លោក ហ៊ុន ម៉ាណែត ​ស្នើ​ឱ្យ​​​បញ្ញវន្ត​​​​សរសេរ​សៀវភៅ​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​ឱ្យ​បាន​​ច្រើន

0
3
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅបរទេសកាលពីថ្ងៃទី១៦ ​ខែ​តុលា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅបរទេសកាលពីថ្ងៃទី១៦ ​ខែ​តុលា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​​​​​​​​​​​​ស្នើ​ឱ្យ​​បញ្ញវន្ត​​​​សរសេរ​សៀវភៅ​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​​​​​​​​ឱ្យ​បាន​​​​ច្រើន​ ព្រោះ​កន្លង​ទៅ​មាន​តែ​ជន​បរទេស​​​ជា​អ្នក​សរសេរ​ ​​ដែល​​​​​ធ្វើ​ឱ្យ​​ការ​សរសេរ​មិន​បាន​​គ្រប់​ជ្រុង​​ជ្រោយ។ អ្នក​​ឃ្លាំ​មើល​​​សាទរ​ចំពោះ​ការ​លើក​​ឡើង​របស់​​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ពួក​គាត់​​ស្នើ​​ឱ្យ​​​​​​​​​​​​​រដ្ឋាភិបាល​​​​​​​គួរ​តែ​​បើក​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​តែង​និពន្ធ ព្រម​ទាំង​បញ្ឈប់​ទម្លាប់​ប្រើ​មន្ត្រី​អែបអប ​​​​ឱ្យ​​សរសេរ​សៀវភៅ និង​ខ្សែ​​ភាព​យន្ត​លើក​សរសើរ​​​​​​​ខុស​ពី​ការ​ពិត​​​​​អំពី​គុណ​សម្បត្តិ​របស់​​​​​​​​​​រដ្ឋាភិបាល​​គ្រួសារ​ហ៊ុន​​​ និង​​​​​កែខៃ​បំភ្លៃ​ប្រវត្តិ​សាស្ត្រ​ ​ហួសហេតុ​ពេក​​​​​​​ដើម្បី​​​តែ​​ផល​​​​ប្រយោជន៍​​​នយោបាយ។

​​​​​​​​​​​​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា បាន​ថ្លែង​នៅ​ក្នុង​ពិធី​​បើក​ពិព័រណ៍​ខួប ១០០​ឆ្នាំ​នៃ​​បណ្ណសារដ្ឋាន​ជាតិ​​​​ថា​ លោក​ កោត​សរសើរ​​​ចំពោះ​ការ​​ប្រឹងប្រែង​​រក្សា​ឯកសារ​ ​នៅ​ក្នុង​បណ្ណាល័យ​ជាតិ​​ ដែល​មាន​​អាយុ​កាល​១០០​ឆ្នាំ​ហើយ។ លោក​ចាត់​ទុក​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំង​នោះ​​គឺ​ជា​​​​គុណ​តម្លៃ​ឥត​គណនា។ ជាមួយ​គ្នា​នោះ​លោក​ជំរុញ​ឱ្យ​​​បញ្ញវន្ត​ខ្មែរ​ នាំ​គ្នា​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​ឱ្យ​បាន​ច្រើន​ ​ដើម្បី​តម្កល់​ទុក​ក្នុង​បណ្ណាល័យ​ជាតិ ​​​​​ឱ្យ​កូនខ្មែរ​បាន​អាន។

លោក​បញ្ជាក់​ថា កន្លង​ទៅ​​ ឯកសារ​​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ភាគ​ច្រើន​ សរសេរ​ដោយ​​ជន​បរទេស​​​​ ដែល​​​​​​តែងតែ​​​អះអាង​​ផ្សេង​ៗ​គ្នា​ ​អំពី​ប្រទេស​កម្ពុជា​​​ ដោយ​ពុំ​បាន​​​​​​​​​គ្រប់ជ្រុងជ្រោយ​​​​អំពី​ប្រពៃណី និង​វប្បធម៌​ខ្មែរ​​​​​​ ដែល​​​​​​​អាច​ធ្វើ​ឱ្យ​​​​​​និស្សិត​ខ្មែរ​​​​ខ្លះ​ ​​យល់​ច្រឡំ។ បន្ថែម​ពី​លើ​នេះ​​​​ ​លោក​​ថា​​ ​​​ឯកសារ​ប្រវត្តិសាស្ត្រ​ ​​​មាន​​​​សារៈសំខាន់​​ជា​ខ្លាំង​ ​​​​ដែល​​​​ពលរដ្ឋ​ខ្មែរ​ ត្រូវ​​​​​​​​អាន​​​​​​​​ជា​ប្រចាំ​​​ ដើម្បី​​​​​បាន​​ដឹង​អំពី​​​​​​អត្តសញ្ញាណ​ជាតិ​​ រួម​នឹង​បង្កើន​ចំណេះដឹង​ និង​សមត្ថភាព។​​​​​​​​​​​​​​​​​

