រដ្ឋាភិបាល​​២៣តុលា​​​ ​​ប្រកាស​ពិភាក្សា​បញ្ហា​ព្រំដែន​​ដោយ​ផ្ទាល់​ជា​មួយ​ លោក ហ៊ុន ម៉ាណែត លើ​ទឹក​ដី​កម្ពុជា

0
160
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន

ក្រោយ​​ពី​​​មាន​សារ​​​​​ឆ្លង​ឆ្លើយ​​គ្នា​​ដូច​អាយ៉ៃ ​​​​​​លើ​បណ្ដាញ​សង្គម​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​​២៣តុលា​​​ ​​​​​​បាន​​ចេញ​​លិខិត​​​ជា​ផ្លូវ​ការ​​​​​​​​​​ផ្ញើ​​​ទៅ​កាន់​​លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ដោយ​បញ្ជាក់​ថា​នឹង​​​​ដឹកនាំ​ប្រតិភូ​​​​​​​​ទៅ​​​​​​កម្ពុជា ​នៅ​​ដើម​ខែ​វិច្ឆិកា​​​​​ ​​​​​​ដើម្បី​​​ពិភាក្សា​​រឿង​​ព្រំដែន​​​​​​កម្ពុជា​-ថៃ ​តាម​ការ​​​អញ្ជើញ​​របស់​លោក​ហ៊ុន ម៉ាណែត។ ការ​​លើក​ឡើង​នេះ​​​ក្រោយ​ពី​​​​​លោក​ ហ៊ុន ម៉ាណែត ​​​​​​​​ខឹង​​សម្បារ​​​យ៉ាង​ខ្លាំង​​​​លើ​​លោក អ៊ុំ សំអាន ដែល​ចោទ​​លោក​​​​​​​​ ​ថា​បាន​​ ​កាត់​ទឹកដី​ឱ្យ​ថៃ​​​​​​​នៅ​ចន្លោះ​បង្គោល​​ព្រំដែន​​លេខ​៥២​ ដល់​៥៩​ ​ខណៈ​ដែល​ថៃ​កំពុងតែ​ធ្វើ​របង​បេតុង​តាម​​បណ្ដោយ​​​ព្រំដែន​​ដោយ​ឯកតោ​ភាគី​។​

បើ​ទោះ​​បី​ជា​អ្នក​វិភាគ​ ​​​ ​អ្នក​នយោបាយ​ និង​ពលរដ្ឋ​ទូទៅ​​​​ មើល​ឃើញ​ថា សារ​​របស់​លោក ហ៊ុន ម៉ាណែត​​ ដែល​​​​​អញ្ជើញ​​​ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ​​​និង​​ក្រុម​ការ​ងារ​​​​ឱ្យ​មក​កម្ពុជា​ដើម្បី​ជជែក​ដេញ​ដោល​គ្នា​រឿង​ព្រំដែន​​ ​ថា​ជា​ការ​ផ្ចាញ់ផ្ចាល​​ មក​លើ​បក្ស​ប្រឆាំង​ក្ដី​ ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​​២៣​តុលា នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ​បាន​ចេញ​លិខិត​​​​ឆ្លើយ​តប​​ ​​​​ហើយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្លួន​នឹង​ទៅ​ជួប​​ លោក ហ៊ុន ម៉ាណែត​ លើ​ទឹកដី​កម្ពុជា​ ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ទី​៧​ ខែ​​វិច្ឆិកា​​ ខាង​មុខ​​។

​​​លិខិត​​​​​​ឆ្លើយ​តប​​នោះ​​ ​​​​​បាន​​រៀបរាប់​ថា​​ ​​ក្រោយ​ពី​មាន​សារ​​ឆ្លើយ​ឆ្លង​​​គ្នា​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​រវាង​​​ លោក ហ៊ុន ម៉ាណែត និង​ លោក អ៊ុំ សំអាន​ រួច​មក​ហើយ​ ​លោក អ៊ុំ​ សំអាន នឹង​​​​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា ដើម្បី​​ពិនិត្យ​លទ្ធភាព​​​​​បញ្ជូន​ប្រតិភូ​​ទៅ​កាន់​រាជធានី​ភ្នំពេញ​ ​ក្នុង​គោល​ដៅ​ ​ដើម្បី​ពិភាក្សា​​​រក​ដោះស្រាយ​​​​បញ្ហា​​ព្រំដែន។

