

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាជាង ១០០ស្ថាប័នបានអំពាវនាវឱ្យរាជរដ្ឋាភិបាល និងសភា ពន្លឿនការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដោយស្នើឱ្យច្បាប់នេះស្របតាមបទដ្ឋានអន្តរជាតិ និងធានាឱ្យប្រជាពលរដ្ឋអាចទទួលបានព័ត៌មានសាធារណៈ ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងលទ្ធកម្មសាធារណៈ។
សេចក្ដីថ្លែងការណ៍រួបរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៨ ខែកញ្ញា ធ្វើឡើងក្នុងឱកាសទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២៦ ក្រោមប្រធានបទ «ការធានានូវសុចរិតភាពនៃព័ត៌មាន និងតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា»។
ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល និងយុវជន ស្នើឱ្យរដ្ឋាភិបាល និងសភា ពន្លឿនការអនុម័តច្បាប់នេះក្នុងឆ្នាំ២០២៦ ឬយ៉ាងយូរនៅឆ្នាំ២០២៧។
សេចក្ដីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលនិយាយថា សិទ្ធិទទួលព័ត៌មានមានសារៈសំខាន់សម្រាប់ឱ្យប្រជាពលរដ្ឋតាមដានការងាររបស់ស្ថាប័នសាធារណៈ និងចូលរួមក្នុងការសម្រេចចិត្តដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ពួកគេ។ ការខ្វះតម្លាភាពលើព័ត៌មានថវិកា លទ្ធកម្មសាធារណៈ និងទិន្នន័យហិរញ្ញវត្ថុរបស់ស្ថាប័នរដ្ឋ អាចធ្វើឱ្យការត្រួតពិនិត្យសាធារណៈមានកម្រិត និងបង្កើតចន្លោះប្រហោងក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះអះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានរបស់កម្ពុជា ត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមកដល់ពេលនេះ ច្បាប់នេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។ ពួកគេនិយាយថា ការទទួលបានព័ត៌មានសាធារណៈនៅតែមានកម្រិត ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងថវិកាសាធារណៈ និងលទ្ធកម្មរបស់ស្ថាប័នរដ្ឋ។
ពួកគេបានស្នើឱ្យរដ្ឋាភិបាលកំណត់ឱ្យបានច្បាស់ថា តើព័ត៌មានប្រភេទណាខ្លះអាចត្រូវបានចាត់ទុកជាព័ត៌មានសម្ងាត់នៅក្នុងច្បាប់ ដើម្បីជៀសវាងការប្រើប្រាស់ការសម្ងាត់ជាហេតុផលក្នុងការបដិសេធការផ្តល់ព័ត៌មាន។ ពួកគេក៏បានស្នើឱ្យក្រសួង មន្ទីរ និងស្ថាប័នរដ្ឋ បង្កើនការបង្ហាញព័ត៌មានជាសាធារណៈ ជាពិសេសព័ត៌មានអំពីចំណូល និងចំណាយរបស់ស្ថាប័ន និងគម្រោងលទ្ធកម្មសាធារណៈ។
ក្រុមសង្គមស៊ីវិលទាំងនោះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធឌីជីថលឱ្យបានទូលំទូលាយ ដើម្បីធានាថា ប្រជាពលរដ្ឋ យុវជន ជនមានពិការភាព និងជនជាតិដើមភាគតិច អាចទទួលបានព័ត៌មានដែលពាក់ព័ន្ធនឹងពួកគេ។ ពួកគេក៏បានស្នើឱ្យមានការការពារចំពោះប្រជាពលរដ្ឋដែលបង្ហាញ ឬចែករំលែកព័ត៌មានពិតប្រាកដ ឬព័ត៌មានដែលបម្រើដល់ផលប្រយោជន៍សាធារណៈ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ២៣ តុលា លោក គឹម សុខ មិនសូវសង្ឃឹមថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ រដ្ឋាភិបាលមានឆន្ទៈតាក់តែងដើម្បីការពារសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋខ្មែរដោយសេរី និងត្រឹមត្រូវនោះទេ ខណៈរដ្ឋាភិបាលនៅតែបន្តរំលោភលើសិទ្ធិមនុស្សដូចបច្ចុប្បន្ន។
លោក គឹម សុខ៖ «គេរៀបចំឡើងដើម្បីបិទមាត់ បិទត្រចៀកប្រជាពលរដ្ឋខ្មែរពីការទទួលបានព័ត៌មានពិតនានា។ ពីព្រោះច្បាប់នេះកើតឡើងនៅក្នុងពេលដែល រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន គណបក្សប្រជាជនកម្ពុជាមិនហ៊ានបើកការប្រកួតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងហ្នឹង»។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានមានគោលបំណងធានាសិទ្ធិ និងសេរីភាពរបស់សាធារណជនក្នុងការទទួលព័ត៌មានពីស្ថាប័នរដ្ឋ និងកំណត់កាតព្វកិច្ចរបស់ស្ថាប័នសាធារណៈក្នុងការផ្តល់ និងផ្សព្វផ្សាយព័ត៌មាន។
កាលពីឆ្នាំ២០២៣ អង្គការយូណេស្កូ និងភាគីពាក់ព័ន្ធនៅកម្ពុជាក៏បានអំពាវនាវឱ្យមានការអនុម័តច្បាប់សិទ្ធិទទួលព័ត៌មាន ដោយចាត់ទុកច្បាប់នេះថាមានសារៈសំខាន់សម្រាប់ការលើកកម្ពស់តម្លាភាព និងការចូលរួមរបស់សាធារណជន។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានត្រូវបានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុកតាក់តែងតាំងពីឆ្នាំ២០១៣ ប៉ុន្តែរហូតមកដល់ពេលនេះគឺមានរយៈពេលជាង១០ឆ្នាំហើយ សេចក្តីព្រាងច្បាប់មួយនេះ នៅតែមិនទាន់អាចចេញជារូបរាងបានដដែល។
អ្នកឃ្លាំមើលរិះគន់ថា រដ្ឋាភិបាលហាក់គ្មានឆន្ទៈពិតប្រាកដក្នុងការបង្កើតច្បាប់មួយនេះឡើយបើទោះជាច្បាប់នេះបម្រើផលប្រយោជន៍ជាសាធារណៈក៏ដោយ។ផ្ទុយទៅវិញ ចំពោះច្បាប់ទាំងឡាយណាដែលរដ្ឋាភិបាលយល់ថាផ្តល់ផលប្រយោជន៍ដល់បក្សកាន់អំណាច រដ្ឋាភិបាលអាចបង្កើតច្បាប់ទាំងនោះបានដោយងាយ និងមិនចាំបាច់ត្រូវចំណាយពេលវេលាដើម្បីពិភាក្សាច្រើនឆ្នាំនោះទេ ៕









