

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងឧបនាយករដ្ឋមន្ត្រីទី១ លោក នេត សាវឿន បានជួបជជែកគ្នា ដើម្បីពន្លឿនការរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកថ្មី ក្នុងគោលដៅគ្រប់គ្រងព្រំដែនកម្ពុជា-វៀតណាម ជំនួសកិច្ចព្រមព្រៀងស្ដីពីលក្ខន្តិកៈព្រំដែនគោកខុសច្បាប់ឆ្នាំ១៩៨៣។ អ្នកឃ្លាំមើល លើកឡើងថា ការបន្តផ្ដល់សុពលភាពដល់សន្ធិសញ្ញ និងកិច្ចព្រមព្រៀងខុសច្បាប់កម្ពុជា-វៀតណាម ទសវត្សរ៍ ៨០ គឺជាគ្រោះថ្នាក់ធំមួយ សម្រាប់ប្រទេសកម្ពុជាបន្ថែមលើមហន្តរាយ ដែលអ្នកជំនាន់ក្រោយនៃរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន រឹតចំណងយ៉ាងស៊ីជម្រៅ ក្នុងវិស័យយុវជនជាមួយបក្សកុម្មុនីយស្តវៀតណាម។
ក្នុងពេលភាគីថៃ កំពុងឈ្លានពានត្រួតត្រា លើទឹកដីប្រទេសកម្ពុជាភាគខាងលិច ភាគីវៀតណាមនៅភាគខាងកើតឯណោះវិញ ក៏កំពុងពន្លឿននូវកិច្ចព្រមព្រៀង និង កិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅតទៅជំនាន់ក្រោយៗទៀត ជាមួយអ្នកស្នង មរតកអំណាចនៃក្រុមគ្រួសារត្រកូលហ៊ុន និងគណបក្សប្រជាជនកម្ពុជា។
បណ្ដាញព័ត៌មានវៀតណាម (vietnam.vn) បានរាយការណ៍កាលពីថ្ងៃទី២៩ ខែកញ្ញា ថា អនុរដ្ឋមន្ត្រីកិច្ចការបរទេសវៀតណាម លោក ង្វៀន ម៉ាញ គឿង (Nguyen Manh Cuong) និង ឧបនាយករដ្ឋមន្ត្រីទី១ លោក នេត សារឿន បានជួបជជែកគ្នា ក្នុងទីក្រុងភ្នំពេញ ដើម្បីពង្រឹងកិច្ចសហការកម្ពុជា-វៀតណាម តាមការព្រមព្រៀងរវាងអគ្គលេខាធិការបក្សកុម្មុនីយស្ត វៀតណាម និងលោក ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលនៅក្នុងនោះ ក៏មានការធ្វើសន្ធិសញ្ញាថ្មី ពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែនគោក ដើម្បីប្រើជំនួសកិច្ច ព្រមព្រៀងស្ដីពីលក្ខន្តិកៈ ព្រំដែនគោក ឆ្នាំ១៩៨៣ ដែរ។
កិច្ចព្រមព្រៀងស្ដីពីលក្ខន្តិកៈព្រំដែន ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន រដ្ឋមន្ត្រីការបទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និង លោក ង្វៀន កឺថាច់ រដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨៣ ធ្វើឡើងដើម្បីគ្រប់គ្រងសន្តិសុខព្រំដែន និងប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា- វៀតណាម ខណៈកម្ពុជានៅពេលនោះ ស្ថិតនៅក្រោមការត្រួតត្រាទាំងស្រុងរបស់កងទ័ពវៀតណាម។ កិច្ចព្រមព្រៀងនេះ គឺជាឯកសារខុសច្បាប់ ក្រោមស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលតម្រូវឱ្យលុបចោល។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣០ ខែកញ្ញាថា គម្រោងធ្វើកិច្ចព្រមព្រៀងថ្មី ជំនួសកិច្ចព្រមព្រៀងខុសច្បាប់ឆ្នាំ១៩៨៣ បង្ហាញពីជំហររបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងអ្នកជំនាន់ ក្រោយៗទៀតរបស់គណបក្សប្រជាជនកម្ពុជា នៅតែទទួលស្គាល់អាណានិគមនិយមរបស់វៀតណាម ក្នុងការចាត់ចែងព្រំដែនកម្ពុជា និងត្រួតត្រាកម្ពុជាដូចជំនាន់ លោក ហ៊ុន សែន ដែរ។ លោកថា ការធ្វើឱ្យកិច្ចព្រមព្រៀងខុសច្បាប់ ទសវត្សរ៍ ៨០ ឱ្យមានសុពលភាពឡើងវិញ គឺជាអំពើមិនស្មោះត្រង់ និងបូរណភាពទឹកដីកម្ពុជា និងបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។