​​​លោក អ៊ុំ សំអាន បាន​​បញ្ជាក់​​នៅ​ក្នុង​លិខិត​​ថា​​​​ ការ​ពិភាក្សា​នេះ​នឹង​ផ្ដោត​លើ​​​​បញ្ហា​​ ​ព្រំដែន​គោក​រវាង​កម្ពុជា​-ថៃ​ ជា​រួម​ ​បញ្ហា​​​ដែន​សមុទ្រ​រវាង​កម្ពុជា​-ថៃ​ និង​​សូម​ឱ្យ​រដ្ឋាភិបាល​ ​​​ធ្វើ​សេចក្ដី​​ស្នើ​សុំ​​ ​​​ទៅ​រដ្ឋាភិបាល​បារាំង​​​​​​បញ្ជូន​​អ្នក​ជំនាញ​បច្ចេកទេស​ និង​ផែន​ទី​ ​ឱ្យ​​ចូល​រួម​​ពិនិត្យ និង​ទម្លាក់​ដែន​ទី​លើ​ដី​ជាក់ស្ដែង។

ក្នុង​លិខិត​នោះ​​​ក៏​បាន​បញ្ជាក់​​ថា​ ការ​ពិភាក្សា​គ្នា​នេះ​ គឺ​មិន​មែន​​ផ្ដោត​តែ​ទៅ​លើ​​​​បង្គោល​​ព្រំដែន​លេខ​៥២​ ដល់​៥៩​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បាត់ដំបង​នោះ​ទេ គឺ​​ត្រូវ​ផ្ដោត​ទាំង​ដែន​​គោក និង​ដែន​សមុទ្រ​ជាច្រើន​ទី​តាំង​ទៀត ដែល​​កំពុង​មាន​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​។​​ បន្ថែម​ពី​លើ​​នោះ លោក​​ថា​ ការ​​ពិភាក្សា​នេះ គឺ​គ្មាន​ចេតនា​ណា​ ដើម្បី​វាយ​ប្រហារ​​ដណ្ដើម​យក​ឈ្នះ​ចាញ់​នោះ​​​ឡើយ គឺ​មាន​គោល​ដៅ​តែ​មួយ​​គត់​​ ដើម្បី​រក​ដំណោះស្រាយ​​បញ្ហា​ព្រំដែន​ ដើម្បី​​​បម្រើ​ប្រយោជន៍ជាតិ​ជា​ធំ​។​

ជាមួយ​គ្នា​នោះ​ ​​​លោក អ៊ុំ សំអាន បាន​អះអាង​ថា​ ដើម្បី​ឱ្យ​ដំណើរការ​នៃ​ការ​ពិភាក្សា​នេះ​ប្រព្រឹត្តទៅ​ដោយ​​រលូន​ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ធ្វើ​កិច្ច​អន្តរាគមន៍​​ទម្លាក់​​បទ​ចោទ​​ប្រកាន់​ និង​លើក​លែង​ទោស​​​​​​​ មក​លើ​​​សមាសភាព​ប្រតិភូ ​របស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​​​២៣តុលា​ ដែល​នឹង​គ្រោង​ទៅ​កម្ពុជា។ ​មួយ​ទៀត​​​ លោក​ស្នើ​ឱ្យ​ លោក ហ៊ុន ម៉ាណែត​ ​​ត្រូវ​​ចេញ​​លិខិត​ធានា​ សុវត្ថិភាព​​​ជា​ផ្លូវ​ការ​​​​មក​លើ​​ ​​ប្រតិភូ ​របស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​​​២៣តុលា​​ផង​ដែរ។

