

អ្នកគាំទ្រគណបក្សកម្លាំងជាតិម្នាក់ទៀត គឺលោក រឿន ខឿន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ដោយសារភាពសកម្មរបស់លោកក្នុងការបញ្ចេញមតិពីបញ្ហាសង្គម និងរឿងបាត់បង់ទឹកដីកម្ពុជា។ សង្គមស៊ីវិល និងគណបក្សប្រឆាំង ព្រួយបារម្ភកាន់តែខ្លាំង អំពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ខណៈការបោះឆ្នោត ឃុំសង្កាត់ និងថ្នាក់ជាតិជិតមកដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តប្រើប្រាស់ប្រព័ន្ធតុលាការ ជាឧបករណ៍ចោទប្រកាន់ និងដាក់ពន្ធនាគារលើសកម្មជន និងអ្នកនយោបាយគណបក្សប្រឆាំង ដោយមិនខ្វល់ពីអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។
ជាក់ស្តែង នៅថ្ងៃទី២៦ ខែតុលានេះ អ្នកគាំទ្រគណបក្សកម្លាំងជាតិនៅខេត្តបាត់ដំបង លោក រឿន ខឿន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់ និងជេរប្រមាថ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារ សិទ្ធិមនុស្ស អាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៦ ខែតុលា ថា ការសម្ដែងមតិរបស់ពលរដ្ឋ សកម្មជន និងអ្នកនយោបាយ ជាសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ។ លោកថា វិធីដោះស្រាយជាតិពិតប្រាកដ គឺវិធានការអប់រំណែនាំផ្ទៃក្នុងជាតិ ជាជាងការចាំខ្លួនខ្មែរដូចគ្នាដាក់ពន្ធនាគារ។
លោក យិន ម៉េងលី៖ «ការចាប់ខ្លួនជនហ្នឹង គឺមានដីការបស់សាលាដំបូងរាជធានីភ្នំពេញ។ នេះតាមការអះអាងរបស់មន្ត្រីនគរបាល ហើយឥឡូវឃុំខ្លួននៅពន្ធនាគារ ព្រៃសម១ ហើយគាត់ថា បទល្មើសនឹង វាអាចទាក់បទជេរប្រមាថ និងបទញុះញង់ ។ នេះព័ត៌មានខាងមន្ត្រីនគរបាលគាត់បានប្រាប់មក»។
លោក យិន ម៉េងលី មានប្រសាសន៍ថា កាលណារដ្ឋាភិបាល និងតុលាការ នៅតែប្រើវិធីរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ដោយការចាប់ខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការបញ្ចេញមតិ នោះរដ្ឋាភិបាលនឹងរងការរិះគន់ពីសហគមន៍អន្តរជាតិ រីឯប្រជាពលរដ្ឋ ក៏មិនសប្បាយចិត្តដែរ។ លោកបន្តថា ការគាបសង្កត់លើសេរីភាពបញ្ចេញមតិ នឹងជះឥទ្ធិពលមិនល្អ ដល់ការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងបោះឆ្នោតជាតិឆ្នាំ២០២៨ ដែលនឹងខិតជិតមកដល់។
ប្រពន្ធលោក រឿន ខឿន គឺលោកស្រី រិទ្ធ សារ៉ាត់ ទទូចឱ្យរដ្ឋាភិបាលទម្លាក់ចោលនូវបទចោទប្រកាន់ ហើយណែនាំអប់រំ ជំនួសការដាក់ប្តីលោកស្រីក្នុងពន្ធនាគារ។
លោកស្រី រិទ្ធ សារ៉ាត់៖ «ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាល ទម្លាក់ការចោទប្រកាន់មកលើប្ដីខ្ញុំការប្រើពាក្យសម្ដីមិនសមរម្យ ឬមួយគាត់ស៊ែរព័ត៌មាន ណាប៉ះពាល់ដល់រាជរដ្ឋាភិបាល ហៅគាត់ណែនាំធម្មតាទៅមិនចាំបាច់ចាប់គាត់ដាក់គុក។ ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាលដោះលែងប្ដីខ្ញុំមកវិញមក ដោយសារគ្រួសារ កូនអី ពឹងលើគាត់ ដល់ពេលចាប់គាត់អ៊ីចឹងគ្រួសារកាន់តែលំបាកវេទនា»។
លោក រឿន ខឿន ធ្វើការជាសន្តិសុខ នៅទីតាំងការងារមួយកន្លែង ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយក៏ជាមនុស្សសកម្មក្នុងការចែករំលែកព័ត៌មាន ពាក់ព័ន្ធនឹងបង្ហាញសង្គម ជាពិសេសបញ្ហាព្រំដែន និងប្រទេសជិតខាងឈ្លានពានទឹកដីខ្មែរ។ អ្នកគាំទ្រគណបក្សកម្លាំងជាតិរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២១ ខែតុលា នៅក្នុងក្រុងបាត់ដំបង ។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៦ ខែតុលាថា កាលណាអាជ្ញាធរ នៅតែមិនអនុវត្តតាមស្មារតីរដ្ឋធម្មនុញ្ញ ដែលផ្ដល់សេរីភាពដល់ពលរដ្ឋ និងគណបក្សនយោបាយ នោះការបោះឆ្នោតនាពេលខាងមុខ នឹងមិនមានបរិយាកាសល្អនោះទេ។
លោក សុខ គឹមសេង ព្រួយបារម្ភអំពីសិទ្ធិសេរីភាពប្រកួតប្រជែងនយោបាយ ដោយអះអាងថា មកដល់នេះ មានសកម្មជន និងអ្នកគាំទ្រគណបក្សកម្លាំងជាតិប្រមាណ ២០ នាក់ហើយ ដែលកំពុងជាប់ឃុំ ពាក់ព័ន្ធនឹងការបញ្ចេញមតិ ខណៈអ្នកទោសមនសិការ និង អ្នកទោសនយោបាយ លើសពី ១០០នាក់ នៅក្នុងពន្ធនាគារ។ លោកស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំផ្នែកនយោបាយ និងមនសិការទាំងអស់។
លោក សុខ គឹមសេង៖ «ដោយឡែកអ្នកដែលមាននិន្នាការមិនទំនោរគាំទ្រគណបក្សក្រៅរដ្ឋាភិបាល គណបក្សប្រឆាំង គាត់មានសិទ្ធិសេរីភាព បញ្ចេញមតិនេះរហូតដល់លើសក្រមសីលធម៌ទៀត តែមិនដែលឃើញមានការអនុវត្តជាទោសទណ្ឌច្បាប់ទេ។ នេះជាអ្វីដែលខ្ញុំបារម្ភ ក្នុងនាមជាអ្នកនយោបាយថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់យើង កាន់តែរួមតូចទៅៗ»។
កាលពីចុងខែកក្កដា អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Tom Andraws) បានដាស់តឿននៅចំពោះមុខលោក ហ៊ុន ម៉ាណែត ដោយទទូចឲ្យដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យព្រមទាំងដោះលែងអ្នកទោសនយោបាយ និង អ្នកទោសមនសិការ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៨ ខិតជិតមកដល់៕









