

កម្មករ និងសហជីពខកចិត្តចំពោះលទ្ធផលនៃការដំឡើងប្រាក់ឈ្នួលអប្បបរមាត្រឹម ២ដុល្លារបន្ថែម សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ឆ្នាំ២០២៧។ ការលើកឡើងនេះ គឺបន្ទាប់ពីកិច្ចប្រជុំត្រីភាគីគឺមានភាគីរដ្ឋាភិបាល តំណាងក្រុមហ៊ុននិងសហជីពដែលគាំទ្ររដ្ឋាភិបាល បានបោះឆ្នោតរក្សាតួលេខប្រាក់ឈ្នួល២១០ដុល្លារដដែល ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចចុងក្រោយបង្អស់ ដោយបន្ថែម២ដុល្លារទៀត ដូច្នេះ ក្នុងឆ្នាំ២០២៧ខាងមុខ កម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្នួលគោល ២១២ដុល្លារ ក្នុង១ខែ។
កម្មករ និងសហជីពជាច្រើន អស់សង្ឈឹមចំពោះលទ្ធផលចុងក្រោយដែលទទួលបានពីកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងការសម្រេចរបស់រដ្ឋាភិបាល ដោយពួកគាត់ ចាត់ទុកថា មិនបានគិតគូរពីទុក្ខលំបាករបស់កម្មករពិតប្រាកដឡើយ។
ការលើកឡើងនេះ គឺបន្ទាប់ពីកិច្ចប្រជុំត្រីភាគីដែលមានតំណាងរដ្ឋាភិបាល១៧រូប តំណាងនិយោជក១៧រូប និងតំណាងកម្មករ១៧រូប នៅថ្ងៃទី៣០ ខែកញ្ញា នៅតែរក្សាប្រាក់ឈ្នូលកម្មករវិស័យកាត់ដេរចំនួន ២១០ដុល្លារដដែល តាមរយៈការបោះឆ្នោតជាសម្ងាត់។ លទ្ធផលនៃការបោះឆ្នោតនោះ បង្ហាញថា លេខប្រាក់ឈ្នួលដែលកំណត់ដោយតំណាងក្រុមហ៊ុន ឬនិយោជកចំនួន២១០ដុល្លារ ទទួលបានការគាំទ្រចំនួន៤៧លើ៥១សំឡេង ខណៈតួលេខ២២៥ដុល្លារដែលកំណត់ដោយតំណាងកម្មករ ទទួលបានការគាំទ្រចំនួន៣ សំឡេងប៉ុណ្ណោះ។ នេះបង្ហាញថា តំណាងរដ្ឋាភិបាលនិងតំណាងសហជីពដែលគំាំទ្ររដ្ឋាភិបាល មិនបានគាំទ្រតួលេខដំឡើងប្រាក់ឈ្នួលដល់កម្មករសម្រាប់ឆ្នាំ២០២៧ឡើយ។ ចុងក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រៀនតាមឪពុករបស់លោកដោយបានសម្រេចបន្ថែម ២ដុល្លារ លើតួលេខ ២១០ដុល្លារដែលធ្វើឲ្យប្រាក់ខែកម្មករកើនដល់២១២ដុល្លារសម្រាប់ឆ្នាំ២០២៧។
ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះតទៅ។
កម្មការិនី និងជាប្រធានសហជីពប្រចាំរោងចក្រយីដា អ្នកស្រី ឆាន ចន្នី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា អ្នកស្រីខកចិត្តចំពោះការសម្រេចរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលជូនកម្មករត្រឹម២ដុល្លារអាមេរិកបែបនេះ។ អ្នកស្រី យល់ថា ចំនួន ២ដុល្លារនេះ នៅតិចតួចខ្លាំងសម្រាប់អ្នកស្រី ដែលមិនអាចឆ្លើយតបការចំណាយប្រចាំថ្ងៃរបស់អ្នកស្រីបានឡើយ។ អ្នកស្រីអះអាងថា ប្រាក់ឈ្នួលដែលរដ្ឋាភិបាលដំឡើងឲ្យកម្មករនេះ ហាក់បីដូចមិនបានដំឡើង ខណៈពេលដែលឥវ៉ាន់ប្រេង សាំង ម្ហូបអាហារសាច់ ឬសូម្បីតែកំប៉ុងហ្គាស ឡើងថ្លៃកប់ពពក។ អ្នកស្រីអស់សង្ឈឹមរហូតអស់សំណើចចំពោះការសម្រេចរបស់រដ្ឋាភិបាលដោយចោទសួរជាចម្ងល់ថា តើរដ្ឋាភិបាលកម្ពុជាកំពុងគិតអ្វីចំពោះការដំឡើងប្រាក់២ដុល្លារនេះ?
