ជំនន់​ទឹក​ភ្លៀង​​​បង្ក​ផល​ប៉ះពាល់​ដល់​​​​ផ្ទះ​ពលរដ្ឋ​ជាង៤​ម៉ឺន​គ្រួសារ និង​ផល​ដំណាំ​​​ជិត​៥​ម៉ឺន​ហិតា ​

0
13
លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ​ចុះ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់ ពី​ស្ថាន​ភាព​រស់​នៅ​របស់​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ​ចុះ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់ ពី​ស្ថាន​ភាព​រស់​នៅ​របស់​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហា​អន្តរាយ​​​ឱ្យ​ដឹង​ថា​ ជំនន់​ទឹក​ភ្លៀង​​​ បាន​បង្ក​ផល​ប៉ះពាល់​​​​​ ​ដល់​​​​ផ្ទះ​ពលរដ្ឋ​ជាង៤​ម៉ឺន​គ្រួសារ ​និង​​​​ដំណាំស្រូវ​ ​​​ជិត​៥​ម៉ឺន​ហិតា ​ក្នុង​ខេត្ត​ចំនួន​១០​ ​​​ក្នុង​នោះ​ ​ខេត្ត​បាត់ដំបង​​​ ​​​បាន​​​រង​ផល​​ប៉ះពាល់​​ជាង​គេ។ មន្ត្រី​​​​អង្គការ​​​សង្គម​ស៊ីវិល​​​ ស្នើ​ឱ្យ​​​​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​ជា​មួយ​ពលរដ្ឋ​​​​​​​​តាម​រយៈ​ការ​​​រៀបចំ​ទី​ជម្រក​​​​​​និង​​​​​ផ្ដល់​ស្បៀង​​អាហារ​​ ជា​បណ្ដោះអាសន្ន ​​​សម្រាប់​​​​​​​ ​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​​ដោយ​សារ​ទឹក​ជំនន់។​​

ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ រួម​មាន​កំពង់​ចាម ត្បូងឃ្មុំ ​បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និង ខេត្ត​ឧត្តរមានជ័យ​ ជាដើម។ ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហា​អន្តរាយ​​​បាន​ឱ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​២៨​ ខែ​​កញ្ញា​ ​​​​ជំនន់​ទឹក​ភ្លៀង​​​នេះ​​ បាន​​​​​​បង្ក​ផល​ប៉ះពាល់​​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​​​​​​​ផ្ទះ​ពលរដ្ឋ​​​​​ ជាង​​៤​ម៉ឺន​គ្រួសារ និង​​ដំណាំ​ស្រូវ​ជិត​៥ ​ម៉ឺន​ហិកតារ ​ខណៈ​ដែល​ ​​ជាង ៣​​​​​៦០០​ គ្រួសារ ​​​បាន​បង្ខំ​ចិត្ត​​ជម្លៀស​​ទៅ​រក​ទី​ទួល​សុវត្ថិភាព​​​។​​


ក្នុង​ចំណោម​ខេត្ត​ចំនួន​១០​​មាន​ខេត្ត​បាត់ដំបង​ ​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ​​ ​គឺ​​​​​មាន​​១៤ក្រុង ​ស្រុក ​និង​​​មាន​​​ឃុំ-សង្កាត់​​​ចំនួន​​​ ​៧១​ ​បាន​​រង​ផល​ប៉ះពាល់​។ ​ក្នុង​នោះ​មាន​​​​​មាន​ផ្ទះ​ពលរដ្ឋ​​ជិត​២ម៉ឺន​ (១៩,២៩១)​​ខ្នង​​ ​​​​ស្មើ​នឹង​ជាង​២ម៉ឺន(​២១,៨០៧)​គ្រួសារ ​​​បាន​​រង​ផល​ប៉ះពាល់​ ខណៈ​ពលរដ្ឋ​ជាង​៨០០​(៨៥៦)​គ្រួសារ ​​​​​បាន​​ជម្លៀស​ទៅ​រក​ទី​ទួល​សុវត្ថិភាព​​​​​​​​។ ​​​​បន្ថែម​ពី​លើ​នោះ​ នៅ​ក្នុង​ខេត្ត​បាត់បង់​​មាន​​​​​​​​ហេដ្ឋារចនាសម្ពន្ធ​​ ផ្លូវថ្នល់ សាលារៀន និង​មន្ទីរ​ពេទ្យ​ជា​ដើម​ជិត​​៨០០​(៧៨០)កន្លែង និង​មាន​ដំណាំ​ស្រូវ​​ជាង​ ៣ម៉ឺន​(៣៥,៦១២)​​​ ក៏​កំពុង​តែ​​​​រង​ការ​លិចលង់​​ផង​ដែរ​​។​​​