«ខ្មែរ​រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​ជន​បរទេស​សរសេរ​ឱ្យ​យើង​។ អញ្ចឹង​បាន​ត្រូវ​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ខ្មែរ​​​ស្រាវជ្រាវ​​ កូន​ខ្មែរ​ស្រាវ​ជ្រាវ​​ បង្កើត​ស្នាដៃ ចែក​រំលែក​ទៅ។ សរសេរ​​និក្ខេបបទ​​​ដែល​ ផ្អែក​ទៅ​លើ​ឯកសារ ​ មាន​គុណភាព ​ហើយ​ ដែល​សំខាន់។ ឯកសារ​មួយ​ចំនួន​សរសេរ​មិន​ច្បាស់​ខុស។​ អាហ្នឹង​ខុស​គ្រូ​កែ​មួយ ​តែ​ខុស​ប្រវត្តិសាស្ត្រ​ពិបាក​​កែ​​ ព្រោះ​ឥឡូវ​ប្រវត្តិសាស្ត្រ​កន្លែង​ខ្លះ ប្រទេស​ពីរ​សរសេរ​ខុស​ពីរ​​គ្នា។ ប្រទេស​មួយ​សរសេរ​ថា​ប្រទេស​មួយ​ជា​ម្ចាស់ តែ​ប្រទេស​មួយ​ទៀត​សរសេរ​​​​ថា​​ ប្រទេស​មួយ​ទៀត​ជា​ម្ចាស់»។

លោក ហ៊ុន ម៉ាណែត

​​​បណ្ណសារដ្ឋាន​ជាតិ​​​មាន​​ទីតាំង​​​​​​ស្ថិត​នៅ​​​​កណ្ដាល​ទី​ក្រុង​ភ្នំពេញ​​ ​​​ជិត​​​​បូជនីយដ្ឋាន​​វត្ត​ភ្នំ។ បណ្ណសារដ្ឋាន​​ជាតិ​នេះ​​ ​បាន​​បង្កើត​ឡើង​​តាំង​ពី​សម័យ​អាណានិគម​បារាំង ​​​ដែល​បាន​​​​​​​​ថែ​រក្សា​ឯកសារ​​​​​​​​​​ជា​ច្រើន។ ជាមួយ​គ្នា​នេះ​ ការ​តាំង​​ពិព័រណ៍​ខួប ​១០០ឆ្នាំ ​នៃ​​បណ្ណសារដ្ឋាន​ជាតិ​​​​​ នៅ​​ឆ្នាំ​នេះ ​​​​​ក្រោម​ប្រធានបទ “មួយ​សតវត្ស​​នៃ​ការ​ចងចាំ ឆ្ពោះ​ទៅ​ការ​លើក​កម្ពស់​អត្តសញ្ញាណ​ជាតិ” ​​ ក្នុង​គោល​បំណង​​ ​​រំលឹក​​​អំពី​​​ដំណើរ​​ការ​​របស់​ស្ថាប័ន​​ថែ​រក្សា​មរតក​ឯកសារ និង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​រួម​ក្នុង​ការ​អភិរក្ស និង​ធ្វើ​ឱ្យ​បណ្ណសារ​ក្លាយ​ជា​ចំណេះដឹង។

ថ្វីត្បិត​ថា​​ បណ្ណសារដ្ឋាន​ជាតិ​បាន​បំពេញ​តួនាទី​ជា​ឃ្លាំង​រក្សា​បណ្ណសារ​ប្រវត្តិសាស្ត្រ សៀវភៅ​បុរាណ កាសែត ផែនទី និង​កំណត់​ត្រា​សំខាន់ៗ និង​ជា​ថ្នាល​ចំណេះដឹង​សម្រាប់​អ្នក​ស្រាវជ្រាវ និង​មនុស្ស​ជំនាន់​ក្រោយ​​ក្ដី​ជា​ច្រើន​ឆ្នាំ​មក​នេះ បណ្ណសារដ្ឋាន​ជាតិ​​​​ ហាក់​​ពុំ​សូវ​មាន​យុវជន ឬ​និស្សិត​ចូល​​អាន​ច្រើន​នោះ​ទេ ដែលខុស​ពី​បណ្ដា​ប្រទេស​​​​​មួយ​​​ចំនួន។ អ្នក​ឃ្លាំមើល​​​​​សង្កេត​ឃើញ​ថា ការ​ដែល​​យុវជន​ខ្មែរ​ភាគ​ច្រើន​ពុំសូវ​មាន​​​អាន​សៀវភៅ គឺ​ដោយ​សារ​តែ​ប្រព័ន្ធ​អប់រំ​​នៅ​កម្ពុជា​​​ និង​ទម្លាប់​ប្រចាំ​ថ្ងៃ​​ ក្នុង​​​គ្រួសារ​ ពុំ​បាន​​លើក​​​ទឹក​ចិត្ត ឬ​ណែនាំ​​ ​ឱ្យ​​​​​ទម្លាប់​​អាន​សៀវភៅ។

