អ្នកឃ្លាំមើល​ទទូចឱ្យរដ្ឋាភិបាលបើកសេរីភាពសារព័ត៌មាន ដើម្បី​គ្រប់គ្រង​ព័ត៌មាន​មិនពិត និង ក្លែងក្លាយ​តាម​អេអាយ

0
14
រូបភាពដឹកនាំក្រសួងព័ត៌មាន មន្ត្រីរាជការនិងសិស្សានុសិស្សលើកបដានិយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។  រូបភាពក្រសួងព័ត៌មាន
រូបភាពដឹកនាំក្រសួងព័ត៌មាន មន្ត្រីរាជការនិងសិស្សានុសិស្សលើកបដានិយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។  រូបភាពក្រសួងព័ត៌មាន

ក្រុមអ្នកឃ្លាំមើល​ទទួច​ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកសេរីភាព ដល់​បណ្ដាញ​ព័ត៌មាន​សេរី ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​មិនពិត និង​ការ​ផ្សព្វផ្សាយ ក្លែងក្លាយ ដែលបំភ័ន្តដោយប្រើអេអាយ (AI)។ ការ​ទទូច​ទាមទារ​នេះ ធ្វើ​ឡើង ​នៅ​ចំ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ស្តីពី​ព័ត៌មាន​មិនពិត និង​ព័ត៌មានក្លែងក្លាយ។

អ្នកឃ្លាំមើល​ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រៀនសូត្រពីការបើកលំហ សេរីភាព នៅប្រទេសអាល្លឺម៉ង់ និង​ស្វីស ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និង ការ​ផ្សព្វផ្សាយក្លែងក្លាយ ដែលប្រឌិតរឿងដោយប្រើអេអាយ។ ពួកគាត់ ថា ពេលពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានសេរីភាពបញ្ចេញមតិ ដោយគ្មានការភ័យខ្លាច នោះព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ នឹងសាបរលាបឯង។

ប្រធាន​អង្គការប្រជាធិបតេយ្យខ្មែរ នៅ​ប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៤ ខែវិច្ឆិកា ថា លំហសេរីភាពបញ្ចេញមតិ របស់ពលរដ្ឋ នៅអាល្លឺម៉ង់ និង​ស្វីស គឺជាគំរូដ៏ល្អបំផុត ដែលរដ្ឋាភិបាលកម្ពុជា គួរតែពិចារណារៀនសូត្រ យករៀបចំប្រទេសកម្ពុជា ឱ្យដើរលើផ្លូវត្រូវ ជាពិសេស ការបើកសេរីភាពសារព័ត៌មាន។

លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ល្មមឈប់ប្រើព័ត៌មានក្លែងក្លាយ និង​ផលិតកម្មមួលបង្កាច់ដោយប្រើ​អេអាយ ដើម្បី​គ្រាន់តែបំភ័ន្ត ប៉ងបំបាក់គូប្រជែងនយោបាយ និង​បិទសំឡេងប្រជាពលរដ្ឋទៅ ពីព្រោះ វិធីនេះនាំគ្រោះធំណាស់ដល់កម្ពុជា ខណៈប្រទេសជាតិ កំពុងប្រឈមការ ឈ្លានពានពីបរទេសជិតខាង និង​ការវាយលុករបស់បណ្ដាញឆបោកអនឡាញ។

លោក​ថា រដ្ឋធម្មនុញ្ញកម្ពុជា មានខ្លឹមសារប្រជាធិបតេយ្យល្អណាស់ ដូច្នេះ គួរ ណាស់តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នាំកម្ពុជាឱ្យក្លាយជាប្រទេសគំរូ ក្នុង​ការ​បើកសេរីភាពផ្សព្វផ្សាយ និងសិទ្ធិសេរីភាពប្រជាពលរដ្ឋទូទៅ ដូចមាន​អនុវត្តន៍ នៅប្រទេសប្រជាធិបតេយ្យ អាល្លឺម៉ង់ និង​ស្វីស។

«បើសិនជាបានរៀនសូត្រពីបណ្ដាលប្រទេស ដែលមានភាពជឿនលឿនដូចជាអាល្លឺម៉ង និងស្វីល ទាំងអស់ហ្នឹង គេចែករំលែក

លោក ស៊ឹង សែនករុណា

មកកម្ពុជា ហើយខ្លួនបានទៅរៀនសូត្រ ទទួលយកមកអនុវត្តឱ្យល្អប្រសើរ ហើយ ធ្វើតាមការណែនាំការរៀបចំគោលដៅ ឬក៏គោលនយោបាយរួមហ្នឹង យកមក អនុវត្តបានឱ្យប្រសើរ អាហ្នឹងវាជាផលចំណេញសម្រាប់កម្ពុជា ប៉ុន្តែ បើសិនជាឱ្យ​គេរៀនសូត្រពីកម្ពុជា។ ខ្ញុំគិតថា ដូចជា មិនមានចំណុចណា ដែលគេត្រូវរៀនសូត្រ​នោះទេ»។

ការលើកឡើងនេះ ធ្វើឡើងចំពេលក្រសួងព័ត៌មាន ធ្វើជាម្ចាស់ផ្ទះ នៃសិក្ខាសាលា អាស៊ាន រយៈពេល ២ថ្ងៃ នៅថ្ងៃទី៤ និង ថ្ងៃទី៥ ខែវិច្ឆិកា ដោយរៀបចំរួមគ្នា ជាមួយដៃគូអភិវឌ្ឍន៍អាល្លឺម៉ង់ និងស្វីស។ សិក្ខាសាលានេះ មានលក្ខណៈពហុភាគី ដែលប្រមូលផ្តុំអ្នកធ្វើគោលនយោបាយក្នុងតំបន់ ក្រុមហ៊ុនបច្ចេកវិទ្យា អ្នកសិក្សា និង ក្រុមសង្គមស៊ីវិលនៅកម្ពុជា។