​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក សុទ្ធ គឹមកុលមុនី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​​​​នៅ​​ថ្ងៃ​ទី ២៨ កញ្ញា ​នេះ​ថា ​​ចាប់​ពី​ថ្ងៃ​ទី​ ៨ ដល់ ​ថ្ងៃ​ទី ២៧​ ខែ​​កញ្ញា ​គ្រោះ​ទឹក​ជំនន់​បាន​ប៉ះពាល់​​​ពលរដ្ឋ​​​​ជាង​៤​ម៉ឺន​​​ ​(​៤៤,៨៨៩)​គ្រួសារ ​​​​​​​​​​ផ្ទះ​​​​​​ជាង​​៤ម៉ឺន​​(​​ ៤០,៣៨៤)​ ខ្នង​​​ ស្ថិត​នៅ​ក្នុង​​​​​​ក្រុង-ស្រុក​​​​​៥២​​​​​​​​​ ​​​​​ក្នុង​ចំណោម​​ ​ខេត្ត​​​​ទាំង​​​​១០​​ ​។​​​ ចំណែក ​​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​​មាន​ជាង​៣ម៉ឺន​( ៣,៦៨៥)​ គ្រួសារ និង​ដំណាំ​​ស្រូវ​ជាង​៤ម៉ឺន(៤៩,៩២៥ )​ហិកតារ​បាន​រង​ការ​ខូចខាត។

ប្រធាន​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បាត់ដំបង​ និង​ខេត្ត​បន្ទាយ​មានជ័យ  លោក អ៊ិន គង់ជិត សង្កេត​ឃើញ​ថា ​ស្ថាន​​ភាព​ទឹក​ជំនន់​ឆ្នាំ​នេះ​ ​ហក់​ឡើង​ខ្ពស់​នៅ​តាម​ខេត្ត​ជាប់​បឹង​ទន្លេសាប ​ដោយសារតែ​ជា​​​តំបន់​​​ទំនាប​ ហើយ​ក៏​មាន​​ពលរដ្ឋ ​ជាច្រើន​បាន​​ជម្លៀស​ទៅ​រក​ទី​ទួល​សុវត្ថិភាព ប៉ុន្តែ​​​​ពលរដ្ឋ​​​​​មួយ​ចំនួន​​ បាន​​ប្រឈម​​ខ្វះ​តង់​កៅស៊ូ ​សម្រាប់​​ស្នាក់​នៅ​​​បណ្ដោះ​អាសន្ន​ ​។ ជា​មួយ​គ្នា​នោះ​ លោក​ថា មាន​ពលរដ្ឋ​ខ្លះ​ក៏​ប្រឈម​បញ្ហា​ខ្វះ​ស្បៀង​​ផង​ដែរ​​ ​​ដែល​​អាជ្ញាធរ​ពាក់ព័ន្ធ​ គួរ​តែ​គិត​គូរ​លើ​បញ្ហា​បាន​ ឱ្យ​បាន​ទាន់​ពេល​វេលា​។​