អ្នក​តាមដាន​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​​នៅ​ថ្ងៃ​ទី​​០៤ ខែ​វិច្ឆិកា​​ថា ការ​អំពាវនាវ​ របស់​លោក ហ៊ុន ម៉ាណែត ឱ្យ​បញ្ញវន្ត​ខ្មែរ​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​ជាតិ​ឱ្យ​​​​​​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​អាន​ប្រវត្តិសាស្ត្រ​ដែល​ចង​ក្រង​ដោយ​ជនបរទេស គឺ​ជា​គំនិត​ផ្ដួចផ្ដើម​​ដ៏​ល្អ​មួយ​នៅ​លើ​ក្រដាស។ លោក​​​​បន្ត​ថា ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ស្រាវជ្រាវ និង​ការ​ចង​ក្រង​ប្រវត្តិសាស្ត្រ​ពី​សំណាក់​អ្នក​ប្រាជ្ញ​ក្នុង​ស្រុក គឺជា​ជំហាន​ចាំ​បាច់​មួយ​ក្នុង​ការ​កសាង​ឯករាជ្យ​ភាព​ខាង​គំនិត និង​ប្រវត្តិសាស្ត្រ។
ទោះ​ជា​យ៉ាង​ណា​​​​លោក​ថា ប្រសិន​បើ​​​​ពិនិត្យ​មើល​ទិដ្ឋភាព​ជាក់ស្ដែង ​ នៅ​ក្នុង​បរិបទ​ដែល​ការ​បញ្ចេញមតិ ​និង​ការ​រិះគន់​ត្រូវ​បាន​​​​​​​​​​រឹត​ត្បិត​​​​​យ៉ាង​តឹងរ៉ឹង ​ការ​សរសេរ​ប្រវត្តិសាស្ត្រ​ប្រកប​ដោយ​ការ​ពិត និង​វិទ្យាសាស្ត្រ គឺ​ជា​ការ​ប្រឈម​មុខ​នឹង​​គ្រោះថ្នាក់។ ដូច្នេះ​ហើយ​ លោក​​​​មើល​​​ឃើញ​ថា​​​​ ​មន្ត្រី និង​អ្នកនិពន្ធ​​​​ជា​ច្រើន​​ដែល​​ ​នៅ​​ជុំវិញ​រដ្ឋាភិបាល​​​​​កំពុង​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​តាម​រយៈ ​​ ​ការ​​​ប្រើ​ប្រាស់​ស្នាដៃ​សំណេរ ចម្រៀង​ ឬ​ការ​ផលិតភាព​យន្ត ដើម្បី​បម្រើ​ឱ្យ​របៀបវារៈ​នយោបាយ បំផ្លើស​ការពិត និង​លើក​តម្កើង​សមិទ្ធផល​របស់​បក្ស​កាន់​អំណាច ​​ដែល​នេះ​គឺ​​​​​ជា​​​​​​ការ​ដឹកនាំ​​​ឆ្ពោះ​​ទៅ​ភាព​​ក្រិន​​នៃ​គំនិត។

លោក សេង វណ្ណលី បញ្ជាក់​ថា​ នៅ​ពេល​ដែល​ប្រវត្តិសាស្ត្រ​ត្រូវ​បាន​កែច្នៃ​ឱ្យ​ក្លាយ​ជា​ឧបករណ៍​ឃោសនា​នយោបាយ តើ​បញ្ញវន្ត​ណា​ខ្លះ​ហ៊ាន​សរសេរ​នូវ​អ្វី​ដែល​​​ផ្ទុយ​ពី​ប្រយោជន៍ ឬ​ការ​ចង់​បាន​របស់​អ្នក​ដឹកនាំ​? លើស​ពី​នេះ​​ លោក​ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​ពិត​ជា​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បើក​ចំហ​ឱ្យ​មាន​​ប្រវត្តិសាស្ត្រ​ពិត​ដែរ​ ឬ​ទេ? លោក​អះអាង​ថា ប្រវត្តិសាស្ត្រ​ត្រឹមត្រូវ និង​ទូលំទូលាយ​មិន​មែន​មាន​តែ​រឿង​រ៉ាវ​ជោគជ័យ និង​ការ​លើក​តម្កើង​ភាគី​ម្ខាង​នោះ​ទេ ប៉ុន្តែ​វា​រាប់​បញ្ចូល​ទាំង​ការ​ទទួល​ស្គាល់​កំហុស​ឆ្គង កែប្រែ​ទំព័រ​ខ្មៅ​ងងឹត និង​ការ​ពិភាក្សា​លើ​ប្រធាន​បទ​រសើប​ៗ​ ដូច​ជា​ ជម្លោះ​នយោបាយ​ផ្ទៃ​ក្នុង បញ្ហា​ព្រំដែន ឬ​ឥទ្ធិពល​បរទេស​ជិត​ខាង​។

