រុង-ស្រុក៥២ ក្នុងចំណោម ខេត្តទាំង១០ ។ ចំណែក ពលរដ្ឋដែលត្រូវជម្លៀសមានជាង៣ម៉ឺន( ៣,៦៨៥) គ្រួសារ និងដំណាំស្រូវជាង៤ម៉ឺន(៤៩,៩២៥ )ហិកតារបានរងការខូចខាត។
ប្រធានការិយាល័យអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កេតឃើញថា ស្ថានភាពទឹកជំនន់ឆ្នាំនេះ ហក់ឡើងខ្ពស់នៅតាមខេត្តជាប់បឹងទន្លេសាប ដោយសារតែជាតំបន់ទំនាប ហើយក៏មានពលរដ្ឋ ជាច្រើនបានជម្លៀសទៅរកទីទួលសុវត្ថិភាព ប៉ុន្តែពលរដ្ឋមួយចំនួន បានប្រឈមខ្វះតង់កៅស៊ូ សម្រាប់ស្នាក់នៅបណ្ដោះអាសន្ន ។ ជាមួយគ្នានោះ លោកថា មានពលរដ្ឋខ្លះក៏ប្រឈមបញ្ហាខ្វះស្បៀងផងដែរ ដែលអាជ្ញាធរពាក់ព័ន្ធ គួរតែគិតគូរលើបញ្ហាបាន ឱ្យបានទាន់ពេលវេលា។
រីឯបញ្ហាផលដំណាំ លោកបារម្ភថា ប្រសិនបើទឹកនេះនៅតែបន្តកើនឡើងយូរខែ នឹងធ្វើឱ្យដំណាំស្រូវ ជាពិសេស ដំឡូងមី ពោត សណ្ដែក និងដំណាំផ្សេងៗ ជាដើម នឹងត្រូវខូចខាត ទាំងស្រុង ដែលអាជ្ញាធរពាក់ព័ន្ធត្រូវចុះពិនិត្យ ដោយការវាយតម្លៃពីផលប៉ះពាល់ឱ្យបានច្បាស់លាស់និងតម្លាភាព ដើម្បីផ្ដល់ជាថវិកា និងពូជដំណាំផ្សេងៗ ជួយដល់ពលរដ្ឋ។
លោក អ៊ិន គង់ជិត៖ «ឬក៏កម្លាំងនគរបាល ឬក៏កងរាជអាវុធហត្ថ ដែលនៅក្បែរៗហ្នឹង ជួយអន្តរាគមន៍ដើម្បីរំដោះពួកគាត់ ចេញទៅរកទីទួលសុវត្ថិភាព ហើយផ្នែកសុខាភិបាល និងស្បៀងត្រូវយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាត់ ហើយនិងព្យាបាលជំងឺគាត់ បាទ។ អ្វីដែលជាតម្រូវការបន្ទាន់នោះ គឺគាត់ខ្វះស្បៀង ហើយនិងដូចជាតង់ បាទ សម្រាប់ធ្វើរោងស្នាក់នៅ ហើយនិងថ្នាំសង្កូវមួយចំនួន បាទ ហើយសំខាន់រឿងស្បៀង ដោយសារគាត់យកស្បៀងចេញអត់រួច។ »
នៅថ្ងៃទី២៨ ខែកញ្ញានេះដែរ លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អមដំណើរដោយរដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា អភិបាលខេត្តបន្ទាយមានជ័យ និងបាត់ដំបង បានចុះត្រួតពិនិត្យដោយផ្ទាល់ ពីស្ថានភាពរស់នៅរបស់ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ប៉ុន្តែទាំងលោក ហ៊ុន ម៉ាណែត និងមន្ត្រីរបស់លោកហាក់មានទឹកមុខរីករាយ បើទោះជាពលរដ្ឋកំពុងតែកើតទុក្ខ ដោយសារតែ ទឹកជំនន់ក្ដី។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល គួរតែគិតគូរពីផលប៉ះពាល់របស់ពលរដ្ឋឱ្យបានត្រឹមត្រូវ ជាពិសេសការផ្ដល់ជាថវិកា និងជំនួយផ្នែកស្រូវពូជ និងដំណាំផ្សេងៗ ជូនដល់ពលរដ្ឋ ដែលកំពុងតែរងផលប៉ះពាល់។ បន្ថែមពីលើនោះ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល ត្រូវរៀបចំទីជម្រកបណ្ដោះអាសន្ន និងស្បៀងដល់ពលរដ្ឋឱ្យបានគ្រប់ទៅកន្លែង ដែលមានពលរដ្ឋរងផលប៉ះពាល់ ដោយកុំយកចិត្តទុកដាក់តែកន្លែងដែល លោក ហ៊ុន ម៉ាណែត ចុះទៅផ្ទាល់ ខណៈពលរដ្ឋនៅកន្លែងផ្សេងទៀតក៏កំពុងតែរងផលប៉ះពាល់ ៕









