

សាលាដំបូងខេត្តកំពង់ចាមសម្រេចឃុំខ្លួនសមាជិកគណបក្សកម្លាំងជាតិម្នាក់ ក្នុងពន្ធនាគារ ដោយចោទពីបទញុះញង់។ មន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលមិនបានបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមការស្នើសុំរបស់មន្ត្រីអង្គការសហប្រជាជាតិឡើយ។
សាលាដំបូងខេត្តកំពង់ចាមសម្រេចឃុំខ្លួនសមាជិកគណបក្សកម្លាំងជាតិ លោក ប៉ាវ ប៉ោហេង ក្នុងពន្ធនាគារ ដោយចោទពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធការបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃទី១៦ តុលា។
ប្អូនស្រីលោក ប៉ាវ ប៉ោហេង គឺលោកស្រី ប៉ាវ លីណា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្រុមគ្រួសារ មិនទាន់បានរកមេធាវីជូនលោកនៅឡើយ ដោយចាំចូលជួបលោក ប៉ាវ ប៉ោហេង ក្នុងពន្ធនាគារ ដើម្បីសួរនាំលោកសិន។ លោកស្រីបន្តថា ក្រុមគ្រួសារពិបាកចិត្ត និងបារម្ភពីសុខទុក្ខសមាជិកគណបក្សកម្លាំងជាតិរូបនេះជាខ្លាំង។ លោកស្រីថា សាច់ញាតិ និងក្រុមគ្រួសារ គ្រោងទៅជួបលោក ប៉ាវ ប៉ោហេង នៅ២សប្តាហ៍ទៀតបន្ទាប់ពីការឃុំខ្លួន។
លោកស្រី ប៉ាវ លីណា៖ «ដូចថា ពិបាកចិត្តគាត់មិនដឹងគិតអាម៉េចអញ្ចឹងទៅណាថា គ្រួសារគាត់ហ្នឹងក៏គាត់មិនមានលុយកាក់អីសម្រាប់សេសសល់តម្កល់ដើម្បីដែរ។ គាត់គ្រាន់បានមួយរស់ៗអ៊ីចឹងទៅណា គាត់ពិបាកហើយប៉ុន្តែមិនដឹងធ្វើអាម៉េច។ កូនៗហ្នឹងក៏ពិបាកចិត្តដូចតែម្តាយ ដូចតែខ្ញុំជាមីងដូចតែគ្នាហ្នឹង គ្រាន់ថា យើងមិនដឹងថា គិតល្មិច។ អឺខាងពន្ធ (ពន្ធនាគារ) ហ្នឹង គេកំណត់ ២សប្តាហ៍បានឲ្យសាច់ញាតិទៅចូលអញ្ចឹងទៅណា»។
អាជ្ញាធរបានចាប់ខ្លួនសមាជិកគណបក្សប្រឆាំងរូបនេះ កាលពីយប់ថ្ងៃទី១៣ តុលា នៅប៉ុស្តិ៍ប៉ូលិស ឃុំជើងព្រៃ ស្រុកបាធាយ ដោយមានគេបោកបញ្ឆោតទូរស័ព្ទទៅលោក ប៉ាវ ប៉ោហេង ដែលមានមុខរបរជាអ្នករត់កង់បីឲ្យទៅដឹកអ្នកជំងឺដែលត្រូវគេអះអាងថា ជាមន្ត្រីប៉ូលីស ដើម្បីយកទៅសង្គ្រោះនៅមន្ទីពេទ្យ។ ប៉ុន្តែពេលលោកទៅដល់ ស្រាប់តែកម្លាំងសមត្ថកិច្ចចាប់ខ្លួន លោកបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
លោក ប៉ាវ ប៉ោហេង ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយមិនមានដីកា ហើយមិនបានជូនដំណឹង ឬប្រាប់ពីមូលហេតុឲ្យក្រុមគ្រួសារលោកបានដឹងឡើយ។ លោកក៏ជាភ្នាក់ងារសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងបញ្ជីចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មួយរូប ឲ្យគណបក្សកម្លាំងជាតិនៅក្នុងឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមកអង្គការជាតិ និងអន្តរជាតិ បានសម្តែងការព្រួយបារម្ភពីការបន្តចាប់ខ្លួនសកម្មជនគណបក្សនយោបាយ សកម្មជនសង្គម សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្សជាបន្តបន្ទាប់។ លោកថា ទង្វើនេះ មិនបានបង្ហាញពីការបើកលំហសេរីភាពនយោបាយ និងសេរីភាពប្រជាពលរដ្ឋឲ្យបានទូលំទូលាយនៅឡើយ។ លោកបានពន្យល់ថា ប្រសិនបើបទល្មើសជាក់ស្តែង ការចាប់ខ្លួនមិនបាច់មានដីកាទេ ប៉ុន្តែត្រូវបង្ហាញពីមូលហេតុឲ្យសាមីខ្លួន និងក្រុមគ្រួសារបានដឹង។ លោកអះអាងថា ចំពោះបទល្មើសមិនជាក់ស្តែងត្រូវមានដីកា និងប្រាប់ពីខ្លឹមសារនៃដីកានោះឲ្យសាមីខ្លួន និងក្រុមគ្រួសារបានដឹងជាមុន ហើយបើអាជ្ញាធរមិនបានអនុវត្តបែបនេះ នោះការចាប់ខ្លួន គឺមិនសមស្រប ឬខុសនីតិវិធីច្បាប់។
លោក អំ សំអាត៖ «អឺកន្លងមក យើងឃើញហើយ ទាំងអង្គការសហប្រជាជាតិក៏ដូចជាអ្នកជំនាញនៃសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏ដូចជាអង្គការអន្តរជាតិនៃសហគមន៍អន្តរជាតិគេនៅតែទទូចថា សុំឲ្យមានការដោះលែងទៅលើសកម្មជនគណបក្សនយោបាយ ហើយសូមបញ្ឈប់ការបន្តចាប់ខ្លួនពួកគេ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាព បរិយាកាស លំហអឺនយោបាយនៅកម្ពុជាហ្នឹងមានស្ថានភាពល្អប្រសើរដែលស្របទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ហើយការប្រកួតប្រជែងរវាងគណបក្សនយោបាយ គឺទៅលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
កន្លងមក គណបក្សនយោបាយ អង្គការជាតិ និងអន្តរជាតិ ក៏ធ្លាប់ចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា មានការធ្លាក់ចុះ ខណៈអាជ្ញាធរ និងតុលាការបន្តចាប់ និងឃុំខ្លួនអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាដើម ក្នុងពន្ធនាគារ។ បច្ចុប្បន្ន អ្នកជាប់ឃុំដោយការប្រើប្រាស់សិទ្ធិរបស់ខ្លួនមានជាង ១០០នាក់ហើយ តាមការចងក្រងរបស់អង្គការលីកាដូ៕









