យោធាថៃ​ចាប់ផ្ដើម​ដក​ទូ​កុងតឺន័រ​កែសម្រួល​ទីតាំង​មួយ​ចំនួន​នៅ​តំបន់​ព្រំដែន​អូរស្មាច់​ក្នុងដីខ្មែរ

0
77
(រូបពីឆ្វេង) ទិដ្ឋភាពរាយបន្លាលួស រំលោភឈ្លានពានយកដីខ្មែរ នៅអូរខ្លាឃ្មុំ តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ និងទិដ្ឋភាពដកទូកុងទឺន័រ នៅទីតាំងដដែល កាលពីដើមខែតុលា ២០២៦។ រូបបណ្ដាញសង្គម
(រូបពីឆ្វេង) ទិដ្ឋភាពរាយបន្លាលួស រំលោភឈ្លានពានយកដីខ្មែរ នៅអូរខ្លាឃ្មុំ តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ និងទិដ្ឋភាពដកទូកុងទឺន័រ នៅទីតាំងដដែល កាលពីដើមខែតុលា ២០២៦។ រូបបណ្ដាញសង្គម


យោធាថៃបានចាប់ផ្ដើមដកទូកុងតឺន័រ ដើម្បីកែសម្រួលទីតាំងយោធាមួយចំនួន នៅតំបន់ព្រំដែន​អូរស្មាច់ ក្នុងទឹកដីកម្ពុជា ជាទីដែលយោធាថៃបានចូលកាន់កាប់ដោយខុសច្បាប់​បន្ទាប់ពីមានបទ​ឈប់ឈប់បាញ់ កាលពីចុងឆ្នាំ២០២៥។ យោធាថៃបានប្រកាសថា ការកែសម្រួលទីតាំងយោធានេះ គឺដើម្បីពង្រឹងកម្លាំងទ័ព និងយុទ្ធសាស្រ្តប្រយុទ្ធនៅក្នុងករណីមានសង្គ្រាមផ្ទុះឡើងសាជាថ្មី។

ចាប់តាំងពីយោធាថៃបានឈ្លានពានក្នុងទឹកដីកម្ពុជាអស់រយៈពេលជាងមួយឆ្នាំពេលនេះយោធាថៃបានស្ទូចទូកុងតឺន័រចេញពីព្រំដែនកម្ពុជាជាលើកដំបូងហើយ។ ក៏ប៉ុន្តែសកម្មភាពនេះ មិនមែនជាការ​ដកថយចេញពីទឹកដីកម្ពុជានោះទេ ផ្ទុយទៅវិញគឺជាការកែសម្រួលទីតាំងយុទ្ធសាស្រ្ត ដើម្បីកាន់​កាប់​ទឹកដីកម្ពុជាកាន់តែខ្លាំងក្លាជាងមុន។

ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅតំបន់ព្រំដែនតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ បានអះអាង​ប្រាប់​ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាថា យោធាថៃ​បានកាយពង្រីក​ប្រឡាយ​នៅតំបន់អូរខ្លាឃ្មុំ ជាច្រើនម៉ែត្របន្ទាប់ពីយោធាថៃ​បានស្ទួចទូកុងតឺន័រចេញពីទីតាំងនេះ  កាលពីសប្ដាហ៍មុន។ លោកបន្តថា ទីតាំងដែលយោធាថៃបានដកទូកុងតឺន័រនេះ ស្ថិតនៅលើផ្លូវលំ​មួយខ្សែខាងត្បូងសាលារៀនអូរខ្លាឃ្មុំ ប្រហែលជិត ២រយម៉ែត្រ ដែលប្រឡាយនេះ យោធាថៃ​បាន​កាយពង្រីកទទឹងរហូតដល់ជាង ៣ម៉ែត្រ ជម្រៅ១ម៉ែត្រ លើកមាត់ច្រាំងកម្ពស់មួយម៉ែត្រ និងរាយ​បន្លា​លួសបន្ថែមជាច្រើនជាន់។

យ៉ាងណាមិញ កងទ័ពជើងគោកថៃ បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះថា មូលហេតុយោធាថៃ​បានដកទូកុងតឺន័រ និងកាយប្រឡាយនៅតំបន់អូរខ្លាឃ្មុំ នេះ គឺដើម្បីពង្រឹងសមត្ថភាពខ្សែប្រយុទ្ធ​ជួរមុខ និងប្រឆាំងពីការវាយប្រហារដោយរថក្រោះរបស់កម្ពុជា នៅក្នុងករណីមានសង្គ្រាមផ្ទុះឡើង​ជាលើកទីបីដោយប្រការណាមួយ។ យោធាថៃបានអះអាងថា ការដាក់ពង្រាយទូកុងតឺន័រ​នៅតាម​ព្រំដែន​កម្ពុជានាពេលកន្លងមក គឺដើម្បីបង្កើតជាខ្សែការពារបណ្តោះអាសន្នប៉ុណ្ណោះ ដោយកង​កម្លាំង​របស់ថៃ ក៏គ្រោងនឹងដកទូកុងតឺន័រ និងកែសម្រួលទីតាំងក្នុងតំបន់មួយចំនួនទៀត ដែល​យោធា​ថៃ​កំពុងកាន់កាប់នោះផងដែរ។

ទូរទស្សន៍អាស៊ីសេរី​មិន​អាច​ទាក់ទងអ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងរដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីផ្ទៀងផ្ទាត់អំពីរឿង​នេះបានទេ នៅថ្ងៃទី៥ ខែតុលា។ ចំណែកក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏មិនបានចេញសេចក្ដី​ថ្លែងការណ៍​អំពីករណីនេះនោះដែរ។

