

ក្រោយពីមានសារឆ្លងឆ្លើយគ្នាដូចអាយ៉ៃ លើបណ្ដាញសង្គមរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានចេញលិខិតជាផ្លូវការផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថានឹងដឹកនាំប្រតិភូទៅកម្ពុជា នៅដើមខែវិច្ឆិកា ដើម្បីពិភាក្សារឿងព្រំដែនកម្ពុជា-ថៃ តាមការអញ្ជើញរបស់លោកហ៊ុន ម៉ាណែត។ ការលើកឡើងនេះក្រោយពីលោក ហ៊ុន ម៉ាណែត ខឹងសម្បារយ៉ាងខ្លាំងលើលោក អ៊ុំ សំអាន ដែលចោទលោក ថាបាន កាត់ទឹកដីឱ្យថៃនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ខណៈដែលថៃកំពុងតែធ្វើរបងបេតុងតាមបណ្ដោយព្រំដែនដោយឯកតោភាគី។
បើទោះបីជាអ្នកវិភាគ អ្នកនយោបាយ និងពលរដ្ឋទូទៅ មើលឃើញថា សាររបស់លោក ហ៊ុន ម៉ាណែត ដែលអញ្ជើញ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន និងក្រុមការងារឱ្យមកកម្ពុជាដើម្បីជជែកដេញដោលគ្នារឿងព្រំដែន ថាជាការផ្ចាញ់ផ្ចាល មកលើបក្សប្រឆាំងក្ដី រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នៅថ្ងៃទី១៣ ខែតុលា បានចេញលិខិតឆ្លើយតប ហើយបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងទៅជួប លោក ហ៊ុន ម៉ាណែត លើទឹកដីកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែវិច្ឆិកា ខាងមុខ។
លិខិតឆ្លើយតបនោះ បានរៀបរាប់ថា ក្រោយពីមានសារឆ្លើយឆ្លងគ្នាជាសាធារណៈលើបណ្ដាញសង្គមហ្វេសប៊ុក រវាង លោក ហ៊ុន ម៉ាណែត និង លោក អ៊ុំ សំអាន រួចមកហើយ លោក អ៊ុំ សំអាន នឹងស្នើដល់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា ដើម្បីពិនិត្យលទ្ធភាពបញ្ជូនប្រតិភូទៅកាន់រាជធានីភ្នំពេញ ក្នុងគោលដៅ ដើម្បីពិភាក្សារកដោះស្រាយបញ្ហាព្រំដែន។
លោក អ៊ុំ សំអាន បានបញ្ជាក់នៅក្នុងលិខិតថា ការពិភាក្សានេះនឹងផ្ដោតលើបញ្ហា ព្រំដែនគោករវាងកម្ពុជា-ថៃ ជារួម បញ្ហាដែនសមុទ្ររវាងកម្ពុជា-ថៃ និងសូមឱ្យរដ្ឋាភិបាល ធ្វើសេចក្ដីស្នើសុំ ទៅរដ្ឋាភិបាលបារាំងបញ្ជូនអ្នកជំនាញបច្ចេកទេស និងផែនទី ឱ្យចូលរួមពិនិត្យ និងទម្លាក់ដែនទីលើដីជាក់ស្ដែង។
ក្នុងលិខិតនោះក៏បានបញ្ជាក់ថា ការពិភាក្សាគ្នានេះ គឺមិនមែនផ្ដោតតែទៅលើបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនោះទេ គឺត្រូវផ្ដោតទាំងដែនគោក និងដែនសមុទ្រជាច្រើនទីតាំងទៀត ដែលកំពុងមានជម្លោះរវាងកម្ពុជា និងថៃ។ បន្ថែមពីលើនោះ លោកថា ការពិភាក្សានេះ គឺគ្មានចេតនាណា ដើម្បីវាយប្រហារដណ្ដើមយកឈ្នះចាញ់នោះឡើយ គឺមានគោលដៅតែមួយគត់ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន ដើម្បីបម្រើប្រយោជន៍ជាតិជាធំ។