​​​​​ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា​​ថា​ ​​​​ប្រតិភូ ​របស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​​​២៣តុលា​ ​បាន​​ត្រៀម​​ខ្លួន​​រួច​ជា​ស្រេច​ដើម្បី​​ទៅ​​​​កាន់​មាតុភូមិ​កំណើត​វិញ ដើម្បី​ជួប​​ពិភាក្សា​ជា​មួយ​ក្រុម​​ការងារ​រដ្ឋាភិបាល​ រឿង​ព្រំដែន​​។​​ ​លោក​មាន​សុទិដ្ឋិនិយម​ថា​​ លោក ហ៊ុន ម៉ាណែត ​​នឹង​មិន​ចាត់​ទុក​ពលរដ្ឋ​​​ណា​ម្នាក់​ជា​សត្រូវ​ ​ក្នុង​ការ​​​ជជែក​​រឿង​ព្រំដែន​ ​ដើម្បី​​​​ផល​ប្រយោជន៍ជាតិ និង​ពលរដ្ឋ​នោះ​ឡើយ។​​

លោក​សង្ឃឹម​ថា លោក ហ៊ុន ម៉ាណែត នឹង​​​​ឆ្លើយ​តប​តាម​​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​​​២៣តុលា​បាន​​ដាក់​ ដូច​ជា​ការ​លើក​លែង​ទោស និង​​ការ​​ចេញ​លិខិត​ធានា​សុវត្ថិភាព​ជា​ផ្លូវ​ការ​ដល់​​​ ​​​ប្រតិភូ​​របស់​​​​លោក​​ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​​​​​​​​​​​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក អ៊ុំ សំអាន៖ «យើ​ង​ទៅ​នេះ​ ទៅ​ដើម្បី​ស្វែង​រក​ដោះស្រាយបញ្ហា​ព្រំដែន តែ​កាល​ណា​យើង​ស្វែង​រក​ដំណោះស្រាយ​ពី​បញ្ហា​ព្រំដែន ហើយ​យើង​ទាមទារ​ទឹក​ដី​បាន​មក​វិញ គាត់​នឹង​មាន​ប្រជាប្រិយភាព ប្រជាពលរដ្ឋ​គេ​គាំទ្រ​គាត់ គាត់​កាន់​​អំណាច​បន្ត​ទៀត​ឃើញ​ទេ? ពួក​ខ្ញុំ​ដូច​ជា​​ជួយ​គាត់​តើ ហើយ​ជួយ​គាត់​ដើម្បី​ឲ្យ​គាត់​ទាមទារ​ទឹកដី​មក​វិញ ហើយ​បើ​បាន​ទឹកដី​មក​វិញ ​គឺ​បាន​ផល​ប្រយោជន៍​​ទាំង​គាត់​ទាំង​ខ្ញុំ ព្រោះ​​ជា​ដី​ខ្មែរ​ទាំងមូល» ។

កាល​ពី​សប្ដាហ៍​មុន​ លោក ហ៊ុន ម៉ាណែត បាន​ចេញ​សារ​ចំនួន​២​លើក​ ដោយ​​ហៅ​​ឱ្យ​ លោក អ៊ុំ សំអាន​ ​មក​​​កម្ពុជា​ដើម្បី​​​ជជែក​ដេញ​ដោល​គ្នា​​​​ រឿង​ព្រំដែន​ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២​ ដល់​៥៩ ក្នុង​ខេត្ត​បាត់ដំបង​ ក្រោយ​ពី​លោក​ អ៊ុំ សំអាន​ ​បាន​​​រិះគន់​ ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​​​ថា​ បាន​​កាត់​ទឹកដី​​​​ទាំង​​ ​នោះ​ឱ្យ​ទៅ​ភាគី​ថៃ​ ​​ហើយ​លោក​ ហ៊ុន ម៉ាណែត បាន​​បដិសេធ​លើ​ករណី​នេះ​​​។

