

លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានវាយប្រហារ និងចោទអ្នកប្រឆាំងនៅក្រៅប្រទេសថា បានញុះញង់ឲ្យជនភៀសសឹក យល់ច្រឡំ និងស្អប់រដ្ឋាភិបាល រឿងសង្គ្រាមជាមួយថៃ។ បន្ថែមពីនេះ លោក ក៏បានថ្លែងការពារទង្វើឪពុករបស់លោកដែលបានបញ្ចេញខ្សែអាត់សំឡេងសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីថៃថា មិនមែនជាដើមហេតុបង្កឲ្យមានសង្គ្រាមតាមព្រំដែនដូចការចោទប្រកាន់នោះទេ។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងចាត់ទុកការអះអាងរបស់ លោក ហ៊ុន សែន ថា ជាសារប្រជាភិថុតិ ខណៈដែលលោកបានបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ហើយថែមទាំងគំរាមកំហែង ចាប់អ្នករិះគន់ ដាក់ពន្ធនាគារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយពីរងការរិះគន់ខ្លាំង ពីអ្នកនយោបាយ និងអ្នករិះគន់នៅក្រៅប្រទេស ថា អសមត្ថភាព ក្នុងការដោះស្រាយបញ្ហាព្រំដែន ជីវភាព ហើយការខូចខាតផ្ទះសម្បែងពលរដ្ឋ ដោយសារតែសង្គ្រាមឈ្លានពានរបស់ថៃ នៅថ្ងៃទី០៧ ខែតុលា លោកបានបញ្ជាក់ថា ចាប់តាំងពីកម្ពុជា រងការឈ្លានពានពីសំណាក់យោធាថៃមក រដ្ឋាភិបាលរបស់លោក តែងតែយកចិត្តទុកដាក់ លើជនភៀសសឹក ទាំងការរបៀបចំទីជម្រក ទឹកភ្លើង និងស្បៀងអាហារ ។ បន្ថែមពីលើនោះ លោកថា រដ្ឋាភិបាល ក៏បានផ្ដល់ថវិកាជាអំណោយខ្លះដល់ពលរដ្ឋរងការខូចខាតផ្ទះសម្បែង និងផ្ដល់ប្រាក់ឧបត្ថម្ភ ប្រចាំខែចន្លោះពី ២០ម៉ឺន ទៅ៣០ម៉ឺនដល់ជនភៀសសឹក។
លោកក៏បានអួតថា ចាប់តាងពីមានជម្លោះតាមព្រំដែនមក លោកធ្លាប់លួចទៅមើលពលរដ្ឋនៅតាមព្រំដែនជាច្រើនលើក ហើយក៏បានដឹងច្បាស់ពីសុខទុក្ខរបស់ពលរដ្ឋ។ ទន្ទឹមគ្នានោះ លោកអះអាងថា មានជនភៀសសឹកច្រើនណាស់ ដែលគាំទ្រវិធានការដោះស្រាយបញ្ហាកន្លងមក ដូចជា ផ្ដល់ស្បៀង និងផ្ទះបណ្ដោះអាសន្ន បានទាន់ពេលវេលា ។ លោកបន្តថាថ្មីៗនេះមានអ្នករិះគន់នៅក្រៅប្រទេសថៃខ្លះ បានព្យាយាមចាប់កំហុសរដ្ឋាភិបាលដើម្បីកេងចំណេញនយោបាយ តាមរយៈការបញ្ឆេះកំហឹងឱ្យជនភៀសសឹក និងពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែសង្គ្រាម ខឹងទៅនឹងរូបលោក ពាក់ព័ន្ធការលើកឡើងដែលថា«បើពលរដ្ឋចង់បានសំណងពីការខូចខាត ផ្ទះឱ្យទៅទាមទារពីថៃ»។
