

កម្លាំងសមត្ថកិច្ចខេត្តតាកែវបានឃាត់ខ្លួនយុវតីវ័យ ២៣ឆ្នាំម្នាក់ដោយចោទប្រកាន់ថា ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងប្រតិបត្តិការឆបោកតាមអនឡាញនៅក្នុងផ្ទះរបស់ខ្លួន។ មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ពលរដ្ឋខ្មែរដែលត្រូវបានបណ្ដាញឧក្រិដ្ឋជនបណ្ដុះបណ្ដាលឱ្យចេះឆបោកកំពុងក្លាយជាគោលដៅនៃការបង្ក្រាប ជាងមេខ្លោងកំពូលៗដែលនៅពីក្រោយ ឬមេខ្លោងដែលបង្កើតមជ្ឈមណ្ឌលឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា។
ពលរដ្ឋខ្មែរដែលធ្លាប់ប្រឡូកប្រឡាក់នឹងវិស័យការងារឆបោកតាមអនឡាញជាមួយជនជាតិចិន បានក្លាយជាផ្ទាំងស៊ីបនៃការបង្ក្រាបរបស់សមត្ថកិច្ចនៅតាមផ្ទះ។ ចំណែកមេខ្លោង និងមន្ត្រីឧកញ៉ាគ្រាក់ៗដែលរងការចោទប្រកាន់ថា នៅពីក្រោយការបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យរីករាលដាលនៅទូទាំងប្រទេសនោះ មិនត្រូវអាជ្ញាធរវែកមុខ ឬស៊ើបអង្កេត ដើម្បីយកមកផ្ដន្ទាទោសនៅឡើយ។
ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឱ្យដឹងកាលពីថ្ងៃទី១ ខែតុលា ថា កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញមួយកន្លែង កាលពីថ្ងៃទី២៨ ខែកញ្ញា ស្ថិតនៅ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនយុវតីខ្មែរវ័យ ២៣ឆ្នាំម្នាក់ ឈ្មោះ ហ៊ត ឡៃហ៊ាង ដោយចោទប្រកាន់ថា ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ។ សមត្ថកិច្ចអះអាងថា យុវតីរូបនេះបានសម្ងំប្រព្រឹត្តសកម្មភាពឆបោកពីក្នុងផ្ទះរបស់ខ្លួនតាមការបញ្ជារបស់ថៅកែជនជាតិចិនដោយសារនាងធ្លាប់ជាបុគ្គលិកនៅក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញធំៗ ដើម្បីគេចចេញពីការបង្ក្រាបរបស់សមត្ថកិច្ច។
សមត្ថកិច្ចឱ្យដឹងបន្ថែមថា យុវតីរូបនេះបានចូលរួមក្នុងសកម្មភាពឆបោកតាមអនឡាញ តាំងពីអំឡុងឆ្នាំ២០២៣ ជាមួយក្រុមជនជាតិខ្មែរ និងជនបរទេសផ្សេងទៀត មុនពេលបំបែកខ្លួនចេញពីទីតាំងមជ្ឈមណ្ឌលធំៗ ហើយបន្តសកម្មភាពឆបោកពីតាមផ្ទះរៀងៗខ្លួន។
ស្នងការដ្ឋាននគរបាលខេត្តតាកែវអះអាងថា យុវតីវ័យ ២៣ឆ្នាំរូបនេះ ក៏ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា និងការលាងលុយកខ្វក់ផងដែរ។ សមត្ថកិច្ចបញ្ជាក់ថា ការចោទប្រកាន់នេះធ្វើឡើង បន្ទាប់ពីរកឃើញភស្តុតាងពាក់ព័ន្ធនឹងការផ្ទេរ និងដកសាច់ប្រាក់តាមរូបិយប័ណ្ណគ្រីបតូ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តតាកែវលោក ម៉ែន លី ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២ ខែតុលា