អ្នកស្រី ឆាន ចន្នី៖ «តើរដ្ឋាភិបាលគាត់កំពុងគិតអី? គាត់អត់មើលឃើញផលពិបាករបស់កូនចៅរាល់ថ្ងៃហ្នឹងទេអី? អ៊ីចឹងណា គាត់អត់មើលឃើញសោះហ្មងណា ដែលពួកខ្ញុំខំប្រឹងស្រែករាល់ថ្ងៃ ខំប្រឹងប្រាប់រាល់ថ្ងៃនេះ តាមបណ្តាញសង្គមផង អីផងនេះ ស្រែករហូត! ខ្ញុំមិននឹកស្មានថា បានតែប៉ុណ្ណឹងទេ ខ្ញុំមិននឹកស្មានសោះហ្មង អ៊ីចឹងណា។ មានអារម្មណ៍ថា ធ្លាក់ថ្លើមក្តុក! អត់មានចង់បានអីក្រៅពីសុំ ស្នើសុំឲ្យរដ្ឋាភិបាលមើលឃើញពីផលលំបាករបស់កម្មករ ឲ្យជាក់លាក់ ឲ្យពិតប្រាកដទេ អ៊ីចឹងណា។ មានតែពួកខ្ញុំទេដែលវេទនា ប្រាក់ខែរាល់ខែ មួយខែ មិនស្មើអ្នកធំចាយ ហូបបាយមួយពេលផង! ហើយសួរថា ពួកខ្ញុំធ្វើការងារពេញមួយខែនេះ ខំប្រឹង ចង់តែខ្យល់នេះ បានលុយមកសងតែគេ សងពីកន្លែងមួយទៅកន្លែងមួយ ដោះបំណុលពីកន្លែងមួយទៅកន្លែងមួយ មិនដែលដែលមាន យកមកទុកសម្រាប់ទិញអាហារហូបចុកជាប្រចាំថ្ងៃផង!»
កម្មការិនីផ្នែកដេរសម្លៀកបំពាក់ និង ជាអនុប្រធានសហជីពប្រចាំរោងចក្រយីដាមួយរូបទៀត អ្នកស្រី វ៉ាន់ ថាណា ថ្លែងទាំងអស់សង្ឃឹមថា អ្នកស្រីមិនអាចទទួលយកបានចំពោះការសម្រេចដំឡើងប្រាក់ឈ្នួលជូនកម្មករត្រឹម ២ដុល្លារ របស់រដ្ឋាភិបាលឡើយ។ អ្នកស្រីបន្តថា ប្រាក់ឈ្នួលបន្ថែម ២ដុល្លារក្នុង១ខែនេះ មិនគ្រប់ក្នុងការប្តូរកំប៉ុងហ្គាសតូចៗដែលអ្នកស្រីប្រើប្រាស់ជាប្រចាំខែផង ចុះទម្រាំថ្លៃផ្ទះជួល បំណុលធនាគារ ការចំណាយប្រចាំថ្ងៃ ផ្គត់ផ្គង់កូនៗ និងផ្សេងៗទៀតនោះ តើឲ្យអ្នកស្រីរំពឹងលើអ្វី? អ្នកស្រីថា រដ្ឋាភិបាលហាក់ផ្គាប់ចិត្តទៅលើភាគីនិយោជក ជាជាងជីវិតកម្មករដែលកំពុងរស់រងទុក្ខវេទនាដោយសារជំពាក់បំណុលធនាគារ រស់នៅមិនមានភាពសមរម្យក្នុងសង្គមមួយដូចអ្នកដទៃ។
អ្នកស្រី វ៉ាន់ ថាណា អះអាងថា កត្តាជីវភាព រស់នៅមិនសមរម្យការដំឡើងប្រាក់ឈ្នួលមិនសមហេតុផលនេះហើយដែលជំរុញឲ្យពលរដ្ឋកម្ពុជាចំណាកស្រុកច្រើនទៅក្រៅប្រទេស ដោយសារមិនអាចទទួលយកប្រាក់ឈ្នួលទាប និងការប្រើប្រាស់កម្លាំងពលកម្មច្រើនខ្លាំងជាងការចំណាកស្រុកដែលមានប្រាក់ខែខ្ពស់សមរម្យជាងនេះ។