ជាមួយគ្នានោះ លោក អ៊ុំ សំអាន បានអះអាងថា ដើម្បីឱ្យដំណើរការនៃការពិភាក្សានេះប្រព្រឹត្តទៅដោយរលូន លោកស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ធ្វើកិច្ចអន្តរាគមន៍ទម្លាក់បទចោទប្រកាន់ និងលើកលែងទោស មកលើសមាសភាពប្រតិភូ របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលនឹងគ្រោងទៅកម្ពុជា។ មួយទៀត លោកស្នើឱ្យ លោក ហ៊ុន ម៉ាណែត ត្រូវចេញលិខិតធានា សុវត្ថិភាពជាផ្លូវការមកលើ ប្រតិភូ របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាផងដែរ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៣ ខែតុលាថា ប្រតិភូ របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានត្រៀមខ្លួនរួចជាស្រេចដើម្បីទៅកាន់មាតុភូមិកំណើតវិញ ដើម្បីជួបពិភាក្សាជាមួយក្រុមការងាររដ្ឋាភិបាល រឿងព្រំដែន។ លោកមានសុទិដ្ឋិនិយមថា លោក ហ៊ុន ម៉ាណែត នឹងមិនចាត់ទុកពលរដ្ឋណាម្នាក់ជាសត្រូវ ក្នុងការជជែករឿងព្រំដែន ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋនោះឡើយ។
លោកសង្ឃឹមថា លោក ហ៊ុន ម៉ាណែត នឹងឆ្លើយតបតាមលក្ខខណ្ឌដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាបានដាក់ ដូចជាការលើកលែងទោស និងការចេញលិខិតធានាសុវត្ថិភាពជាផ្លូវការដល់ ប្រតិភូរបស់លោក ដើម្បីផ្ដល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមក។
លោក អ៊ុំ សំអាន៖ «យើងទៅនេះ ទៅដើម្បីស្វែងរកដោះស្រាយបញ្ហាព្រំដែន តែកាលណាយើងស្វែងរកដំណោះស្រាយពីបញ្ហាព្រំដែន ហើយយើងទាមទារទឹកដីបានមកវិញ គាត់នឹងមានប្រជាប្រិយភាព ប្រជាពលរដ្ឋគេគាំទ្រគាត់ គាត់កាន់អំណាចបន្តទៀតឃើញទេ? ពួកខ្ញុំដូចជាជួយគាត់តើ ហើយជួយគាត់ដើម្បីឲ្យគាត់ទាមទារទឹកដីមកវិញ ហើយបើបានទឹកដីមកវិញ គឺបានផលប្រយោជន៍ទាំងគាត់ទាំងខ្ញុំ ព្រោះជាដីខ្មែរទាំងមូល» ។
កាលពីសប្ដាហ៍មុន លោក ហ៊ុន ម៉ាណែត បានចេញសារចំនួន២លើក ដោយហៅឱ្យ លោក អ៊ុំ សំអាន មកកម្ពុជាដើម្បីជជែកដេញដោលគ្នា រឿងព្រំដែន នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង ក្រោយពីលោក អ៊ុំ សំអាន បានរិះគន់ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែតថា បានកាត់ទឹកដីទាំង នោះឱ្យទៅភាគីថៃ ហើយលោក ហ៊ុន ម៉ាណែត បានបដិសេធលើករណីនេះ។
លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសធានាសុវត្ថិភាពដល់ លោក អ៊ុំ សំអាន និងក្រុមការងារ រួមនឹងធានាជួយចេញថ្លៃសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅ ប្រសិនបើ លោក អ៊ុំ សំអាន ខ្វះខាតថវិកា។ ទន្ទឹមគ្នានោះ លោក ឌឺដងដោយហៅលោក អ៊ុំ សំអាន ជាអតីតទណ្ឌិត និងជាអ្នកតាំងខ្លួនថា ជាអ្នកជំនាញខាងព្រំដែន ប៉ុន្តែតែងតែរិះគន់ដែលគ្មានមូលដ្ឋាន