លោក ហ៊ុន ម៉ាណែត៖ «គាត់យល់ណាស់អំពីការលំបាក គាត់យល់ណាស់ពីនរណាជួយគាត់ រដ្ឋាភិបាលជួយអី គាត់អរគុណណាស់ហើយ បានរដ្ឋាភិបាលមិនបោះបង់គាត់ចោល។ ធម្មតាដូចខ្ញុំនិយាយ តែឲ្យអ្នកនោះថា បើចង់ទារថៃ ទៅទារខ្លួនឯង រដ្ឋាភិបាលបានតែដោះស្រាយជូន ប្រជាពលរដ្ឋរបស់យើង។ ផ្ទះគ្រោះថ្នាក់ខ្លាំងដែលចូលវិញបាន ជូន ២០លាន ក្នុងមួយគ្រួសារ ហើយក្រៅពីហ្នឹង យើងសង់ផ្ទះ ជូនអ្នកមិនត្រឡប់ទៅវិញ តម្លៃដូចគ្នា បូកជាមួយហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធតទឹក តភ្លើង តអីឲ្យទាំងអស់ បង្កើតសាលារៀនអីផ្សេងៗគ្រប់ភូមិទាំងអស់។ ទាំងអស់ហ្នឹងក្នុងរយៈពេលតែ ៦ខែគត់ ធ្វើហើយទាំងអស់។ អញ្ចឹងប្រជាពលរដ្ឋ គាត់ឃើញណាស់ គាត់ដឹងការលំបាក ហើយគាត់យល់ ជាពិសេសអ្នកភៀសខ្លួន អ្នកជនភៀសសឹក កុំចង់ទៅបញ្ឆេះគាត់អី។ ជិតបោះឆ្នោតទេ គេខំប្រឹងវាយ ឥឡូវឃើញចេញមកច្រើន…» ។
ពាក់ព័ន្ធបញ្ហាព្រំដែននេះដែរ លោក ហ៊ុន ម៉ាណែត បានព្យាយាមការពារខ្លួនថា សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ទាំងពីរលើក កាលពីឆ្នាំ២០២៥ ដើមហេតុដំបូង មិនមែនបង្កឡើងដោយសាររដ្ឋាភិបាលជាបង្ក ដូចដែលអ្នកខ្លះបានរិះគន់ថា គឺដោយសារតែ លោក ហ៊ុន សែន បានបញ្ចេញសារសំឡេង សន្ទនាមួយ ជាមួយអតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលនៅក្នុងសារសំឡេងនោះ អ្នកស្រីបានរិះគន់យោធាថៃ ពាក់ព័ន្ធ ការបង្ករឿងតាមព្រំដែន នៅតំបន់ ប្រាសាទតាមាន់ នោះទេ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា យោធាថៃទៅវិញទេ ដែលជាអ្នកបង្ករឿងមុន តាមរយៈការបាញ់សម្លាប់ទាហានខ្មែរម្នាក់ឈ្មោះ សួន រោន នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ និងការប្រមាថមើលងាយកម្ពុជា រឿងគ្មានទឹក ភ្លើង អ៊ីនធឺណិត រួមនឹងបញ្ហាប្រេងជាដើម។ លោកបន្តថាគ្រានោះ លោកបានថ្លែងថា កម្ពុជាមិនបានរករឿង នោះទេ ក៏ប៉ុន្តែ ប្រសិនបើថៃបង្ករឿងកម្ពុជានឹងចាត់វិធានការឆ្លើយ ដែលស្របទៅមតិគាំទ្រភាគច្រើន ពីពលរដ្ឋ ប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត៖ «អញ្ចឹងស្រាប់តែមានបងប្អូនខ្មែរខ្លះ ខ្ញុំឃើញចាប់ផ្ដើមរិះគន់រដ្ឋាភិបាល ច្រងេងច្រងាងដាក់គេមុន។ វាមិនមែនរឿងស្អី សំឡេងស្អីថ្ងៃ៦ ខែ៦ ខែ៧ហ្នឹងទេ គឺតាំងពីថ្ងៃ១៧ ខែ១៨ គេចាប់ផ្ដើមដេញចេញពីមាន់ និងបាញ់ទាហានខ្មែរ សួន រោន។ កម្ពុជាយើងមិនមែនអ្នកបង្ករឿងទេ។ ខ្ញុំសូមនិយាយឲ្យច្បាស់ ហើយបាញ់គ្នានោះ ក៏មិនមែនយើងជាអ្នកបាញ់ទីមួយដូចគេចោទដែរ។ ទាហានយើងប្រឹងប្រយ័ត្នណាស់ មកទីតាំងយើង មកទាំងវត្តយើង មកទាំងផ្ទះយើងទៀត។ អញ្ចឹងសូមបញ្ជាក់ឲ្យបានច្បាស់ បងប្អូនប្រជាពលរដ្ឋយើងថា កម្ពុជាមិនដែលបានចង់មានសង្គ្រាមទេ» ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថាការថ្លែងរបស់លោក