

អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសបានចោទប្រកាន់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ថា កំពុងព្យាយាមធ្វើឱ្យគណបក្សប្រឆាំងចុះខ្សោយ តាមរយៈការបង្កភាពចលាចលក្នុងរចនាសម្ព័ន្ធដឹកនាំ និងបំផ្លាញសមត្ថភាពរបស់គណបក្សទាំងនេះក្នុងការដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ការអះអាងនេះបន្ទាប់ពីក្រសួងមហាផ្ទៃ បដិសេធមិនទទួលស្គាល់ប្រធានគណបក្សឆន្ទៈខ្មែរ។
អ្នកនាំពាក្យនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ ខែតុលា លោក គឹម សុខ យល់ឃើញថា គោលដៅរបស់លោក ហ៊ុន សែន មិនមែនជាការរំលាយគណបក្សប្រឆាំងដោយផ្ទាល់នោះទេ ប៉ុន្តែជាការបង្កការបែកបាក់ផ្ទៃក្នុង ដើម្បីធ្វើឱ្យគណបក្សទាំងនេះបាត់បង់សមត្ថភាពប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
លោក គឹម សុខ បានចោទប្រកាន់ថា យុទ្ធសាស្ត្រនេះរួមមានការរំខានដល់រចនាសម្ព័ន្ធដឹកនាំរបស់គណបក្សប្រឆាំង និងធ្វើឱ្យបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់ពួកគេចុះខ្សោយ ដែលនឹងកាត់បន្ថយសមត្ថភាពរបស់ពួកគេក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ទោះបីជាពួកគេចូលរួមក្នុងការបោះឆ្នោតក៏ដោយ។
លោក គឹម សុខ៖ «គឺមានន័យថាលោកហ៊ុនសែននឹងប្រើគ្រប់កលល្បិចទាំងនោះ មិនឱ្យគណបក្សនយោបាយក្រៅរដ្ឋាភិបាល អាចរៀបចំបញ្ជីឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ងាយៗទេ ដោយសារតែលោកហ៊ុនសែនខ្លាចក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សក្រៅរដ្ឋាភិបាលដើរអុកលុក ឧក្រិដ្ឋកម្មឆបោកអនឡាញនៅមូលដ្ឋានរបស់ក្រុមគ្រួសារត្រកូលហ៊ុនដែលកំពុងតែប្រតិបត្តិការពេញដៃនៅឡើយ»។
លោក គឹម សុខ បានអះអាងថា លោក ហ៊ុន សែន មានការព្រួយបារម្ភថា នៅពេលបក្សប្រឆាំងជាប់ឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតមកពីគណបក្សប្រឆាំង អាចបើកប្រតិបត្តិការបង្រ្កាបការឆបោកតាមអនឡាញនៅតាមមូលដ្ឋានដែលអាចប៉ះពាល់ដល់ផលប្រយោជន៍របស់គ្រួសារត្រកូលហ៊ុន។
ការលើកឡើងរបស់លោក គឹម សុខ កើតឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបដិសេធមិនទទួលស្គាល់លោក សេង ម៉ារឌី ជាប្រធានគណបក្សឆន្ទៈខ្មែរ ហើយបន្តទទួលស្គាល់លោក សុក ហាច ជាប្រធានគណបក្សនេះដដែល។
ក្នុងលិខិតផ្សព្វផ្សាយជាសាធារណៈចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសថា ក្រសួងបាននិរាករណ៍ការទទួលស្គាល់លោក សេង ម៉ារឌី ជាប្រធានគណបក្សឆន្ទៈខ្មែរ ដែលក្រសួងធ្លាប់បានទទួលស្គាល់កន្លងមក។
ក្រសួងបានបញ្ជាក់ថា ការធ្វើអធិការកិច្ចបានរកឃើញថា ការតែងតាំងលោក សេង ម៉ារឌី កាលពីខែមីនា ឆ្នាំ២០២៦ មិនបានអនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងនោះទេ។ ក្រសួងបានឱ្យដឹងថា លោក សុក ហាច នឹងបន្តជាប្រធានគណបក្សដែលទទួលស្គាល់ជាផ្លូវការរហូតដល់ចប់អាណត្តិរបស់លោក ហើយបានជំរុញឱ្យគណបក្សរៀបចំមហាសន្និបាត ឬសមាជឱ្យបានត្រឹមត្រូវតាមច្បាប់ ប្រសិនបើមានបំណងផ្លាស់ប្តូរថ្នាក់ដឹកនាំ។
លោក សេង ម៉ារឌី សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយប្រគល់សិទ្ធិឱ្យលោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆ្លើយតបជំនួស។ ប៉ុន្តែទូរទស្សន៍អាស៊ីសេរី មិនអាចទទួលបានការអត្ថាធិប្បាយពីលោក គង់ មុនីកា បានទេ គិតត្រឹមពេលចេញផ្សាយព័ត៌មាននេះ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ គណបក្សឆន្ទៈខ្មែរបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ និងបានដាក់ញត្តិដកសេចក្តីទុកចិត្តលោក សុក ហាច ពីតំណែងប្រធានគណបក្ស។
កន្លងមក គណបក្សបានអះអាងថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំនេះជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង ដោយសារលោក សុក ហាច មានវ័យចំណាស់ និងមានបញ្ហាសុខភាព ដែលធ្វើឱ្យលោកពិបាកបំពេញការងារចុះមូលដ្ឋានបានពេញលេញដូចមុន។ គណបក្សក៏បានពន្យល់ថា ការផ្លាស់ប្តូរនេះជាវិធីមួយក្នុងការផ្ទេរតំណែងទៅឱ្យយុវជនជំនាន់ក្រោយ។
ការបដិសេធរបស់ក្រសួងមហាផ្ទៃក្នុងការផ្លាស់ប្តូរក្បាលម៉ាស៊ីដឹកនាំគណបក្សឆន្ទៈខ្មែរ កើតឡើងខណៈកម្ពុជាកំពុងត្រៀមសម្រាប់ការបោះឆ្នោតនាពេលខាងមុខ និងពិនិត្យឡើងវិញនូវបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គមយល់ថា ការបដិសេធរបស់ក្រសួងមហាផ្ទៃនៅពេលនេះ អាចធ្វើឱ្យពលរដ្ឋមានការចាប់អារម្មណ៍លើថ្នាក់ដឹកនាំបក្សនេះ កាន់តែខ្លាំង ហើយក៏អាចបង្ហាញថាបក្សកាន់អំណាចកំពុងព្រួយបារម្ភពីវត្តមានរបស់បក្សប្រឆាំងនៅក្នុងការបោះឆ្នោតក្នុងពេលខាងមុខផងដែរ៕









