លោក ហ៊ុន ម៉ាណែត ចូលរួមប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន ខណៈ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នៅ​គ្មាន​ដំណោះស្រាយ

0
138
​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ចូលកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី១៧ វិច្ឆិកា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ចូលកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី១៧ វិច្ឆិកា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​មាន​វត្ត​មាន​នៅ​ទី​ក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Phillipines) ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​។ កិច្ចប្រជុំ​នេះ​កំពុង​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់​ៗ ដូច​ជា បញ្ហា​សន្តិ​សុខ​សកល សេដ្ឋកិច្ច និង​ភាព​តានតឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ រួម​ទាំង​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​ផង​ដែរ​។

មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា វត្ត​មាន​របស់​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​នឹង​គ្មាន​ប្រយោជន៍​ដដែល ប្រសិន​បើ​លោក​មិន​ហ៊ាន​បញ្ជាក់​ប្រាប់​សមាជិក​អាស៊ាន​ឱ្យ​បាន​ច្បាស់​ថា ថៃ​កំពុង​កាន់​កាប់​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់ និង​រារាំង​ពលរដ្ឋ​ជាង​២ម៉ឺន​នាក់​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋានវិញ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នោះ​ទេ។

បន្ទាប់​ពី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី ​នៅ​ទី​ក្រុង​ភ្នំពេញ លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ដែល​ប្រទេស​ហ្វីលីពីន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ដល់ថ្ងៃទី១៧ ខែ​វិច្ឆិកា ក្រោម​មូល​បទ «រួម​គ្នា​តម្រង់​ទិស​អនាគត​របស់​យើង​»។ កិច្ចប្រជុំ​នេះ​ក៏​​បាន​​ចាប់​អារម្មណ៍​ជុំ​វិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ដែរ​​ក្រោយ​ពី​ភាគី​កម្ពុជា​បាន​ស្នើ​ឱ្យ​អាស៊ាន​ដាក់​បញ្ចូល​តួលេខ​ពលរដ្ឋខ្មែរ​ជាង​២ម៉ឺន​នាក់​ដែល​កំពុង​​​ភៀស​សឹក​ ​ ចូល​​ទៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម ប៉ុន្តែ​ភាគី​ថៃ​បាន​បដិសេធ ដោយ​អះអាង​ថា ជា​ទិន្នន័យ​មិន​ពិត។

ទន្ទឹម​នឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​កំពុង​ធ្វើ​ឡើង បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ក៏​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ផង​ដែរ​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​មេដឹកនាំ​អាស៊ាន និង​សភា​អន្តរ​សភា​អាស៊ាន (AIPA) កាល​ពី​ថ្ងៃ​ទី​១៥ និង១៦ ខែ​វិច្ឆិកា។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ គណៈប្រតិភូ​សភា​កម្ពុជា​ដឹកនាំ​ដោយ ​អនុប្រធានទី១ នៃ​រដ្ឋសភា  លោក ជាម យៀប ​បាន​ព្យាយាម​នាំ​យក​បញ្ហា​ពលរដ្ឋ​ភៀស​សឹក​និង​ការ​អនុវត្ត​បទ​ឈប់​បាញ់​មក​បង្ហាញ​នៅ​ក្នុង​វេទិកា​តំបន់ ខណៈ​ភាគី​ថៃ​បាន​ជំទាស់​នឹង​ការ​លើក​ឡើង​មួយ​ចំនួន​ និង​ទាមទារ​ឱ្យ​ដោះស្រាយ​បញ្ហា​នេះ​តាម​យន្តការ​ទ្វេភាគី។

ទោះ​ជា​យ៉ាង​ណា ការ​ទាមទារ​របស់​ភាគី​កម្ពុជា​នេះ ត្រូវ​បាន​គាំទ្រ​ជា​ឯកច្ឆន្ទ​ពី​សមាជិក​សភា​នៃ​ប្រទេស​អាស៊ាន ដើម្បី​បញ្ចូល​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ និង​ស្ថានភាព​ពលរដ្ឋ​ជាង​២​ម៉ឺន​នាក់ ទៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ​របស់​ AIPA ផ្ញើ​ជូន​មេដឹកនាំ​អាស៊ាន។ សេចក្ដី​ថ្លែងការណ៍​នោះ​បាន​អំពាវនាវ​ឱ្យ​កម្ពុជា និង​ថៃ​គោរព​បទ​ឈប់​បាញ់ និង​អនុវត្ត​ដោយ​ស្មោះត្រង់​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​កូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែ​តុលា ​ឆ្នាំ២០២៥ ព្រម​ទាំង​គោរព​សេចក្ដី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ និង​ត្រូវ​បង្ក​លក្ខណៈ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាង​២​ម៉ឺន​នាក់​អាច​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ដោយ​សុវត្ថិភាព ព្រម​ទាំង​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ។

ជាមួយ​គ្នា​នេះ ភាគី​ថៃ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​នាំ​យក​បញ្ហា​ព្រំដែន និង​ដាក់​បញ្ហា​របស់​ពលរដ្ឋ​ជាង​២ម៉ឺន​នាក់​ទៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ AIPA នោះ​ឡើយ។ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Khaosod English និង The Nation   ប្រធាន​រដ្ឋ​សភា​ថៃ លោក​ សុផុន សារ៉ាម​ (Sophon Saram)   ​បាន​លើក​ឡើង​ថា ចំនួន​ពលរដ្ឋ​នេះ​ជា​តួលេខ​ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​បាន​ផ្ទៀងផ្ទាត់​រួម​គ្នា​ហើយ​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​តំបន់ អាច​ធ្វើ​ឱ្យ​គេ​យល់​ថា​ AIPA បាន​ទទួល​ស្គាល់​ការ​អះអាង​របស់​ភាគី​កម្ពុជា។