លោក ម៉ែន ណាត៖ «វាប៉ះពាល់រួចទៅហើយ ព្រោះសន្ធិសញ្ញា ដែលយកមកអនុម័តឡើងវិញ វាសុទ្ធតែសន្ធិសញ្ញាខុសច្បាប់។ សន្ធិសញ្ញាអស់ហ្នឹង តាំងពីសន្ធិសញ្ញា ១៩៧៩ ១៩៨២ ១៩៨៣ ១៩៨៥ ជាមួយវៀតណាមនេះ វាជាសន្ធិសញ្ញា ក្នុងសម័យអាណានិគមយួនគ្រប់គ្រងប្រទេសកម្ពុជា ហើយបើតាមច្បាប់អន្តរជាតិ សន្ធិសញ្ញាទាំងឡាយណាដែលធ្វើក្រោមអំណាចត្រួតត្រា របស់អាណានិគមមួយ គឺគេមិនយកជាការទេ»។
ឯកសារកិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាព មិនអាចរំលោភបាន នៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស មាត្រាទី១ ចំណុច ២.ឃ. ចែងថា«បញ្ចប់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយ ដែលមិនស្របទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាន នៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា»។ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ សំដៅដល់ការលុបចោលនូវសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់ទាំងឡាយ សម័យទសវត្សរ៍៨០ដែលរបបដឹកនាំខុសច្បាប់នៅកម្ពុជា បានធ្វើជាមួយវៀតណាម ក្រោយកងទ័ពវៀតណាមឈ្លានពានកាន់កាប់ កម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
សន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាប់រវាងកម្ពុជា និង វៀតណាម ដែលតម្រូវឱ្យ លុបចោលទាំងនោះ រួមមាន កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ រវាងលោក ហ៊ុន សែន និង លោក ង្វៀន កឺថាច់ ឆ្នាំ១៩៨២ កិច្ចព្រមព្រៀងស្ដីពីលក្ខន្តិកៈព្រំដែនគោក រវាងលោក ហ៊ុន សែន និងលោក ង្វៀន កឺថាច់ ឆ្នាំ១៩៨៣ កិច្ចព្រមព្រៀងកំណត់ព្រំដែនរដ្ឋ រវាងលោក ហ៊ុន សែន និង លោក ង្វៀន កឺថាច់ ឆ្នាំ១៩៨៥ និងឯកសារ ខុសច្បាប់មួយចំនួនទៀត។
រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុន តាំងពីលោក ហ៊ុន សែន ដល់លោក ហ៊ុន ម៉ាណែត ពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន មិនត្រឹមតែមិនបានលុបចោលនោះទេ ប៉ុន្តែ ថែមទាំងរៀបចំធ្វើច្បាប់ថ្មីៗ ដូចជា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ឆ្នាំ២០១១ និងឆ្នាំ២០១៩ ដើម្បីបន្តសុពលភាពដល់សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ ដែលខុសច្បាប់ទៀត តាមមហិច្ឆតាឈ្លានពានរបស់ភាគីវៀតណាម។ តាមរយៈ សន្ធិសញ្ញាបំពេញបន្ថែមទាំងនេះ កម្ពុជាបានរបូតកោះត្រល់ ចង្កោមកោះ ក្រចកសេះ ហើយនិង ដែនសមុទ្រកម្ពុជាយ៉ាងតិច ៤ម៉ឺនគីឡូម៉ែត្រការ៉េ ធ្លាក់ទៅ ក្រោមការត្រួតត្រារបស់ប្រទេសវៀតណាម ក្នុងពេលបច្ចុប្បន្ន។
ក្នុងពេលនេះទៀត រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កំពុងរៀបចំខ្លួន ធ្វើកិច្ចព្រមព្រៀងថ្មី ស្ដីពីការគ្រប់គ្រងព្រំដែនគោកជាមួយវៀតណាម ដើម្បីធ្វើជាឧបករណ៍ជំនួសកិច្ចព្រមព្រៀងព្រំដែនគោក ឆ្នាំ១៩៨៣ទៀត។ អ្នកឃ្លាំមើល សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ទឹកដីគោកបន្ថែមទៀត របស់ ប្រទេសកម្ពុជា ដូចមេរៀនដែលកម្ពុជាបាត់បង់ការគ្រប់គ្រង លើកោះ និងផ្ទៃសមុទ្រ ដ៏ច្រើន នៅពេលរដ្ឋាភិបាលលោក ហ៊ុន សែន ផ្ដល់សុពលភាព ដល់សន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋ ដែលខុសច្បាប់ ជាមួយវៀតណាម។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ឯករាជ្យ ២៣ តុលា លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣០ ខែកញ្ញាថា គ្រោះរបស់ប្រទេសកម្ពុជា នៅចំពោះមុខការឈ្លានពានរបស់វៀតណាម វិវត្តន៍យ៉ាងអាក្រក់ និងស្ងៀមស្ងាត់ ដោយសាររដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន ជាឧបករណ៍របស់វៀតណាម។ លោក ថា បន្ថែមលើការធ្វើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាប់ ឱ្យទៅជាស្របច្បាប់ រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ក៏កំពុងបើកដៃឱ្យវៀតណាម ត្រួតត្រាលើប្រព័ន្ធដឹកនាំរដ្ឋនៅកម្ពុជា និងបង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យជនជាតិវៀតណាមមានសិទ្ធិពេញលេញលើទឹកដីកម្ពុជា និងទាញយកប្រយោជន៍ពីប្រទេសកម្ពុជា។
លោក ម៉ែន សុថាវរិន្ទ្រ៖ «ឃើញជាក់ស្ដែងហើយ តាំងពីឪពុករហូតដល់កូន តាំងពីលោកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនឹងលោក ហ៊ុន ម៉ាណែត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនក្ដី។ ឥឡូវនេះ យើងឃើញទាំងអស់ហើយ ប្រធានសភាសព្វថ្ងៃអី ឱ្យគេមកសុំ ស្របតាមគេទាំងអស់ អ៊ីចឹងនិយាយឱ្យចំទៅ ប្រទេសកម្ពុជា បើគ្មានការផ្លាស់ប្ដូរទេ គឺវៀតណាម និងថៃយកទាំងអស់ហើយ និយាយឱ្យចំ ជាពិសេសវៀតណាម»។
សេចក្ដីបារម្ភចំពោះការឈ្លានពានរបស់វៀតណាមលើកម្ពុជា ពុំមែនត្រឹមតែជាការ បន្តផ្ដល់សុពលភាព នូវសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់នានា សម័យទសវត្សរ៍៨០ ប៉ុណ្ណោះទេ ប៉ុន្តែប្រទេសកម្ពុជាកាន់តែប្រឈមនឹងគ្រោះធំ ថែមទៀត ពេលក្រុមអ្នកជំនាន់ថ្មី នៃរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន បន្តយុទ្ធសាស្ត្រ កាន់តែស៊ីជម្រៅយូរអង្វែង ជាមួយបក្សកុម្មុនីយស្តវៀតណាម លើការគ្រប់គ្រងប្រជាសាស្ត្រ និង សន្តិសុខបច្ចេកវិទ្យារបស់កម្ពុជា។
កាលពីថ្ងៃទី២៨ ខែកញ្ញា រដ្ឋមន្ត្រីអធិការកិច្ច លោក សុខ សូកេន បានព្រមព្រៀងគ្នា ជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម លោក ង្វៀង ក្វុក ដង (Nguyễn Quốc Đoàn) ដើម្បីពង្រឹងកិច្ចសហការអធិការកិច្ចតាមប្រព័ន្ធឌីជីថលរួមគ្នា រវាងកម្ពុជា និងវៀតណាម បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ លោក ហ៊ុន ម៉ានី បានទៅសន្យាជាមួយមេដឹកនាំវៀតណាម ដល់ទីក្រុងហាណូយ កាលពីថ្ងៃទី២៤ ខែកញ្ញា ដោយពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ កាន់តែស៊ីជ្រៅ ក្នុងវិស័យយុវជនហិនណ្ឌូចិន រូមទាំង ធានា ការពារផលប្រយោជន៍វៀតណាម និងជនជាតិវៀតណាមនៅលើទឹកដីកម្ពុជាផង។
អ្នកឃ្លាំមើលលើកឡើងថា ប្រសិនមិនមានការផ្លាស់ប្ដូរប្រព័ន្ធ ដឹកនាំកម្ពុជាសព្វថ្ងៃ ចេញ និង ដាក់ជំនួសវិញដោយប្រជាធិបតេយ្យទេ នោះប្រទេសកម្ពុជានឹងប្រឈម គ្រោះមន្តរាយធំណាស់ ខណៈសង្គមជួបវិបត្តិអយុត្តិធម៌ធ្ងន់ធ្ងរពេក សេដ្ឋកិច្ចជាតិ កាន់តែខ្សោយ ប្រជាពលរដ្ឋកាន់តែក្រវ័ណ្ឌកដោយបំណុល ហើយកងទ័ពថៃឈ្លាន ពាន ខណៈភាគីវៀតណាមប្រើគ្រប់យុទ្ធសាស្ត្រប្រើរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ជាឧបករណ៍ប៉ងលេបយកម្ពុជា៕









