

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា លោកឆ្លើយឆ្លងសារជាមួយអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន គឺធ្វើឡើង ដើម្បីទប់ស្កាត់កុំឱ្យមានចលនារិះគន់ខ្លាំងរឿងព្រំដែនពីក្រុមប្រឆាំងនៅក្រៅប្រទេស។ ទន្ទឹមគ្នានោះលោកថា ការរិះគន់ មិនគួរកើតមាន នៅពេលនេះទេ គឺត្រូវរង់ចាំការដោះស្រាយ រួចរាល់សិន ហើយប្រសិនបើរកឃើញថារដ្ឋាភិបាល ធ្វើឱ្យបាត់បង់ទឹកដីមែន នឹងបើកឱ្យសាធារណៈជនជជែកដេញដោលគ្នាតាមក្រោយ។ អ្នកឃ្លាំមើលយល់ថា ការអះអាងរបស់ លោក ហ៊ុន ម៉ាណែតនេះ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ ហើយបញ្ហាទឹកដីមិនមែនជាកម្មសិទ្ធិរបស់បក្សកាន់អំណាចផ្ដាច់មុខនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែតុលា បានថ្លែងនៅក្នុងពិធី“ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២៦-២០៣០ថា សារឆ្លើយឆ្លងរវាងលោក និង អតីតតំណាងរាស្ត្រគណបក្សកម្លាំងជាតិ លោក អ៊ុំ សំអាន គឺធ្វើឡើងក្នុងគោលដៅ ដើម្បីទប់ស្កាត់កុំឱ្យមានចលនាប្រឆាំងពីក្រុមអង្គការចាត់តាំង នៅក្រៅប្រទេស ផុលផុសខ្លាំងពេក ដែលចាត់ទុកក្រុមប្រឆាំងថា មានចេតនាមិនល្អ និងគ្មានភស្តុតាង ត្រឹមត្រូវ។
លោកបន្តថា គោលបំណងដ៏ធំនៅពេលនេះ គឺឱ្យពលរដ្ឋ និងអ្នកប្រឆាំងរក្សាភាពស្ងៀមស្ងាត់ ទុកឱកាសឱ្យរដ្ឋាភិបាលដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការទូត។ លោកអះអាងថា មិនចង់យកខ្មែរណា ជាសត្រូវ ឬត្រូវឈ្លោះប្រកែកគ្នារវាងខ្មែរនិងខ្មែរនោះឡើយ គឺផ្ដោតតែទៅលើការដោះស្រាយជាមួយភាគីថៃប៉ុណ្ណោះ។ លោកថា អ្នកនយោបាយបក្សប្រឆាំងថៃ គេរក្សាភាពស្ងៀមស្ងាត់ ឱ្យរដ្ឋាភិបាលគេ ដោះស្រាយជាមួយកម្ពុជា ក៏ប៉ុន្តែកម្ពុជាវិញ បក្សប្រឆាំងគិតតែពីរិះគន់ និងចោទប្រកាន់រដ្ឋាភិបាលថាបាន កាត់ទឹកដីឱ្យថៃ។
លោកបញ្ជាក់ថា ការជជែកដេញដោលគ្នា ឬការរិះគន់ រឿងព្រំដែន មិនគួរឱ្យកើតមានដំណាលគ្នា ដែលរដ្ឋាភិបាល កំពុងតែដោះស្រាយបញ្ហានោះទេ។ លោកបន្តថា ពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំង គួរតែរង់ចាំ មើលការដោះស្រាយរួចរាល់ជាផ្លូវការសិន ហើយរដ្ឋាភិបាលនឹងបង្ហាញទិន្នន័យទាំងនោះជាផ្លូវការ ដើម្បីបញ្ជាក់ថា កម្ពុជាបាត់បង់ទឹកដី ឬមិនបាត់ដែលលោកអះអាងថា ពេលនោះហើយ ជាពេល ដែលពលរដ្ឋត្រូវជជែកដេញដោលគ្នា។
លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំថាឱ្យពលរដ្ឋទាំងអស់ត្រូវតែជឿត្រូវតែទុកចិត្ត លើវិធីសាស្ត្រដែលយើងដោះនោះទេ។ វិធីសាស្ត្រមានច្រើន ប៉ុន្តែសុំតែម្យ៉ាងទេ គឺទុកឱកាសហើយពេលដោះស្រាយចប់ទៅមើលទៅថាបាត់ឬមិនបាត់ ហើយពេលនោះរដ្ឋាភិបាលមិនខ្លាចក្នុងការឱ្យចោទដេញដោលទេ សូមតែប៉ុណ្ណឹងតើ សុំតែពេលនេះ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលរិះគន់ លោក ហ៊ុន ម៉ាណែត ថា កំពុងតែព្យាយាម បិទសិទ្ធិសេរីភាពមិនឱ្យពលរដ្ឋ និងអ្នកនយោបាយ បក្សប្រឆាំងរិះគន់ ពីចំណុចខ្វះខាត ដែលធ្វើឱ្យបាត់បង់ទឹកដី ខណៈការដោះស្រាយរបស់រដ្ឋាភិបាលជាមួយថៃ ភាគច្រើន ហាក់គ្មានប្រៀបទាំងកិច្ចការទូត លើឆាកអន្តរជាតិ និងទីតាំងជាក់ស្ដែង។ កន្លងទៅភាគីកម្ពុជាបានត្រឹមតែចេញសារបែបទន់ភ្លន់ និងអង្វរឱ្យភាគីថៃ គោរពច្បាប់អន្តរជាតិ និងត្អូញត្អែរពីទុក្ខលំបាកជនភៀសសឹក ជាង២ម៉ឺននាក់ ដែលបានបាត់បង់ផ្ទះសម្បែង និងដីស្រែចម្ការជាដើម។
រីឯភាគីថៃ ប្រើប្រាស់វេទិកាអន្តរជាតិចោទប្រកាន់ និងរកភស្តុតាង ដាក់បន្ទុក មកលើកម្ពុជា ដោយក្រអឺតក្រទម ហើយនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃវិញ យោធាថៃបន្តរុលចូលរំលោភទឹកដីខ្មែរកាន់តែជ្រៅ តាមរយៈការរាយលួសបន្លា ធ្វើរបងបេតុងអចិន្ត្រៃយ៍ នៅចន្លោះបង្គោលលេខ៥២ ដល់៥៩ ដោយឯកតោភាគី និងសាងសង់ សំណងរឹងជាច្រើនលើដីខ្មែរ។ ចំណែក រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត វិញ បានត្រឹមបិទបាំងព័ត៌មាន អំពីជម្លោះព្រំដែន ដូចជាការបិទសិទ្ធិពលរដ្ឋ អ្នកនយោបាយ និងអ្នកសារព័ត៌មានមិនឱ្យនិយាយពីបញ្ហាព្រំដែនឱ្យបានស៊ីជម្រៅ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការចោទប្រកាន់របស់ លោក ហ៊ុន ម៉ាណែត ដែលថាការរិះគន់របស់លោករឿងព្រំដែន ក្នុងចេតនាដើម្បីកេងចំណេញនយោបាយ និងបំភ្លៃការពិត ជារឿងមិនត្រឹមត្រូវឡើយ។ លោកបញ្ជាក់ថា ការរិះគន់កន្លងទៅ កើតចេញពីក្ដីបារម្ភនិង មើលឃើញពីកង្វះខាតរបស់រដ្ឋាភិបាល លើការការពារបូរណភាពទឹកដី។