ហើយថែមទាំងភ័យខ្លាចមិនហ៊ានចូលទឹកដីខ្មែរ ។ បន្ថែមពីលើនោះ លោក ហ៊ុន ម៉ាណែត ចាត់ទុកការរិះគន់របស់ លោក អ៊ុំ សំអានថាមិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ថែមទាំងចោទប្រកាន់ដោយ ត្រង់ ទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាបានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។ លោកថា នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយដែលមិនអាចទទួលយកបាន។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអញ្ជើញលោក អ៊ុំ សំអាន មកជជែករឿងព្រំដែននៅកម្ពុជា ជាឱកាសមាសនិងដើម្បីបង្ហាញពីតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខពលរដ្ឋ អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលជាដើម។ លោក ហ៊ុន ម៉ាណែត ក៏បានដើរតួជំនួសតុលាការថា មិនមានបុគ្គលណាម្នាក់ត្រូវបានចាប់ខ្លួនលើទឹកដីកម្ពុជានោះទេ បើទោះបីជា លោក អ៊ុំ សំអាន និងសមាជិករដ្ឋាភិបាលកម្ពុជាឯករាជ្យសឹងតែទាំងអស់ ដែលរស់នៅក្រៅប្រទេស ត្រូវបានតុលាការកម្ពុជា ចេញដីការចាប់ខ្លួន និងចោទប្រកាន់ជាច្រើនករណីហើយក្ដី។
អ្នកឃ្លាំមើលចាត់ទុកសាររបស់លោក ហ៊ុន ម៉ាណែត ដែលចង់ឱ្យអ្នកនយោបាយនៅក្រៅប្រទេសចូលស្រុក ដើម្បីសួរដេញដោលគ្នារឿងព្រំដែន ក្នុងចន្លោះបង្គោលលេខ៥២ ដល់៥៩ ហាក់ពុំសូវមានចំណុចវិជ្ជមានដែលបង្ហាញថា រដ្ឋាភិបាលត្រកូលហ៊ុន ចង់បង្ហាញពីភាពស្អាតស្អំ និងកសាងទំនុកចិត្តពីពលរដ្ឋនោះទេ ក្រៅតែពីការឌឺដង និងផ្ចាញ់ផ្ចាល ព្រោះថាកន្លងទៅ គេតែងតែឃើញ រដ្ឋាភិបាលបក្សកាន់អំណាច ពុំបានបន្ធូរដៃឡើយ ក្នុងការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន និងពលរដ្ឋ តាមរយៈការបើកលំហសេរីភាពបញ្ចេញមតិនោះឡើយពាក់ព័ន្ធបញ្ហាព្រំដែន តាំងពីកម្ពុជា ត្រូវបានថៃបង្កសង្គ្រាមឈ្លានពានមក។
អ្នកតាមដានផ្នែកភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី យល់ឃើញថា លិខិតឆ្លើយតបរបស់រដ្ឋាភិបាល ២៣ តុលា មកកាន់លោក ហ៊ុន ម៉ាណែត គឺជាយុទ្ធសាស្ត្រវាយបក និងរុញសម្ពាធត្រឡប់ទៅវិញ ព្រោះពីដំបូង លោក ហ៊ុន ម៉ាណែត ជាអ្នកដាក់សម្ពាធដោយដេញដោលរឿង «ហ៊ាន ឬមិនហ៊ានចូលស្រុក» ។ ប៉ុន្តែលោកថា ការព្រមមកជជែកលើទឹកដីកម្ពុជាដោយភ្ជាប់លក្ខខណ្ឌផ្លូវច្បាប់ និងអន្តរជាតិនេះ បានបកអាក្រាតថា បើគ្មានការលើកលែងទោសទេ ប្រតិភូប្រឆាំងនឹងត្រូវអាជ្ញាធរចាប់ខ្លួនភ្លាមៗតាមដីការបស់តុលាការ ដែលធ្វើឱ្យជំនួបនេះមិនអាចកើតឡើងបានឡើយ។