លោក​បាន​ទទូច​ថា បញ្ហា​ព្រំដែន​គួរ​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការ​ចរចា និង​យន្តការ​ទ្វេ​ភាគី ដែល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ជា​ជាង​ការ​នាំ​យក​បញ្ហា​នេះ​ទៅ​កាន់​វេទិកា​តំបន់។ ភាគី​ថៃ​ក៏​បាន​ផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​ប្រធាន​ AIPA ដើម្បី​ជំទាស់​នឹង​ការ​ដាក់​បញ្ចូល​ពាក្យ​ពេចន៍​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ជាង​២​ម៉ឺន​នាក់​នេះ​ផង​ដែរ​។​ ​ទោះ​ជា​យ៉ាង​ណា នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​នេះ កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​អាស៊ាន​បូក​៣ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ ក្រោយ​ពី​មាន​ការ​ជជែក​ពិភាក្សា​គ្នា​យ៉ាង​ក្ដៅ​គគុក​ជុំវិញ​បញ្ហា​អស្ថិរភាព​សេដ្ឋកិច្ច ថាមពល​ ពាណិជ្ជកម្ម និង​ការ​ប្រកួត​ប្រជែង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ជា​ដើម។

ដោយឡែក កិច្ច​ប្រជុំ​ពិសេស​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក ដែល​គ្រោង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​នេះ ត្រូវ​បាន​ខកខាន​វិញ ដោយ​សារ​តែ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ទើប​តែ​មក​ដល់​ទី​ក្រុង​ម៉ានីល​នៅ​ម៉ោង​៥​ល្ងាច។ ក្រឡេក​មក​មើល​ជម្លោះ​កម្ពុជា-ថៃ​វិញ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរីថា វត្តមាន​លោក ហ៊ុន ​ម៉ាណែត នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជំរុញ​ឱ្យ​សមាជិក​អាស៊ាន​គាំទ្រ​កម្ពុជា​ដើម្បី​ដាក់​សម្ពាធ​ផ្នែក​ការ​ទូត​លើ​ភាគី​ថៃ ឱ្យ​ដកទ័ព​ចេញ​ពី​ទឹក​ដី​ខ្មែរ​ ដែល​យោធា​ថៃ​កំពុង​កាន់​កាប់​ដោយ​ខុស​ច្បាប់​នៅ​ទី​តាំង​ជា​ច្រើន​នោះ​ទេ។

លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត នៅ​តែ​គ្មាន​ភាព​ច្បាស់​លាស់ និង​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​ភាគី​ថៃ​ នៅ​ពេល​ដែល​ភាគី​ថៃ​បាន​បដិសេធ​មិន​ឱ្យ​អាស៊ាន​ដាក់​បញ្ចូល​តួលេខ​ជន​ភៀស​សឹក​ខ្មែរ​ទៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អាស៊ាន។

«បើ​លោក ហ៊ុន ម៉ាណែត មិន​​បាន​​បង្ហាញ​​ជំហរ​ច្បាស់លាស់​​នៅ ក្នុង​ការ​តស៊ូ​មតិ​​ទេ។ ហើយ​ទី​​ពីរ​មិន​បង្ហាញ​ភស្តុតាង​ច្បាស់លាស់​​ដែល​ថៃ​ត្រួតត្រា​លើ​ទឹកដី កម្ពុជា​និង​ឈ្លានពាន​កម្ពុជា។ ទី​បី​មិន​បង្ហាញ​ភាព​ច្បាស់លាស់​ឲ្យ​ថៃ​វិល​ទៅ​កាន់​កិច្ច ព្រមព្រៀង​ចុង​ខែ​កក្កដា និង​ចុង​ខែ​ធ្នូ​ឆ្នាំ​២០២៥​វិញ​នោះ​មិន​មាន​លទ្ធផល​ល្អ​ទេ​សម្រាប់ កម្ពុជា។​​ ហើយ​ការ​ជជែក​គ្នា​ឬ​ដេញដោល​គ្នា​រវាង ភាគី​អនុទីន និង​ភាគី​លោក ហ៊ុន ម៉ាណែត វា​គ្រាន់តែ​ជា​វោហារសាស្ត្រ​ថ្លៃ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​មិន​មាន​លទ្ធផល​នៅ ពេល​ដែល​ថៃ​ព្យាយាម​អុក​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​លើ​អាស៊ាន​ហើយ​លោក ហ៊ុន ម៉ាណែត បែរ​ទៅ​ជា​មិន​បង្ហាញ​ភាព​រឹងមាំ​នៅ​ក្នុង​ការ​តស៊ូ​មតិ​រក​យុត្តិធម៌​​ណាស់»។

លោក គឹម សុខ

អ្នក​ឃ្លាំ​មើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត មាន​ម្ចាស់​ការ​ក្នុង​ការ​បង្ហាញ​ភស្តុតាង និង​ទិដ្ឋភាព​ជាក់​ស្តែង​ជូន​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​ពិត​ជា​កំពុង​ប្រឈម​នឹង​ការ​ឈ្លានពាន​ទឹក​ដី​ និង​ការ​រំខាន​ដល់​លំនៅឋាន​របស់​ពលរដ្ឋ​ពី​សំណាក់​យោធា​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