អ្នកស្រី វ៉ាន់ ថាណា៖ «សំឡេងដែលជានៅខាងកម្មករដែរ បែរជាមិនបោះខាងកម្មករ បែរជាទៅបោះខាង ខាងនិយោជកវិញ។ នៅពេលអញ្ចឹង ខ្ញុំលំបាកទទួលយក។ ទាំងសំឡេងខាងរាជរដ្ឋាភិបាល ទាំងនិយោជក ចុះខាងផ្សេងៗទៀតហេតុអីបានមិនព្រមយកសំឡេងរបស់កម្មករ? អត់ អត់យល់ថា តើកម្មកររស់នៅលំបាកប៉ុណ្ណា? ហើយពួកខ្ញុំទាមទារប្រាក់ឈ្នួល មិនមែនទៅចង់ឲ្យខ្លួនឯងក្លាយជាអ្នកមានឯណា គ្រាន់តែទាមទារឲ្យខ្លួនឯងរស់នៅបានសមរម្យជាងមុនបន្តិចហ្នឹង។ បើនិយាយពីសព្វថ្ងៃវិញ អាចនិយាយបានថា រស់ទាំងវេទនា!»
កម្មការិនីមួយរួបទៀតថ្លែងសុំមិនបញ្ចេញឈ្មោះ រស់នៅខេត្តកំពង់ឆ្នាំងថ្លែងថា ថ្លៃភ្លើងដែលលោកស្រីប្រើប្រាស់ប្រចាំខែក្នុងមួយខែ ពីមុនត្រឹម១ម៉ឺនរៀល ឬជាង១ម៉ឺនប៉ុណ្ណោះ ឥឡូវតម្លៃភ្លើងឡើងដល់ជាង ៤ម៉ឺនរៀលក្នុងមួយខែ ហើយប្រាក់ខែដែលរដ្ឋាភិបាលផ្តល់ឲ្យគឺត្រឹម២ ដុល្លារ ជាហេតុឲ្យលោកស្រីត្រូវប្រឹងទាំងត្រដរបន្ថែមទៀត ដើម្បីបំពេញការចំណាយជាប្រចាំ។ លោកស្រីថា ប្រាក់ឈ្នួលកម្រិតទាបនេះ មិនអាចឲ្យលោកស្រីមានពេលវេលាឈប់សម្រាកថ្ងៃសៅរ៍ ឬអាទិត្យដូចគេឡើយ។ ផ្ទុយទៅវិញ ថ្ងៃឈប់សម្រាកទាំងនោះជាថ្ងៃដែលលោកស្រីត្រូវទៅស៊ីឈ្នួលបោកខោអាវឲ្យគេបន្ថែម ឬការងារផ្សេងទៀត ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងការដោះស្រាយបំណុល។ លោកស្រីថា លោកស្រីអស់កម្លាំង និងតូចចិត្តក្នុងជីវិត ប៉ុន្តែមិនហ៊ានឈប់សម្រាក ហើយមិនមានពេលវេលានៅជួបជុំកូន គ្រួសារឲ្យបានត្រឹមត្រូវដូចគេឡើយ ដោយសារកត្តាជីវភាព។
«ប្រាក់ខែដែលរាជរដ្ឋាភិបាលតម្លើងឲ្យកម្មករប៉ុណ្ណឹង គឺខកចិត្តយ៉ាងខ្លាំងហ្មង! រាល់ថ្ងៃនេះខ្ញុំឈឺ ខ្ញុំមកធ្វើការទាំងឈឺទៀត ដោយសារអី? អត់មានលុយ! ហើយបើយើងចូលពេទ្យ ទទួលស្គាល់ថា ពេលខ្លះយើងមានសំបុត្រពេទ្យ ប៉ុន្តែសួរថា យើងមានលុយណាចាយវាយនៅកន្លែងពេទ្យទៀត? ទោះបីយើងប្រើ ប.ស.ស ក៏ពិតមែន ប៉ុន្តែយើងត្រូវចំណាយលុយចាយនៅកន្លែងពេទ្យ។ អ៊ីចឹងហើយ ពេលខ្លះយើងអាចថា មកធ្វើបាន យើងតស៊ូមកធ្វើទៀត ដើម្បីជីវភាព ដើម្បីចំណាយទៅលើក្រុមគ្រួសារយើង អញ្ចឹងទៅណា បង!»
