

ថ្មីៗនេះមន្ត្រីវ័យក្មេងនៅក្បែរលោក ហ៊ុន សែន បានចេញផ្សាយសៀវភៅថ្មីមួយទៀត ដែលមានចំណងជើងថា «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា»។ សៀវភៅនេះបានរៀបរាប់យ៉ាងច្រើនពីគុណបំណាច់ និងស្នាដៃរបស់លោក ហ៊ុន សែន ក្នុងការរៀបចំប្រទេសឡើងវិញ ក្រោយសម័យខ្មែរក្រហម បានដួលរលំ រួមនឹងការបង្ហាញ ពីយុទ្ធសាស្ត្រកសាងជាតិរបស់បក្សកាន់អំណាច។ ប៉ុន្តែ អ្នកឃ្លាំមើលរិះគន់ថា សៀវភៅដែលសរសេរអំពីលោក ហ៊ុន សែន ភាគច្រើនសរសេរបំភ្លៃការពិត និងដើម្បីការពារអំណាចឱ្យគ្រួសារត្រកូលហ៊ុន។
អ្នកឃ្លាំមើលសង្កេតឃើញថា ចាប់តាំងពីលោក ហ៊ុន សែន កាន់តួនាទីជានាយករដ្ឋមន្ត្រី រហូតដល់ថ្ងៃផ្ទេរអំណាចឱ្យកូនគឺ លោក ហ៊ុន ម៉ាណែត មក គេតែងតែឃើញបុគ្គលមួយចំនួនបានព្យាយាមអែបអប លោក ហ៊ុន សែន តាមរយៈការនិពន្ធសៀវភៅបទច្រៀង និងខ្សែភាពយន្ត ជាច្រើន លើកសរសើរ លោក ហ៊ុន សែន និងក្រុមគ្រួសារត្រកូលហ៊ុន ដើម្បីទទួលបានតួនាទី និងបុណ្យស័ក្ដិ ជាដើម។ ប៉ុន្តែអ្នកឃ្លាំមើលព្រមានថា ការបង្កើតស្នាដៃតែងនិពន្ធ បំភ្លៃការពិត គឺជារឿងដ៏គ្រោះថ្នាក់ សម្រាប់យុវជន។
អ្នកតាមដានផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២០ ខែតុលា ថា ការបោះពុម្ពសៀវភៅបែបនេះ ធ្វើឡើងដើម្បីពង្រឹងរូបភាព មេដឹកនាំ និងបង្កើតគំនិតថា ប្រទេសជាតិ រស់បានដោយសារមេដឹកនាំម្នាក់ ឬបក្សមួយ ដែលធ្វើឱ្យពលរដ្ឋខ្លះមានអារម្មណ៍ថាខ្លួនត្រូវជំពាក់គុណមេដឹកនាំបក្សកាន់អំណាច។ លោកបន្តថាកាលណាអ្នកសរសេរនៅក្រោមអំណាច អ្នកនយោបាយ ស្នាដៃនោះងាយនឹងក្លាយជាការលើកជើង និងកង្វះព័ត៌មានគ្រប់ជ្រុងជ្រោយ ដូច្នេះអ្នកអានត្រូវតែ ប្រុងប្រយ័ត្ន និងប្រៀបធៀបនឹងប្រភពឯករាជ្យឱ្យច្រើន។
បន្ថែមពីលើនោះលោកថា ការប្រគល់គុណសម្បត្តិ និងក្រេឌីត (Credit ) សន្តិភាពឱ្យលោក ហ៊ុន សែន តែម្នាក់ គឺជាការកាត់តប្រវត្តិសាស្ត្រចោល ព្រោះសន្តិភាពនៅកម្ពុជាកើតចេញពីការចូលរួមរបស់ភាគីច្រើន ដូចជាការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ ក្នុងការបោះឆ្នោតឆ្នាំ១៩៩៣។ ទន្ទឹមគ្នានោះលោកថា ការសរសេរប្រវត្តិសាស្ត្រដោយលើកតម្កើងតែមនុស្សម្នាក់ ហើយបំភ្លេចគុណបំណាច់អ្នកដទៃ គឺជាការភូតភរ និងបំពុល ចំណេះដឹងសាធារណជន។