លោក​ ហ៊ុន ម៉ាណែត ក៏​បាន​​​ប្រកាស​ធានា​សុវត្ថិភាព​ដល់​ លោក អ៊ុំ សំអាន និង​​​ក្រុម​ការងារ​​​ រួម​នឹង​​ធានា​ជួយ​​​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ ​និង​​កន្លែង​ស្នាក់​នៅ​​ ​​ ​​ប្រសិនបើ​​ លោក អ៊ុំ សំអាន​ ខ្វះ​ខាត​ថវិកា​។​ ទន្ទឹម​គ្នា​នោះ​ លោក ​ឌឺ​ដង​​​​ដោយ​ហៅ​​​​​​​​​​លោក អ៊ុំ សំអាន ជា​អតីត​​ទណ្ឌិត​ និង​ជា​អ្នក​តាំង​ខ្លួន​​ថា​​ ជា​អ្នក​ជំនាញ​​ខាង​​ព្រំដែន​ ​​​​ប៉ុន្តែ​តែងតែ​រិះគន់​ដែល​​​​​​​​គ្មាន​​​មូលដ្ឋាន​​ ហើយ​ថែម​ទាំង​ភ័យ​ខ្លាច​មិន​ហ៊ាន​​ចូល​ទឹក​ដី​ខ្មែរ​​ ។ ​​​​​បន្ថែម​ពី​លើ​នោះ​ លោក ហ៊ុន ម៉ាណែត ចាត់​ទុក​ការ​រិះគន់​របស់ លោក អ៊ុំ សំអាន​​ថា​​​មិន​ត្រឹមតែ​ចោទ​ប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​នោះ​​ទេ ​ថែម​ទាំង​​ចោទ​ប្រកាន់​ដោយ​ ​ត្រង់​​​ ទៅ​លើ​មន្ត្រី​ជំនាញ​ព្រំដែន​របស់​កម្ពុជា ថា​​​បាន​ធ្វើ​ឱ្យ​បាត់បង់​ទឹក​ដី​ខ្មែរ​។​ ​លោក​​ថា​​ នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​មិន​អាច​ទទួល​យក​បាន។

លោក ហ៊ុន ម៉ាណែត ​​បាន​​បញ្ជាក់​​ថា​ ការ​អញ្ជើញ​លោក អ៊ុំ សំអាន​ មក​ជជែក​រឿង​ព្រំដែន​​​នៅ​​​​កម្ពុជា ​ជា​ឱកាស​មាស​​និង​ដើម្បី​បង្ហាញ​ពី​តម្លាភាព គណនេយ្យ​ភាព និង​​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​​​​ពលរដ្ឋ អ្នក​សារព័ត៌មាន​ និង​​អង្គការ​សង្គម​ស៊ីវិល​ជាដើម​។​​ លោក​ ហ៊ុន ម៉ាណែត​ ​ក៏​បាន​​ដើរ​តួ​ជំនួស​តុលាការ​ថា​ មិន​​​​មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​​ចាប់​ខ្លួន​លើ​ទឹក​ដី​កម្ពុជា​នោះ​ទេ​ បើ​ទោះ​បី​ជា​ លោក អ៊ុំ សំអាន និង​សមាជិក​​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​​សឹង​តែ​ទាំង​អស់ ​​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ ត្រូវ​បាន​​​​​តុលាការ​កម្ពុជា​ ចេញ​ដី​ការ​ចាប់ខ្លួន​ ​និង​ចោទ​ប្រកាន់​​​​ជា​ច្រើន​ករណី​ហើយ​ក្ដី​​​។​

អ្នក​ឃ្លាំមើល​ចាត់​ទុក​សារ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ចង់​ឱ្យ​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស​​ចូល​ស្រុក​ ដើម្បី​សួរ​ដេញ​ដោល​គ្នា​រឿង​ព្រំដែន ក្នុង​​​ចន្លោះ​បង្គោល​​លេខ​៥២​ ដល់៥៩​ ​ហាក់​ពុំ​សូវ​​មាន​​ចំណុច​វិជ្ជមាន​​ដែល​បង្ហាញ​ថា​ ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ​​​ចង់​បង្ហាញ​ពី​ភាព​​ស្អាត​ស្អំ និង​​​​​កសាង​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​​នោះ​ទេ​ ​​​​ក្រៅ​តែ​ពី​​​ការ​ឌឺដង​ និង​ផ្ចាញ់ផ្ចាល​​​ ព្រោះ​ថា​កន្លង​ទៅ​ ​គេ​​តែងតែ​ឃើញ​ រដ្ឋាភិបាល​​​បក្ស​កាន់​អំណាច ​​ពុំ​បាន​បន្ធូរ​ដៃ​ឡើយ​ ក្នុង​ការ​​ចាប់​ខ្លួន និង​ធ្វើ​​ទុក្ខបុកម្នេញ​​​លើ​​អ្នក​នយោបាយ​បក្ស​ប្រឆាំង​​ ​​​​​អ្នក​សារព័ត៌មាន​​ និង​ពលរដ្ឋ​​ ​​​តាម​រយៈ​ការ​បើក​​លំហ​សេរីភាព​បញ្ចេញ​មតិ​នោះ​ឡើយ​​​​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន ​​តាំង​ពី​កម្ពុជា ត្រូវ​បាន​ថៃ​បង្ក​សង្គ្រាម​ឈ្លានពាន​មក។