សិក្ខាសាលាពហុភាគីនេះ មានគោលបំណងបង្កើតយុទ្ធសាស្ត្រសម្របសម្រួល ក្នុង ចំណោមរដ្ឋជាសមាជិកអាស៊ាន ដើម្បីគ្រប់គ្រងព័ត៌មានមិនពិត ខណៈសេរីភាព នៃការបញ្ចេញមតិ កំពុងប្រឈមនឹងតុល្យភាពដ៏លំបាកមួយ ដោយសារឧបករណ៍ Aiជំនាន់ថ្មី។ កិច្ចពិភាក្សានឹងគ្របដណ្តប់លើប្រធានបទស្តីពី អភិបាលកិច្ចព័ត៌មាន ឌីជីថល (Digital) ការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ (Media Literacy) និង យុទ្ធសាស្ត្រនានា ដើម្បីពង្រឹងវិស័យព័ត៌មានអាស៊ាន និងក្រុមហ៊ុនបច្ចេក វិទ្យាធំៗ នៅលើពិភពលោក។
កម្ពុជា​សង្ឃឹមថា ខ្លួននឹងអាចប្រើប្រាស់យុទ្ធនាការថ្នាក់ជាតិ ស្តីពី «ការនិយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ដើម្បីចូលរួមចំណែក ក្នុង​ការតម្រង់ទិសក្របខ័ណ្ឌគោលនយោបាយក្នុងតំបន់។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ខ្លួនឯង ដែលបាន លើកទឹកចិត្តក្រុមអ្នកផ្សព្វផ្សាយរបស់ខ្លួន​ឱ្យប្រើប្រាស់ អេអាយ ដើម្បីប្រឌិតរឿង មួលបង្កាច់គូប្រជែងនយោបាយ ដូចជា ការផលិតវីដេអូ អេអាយ បំភ្លៃការពិត​ចោទប្រកាន់ថា លោក សម រង្ស៊ី គប់គិតជាមួយភាគីថៃ​ពាក់ព័ន្ធនឹងបញ្ហាព្រំដែន និង​ស្ថានការណ៍នយោបាយ ជាដើម។

នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៤ ខែវិច្ឆិកា ថា អេអាយ​អាចឱ្យមានការផលិត​ប្រធានបទ និង ច្នៃសាច់រឿងបានលឿនទាន់ចិត្ត ប៉ុន្តែ ក៏មានផលប៉ះពាល់ធំដែរ ក្នុងករណីអ្នកផលិត មិន​គោរព​ក្រម​សីលធម៌ផ្សព្វផ្សាយ និង​ខ្វះលក្ខខណ្ឌបញ្ជាក់ ប្រភពព័ត៌មានឱ្យបានត្រឹមត្រូវ។ លោកថា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ ឬ ការ​ប្រឌិតរឿងដោយប្រើអេអាយ​ទាមទារឱ្យរដ្ឋាភិបាល និង អ្នកពាក់ព័ន្ធ​ធ្វើការរួមគ្នា ដោយមិនអាចផាត់ចោលក្រុមណាមួយទេ ដូចជា អង្គការសិទ្ធិមនុស្សជាដើម។

«ដំណោះស្រាយយើងមានហើយ មិនថា អត់មានទេ មានតាម​រយៈការ​ធ្វើការរួមគ្នា តាមរយៈការឱ្យមានជាកិច្ចពិភាក្សារួម ដើម្បីដោះស្រាយ​បញ្ហាទាំងអស់នឹងរួមគ្នា ព្រោះបើសិនជាយើងផាត់ចោលណាមួយ ភាគីណាមួយ ជាពិសេសរឿង អង្គការសិទ្ធិមនុស្ស មិនឱ្យចូលរួមនៅក្នុងដំណើរការហ្នឹង អាហ្នឹង​ហើយគឺជារឿងការដោះស្រាយមួយ ដែលវាបានមួយផ្នែក ប៉ុន្តែវាប៉ះពាល់​មួយ​ផ្នែក»។

លោក ណុប វី

អ្នកឃ្លាំមើល​លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវបើកសិទ្ធិសេរីភាព បញ្ចេញមតិដល់ពលរដ្ឋប្រព័ន្ធផ្សព្វផ្សាយសេរី និង​សេរីភាពសង្គមស៊ីវិល​ឱ្យ​ទូលំទូលាយ ទើប​មានឥទ្ធិពលសង្កត់ព័ត៌មានក្លែងក្លាយ ឬការប្រឌិតរឿង ដោយប្រើ​អេអាយ​ឱ្យក្រាបបាន។

ពួកគាត់បារម្ភថា នៅពេលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បង្កើតក្រុមឃោសនិករបស់ខ្លួន ដើម្បីប្រឌិតរឿង ដោយប្រើអេអាយដែរនោះ ធ្វើឱ្យសង្គមជាតិកាន់តែច្របូកច្របល់ និងបញ្ហា នយោបាយ កាន់តែធ្លាក់ទៅក្នុងវិបត្តិ ហើយការប្រឌិតរឿងដោយប្រើអេអាយ ក៏ក្លាយជាសង្គ្រាមព័ត៌មាន ដែលប្រទេសនីមួយៗ ប្រើវាយបកគ្នា ក្នុងសង្គ្រាមទឹកដី ដែលគ្មានវិធីរកដំណោះស្រាយ​ពន្លត់ជម្លោះបាន​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