«ការ​ចង់​បាន​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​សរសេរ​ដោយ​ជនជាតិ​ខ្មែរ គឺ​ជា​បំណង​ប្រាថ្នា​ដ៏​ត្រឹម​ត្រូវ ប៉ុន្តែ​វា​នឹង​គ្មាន​ន័យ និង​គ្មាន​ប្រសិទ្ធភាព​ឡើយ ដរាប​ណា​សេរីភាព​អក្សរ​សាស្ត្រ និង​សេរីភាព​សិក្សា​ស្រាវជ្រាវ មិន​ទាន់​ត្រូវ​បាន​ធានា​ពេញ​លេញ។ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​ប្រវត្តិសាស្ត្រ​ពិត លោក ហ៊ុន ម៉ាណែត មិន​ត្រឹម​តែ​ត្រូវ​អំពាវនាវ​ឱ្យ​សរសេរ​សៀវភៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​បង្កើត​បរិយាកាស​សុវត្ថិភាព​សម្រាប់​អ្នក​ស្រាវជ្រាវ ត្រូវ​បញ្ឈប់​ការ​ជួយ​ជ្រោមជ្រែង​ការ​ផលិត​ស្នាដៃ​បែប​បំភ្លៃ ឬ​អែបអប​នយោបាយ និង​ត្រូវ​បើក​ចិត្ត​ទទួល​យក​ការ​ពិត​ជា​ប្រវត្តិសាស្ត្រ ទោះ​ជា​ការ​ពិត​នោះ​មិន​ស្រប​តាម​បំណង ឬ​ប្រយោជន៍​នយោបាយ​បច្ចុប្បន្ន​ក៏​ដោយ​»​។

លោក សេង វណ្ណលី

កន្លង​ទៅ​ អ្នក​ដែល​សរសេរ​សៀវភៅ និង​អ្នក​ដែល​និយាយ​ការ​ពិត ដើម្បី​ប្រយោជន៍​ជាតិ តែ​មិន​ស្រប​នឹង​ទស្សនៈ​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន នោះ​ គឺ​លោក ហ៊ុន សែន និង​បក្ខពួក តែង​ចាត់​ទុក​ជា​សត្រូវ ជា​ក្រុម​អគតិ ឬ​ក្បត់​ជាតិ ហើយ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក ឬ​ត្រូវ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​រស់​នៅ​បែក​បាក់​គ្រួសារ​ជា​ដើម។ ចំណែក​អ្នក​ដែល​និយាយ ឬ​សរសេរ និង​ច្រៀង​លើក​ជើង​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​​​របស់​លោក​នោះ តែង​តែ​ទទួល​បាន​លុយ និង​តំណែង​ធំ​ៗ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​រាជការ​ស៊ីវិល។​អ្នក​ទាំង​នោះ​ រាប់​ចាប់​តាំង​ពី​អ្នក​កំប្លែង អ្នកនិពន្ធ អ្នក​ចម្រៀង​ល្បី​ៗ​ទាំង​បុរាណ និង​សម័យ អ្នក​កាសែត និង​មន្ត្រី​អែបអប​ជា​ដើម។

អ្នកឃ្លាំមើល​​​សង្កេត​ឃើញ​ថា​​ ប្រសិន​បើ​ប្រវត្តិសាស្ត្រ​ដែល​​រដ្ឋាភិបាល​ចង់​បាន ​គ្រាន់​តែ​ជា​ការ​ចង​ក្រង​ឯកសារ​ដែល​អបអរសាទរ​តែ​ភាគី​​រដ្ឋាភិបាល ហើយ​ផាត់​ចោល ឬ​ទម្លាក់​កំហុស​លើ​ភាគី​ផ្សេងៗ នោះ​ប្រវត្តិសាស្ត្រ​បង្កើត​ថ្មី​នេះ ​នឹង​មិន​ខុស​ពី​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​បំពុល​ឡើយ ហើយ​វា​ស្ទើរ​តែ​គ្មាន​តម្លៃ​ក្នុង​ន័យ​វិទ្យាសាស្ត្រ និង​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