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា ពលរដ្ឋខ្មែរមិនមែនជាមេខ្លោងសំខាន់ដែលបង្កើតបណ្ដាញ និងមជ្ឈមណ្ឌលឆបោកតាមអនឡាញឡើយ។ លោកក៏បានរម្លឹកចំពោះការបង្កើតច្បាប់របស់រដ្ឋាភិបាលត្រកូល ហ៊ុន ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថា គ្រាន់តែជាឧបករណ៍ដាក់ទោសទណ្ឌ ឬជំរិតលុយពលរដ្ឋខ្មែរ និងអ្នកពាក់ព័ន្ធតូចតាចប៉ុណ្ណោះ ដោយមិនមែនបង្កើតឡើងសម្រាប់ដាក់ទោសមេខ្លោងពិតប្រាកដ ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មនេះឱ្យមានប្រសិទ្ធភាពឡើយ។
លោក គឹម សុខ ៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះ ធ្វើឧក្រិដ្ឋកម្មឆបោកអនឡាញមួយជាន់ហើយ ក៏ប៉ុន្តែការដាក់គោលដៅដើម្បីបង្ក្រាបតែពលរដ្ឋដែលជាជនរងគ្រោះបន្តនេះ គឺជាការធ្វើឧក្រិដ្ឋកម្មមួយជាន់ទៀត ពីព្រោះពលរដ្ឋ គឺជាជនរងគ្រោះដែលត្រូវគេឆបោក ដែលត្រូវគេបង្ខំទេ មិនមែនជាអ្នកដែលបង្កើតបណ្ដាញឧក្រិដ្ឋកម្មពិតប្រាកដទេ ហើយរបៀបធ្វើនេះ ខ្ញុំមើលឃើញថា ការយកឧក្រិដ្ឋកម្មធ្វើពាណិជ្ជកម្មបន្ថែមទៀត ក្នុងការប្រមូលយកលុយ ពាណិជ្ជកម្មប្រមូលយកលុយសម្រាប់ក្រុមគ្រួសារត្រកូល ហ៊ុន។ នៅត្រង់ណា? នៅត្រង់ថា ពេលដែលគេចាប់ពលរដ្ឋដែលជាជនរងគ្រោះហើយ គេប្រលែងទៅវិញដោយការបង់លុយណា៎»។
រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន បានរងការរិះគន់ធ្ងន់ៗពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា បាននាំឱ្យប្រជាជាតិកម្ពុជារងភាពអាម៉ាស់ និងដុនដាបផ្នែកសេដ្ឋកិច្ច ដោយសារពាក់ព័ន្ធនឹងការចូលរួមបើកដៃឱ្យឧក្រិដ្ឋជនចូលកម្ពុជា ដើម្បីបង្កើតបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡញ។ ជាងនេះទៅទៀត ក្រុមបក្ខពួក និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដូចជាមេខ្លោងឆបោកលោក ចេន ហ្ស៊ី (Chen Zhi) សមាជិកព្រឹទ្ធសភាលោក លី យ៉ុងផាត់ និងលោក កុក អាន ជាដើមក៏ត្រូវបានអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិដោយចោទប្រកាន់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ។ ចំណែក ក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ និងមន្ត្រីគ្រាក់ៗមួយចំនួនទៀតដែលមានតួនាទីចាប់ពីឧបនាយករដ្ឋមន្ត្រីក៏កំពុងត្រូវបានអាមេរិកពិចារណាដាក់ទណ្ឌកម្មដូចគ្នា។
អ្នកឃ្លាំមើលលើកឡើងថា ដោយសារតែមន្ត្រីកំពូលៗរងការចោទប្រកាន់ជាមេខ្លោង ឬនៅពីក្រោយឧក្រិដ្ឋកម្មទាំងនេះ ទើបរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានចំណាត់ការបង្ក្រាបត្រឹមតែសំបកក្រៅ ឬផ្ដោតតែទៅលើការបិទទីតាំងឆបោក បង្ក្រាបពលរដ្ឋខ្មែរ និងជនបរទេសដែលមួយចំនួនពួកគេក៏ជាជនរងគ្រោះនៃការជួញដូរ និងបង្ខំឱ្យចូលរួមសកម្មភាពឆបោកតាមអនឡាញ ដើម្បីបិទបាំងភាពបរាជ័យរបស់ខ្លួនក្នុងយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មដែលពិភពលោកស្អប់ខ្ពើមមួយនេះ៕