អ្នក​តាមដាន​​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​​​​​លោក សេង វណ្ណលី យល់​ឃើញ​ថា​ លិខិត​ឆ្លើយ​តប​របស់​រដ្ឋាភិបាល ២៣ តុលា មក​កាន់​លោក ហ៊ុន ម៉ាណែត ​គឺ​ជា​យុទ្ធ​សាស្ត្រ​វាយ​បក និង​រុញ​សម្ពាធ​ត្រឡប់​ទៅ​វិញ​​ ព្រោះ​ពី​ដំបូង លោក ហ៊ុន ម៉ាណែត ជា​​អ្នក​ដាក់​សម្ពាធ​ដោយ​ដេញដោល​រឿង «ហ៊ាន ឬ​មិន​ហ៊ាន​ចូល​ស្រុក» ។​ ប៉ុន្តែ​លោក​ថា​ ការ​ព្រម​មក​ជជែក​លើ​ទឹក​ដី​កម្ពុជា​ដោយ​ភ្ជាប់​លក្ខខណ្ឌ​ផ្លូវ​ច្បាប់ និង​អន្តរជាតិ​នេះ បាន​បក​អាក្រាត​ថា បើ​គ្មាន​ការ​លើកលែង​ទោស​ទេ ប្រតិភូ​ប្រឆាំង​នឹង​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ភ្លាម​ៗ​តាម​ដីកា​របស់​តុលាការ ដែល​ធ្វើ​ឱ្យ​ជំនួប​នេះ​មិន​អាច​កើត​ឡើង​បាន​ឡើយ។

លោក​បន្ត​ថា​​ ទង្វើ​នេះ​មិន​ត្រឹម​តែ​ជា​ការ​​សាក​ល្បង​​ភាព​ស្មោះត្រង់​របស់​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ការពារ​ការ​ប្រើ​ប្រាស់​អំណាច ឬ​ផែនទី​ឯកតោ​ភាគី តាមរយៈ​ការ​ទាមទារ​ស្តង់ដារ​អន្តរជាតិ​ទៀត​ផង។ ដូច្នេះ​លោក​យល់​ថា​ ​ លទ្ធភាព​ដែល​លោក ហ៊ុន ម៉ាណែត ព្រម​ទទួល​យក​សំណើ​ទាំង​ស្រុង គឺ​ស្ទើរ​តែ​គ្មាន​ឡើយ ដោយ​សារ​រដ្ឋាភិបាល​តែង​តែ​យក​លេស​ថា កម្ពុជា​ជា​រដ្ឋ​នីតិ​រដ្ឋ ហើយ​នាយករដ្ឋមន្ត្រី​មិន​អាច​លូក​ដៃ​ចូល​កិច្ចការ​តុលាការ​ដើម្បី​លុប​ចោល​ដីកា​ចាប់​ខ្លួន​ដោយ​ផ្ទាល់​មាត់​បាន​ទេ។

​​​​​លោក សេង វណ្ណលី៖ «ការ​បង្កើត​ឱ្យ​មាន​ការ​ប្រកួត​ពាក្យ​សម្ដី​រឿង​ចូល​ស្រុក​នេះ មិន​មែន​ជា​ការ​ស្វែង​រក​ភាព​ស្អាតស្អំ ឬ​តម្លាភាព​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​គ្រប់​គ្រង​របៀបវារៈ​ព័ត៌មាន និង​ទាញ​អារម្មណ៍​មហាជន​ឱ្យ​ផ្ដោត​លើ​ភាព​ក្លាហាន​របស់​បុគ្គល ជំនួស​ឱ្យ​ការ​ស៊ើប​ដេញដោល​លើ​ឯកសារ​បច្ចេកទេស​ព្រំដែន ឬ​បញ្ហា​ក្ដៅ​ៗ​ផ្សេង​ទៀត ដូច​ជា​របាយការណ៍​ស៊ើបអង្កេត​អន្តរជាតិ​ជុំ​វិញ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​បញ្ហា​សេដ្ឋកិច្ច។»​