លោកបន្តថាការបង្ខំឱ្យពលរដ្ឋ និងអ្នកនយោបាយជឿជាក់លើរដ្ឋាភិបាល និងបញ្ឈប់ការរិះគន់ ដើម្បីទុកឱកាសឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាមួយថៃ គឺជាលេសដើម្បីងាយស្រួលក្នុងការកាត់ទឹកដីដោះដូរយកសន្តិភាព។ ទន្ទឹមគ្នានោះ លោកចាត់ទុកការអះអាងរបស់ លោក ហ៊ុន ម៉ាណែត ដែលថា អ្នកនយោបាយប្រឆាំងថៃ គេមិនរិះគន់រដ្ឋាភិបាលគេ ដោយទុកឱកាសឱ្យដោះស្រាយជម្លោះជាមួយកម្ពុជាដោយសន្តិវិធី គឺជារឿងត្រឹមត្រូវ ព្រោះរដ្ឋាភិបាលថៃមិនបានធ្វើឱ្យបាត់បង់ទឹកដី ចំណែករដ្ឋាភិបាល កម្ពុជាធ្វើឱ្យបាត់បង់ទឹកដី ដូច្នេះពលរដ្ឋមិនអាចនៅស្ងៀមចាំមើលរដ្ឋាភិបាលដោះស្រាយបញ្ហាដោយគ្មានតម្លាភាព និងការទទួលខុសត្រូវបែបនេះឡើយ។
លោក អ៊ុំ សំអាន៖ «ដោយសារតែការព្រួយបារម្ភពីការបាត់បង់ទឹកដីយើងចង់ការពារទឹកដីយើងឱ្យបានគង់វង្ស កុំឱ្យបាត់បង់បន្ថែមទៀតទាំងខាងលិច និងខាងកើត ព្រោះយើងបានបាត់បង់ទៅខាងលិចនិងខាងកើតរួចហើយ។ អ៊ីចឹង ដើម្បីកុំឱ្យបាត់បង់បន្ថែមទៀត យើងត្រូវរិះគន់ដើម្បីស្ថាបនារកដោះស្រាយបញ្ហាព្រំដែន ដែលធ្វើឱ្យកម្ពុជា អាចការពារទឹកដីរបស់ខ្លួនបាន។»
ជុំវិញរឿងនេះដែរ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ថា ការអះអាងជាថ្មីរបស់លោក ហ៊ុន ម៉ាណែត ថា ការចេញសារឆ្លើយតបទៅកាន់លោក អ៊ុំ សំអាន មិនមែនជាការចង់ឈ្នះចាញ់ខ្មែរគ្នាឯង ក៏ប៉ុន្តែដើម្បីទប់ស្កាត់ការរិះគន់ និងការពារសតិអារម្មណ៍ពលរដ្ឋ គឺជាយុទ្ធសាស្ត្រនយោបាយដកខ្លួនថយ និងបង្វែរដានរបស់ លោក ហ៊ុន ម៉ាណែត។ ទន្ទឹមគ្នានោះលោកថា ការទាមទារឱ្យពលរដ្ឋ និងក្រុមប្រឆាំងបញ្ឈប់ការរិះគន់ រឿងព្រំដែនគឺជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងជាការបិទបាំងតម្លាភាពដែលសង្គមប្រជាធិបតេយ្យត្រូវតែមាន។
លើសពីនេះ លោកថា ការទម្លាក់កំហុស និងការប្រើពាក្យចោទប្រកាន់ថា អ្នករិះគន់ជាក្រុមអង្គការចាត់តាំងនៅពីក្រោយដើម្បីកេងចំណេញនយោបាយ ពេលជិតបោះឆ្នោត នេះ ក៏គ្រាន់តែជាល្បិចកលចាស់គំរឹលក្នុងការចោទប្រកាន់ដៃគូប្រកួតប្រជែង ដើម្បីជំនួសឱ្យការបង្ហាញភស្តុតាងច្បាស់លាស់ដើម្បីឆ្លើយតបនឹងមន្ទិលសង្ស័យរបស់សាធារណជន។ ចំណែកការអះអាងរបស់លោក ហ៊ុន ម៉ាណែត ថាតម្រូវឱ្យរង់ចាំទាល់តែរដ្ឋាភិបាលដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃចប់សព្វគ្រប់សិន ទើបបើកបង្ហាញឯកសារ និងទិន្នន័យថា បាត់បង់ ឬមិនបាត់បង់ទឹកដី គឺជាអំណះអំណាងដែលហួសពេល និងគ្រោះថ្នាក់បំផុតសម្រាប់ប្រយោជន៍ជាតិ។