រី​ឯ​បញ្ហា​ផល​ដំណាំ​ លោក​បារម្ភ​ថា ប្រសិន​បើ​ទឹក​នេះ​នៅ​តែ​បន្ត​​កើន​ឡើង​យូរ​ខែ នឹង​ធ្វើ​ឱ្យ​ដំណាំស្រូវ​​​​ ជា​ពិសេស​​​ ​​​​ដំឡូងមី ​​​ពោត សណ្ដែក​​ និង​ដំណាំ​ផ្សេង​ៗ​ ​ជា​ដើម ​​នឹង​​​ត្រូវ​ខូចខាត​ ទាំង​ស្រុង ​​​​ដែល​​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​​ចុះ​ពិនិត្យ​​​ ​​​​​​ដោយ​​​ការ​​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ឱ្យ​​បាន​ច្បាស់​លាស់​និង​​តម្លាភាព​​ ដើម្បី​​​​ផ្ដល់​ជា​​ថវិកា​ និង​ពូជ​ដំណាំ​ផ្សេងៗ​ ​ជួយ​ដល់​​​ពលរដ្ឋ។

លោក អ៊ិន គង់ជិត៖ «ឬ​ក៏​កម្លាំង​នគរបាល ឬ​ក៏​កង​រាជ​អាវុធហត្ថ ដែល​នៅ​ក្បែរ​ៗ​ហ្នឹង ជួយ​អន្តរាគមន៍​ដើម្បី​រំដោះ​ពួក​គាត់ ចេញ​ទៅ​រក​ទី​ទួល​សុវត្ថិភាព ហើយ​ផ្នែក​សុខាភិបាល និង​ស្បៀង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ជួយ​ឧបត្ថម្ភ​គាត់ ហើយ​និង​ព្យាបាល​ជំងឺ​គាត់​ បាទ។ អ្វី​ដែល​ជា​តម្រូវ​ការ​បន្ទាន់​នោះ គឺ​គាត់​ខ្វះ​ស្បៀង ហើយ​និង​ដូច​ជា​តង់ បាទ សម្រាប់​ធ្វើ​រោង​ស្នាក់​នៅ ហើយ​និង​ថ្នាំ​សង្កូវ​មួយ​ចំនួន បាទ ហើយ​សំខាន់​រឿង​ស្បៀង ដោយ​សារ​គាត់​យក​ស្បៀង​ចេញ​អត់​រួច​។ »​

នៅថ្ងៃទី២៨ ខែ​កញ្ញា​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អម​ដំណើរ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លោក ឌិត ទីណា អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​បាត់ដំបង  បាន​ចុះ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់ ពី​ស្ថាន​ភាព​រស់​នៅ​របស់​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​ទាំង​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​របស់​លោក​ហាក់​មាន​ទឹក​មុខ​រីករាយ បើ​ទោះ​ជា​ពលរដ្ឋ​កំពុង​តែ​កើត​ទុក្ខ ដោយ​សារ​តែ ទឹក​ជំនន់​ក្ដី។​

ទោះ​ជា​យ៉ាងណា ​អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល គួរតែ​គិត​គូរ​ពី​ផល​ប៉ះពាល់​​របស់​ពលរដ្ឋ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ជា​ពិសេស​ការ​​ផ្ដល់​​ជា​ថវិកា​ និង​ជំនួយ​​ផ្នែក​​ស្រូវ​ពូជ និង​​ដំណាំ​​ផ្សេង​ៗ​ ជូន​​ដល់​ពលរដ្ឋ​ ដែល​​កំពុងតែ​រ​ង​ផល​ប៉ះពាល់។ ​បន្ថែម​ពី​លើ​នោះ ​ពួក​គាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​ ត្រូវ​រៀបចំ​ទី​ជម្រក​បណ្ដោះអាសន្ន ​និង​ស្បៀង​​​ដល់​​ពលរដ្ឋ​ឱ្យ​បាន​​គ្រប់​ទៅ​កន្លែង ​ដែល​​មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ​​ដោយ​​​​​កុំ​​​យក​ចិត្ត​ទុក​ដាក់​តែ​​​កន្លែង​ដែល​​ លោក ហ៊ុន ម៉ាណែត ​​​ចុះ​ទៅ​​​ផ្ទាល់​​ ​​ខណៈ​​​​​​​ពលរដ្ឋ​​​​នៅ​កន្លែង​ផ្សេង​​ទៀត​ក៏​កំពុងតែ​រង​ផល​ប៉ះពាល់​ ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