ក្រុម​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន

0
78
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាជាង ១០០​ស្ថាប័នបានអំពាវនាវឱ្យរាជរដ្ឋាភិបាល និងសភា ពន្លឿនការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដោយ​ស្នើឱ្យ​ច្បាប់​នេះស្រប​តាម​បទដ្ឋាន​អន្តរជាតិ និងធានាឱ្យប្រជាពលរដ្ឋអាចទទួលបានព័ត៌មានសាធារណៈ ជាពិសេស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ និង​លទ្ធកម្ម​សាធារណៈ។

សេចក្ដីថ្លែងការណ៍រួបរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៨ ខែកញ្ញា ធ្វើឡើងក្នុងឱកាសទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២៦ ក្រោមប្រធានបទ «ការធានានូវសុចរិតភាពនៃព័ត៌មាន និងតម្លាភាព​ក្នុងការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា»។

ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល និងយុវជន ស្នើឱ្យរដ្ឋាភិបាល និងសភា ពន្លឿនការអនុម័តច្បាប់នេះក្នុងឆ្នាំ២០២៦ ឬយ៉ាងយូរនៅឆ្នាំ២០២៧។

សេចក្ដីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលនិយាយថា សិទ្ធិទទួលព័ត៌មានមានសារៈសំខាន់​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋតាមដានការងាររបស់ស្ថាប័នសាធារណៈ និងចូលរួមក្នុង​ការ​សម្រេច​ចិត្តដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ពួកគេ។ ការខ្វះតម្លាភាពលើព័ត៌មានថវិកា លទ្ធកម្មសាធារណៈ និងទិន្នន័យហិរញ្ញវត្ថុរបស់ស្ថាប័នរដ្ឋ អាចធ្វើឱ្យការត្រួតពិនិត្យ​សាធារណៈ​មានកម្រិត និង​បង្កើតចន្លោះប្រហោង​ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះអះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានរបស់កម្ពុជា ត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមកដល់ពេលនេះ ច្បាប់នេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។ ពួកគេនិយាយថា ការទទួលបានព័ត៌មានសាធារណៈនៅតែមានកម្រិត ជាពិសេសព័ត៌មានពាក់ព័ន្ធ​នឹងថវិកា​សាធារណៈ និងលទ្ធកម្មរបស់ស្ថាប័នរដ្ឋ។

ពួកគេបានស្នើឱ្យរដ្ឋាភិបាលកំណត់ឱ្យបានច្បាស់ថា តើព័ត៌មាន​ប្រភេទ​ណាខ្លះ​អាច​ត្រូវបានចាត់​ទុក​ជាព័ត៌មានសម្ងាត់នៅក្នុងច្បាប់ ដើម្បីជៀសវាងការប្រើប្រាស់ការ​សម្ងាត់​ជាហេតុផលក្នុង​ការ​បដិសេធការផ្តល់ព័ត៌មាន។ ពួកគេក៏បានស្នើឱ្យក្រសួង មន្ទីរ និងស្ថាប័នរដ្ឋ បង្កើនការបង្ហាញ​ព័ត៌មានជាសាធារណៈ ជាពិសេសព័ត៌មានអំពីចំណូល និងចំណាយរបស់ស្ថាប័ន និង​គម្រោង​លទ្ធកម្មសាធារណៈ។

ក្រុមសង្គមស៊ីវិលទាំងនោះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធឌីជីថលឱ្យបានទូលំទូលាយ ដើម្បីធានាថា ប្រជាពលរដ្ឋ យុវជន ជនមានពិការភាព និងជនជាតិដើមភាគតិច អាចទទួលបានព័ត៌មានដែលពាក់ព័ន្ធនឹងពួកគេ។ ពួកគេក៏បានស្នើឱ្យមានការការពារចំពោះប្រជាពលរដ្ឋដែលបង្ហាញ ឬ​ចែករំលែកព័ត៌មាន​ពិត​ប្រាកដ ឬព័ត៌មានដែលបម្រើដល់ផលប្រយោជន៍សាធារណៈ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ២៣ តុលា លោក គឹម សុខ មិនសូវសង្ឃឹមថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ រដ្ឋាភិបាលមានឆន្ទៈតាក់តែងដើម្បីការពារ​សិទ្ធិទទួល​បានព័ត៌មានរបស់ប្រជាពលរដ្ឋខ្មែរដោយសេរី និងត្រឹមត្រូវនោះទេ ខណៈរដ្ឋាភិបាល​នៅតែ​បន្តរំលោភលើសិទ្ធិមនុស្សដូចបច្ចុប្បន្ន។

លោក គឹម សុខ៖ «គេរៀបចំឡើងដើម្បីបិទមាត់ បិទត្រចៀកប្រជាពលរដ្ឋខ្មែរពីការទទួលបានព័ត៌មានពិតនានា។ ពីព្រោះច្បាប់នេះកើតឡើងនៅក្នុងពេលដែល រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន គណបក្សប្រជាជនកម្ពុជាមិនហ៊ានបើកការប្រកួតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងហ្នឹង»។

សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានមានគោលបំណងធានាសិទ្ធិ និងសេរីភាព​របស់សាធារណជនក្នុងការទទួលព័ត៌មានពីស្ថាប័នរដ្ឋ និង​កំណត់កាតព្វកិច្ច​របស់​ស្ថាប័ន​សាធារណៈក្នុងការផ្តល់ និងផ្សព្វផ្សាយព័ត៌មាន។

កាលពីឆ្នាំ២០២៣ អង្គការយូណេស្កូ និង​ភាគីពាក់ព័ន្ធ​នៅ​កម្ពុជាក៏បានអំពាវនាវ​ឱ្យមានការ​អនុម័ត​ច្បាប់សិទ្ធិទទួលព័ត៌មាន ដោយ​ចាត់ទុកច្បាប់នេះថាមានសារៈសំខាន់​សម្រាប់ការ​លើកកម្ពស់​តម្លាភាព និងការចូលរួមរបស់សាធារណជន។

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានត្រូវបានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុកតាក់តែងតាំងពីឆ្នាំ២០១៣ ប៉ុន្តែរហូតមកដល់ពេលនេះគឺមានរយៈពេលជាង១០ឆ្នាំហើយ សេចក្តីព្រាងច្បាប់មួយនេះ នៅតែមិនទាន់អាចចេញជារូបរាងបានដដែល។

អ្នកឃ្លាំមើលរិះគន់ថា រដ្ឋាភិបាល​ហាក់គ្មានឆន្ទៈពិតប្រាកដក្នុងការបង្កើតច្បាប់មួយនេះឡើយបើទោះជាច្បាប់នេះបម្រើផលប្រយោជន៍ជាសាធារណៈក៏ដោយ។ផ្ទុយទៅវិញ ចំពោះច្បាប់ទាំងឡាយណាដែលរដ្ឋាភិបាលយល់ថាផ្តល់ផលប្រយោជន៍ដល់បក្សកាន់អំណាច រដ្ឋាភិបាលអាចបង្កើតច្បាប់ទាំងនោះបានដោយងាយ និងមិនចាំបាច់ត្រូវចំណាយពេលវេលាដើម្បីពិភាក្សាច្រើនឆ្នាំនោះទេ ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