ចំណែក ប្រធានសហព័ន្ធសហជីពបេះដូងកម្មករ (WHU) អ្នកស្រី ម៉ន ចន្នា រៀបរាប់ទាំងអួលដើមកថា អ្នកស្រីអាណិតដល់កម្មករជាខ្លាំងដែលត្រូវប្រឈមមុខនឹងជីវភាពខ្វះខាតលំបាកកាន់តែខ្លាំងបន្តទៀត ខណៈប្រាក់ឈ្នួលដំឡើងមានកម្រិតទាបពេក។ អ្នកស្រីថា កម្មករមួយចំនួន ត្រូវបង្ខំចិត្តដើរបេះបន្លែតាមផ្លូវ កៀនរបង បឹងបួរ ឬតាមសាធារណៈផ្សេងៗ ដើម្បីចិញ្ចឹមក្រពះ ដោយសារប្រាក់ខែចាយមិនគ្រប់។ អ្នកស្រីបន្ថែមទៀតថា ការដំឡើងប្រាក់ឈ្នួលឲ្យកម្មករតិចតួចបែបនេះ នឹងធ្វើឲ្យកម្មករប្រឈមនឹងបំណុលដែលដោះស្រាយមិនចេញ គ្មានថវិកាមើលជំងឺពេលឈឺថ្កាត់ជាដើម។ អ្នកស្រី ម៉ន ចន្នា អះអាងថា អ្នកស្រី នឹងសហជីពផ្សេងទៀត គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដើម្បីបង្ហាញពីឆន្ទៈរបស់ខ្លួន ប្រឆាំងចំពោះការដំឡើងប្រាក់ឈ្នួលក្នុងកម្រិតតិចតួចនេះ។
អ្នកស្រី ម៉ន ចន្នា៖ «អ្នកខ្លះហ៎ ខ្ញុំប្រាប់ថា គាត់ខ្លះគាត់មានកូនគាត់តូចៗហាស៎ គាត់អត់មានអីហូប គាត់ហូបបាយជាមួយនឹងអំបិលក៏មានដែរ! ហើយអាបាយហ្នឹងជួនណាអត់មានឲ្យកូនទៀត ទាំងប្រុសទាំងស្រី ពេលដែលអត់ធ្វើការគឺគាត់មិននៅផ្ទះទេ អ្នកខ្លះរត់ទៅរកត្រី… គាត់អត់មានជីវិតរីករាយដូចយើងគិតថាកម្មករប៉ុណ្ណឹងគាត់រស់ស្រួលហើយ អត់ទេ! ជួនកាលទៅ បើកលុយមកត្រូវឲ្យឡាន បើអត់ឲ្យឡានទេ គឺឡានគេអត់ឲ្យជិះទេ អញ្ចឹងហ៎! ដល់តែកុងឡាន តែថ្ងៃបើកលុយត្រូវតែឲ្យគេ ហើយអ្នកខ្លះមានជំពាក់តាកុងឡានទៀត!»