ទន្ទឹម​គ្នា​នោះ​​​លោក​យល់​ថា តម្លា​ភាព​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល មិន​ចាំ​បាច់​រង់​ចាំ​ទាល់​តែ​ភាគី​ប្រឆាំង​ចូល​ស្រុក​ទើប អាច​ជជែក​រឿង​​ព្រំដែន​​ ​​​​នោះ​ទេ​​ គឺ​រដ្ឋាភិបាល​អាច​បង្ហាញ​ឯកសារ និង​ផែនទី​ជូន​ប្រជាពលរដ្ឋ​ដោយ​បើក​ចំហ​បាន​គ្រប់​ពេល​វេលា។ ​លោក សេង វណ្ណលី បញ្ជាក់​ថា​​ប្រសិន​បើ​លោក ហ៊ុន ម៉ាណែត បដិសេធ​សំណើ​ធានា​សុវត្ថិភាព​នេះ វា​នឹង​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​អញ្ជើញ​កន្លង​មក​គ្រាន់​តែ​ជា​ល្បិច​បាញ់​កាំជ្រួច​នយោបាយ​ដើម្បី​បង្វែរ​ដាន និង​កេង​​​ចំណេញ​​ប្រជាប្រិយភាព​តែ​ប៉ុណ្ណោះ។

លោក សេង វណ្ណលី សង្កេត​ឃើញ​​ថា​​ ការ​បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹកនាំ​​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣តុលា​​​ដែល​មាន​លោក សម រង្ស៊ី នៅ​ពី​ក្រោយ ចូល​ស្រុក​ដោយ​សេរី គឺជា​ហានិភ័យ​នយោបាយ​ដ៏​ធំ​​របស់​​​គណបក្ស​កាន់​អំណាច ដែល​តែង​តែ​ជៀស​វាង​ការ​ឱ្យ​តម្លៃ​ដល់​ក្រុម​ប្រឆាំង​កម្រិត​ស្មើភាព​គ្នា។ ដូច្នេះ​​​លោក​អះអាង​​​ថា​ លោក ហ៊ុន ម៉ាណែត ទំនង​ជា​នឹង​បដិសេធ​សំណើ​នេះ​ដោយ​ប្រើ​លេស​ផ្លូវ​ច្បាប់ ឬ​រុញ​លក្ខខណ្ឌ​ថ្មី រួច​បន្ត​យក​លេស​នោះ​មក​បកស្រាយ​ធ្វើ​ជា​ការ​ចោទ​ប្រកាន់​ថា ភាគី​ប្រឆាំង​នៅ​តែ​បង្កើត​លក្ខខណ្ឌ​មិន​អាច​ទៅ​រួច​ដើម្បី​គេចវេះ​ពី​ការ​ត​ទល់​។

លោក​បន្ត​ថា​ ប្រសិន​បើ​លោក ហ៊ុន ម៉ាណែត ពិត​ជា​មាន​ភាព​ក្លាហាន និង​ចង់​ដោះស្រាយ​បញ្ហា​ព្រំដែន និង​បញ្ហា​ជាតិ​​​ ​ដោយ​បើក​ចំហ​ពិត​ប្រាកដ​មែន លោក​គួរ​ស្នើ​សុំ​ព្រះមហាក្សត្រ​ឱ្យ​លើក​លែង​ទោស​ និង​បើក​ផ្លូវ​ឱ្យ​លោក សម រង្ស៊ី ដែល​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ផ្ទាល់​របស់​លោក អ៊ុំ សំអាន អាច​ត្រឡប់​ចូល​ស្រុក​វិញ​ដោយ​សុវត្ថិភាព​ដើម្បី​ជជែក​ដេញ​ដោល​គ្នា​។ ប៉ុន្តែ​លោក​ថា​​ជម្រើស​នេះ​ស្ទើរ​តែ​មិន​អាច​កើត​ឡើង​បាន​ឡើយ ព្រោះ​សូម្បី​តែ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក​ ក៏​តែង​តែ​ខ្លាច​វត្តមាន​របស់​លោក សម រង្ស៊ី ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