លោក សេង វណ្ណលី៖ «ប្រជាពលរដ្ឋមិនត្រូវជឿតាមការឃោសនាតែម្ខាងឡើយ។ មុននឹងជឿសៀវភៅមួយ យើងត្រូវសួរថា តើអ្នកណាសរសេរ? សរសេរដើម្បីអ្វី? តើហ៊ាននិយាយពីកំហុស និងការឈឺចាប់របស់រាស្ត្រដែរទេ? យើងត្រូវអានឯកសារឱ្យគ្រប់ជ្រុងជ្រោយ ទាំងស្រាវជ្រាវឯករាជ្យ និងកិច្ចព្រមព្រៀងដើម។ ការដឹងគុណអ្នកដឹកនាំត្រូវតែដើរទន្ទឹមនឹងការទាមទារឱ្យគេទទួលខុសត្រូវ ព្រោះប្រវត្តិសាស្ត្រជារបស់ប្រជាជនគ្រប់រូប មិនមែនជារបស់មេដឹកនាំណាម្នាក់ឡើយ»។
ការរិះគន់នេះ ធ្វើឡើងក្រោយពី អ្នកនិពន្ធសៀវភៅ «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» គឺនាយករងខុទ្ទកាល័យប្រធានព្រឹទ្ធសភា ហ៊ុន សែនលោក អៀង ពិសី បានសម្ពោធសៀវភៅថ្មីនេះ ដោយហៅមន្ត្រីវ័យក្មេងមួយចំនួន រួមនឹងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ ដើម្បីបកស្រាយពីគុណបំណាច់របស់ លោក ហ៊ុន សែន និង យុទ្ធសាស្ត្រត្រីកោណ ដែលមាននៅក្នុងសៀវភៅនេះ។
សៀវភៅនេះមានកម្រាស់១១១១ទំព័រ អមដោយរូបភាពលោក ហ៊ុន សែន អង្គុយនិយាយមីក្រូនៅក្របមុខ។ លោក អៀង ពិសី បានលើកឡើង នៅក្នុងពិធីសម្ពាធសៀវភៅ នៅថ្ងៃទី១៩ ខែតុលា ថា ការសម្រេចចិត្តចងក្រងសៀវភៅ «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា»មិនមែនជាការស្រមើស្រមៃនោះទេ តែគឺជាប្រវត្តិសាស្ត្រពិតប្រាកដដ៏សំខាន់ ដែលបង្ហាញពីការប្រែក្លាយកម្ពុជា ក្នុងគំនរបាក់បែកដោយសារសង្គ្រាម ឆ្ពោះទៅរកការឯកភាពជាតិ និងការអភិវឌ្ឍប្រទេស ក្រោមស្នាដៃដ៏ឆ្នើមរបស់លោក ហ៊ុន សែន។ ចំណែកអ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ បានថ្លែងនៅក្នុងពិធីសម្ពាធសៀវភៅនេះថា គុណបំណាច់ លោក ហ៊ុន សែន មានច្រើន ព្រោះលោក ហ៊ុន សែនប្រៀបដូចជាអ្នកបង្កើតប្រទេសកម្ពុជាទាំងមូល។
ប៉ុន្តែឆ្លើយតបទៅនឹងការរិះគន់ខ្លាំងលើសៀវភៅមួយក្បាលនេះ លោក ជា ធីរិទ្ធិ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការរិះគន់នេះ គឺជាគំនិតជ្រុលនិយម។