តំបន់អូរខ្លាឃ្មុំ គឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមទីតាំងចំនួន ៥ផ្សេងទៀតនៅ​លើជួរភ្នំដងរែក ក្នុងសង្កាត់អូរស្មាច់ រួមមាន ច្រកអូរស្មាច់ អូរខ្លាឃ្មុំ ភ្នំតាថង ភ្នំគីង្គក់ និងភ្នំប៉ោយ ជាដើម។ តំបន់ទាំងនេះធ្លាប់មានភាពតានតឹងផ្នែកយោធា និងការប្រឈមមុខដាក់គ្នារវាងទ័ពខ្មែរ និងថៃអស់រយៈពេលជាច្រើនទសវត្សមកហើយ។

ក្នុងនោះទាហានខ្មែរបានឱ្យដឹងថា ទាហានថៃបានដាក់កុងតឺន័រ និងរាយបន្លាលួសពទ្ធ័យកតំបន់អូរខ្លាឃ្មុំ របស់កម្ពុជាក្នុងអំឡុងខែកុម្ភៈ បន្ទាប់ពីទាហានថៃបានចូលកាន់កាប់តំបន់ច្រកទ្វារអន្តរជាតិអូរស្មាច់ និងប្រាសាទខ្នារ របស់កម្ពុជា ក្រោយពេលដែលយោធាថៃបានបកស្រាយច្បាប់ និងលក្ខខន្តិកៈនៅក្នុងបទឈប់បាញ់ជាឯកតោភាគី និងយកលេសដើម្បីបន្តឈរជើង និងកាន់កាប់ក្នុងតំបន់នេះ។ ទោះជាយ៉ាងណា លើសពីលក្ខខណ្ឌនៅក្នុងបទឈប់បាញ់ ដែលអនុញ្ញាតឱ្យភាគីទាំងពីរឈរជើងបណ្ដោះអាសន្នក្នុងទីតាំងជាក់ស្ដែង ដើម្បីរង់ចាំ​កិច្ចចរចាដោះស្រាយជម្លោះនោះ យោធាថៃបានធ្វើសកម្មភាពឈូសកម្ទេច និងកែប្រែភូមិសាស្រ្តនៅតំបន់អូរខ្លាឃ្មុំ និងទីតាំងមួយចំនួនទៀតនៅតាមព្រំដែនកម្ពុជា ដោយខុសច្បាប់ ក្រោមលេសថា ដើម្បីការពារសន្តិសុខជាតិរបស់ថៃ។

ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា សកម្មភាពរបស់យោធាថៃ គឺជាការរំលោភបំពានបទឈប់បាញ់ និងច្បាប់អន្តរជាតិ ដើម្បីកាន់កាប់ក្នុងទឹកដីកម្ពុជា ជាអចិន្ត្រៃយ៍ ខណៈទីតាំងទាំងនេះ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា និងមិនមែនជាទីតាំងដែលយោធាថៃធ្លាប់ទាមទារនោះឡើយ។ លោកព្រមានថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រើប្រាស់យុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» ដែលលោកហៅថា ជាយុទ្ធសាស្រ្តទន់ខ្សោយបែបនេះទៀតនោះ កម្ពុជានឹងបន្តបាត់បង់ទឹកដីនៅតាមព្រំដែនបន្ថែមទៀតទៅកាន់ភាគីថៃជាអចិន្ត្រៃយ៍។

លោក ម៉ែន ណាត៖ «យើងមិនចង់ឱ្យកម្ពុជាទៅធ្វើសង្គ្រាមអីជាមួយសៀមទេ ប៉ុន្តែត្រូវតែផ្ញើសារប្រាកដប្រជាមួយថា បើអ្នកឯងរុលចូលមកថែមយើងត្រូវតែទប់ស្កាត់។ យន្តការមានយន្តការអាចទាមទារយុត្តិធម៌បានវាទាល់តែកម្ពុជាប្តឹងថៃ។វាទាល់តែកម្ពុជាហ្នឹងមានសក្ដានុពលលើផ្នែកការទូតខ្លាំងក្លា។ វាទាល់តែកម្ពុជាហ្នឹងសម្រេចចិត្តត្រូវក្នុងការការពារទប់ស្កាត់ដីជាក់ស្ដែងនៅកន្លែងតំបន់ប្រឈមហ្នឹង»។

ទាហានខ្មែរបានអះអាងថា ស្ថានភាពឈរជើងរបស់កងកម្លាំងកម្ពុជានៅតំបន់អូរស្មាច់ បច្ចុប្បន្ននេះ កំពុងចាញ់ប្រៀបថៃទាំងនយោបាយការទូត និងកម្លាំងទ័ព បន្ទាប់ពីយោធាថៃបានដាក់ពង្រាយកម្លាំងឈរជើងនៅលើអាគារកាស៊ីណូ និងទីតាំងលេណដ្ឋាន ដោយពួកគេបានបង្កសំឡេងផ្ទុះជាញឹកញាប់ និងបណ្ដេញកងកម្លាំងរបស់កម្ពុជាឱ្យចេញពីទីតាំងដើរល្បាត ខណៈថ្នាក់លើតែងតែដាក់បញ្ជាឱ្យកងកម្លាំងតាមព្រំដែន រក្សាការអត់ធ្មត់ ដើម្បីស្អំស្ថានការណ៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