ហ៊ុន ម៉ាណែតនេះ គឺគ្រាន់តែដើម្បីគេចពីការទទួលខុសត្រូវ។ ជាក់ស្ដែង លោក ហ៊ុន ម៉ាណែត ធ្លាប់ឌឺដងមកលើ ពលរដ្ឋដែលមិនពេញចិត្តនឹងអំណាចរបស់រដ្ឋាភិបាល រឿងខូចខាតផ្ទះសម្បែងដោយលោកបង្គាប់ ឱ្យពលរដ្ឋទៅទាមទារសំណងពីភាគីថៃ ប៉ុន្តែក្រោយមក លោកបែរជាប្រែសម្ដីថា គ្រាន់តែនិយាយតបទៅនឹងអ្នករិះគន់នៅក្រៅប្រទេស។ រីឯការអះអាងរបស់ លោក ហ៊ុន ម៉ាណែតដែលថា ពលរដ្ឋយល់ពីទុក្ខលំបាកនិងគាំទ្រដំណោះស្រាយរបស់រដ្ឋាភិបាល គឺគ្រាន់តែជាសារប្រជាភិថុតិ ព្រោះថាបច្ចុប្បន្នរដ្ឋាភិបាលរបស់លោក បានបិទសិទ្ធិពលរដ្ឋមិនឱ្យបញ្ចេញមតិ និងថែមទាំងចាត់វិធាន តាមចាប់អ្នករិះគន់រឿងព្រំដែន ដាក់ពន្ធនាគារជាបន្តបន្ទាប់។
ជនភៀសសឹករស់នៅភូមិរងចាំ ប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងព្រោះបារម្ភពីសុវត្ថិភាពថា បច្ចុប្បន្នពួកគាត់រស់នៅដូចស្លាប់ ព្រោះគ្មានគោលដៅច្បាស់លាស់ ខណៈដែលដំណោះស្រាយថានឹងបានត្រឡប់ទៅភូមិកំណើតវិញនៅតំបន់បឹងត្រកួនក៏គ្មាន។ លោកអះអាងថា ជនភៀសសឹកភាគច្រើន មិនសប្បាយចិត្តក្នុងរស់នៅផ្ទះបណ្ដោះអាសន្ននេះទេ ក៏ប៉ុន្តែជម្រើសឡើងក្រោយពីទ្រាំ ព្រោះគ្មានមុខរបររកស៊ី បើទោះពីជារដ្ឋាភិបាលផ្ដល់ថវិកាតាមរយៈប័ណ្ណសមធម៌ខ្លះក្ដី ក៏មិនគ្រាប់គ្រាន់នោះដែរ។ លោកបន្តថា សព្វថ្ងៃ លោកហាក់ពុំសូវមាន ជំនឿលើរដ្ឋាភិបាលថានឹងអាចទាមទារទឹកដីពីថៃមកវិញបាននោះទេ ខណៈដែលបច្ចុប្បន្ន យោធាថៃកំពុងតែរុលចូលយកដីខ្មែរស្ទើរតែរាល់ថ្ងៃ ក៏រដ្ឋាភិបាលមិនអាចធ្វើអ្វីថៃបាន ប៉ុន្តែពូកែខាង គំរាមកំហែង ចាប់ពលរដ្ឋដាក់គុក មិនឱ្យរិះគន់ពីបញ្ហាព្រំដែន។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ យល់ថាការថ្លែងរបស់ លោក ហ៊ុន ម៉ាណែត អំពីបញ្ហាជនភៀសសឹក គឺគ្រាន់តែជាការអះអាងរបស់ លោក ពុំមែនជាការអះអាងរបស់ជនភៀសនោះទេ។ ដូច្នេះលោកថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត ពិតជាក្លាហាន ហើយជឿជាក់លើវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែន និងបញ្ហាជនភៀសសឹករបស់ខ្លួនមែន ត្រូវហ៊ានបើកវេទិកាសួរដេញដោលជាសាធារណៈនៅចំពោះមុខជនភៀសសឹក ដើម្បីឱ្យពួកគាត់អាច បញ្ចេញមតិ ដោយគ្មានការរឹតត្បិត និងធ្វើទុក្ខបុកម្នេញជាដើម។
លោក គឹម សុខ៖ «វាគឺជាសម្ដីតែម្នាក់ឯងរបស់លោក ហ៊ុន ម៉ាណែត ប៉ុន្តែមិនមែនជាការអះអាងរបស់ពលរដ្ឋភៀសសឹក។ លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់គាត់ បង្កើតវេទិកាប្រជាធិបតេយ្យមួយទៅ ឲ្យពលរដ្ឋបញ្ចេញយោបល់ទៅ ដឹងច្បាស់ហើយថា តើពលរដ្ឋភៀសសឹកខឹងសម្បារយ៉ាងណា ចំពោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។»
បន្ថែមពីលើនោះលោក គឹម សុខ យល់ថា ការព្យាយាមគេចវេះមិនទទួលស្គាល់ការពិត នៅពេលដែលមានពលរដ្ឋ និងអ្នកនយោបាយនៅក្រៅប្រទេសរិះគន់ នោះគឺជាកំហុសធ្ងន់ធ្ងរ របស់ លោក ហ៊ុន ម៉ាណែត ខណៈដែលការរិះគន់ជាទូទៅ គឺដើម្បីឱ្យលោកហ៊ុន ម៉ាណែត ដោះស្រាយបញ្ហាជាតិឱ្យបានត្រឹមត្រូវ មានតម្លាភាព ហើយស្របទៅតាមតម្រូវការជាក់ស្ដែង របស់ពលរដ្ឋ។ លោក គឹម សុខ លើកឡើងថាលោក ហ៊ុន ម៉ាណែត គួរតែយល់ថា ការស្ងាត់ស្ងៀមរបស់ពលរដ្ឋ នៅក្នុងស្រុក មិនហ៊ានរិះគន់ មិនមែនមានន័យថា ពួកគាត់គាំទ្រលើការដោះស្រាយបញ្ហាបូរណភាពទឹកដី ដែលគ្មានភាពច្បាស់លាស់បែបនេះទេ ក៏ប៉ុន្តែព្រោះបារម្ភពីសុវត្ថិភាព ទើបមិនហ៊ាននិយាយ។
លោក គឹម សុខ៖ «ពួកគាត់គ្មានសេរីភាពនិយាយ ទើបយើងខ្ញុំដែលនៅខាងក្រៅនេះ ប្រឹងជួយនិយាយ។ និយាយទី១ រំលឹកឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជួយដោះស្រាយឲ្យបានសមរម្យ។ និយាយទី២ ឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញជំហរឲ្យច្បាស់ នៅក្នុងការទាមទារផ្ទះសម្បែង ដីធ្លី របស់ពលរដ្ឋភៀសសឹក ពីកម្លាំងរបស់ថៃមកវិញ។ និយាយទី៣ ឲ្យសហគមន៍អន្តរជាតិយល់ឲ្យច្បាស់ អំពីការលំបាករបស់ពលរដ្ឋភៀសសឹកខ្មែរ»។
ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយនឹងថៃជាង១ឆ្នាំមក មានអ្នកសារព័ត៌មាន អ្នកនយោបាយបក្សប្រឆាំង គ្រូបង្រៀន និងពលរដ្ឋជិត៥០នាក់ ត្រូវបានរដ្ឋាភិបាលត្រកូលហ៊ុនប្រើប្រាស់អំណាចតុលាការបញ្ជាឱ្យចាប់ខ្លួន ដាក់ពន្ធនាគារ ក្រោយពីពួកគាត់បានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ ពាក់ព័ន្ធបញ្ហាព្រំដែន។ ជាមួយគ្នានោះ អ្នករាយការណ៍ពិសេសរបស់អង្គការប្រជាជាតិកាលពីថ្មីៗនេះ ក៏បានរកមើលឃើញដែរថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈពលរដ្ឋភាគច្រើន ព្រួយបារម្ភពីសុវត្ថិភាព មិនហ៊ានបញ្ចេញមតិរឿងនយោបាយ បញ្ហាព្រំដែន និងអយុត្តិធម៌សង្គមជាដើម។
អ្នកឃ្លាំមើលយល់ថា លោក ហ៊ុន ម៉ាណែត មិនអាចវាយតម្លៃថាខ្លួនឯងដឹកនាំបានត្រឹមត្រូវ និងទំនួលខុសត្រូវ លើបញ្ហាជនភៀស និងបញ្ហាព្រំដែន បានទាន់ពេលវេលា តាមការកំណត់របស់ខ្លួន ក្រោមរូបភាពនៃការបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ អ្នកនយោបាយ និងអ្នកសារព័ត៌មាននោះទេ៕