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ ដើម្បីឆ្លើយតបចំពោះការលើកឡើងទាំងនេះបានទេ នៅថ្ងៃទី៣០ កញ្ញា ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
កន្លងមក ក្រុមមេដឹកនាំសហព័ន្ធសហជីព និងសហជីពជាច្រើនស្ថាប័ន ក៏ធ្លាប់បានដាក់ញត្តិទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្នើសុំដំឡើងប្រាក់ខែគោលចំនួន៤០.៦៦ដុល្លារ បន្ថែមលើប្រាក់ខែគោលបច្ចុប្បន្នចំនួន២១០ដុល្លារ សម្រាប់ឆ្នាំ២០២៧ ជូនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបផងដែរ ដោយពួកគាត់មើលឃើញដូចៗគ្នាថា ប្រាក់ឈ្នួលបច្ចុប្បន្ន ២១០ដុល្លារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ នៅមានកម្រិតទាបពេក។ មិនតែប៉ណ្ណោះ សហជីពមួយចំនួនក៏បានស្នើសុំបន្ថែមប្រាក់ឧបត្ថម្ភការធ្វើដំណើរ៨ដុល្លារបន្ថែមដល់កម្មករវិស័យកាត់ដេរ វាយនភ័ណ្ឌផងដែរ ដើម្បីឲ្យកម្មករទាំងនោះ អាចមានលទ្ធភាពអាចរស់នៅបានសមរម្យ ថ្លៃថ្នូរ និងសុខុមាលភាពផងដែរ។ បន្ថែមពីនោះ ការស្នើសុំទាំងនោះ គឺក្នុងគោលបំណងអាចឲ្យកម្មករមានលទ្ធភាពជិះរថយន្តឈ្នួលដែលសមរម្យជាងការឈរបញ្ច្រៀតគ្នានៅក្នុងឡានទ្រុងដ៏ចង្អៀតណែន ដែលអាចបង្កហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតបានផងដែរ។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភណ្ឌ មានប្រសាសន៍ថា អ្នកស្រីសោកស្តាយជាខ្លាំងចំពោះលទ្ធផលនេះ ដែលវាមិនអាចឆ្លើយតបនឹងតម្លៃអតិផរណានៅលើទីផ្សារបានឡើយ។ អ្នកស្រីបន្តថា នៅពេលខាងមុខ កម្មករនឹងប្រឈមមុខនឹងហានិភ័យសេដ្ឋកិច្ច និងការលំបាកកាន់តែខ្លាំងជាងនេះ។ អ្នកស្រីថា ក្រៅពីការដំឡើងប្រាក់ឈ្នួលនៅមានកម្រិតទាបពីរដ្ឋាភិបាល អ្នកស្រីខកចិត្តដែលតំណាងសហជីពតំណាងឲ្យកម្មករនៅទូទាំងប្រទេសដែលបានចូលរួមប្រជុំនៅក្រសួងការងារភាគច្រើនបែរជាមិនបានគាំទ្រសម្លេងរបស់ខ្លួនចំពោះតួលេខចុងក្រោយ ២២៥ដុល្លារទៅទៀត។ អ្នកស្រីថា ករណីនេះ នឹងបង្ហាញឲ្យកម្មករទាំងអស់ឃើញកាន់តែច្បាស់ថា សហជីពមួយណាដែលជួយ និងគាំទ្រលើកម្មករពិតប្រាកដ។
អ្នកស្រី យ៉ាង សុភណ្ឌ អះអាងថា កត្តានៃការដំឡើងប្រាក់ឈ្នួលឲ្យកម្មករបានសមរម្យ គោរពសេរីភាពសហជីព លក្ខខណ្ឌការងារល្អជាដើម គឺជាការជំរុញឲ្យមានកម្លាំងពលកម្មកាន់តែច្រើននៅក្នុងស្រុក ដោយមិនចាំបាច់ចំណាកស្រុកទៅក្រៅប្រទេស។