លោកបន្តថា ទង្វើនេះមិនត្រឹមតែជាការសាកល្បងភាពស្មោះត្រង់របស់លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារការប្រើប្រាស់អំណាច ឬផែនទីឯកតោភាគី តាមរយៈការទាមទារស្តង់ដារអន្តរជាតិទៀតផង។ ដូច្នេះលោកយល់ថា លទ្ធភាពដែលលោក ហ៊ុន ម៉ាណែត ព្រមទទួលយកសំណើទាំងស្រុង គឺស្ទើរតែគ្មានឡើយ ដោយសាររដ្ឋាភិបាលតែងតែយកលេសថា កម្ពុជាជារដ្ឋនីតិរដ្ឋ ហើយនាយករដ្ឋមន្ត្រីមិនអាចលូកដៃចូលកិច្ចការតុលាការដើម្បីលុបចោលដីកាចាប់ខ្លួនដោយផ្ទាល់មាត់បានទេ។
លោក សេង វណ្ណលី៖ «ការបង្កើតឱ្យមានការប្រកួតពាក្យសម្ដីរឿងចូលស្រុកនេះ មិនមែនជាការស្វែងរកភាពស្អាតស្អំ ឬតម្លាភាពពិតប្រាកដនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រនយោបាយដើម្បីគ្រប់គ្រងរបៀបវារៈព័ត៌មាន និងទាញអារម្មណ៍មហាជនឱ្យផ្ដោតលើភាពក្លាហានរបស់បុគ្គល ជំនួសឱ្យការស៊ើបដេញដោលលើឯកសារបច្ចេកទេសព្រំដែន ឬបញ្ហាក្ដៅៗផ្សេងទៀត ដូចជារបាយការណ៍ស៊ើបអង្កេតអន្តរជាតិជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញ និងបញ្ហាសេដ្ឋកិច្ច។»
ទន្ទឹមគ្នានោះលោកយល់ថា តម្លាភាពពិតប្រាកដរបស់រដ្ឋាភិបាល មិនចាំបាច់រង់ចាំទាល់តែភាគីប្រឆាំងចូលស្រុកទើប អាចជជែករឿងព្រំដែន នោះទេ គឺរដ្ឋាភិបាលអាចបង្ហាញឯកសារ និងផែនទីជូនប្រជាពលរដ្ឋដោយបើកចំហបានគ្រប់ពេលវេលា។ លោក សេង វណ្ណលី បញ្ជាក់ថាប្រសិនបើលោក ហ៊ុន ម៉ាណែត បដិសេធសំណើធានាសុវត្ថិភាពនេះ វានឹងបង្ហាញយ៉ាងច្បាស់ថា ការអញ្ជើញកន្លងមកគ្រាន់តែជាល្បិចបាញ់កាំជ្រួចនយោបាយដើម្បីបង្វែរដាន និងកេងចំណេញប្រជាប្រិយភាពតែប៉ុណ្ណោះ។
លោក សេង វណ្ណលី សង្កេតឃើញថា ការបើកផ្លូវឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាដែលមានលោក សម រង្ស៊ី នៅពីក្រោយ ចូលស្រុកដោយសេរី គឺជាហានិភ័យនយោបាយដ៏ធំរបស់គណបក្សកាន់អំណាច ដែលតែងតែជៀសវាងការឱ្យតម្លៃដល់ក្រុមប្រឆាំងកម្រិតស្មើភាពគ្នា។ ដូច្នេះលោកអះអាងថា លោក ហ៊ុន ម៉ាណែត ទំនងជានឹងបដិសេធសំណើនេះដោយប្រើលេសផ្លូវច្បាប់ ឬរុញលក្ខខណ្ឌថ្មី រួចបន្តយកលេសនោះមកបកស្រាយធ្វើជាការចោទប្រកាន់ថា ភាគីប្រឆាំងនៅតែបង្កើតលក្ខខណ្ឌមិនអាចទៅរួចដើម្បីគេចវេះពីការតទល់។
លោកបន្តថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ពិតជាមានភាពក្លាហាន និងចង់ដោះស្រាយបញ្ហាព្រំដែន និងបញ្ហាជាតិ ដោយបើកចំហពិតប្រាកដមែន លោកគួរស្នើសុំព្រះមហាក្សត្រឱ្យលើកលែងទោស និងបើកផ្លូវឱ្យលោក សម រង្ស៊ី ដែលជាមេដឹកនាំជាន់ខ្ពស់ផ្ទាល់របស់លោក អ៊ុំ សំអាន អាចត្រឡប់ចូលស្រុកវិញដោយសុវត្ថិភាពដើម្បីជជែកដេញដោលគ្នា។ ប៉ុន្តែលោកថាជម្រើសនេះស្ទើរតែមិនអាចកើតឡើងបានឡើយ ព្រោះសូម្បីតែលោក ហ៊ុន សែន ដែលជាឪពុករបស់លោក ក៏តែងតែខ្លាចវត្តមានរបស់លោក សម រង្ស៊ី ដែរ៕