លោក ជា ធីរិទ្ធិ៖ «សោកស្ដាយ យើងៗមានគំនិតផ្សេងគ្នា វាជារឿងធម្មតា ប៉ុន្តែ កុំដល់ថ្នាក់ជ្រុលនិយមថា បើគេខុសពីអញ គឺគេនឹងលក់ក្បាល គឺគ្មានប្រយោជន៍ ធ្វើអីគ្មានប្រយោជន៍ដូចខ្លួន កុំមានគំនិតបែបហ្នឹង។ ខ្ញុំចង់ឱ្យក្រុមជ្រុលនិយមប៉ុន្មាននាក់ហ្នឹង កុំគិតបែបហ្នឹងពេក។ បើថា មតិផ្ទុយគ្នា ឥឡូវយើងជជែកគ្នាមក។ អ្នកឯងមានគំនិតស្អី ប៉ុន្តែវាជ្រុលនិយមអញ្ចឹង តើជជែកអីចេញ» ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលរិះគន់ថា នេះពុំមែនជាលើកទី១មួយទេ ដែលក្រុមបញ្ញវន្តរណបលោក ហ៊ុន សែន ចេញមកសរសេរសៀវភៅ និងនិពន្ធរឿង ជាច្រើនរាប់មិនអស់លើកតម្កើងរដ្ឋាភិបាលត្រកូលហ៊ុន ដើម្បីបំភ្លៃការពិត បើទោះបីជារដ្ឋាភិបាលបក្សកាន់អំណាច រងការចោទប្រកាន់អស់ជាច្រើនទសវត្សមកហើយថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការចាប់ចង និងធ្វើឃាត សកម្មជននយោបាយ សកម្មជនបរិស្ថាន និងអ្នកវិភាគនយោបាយ ដូចជាលោក បណ្ឌិត កែម ឡី និង ប្រធានសហជីពឯករាជ្យ លោក ជា វិជ្ជា ជាដើម។
បន្ថែមពីលើនោះ ពួកគាត់ថា នៅក្នុងអាណត្តិដឹកនាំដោយ លោក ហ៊ុន ម៉ាណែត កម្ពុជាបាន បាត់បង់ទឹកដីជាច្រើនទីតាំងទៅឱ្យថៃ ហើយប្រទេសជាតិត្រូវខូចឈ្មោះយ៉ាងខ្លាំង លើឆាកអន្តរជាតិ ដោយសារតែមន្ត្រីរដ្ឋាភិបាលមួយចំនួនបានឃុបឃិតជាមួយបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញ ឱ្យរីករាលដាលពេញប្រទេស ហើយ រដ្ឋាភិបាលបែរជាបន្តប្រើប្រាស់នយោបាយប្រជាភិថុតិ តាមរយៈការបោះពុម្ពសៀវភៅ អួតអាងពីអំណាច។ ជាក់ស្ដែងដូចជាសៀវភៅមួយក្បាល ដែលរងការរិះគន់ខ្លាំង ដែលនិពន្ធដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដែលមានចំណងជើង «កម្ពុជាឈ្នះថៃសម័យតេជោធិបតី» ជាដើម៕
លោក សេង វណ្ណលី យល់ថា ការអះអាងសមិទ្ធផលរបស់បក្សកាន់អំណាចដែលគ្មានការទទួលស្គាល់កំហុស គឺជាការឃោសនាបំភ្លៃ។ លោកបន្តថា ការសាងសង់ផ្លូវ សាលារៀន ឬមន្ទីរពេទ្យ គឺជាកាតព្វកិច្ចរបស់រដ្ឋ ដែលប្រើប្រាស់លុយរដ្ឋ ដែលបង់ពន្ធ ពីប្រជាជនមិនមែនជាអំណោយរបស់រដ្ឋាភិបាលបក្សកាន់អំណាចនោះឡើយ។ ម្យ៉ាងទៀត លោកថា សន្តិភាពពិតប្រាកដមិនមែនត្រឹមតែគ្មានសង្គ្រាមនោះទេ គឺត្រូវតែមានសេរីភាព យុត្តិធម៌ និងសិទ្ធិសេរីភាពសម្ដែងមតិដោយគ្មានការ ភ័យខ្លាច។ ដូច្នេះលោកថា បើរដ្ឋាភិបាល លើកទឹកចិត្ត តែការសរសើរ ហើយចាត់ទុកមតិរិះគន់ដើម្បីកែលម្អថា ជាអំពើប្រឆាំង នោះបង្ហាញថា សន្តិភាពដែលរដ្ឋាភិបាលតែងតែ អះអាង គឺគ្រាន់តែជាឧបករណ៍ការពារអំណាចប៉ុណ្ណោះ៕