អ្នកស្រី យ៉ាង សុភណ្ឌ៖ «ខ្ញុំទទួលស្គាល់ថាប្រាក់ឈ្នួលរបស់គេគឺទាបជាងស្រុកខ្មែរ ប៉ុន្តែបើយើងក្រឡែកទៅមើលកម្លាំងនៅក្នុងការទិញ ដែលកម្មករនៅក្នុងប្រទេសកម្ពុជាយើងទទួលបានប្រាក់ឈ្នួល ២១០ហ្នឹងហាស៎ ហើយនឹងកម្មករនិយោជិតនៅប្រទេសគេ ដែលគេទទួលបានប្រាក់ឈ្នួលជាង ១០០ ណា ឬក៏ ៩០ រៀលជាងហ្នឹងណា ហ្នឹងយកទៅទិញមើលបានរបស់របរដូចគ្នាអត់? ខ្ញុំអាចឆ្លើយបានថា គឺខុសគ្នា ដោយសារអី? ដោយសារតម្លៃអតិផរណានៅទីផ្សារស្រុកគេហ្នឹងគឺវាទាប វាអត់ដូចកម្ពុជាទេ! អញ្ចឹងហើយកន្លែងនេះបានជាយើងសហជីពហ្នឹង យើងស្នើទទូចទៅដល់រាជរដ្ឋាភិបាលថា ស្នើសុំឲ្យពិនិត្យមើល គ្រប់គ្រងទៅលើតម្លៃអតិផរណាទីផ្សារ! ពីព្រោះកុំឲ្យតម្លៃអតិផរណាទីផ្សារហ្នឹងវានឹងហក់ឡើងថ្លៃ បើវាហក់ឡើងថ្លៃអញ្ចឹង វានឹងធ្វើឲ្យពលរដ្ឋទាំងអស់ មិនថាកម្មករ មិនថាអីទេ គាត់នឹងទទួលរងនូវបញ្ហាប្រឈមនៃសេដ្ឋកិច្ចគ្រួសាររបស់គាត់!»
ក្រៅ ពីការលើកឡើងទាំងនេះ ពលរដ្ឋជាច្រើនក៏បានសម្តែងការមិនពេញចិត្តលើបណ្តាញសង្គមចំពោះលទ្ធផលនៃការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ឆ្នាំ២០២៧ នេះផងដែរ។
គណនីឈ្មោះ មួន ពុទ្ធី បញ្ចេញយោបល់ថា ឆ្នាំក្រោយៗ មិនបាច់ប្រជុំនាំតែរវល់ទេអស់លោក ដោយលោកហត់នឿយជំនួស។
គណនីឈ្មោះ ម៉ាក់ អាពេជ្រ ថា ស្រណោះប្រជាជនខ្មែរនិយាយត្រង់. សម័យនេះហើយ ប្រាក់ខែបានត្រឹម២០០ដុល្លារ។
ចំណែក គណនីមួយទៀត ឈ្មោះ ពូ រ៉ុង ថា នៅពេលដែលរដ្ឋ មិនចង់ឲ្យរាស្ដ្រធូរធារ គេយកប្រទេសយើងទៅប្រៀបធៀបនឹងប្រទេសដែលទាបជាងយើង។ នៅពេលរដ្ឋអភិវឌ្ឍន៍យឺតយ៉ាវ គេប្រៀបធៀបប្រទេសយើង ទៅនឹងប្រទេសដែលគ្មានសង្គ្រាម ឬ និយាយថា ប្រទេសយើងទើបតែក្រោកពីសង្រ្គាម បានប៉ុណ្ណឹងហើយ ចង់បានប៉ុណ្ណាទៀត? យ៉ាងណាម៉ិញ ក៏អរគុណចំពោះការដំឡើងប្រាក់ខែ២ដុល្លារនេះដែរ បើរដ្ឋាភិបាល មិនឡើងអោយ ក៏ពលរដ្ឋ មិនហ៊ាននិយាយអ្វីដែរ យ៉ាងច្រើន ខ្ចីធនាគារបន្ត ដើម្បីរៀនភាសាបរទេស និងចេញធ្វើពលករចំណាកស្រុក។
មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋជាច្រើនទៀតក៏ខកចិត្ត និងរិះគន់ចំពោះការដំឡើងប្រាក់ឈ្នួលជូនកម្មករ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ផងដែរថា ប្រាក់២ដុល្លារនេះ មិនបានកាហ្វេ១កែវផង តើឲ្យកម្មករចាយគ្រប់ដោយរបៀបណា និងមួយចំនួនទៀតហាក់បញ្ចេញយោបល់បែបឌឺដងដោយ អរគុណសន្តិភាពដែលបានដំឡើងប្រាក់ឈ្នួលឲ្យកម្មករបន្ថែម ២ដុល្លារជាដើម៕