លោកយល់ថា បញ្ហាទឹកដី និងព្រំដែន ជាសម្បត្តិរួមរបស់ប្រជាជាតិទាំងមូល មិនមែនជាកម្មសិទ្ធិឯកជនរបស់ក្រុមអ្នកមានអំណាច ឬគណបក្សកាន់អំណាចនោះឡើយ។ លោកអះអាងថា ការប្រកាន់ជំហរបិទបាំងព័ត៌មានរហូតដល់កិច្ចចរចាចប់សព្វគ្រប់ គឺជាការកាត់ផ្ដាច់សិទ្ធិដឹងឮ និងសិទ្ធិចូលរួមស៊ើបអង្កេតរបស់ពលរដ្ឋ ដែលអាចនាំឱ្យមានការសម្រេចចិត្តខុសឆ្គង ឬបាត់បង់ទឹកដីដោយគ្មានផ្លូវកែប្រែឡើងវិញបាន ព្រោះនៅពេលកិច្ចព្រមព្រៀងត្រូវ បានចុះហត្ថលេខារួចរាល់ ការដេញដោលតាមក្រោយគ្មានតម្លៃផ្លូវច្បាប់អ្វីទាំងអស់។
លោក សេង វណ្ណលី៖ «ការលើកឡើងទាំងស្រុងរបស់លោក ហ៊ុន ម៉ាណែត នាពេលនេះ មិនមែនជាហេតុផលត្រឹមត្រូវដើម្បីប្រយោជន៍ជាតិនោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រការពារប្រជាប្រិយភាព និងការពារអំណាចក្នុងបរិបទដែលរដ្ឋាភិបាលកំពុងប្រឈមនឹងវិបត្តិចាក់ស្រេះជុំវិញខ្លួន។ ការបង្កើតប្រធានបទក្ដៅគគុកលើបញ្ហាព្រំដែន និងការចោទប្រកាន់ក្រុមប្រឆាំង គឺជាល្បិចកលបង្វែរអារម្មណ៍សាធារណជនចេញពីការរិះគន់លើបញ្ហាសេដ្ឋកិច្ច បំណុលវណ្ឌក បទល្មើសឆបោកតាមអនឡាញ និងការធ្លាក់ចុះនៃតម្លៃសីលធម៌របស់អ្នកដឹកនាំ»។
បន្ថែមពីលើនោះ លោក សេង វណ្ណលី ទទូចឱ្យប្រជាពលរដ្ឋ គួរតែមានស្មារតីប្រុងប្រយ័ត្ន និងបែងចែកឱ្យដាច់រវាង ល្បិចកលនយោបាយទាញយកប្រជាប្រិយភាព និងការការពារទឹកដីប្រកបដោយតម្លាភាពពិតប្រាកដ។ ជាក់ស្ដែង លោកថា ការបន្តប្រើប្រាស់សារវាយប្រហារលើបុគ្គល ដោយចោទប្រកាន់ លោក អ៊ុ សំអាន ថាតាំងខ្លួនធ្វើជាអ្នកចេះ និងគ្មានភស្តុតាងរឹងមាំ គឺជាវិធីសាស្ត្របង្វែរអារម្មណ៍មហាជនចេញពីខ្លឹមសារដើមនៃបញ្ហា។
លោកអះអាងថា ប្រសិនបើរដ្ឋាភិបាលជឿជាក់ថា ខ្លួនមានភស្តុតាងបច្ចេកទេស និងផែនទីត្រឹមត្រូវ ដែលអាចបដិសេធការចោទប្រកាន់លើបង្គោលលេខ ៥២ ដល់៥៩ បានមែននោះ រដ្ឋាភិបាលពុំចាំបាច់ប្រើប្រាស់វិធីសាស្ត្រដេញដោលជេរប្រមាថ ឬទាមទារឱ្យទាល់តែមានការបញ្ឈប់ការរិះគន់នោះទេ។ លោកថា វិធីសាស្ត្រប្រកបដោយតម្លាភាព និងចាស់ទុំនយោបាយបំផុត គឺការបញ្ចេញទិន្នន័យ ផែនទី និងឯកសារពាក់ព័ន្ធទាំងអស់ជាសាធារណៈនៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីឱ្យសាធារណជន និងអ្នកជំនាញឯករាជ្យបានពិនិត្យផ្ទៀងផ្ទាត់ដោយផ្ទាល់ ដោយមិនចាំបាច់ប្រើប្រាស់សង្គ្រាមពាក្យសម្ដីតាមបណ្ដាញសង្គមនោះឡើយ៕







