

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងមានវត្តមាននៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Phillipines) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំនេះកំពុងពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា បញ្ហាសន្តិសុខសកល សេដ្ឋកិច្ច និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រួមទាំងជម្លោះព្រំដែនរវាងកម្ពុជា និងថៃផងដែរ។
មន្ត្រីបក្សប្រឆាំងលើកឡើងថា វត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំនេះនឹងគ្មានប្រយោជន៍ដដែល ប្រសិនបើលោកមិនហ៊ានបញ្ជាក់ប្រាប់សមាជិកអាស៊ានឱ្យបានច្បាស់ថា ថៃកំពុងកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់ និងរារាំងពលរដ្ឋជាង២ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ដើម្បីស្វែងរកដំណោះស្រាយនោះទេ។
បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅទីក្រុងភ្នំពេញ លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ក្រោមមូលបទ «រួមគ្នាតម្រង់ទិសអនាគតរបស់យើង»។ កិច្ចប្រជុំនេះក៏បានចាប់អារម្មណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃដែរក្រោយពីភាគីកម្ពុជាបានស្នើឱ្យអាស៊ានដាក់បញ្ចូលតួលេខពលរដ្ឋខ្មែរជាង២ម៉ឺននាក់ដែលកំពុងភៀសសឹក ចូលទៅក្នុងសេចក្ដីថ្លែងការណ៍រួម ប៉ុន្តែភាគីថៃបានបដិសេធ ដោយអះអាងថា ជាទិន្នន័យមិនពិត។
ទន្ទឹមនឹងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកំពុងធ្វើឡើង បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃក៏ត្រូវបានលើកយកមកពិភាក្សាផងដែរនៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន និងសភាអន្តរសភាអាស៊ាន (AIPA) កាលពីថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា។ នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ អនុប្រធានទី១ នៃរដ្ឋសភា លោក ជាម យៀប បានព្យាយាមនាំយកបញ្ហាពលរដ្ឋភៀសសឹកនិងការអនុវត្តបទឈប់បាញ់មកបង្ហាញនៅក្នុងវេទិកាតំបន់ ខណៈភាគីថៃបានជំទាស់នឹងការលើកឡើងមួយចំនួន និងទាមទារឱ្យដោះស្រាយបញ្ហានេះតាមយន្តការទ្វេភាគី។
ទោះជាយ៉ាងណា ការទាមទាររបស់ភាគីកម្ពុជានេះ ត្រូវបានគាំទ្រជាឯកច្ឆន្ទពីសមាជិកសភានៃប្រទេសអាស៊ាន ដើម្បីបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងស្ថានភាពពលរដ្ឋជាង២ម៉ឺននាក់ ទៅក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការរបស់ AIPA ផ្ញើជូនមេដឹកនាំអាស៊ាន។ សេចក្ដីថ្លែងការណ៍នោះបានអំពាវនាវឱ្យកម្ពុជា និងថៃគោរពបទឈប់បាញ់ និងអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងគោរពសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ និងត្រូវបង្កលក្ខណៈឱ្យពលរដ្ឋខ្មែរជាង២ម៉ឺននាក់អាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព ព្រមទាំងការពារសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។
ជាមួយគ្នានេះ ភាគីថៃបានបង្ហាញការមិនពេញចិត្តចំពោះការនាំយកបញ្ហាព្រំដែន និងដាក់បញ្ហារបស់ពលរដ្ឋជាង២ម៉ឺននាក់ទៅក្នុងសេចក្ដីថ្លែងការណ៍របស់ AIPA នោះឡើយ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English និង The Nation ប្រធានរដ្ឋសភាថៃ លោក សុផុន សារ៉ាម (Sophon Saram) បានលើកឡើងថា ចំនួនពលរដ្ឋនេះជាតួលេខដែលភាគីទាំងពីរមិនទាន់បានផ្ទៀងផ្ទាត់រួមគ្នាហើយការដាក់បញ្ចូលទៅក្នុងសេចក្ដីថ្លែងការណ៍តំបន់ អាចធ្វើឱ្យគេយល់ថា AIPA បានទទួលស្គាល់ការអះអាងរបស់ភាគីកម្ពុជា។
លោកបានទទូចថា បញ្ហាព្រំដែនគួរត្រូវបានដោះស្រាយតាមរយៈការចរចា និងយន្តការទ្វេភាគី ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា ជាជាងការនាំយកបញ្ហានេះទៅកាន់វេទិកាតំបន់។ ភាគីថៃក៏បានផ្ញើលិខិតផ្លូវការទៅកាន់ប្រធាន AIPA ដើម្បីជំទាស់នឹងការដាក់បញ្ចូលពាក្យពេចន៍ពាក់ព័ន្ធនឹងពលរដ្ឋជាង២ម៉ឺននាក់នេះផងដែរ។ ទោះជាយ៉ាងណា នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអាស៊ានបូក៣ ត្រូវបានបិទបញ្ចប់ហើយ ក្រោយពីមានការជជែកពិភាក្សាគ្នាយ៉ាងក្ដៅគគុកជុំវិញបញ្ហាអស្ថិរភាពសេដ្ឋកិច្ច ថាមពល ពាណិជ្ជកម្ម និងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយជាដើម។
ដោយឡែក កិច្ចប្រជុំពិសេសរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ ត្រូវបានខកខានវិញ ដោយសារតែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទើបតែមកដល់ទីក្រុងម៉ានីលនៅម៉ោង៥ល្ងាច។ ក្រឡេកមកមើលជម្លោះកម្ពុជា-ថៃវិញ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា វត្តមានលោក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ពុំមានប្រសិទ្ធភាពក្នុងការជំរុញឱ្យសមាជិកអាស៊ានគាំទ្រកម្ពុជាដើម្បីដាក់សម្ពាធផ្នែកការទូតលើភាគីថៃ ឱ្យដកទ័ពចេញពីទឹកដីខ្មែរ ដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់នៅទីតាំងជាច្រើននោះទេ។
លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នៅតែគ្មានភាពច្បាស់លាស់ និងជំហរម៉ឺងម៉ាត់ក្នុងការឆ្លើយតបទៅកាន់ភាគីថៃ នៅពេលដែលភាគីថៃបានបដិសេធមិនឱ្យអាស៊ានដាក់បញ្ចូលតួលេខជនភៀសសឹកខ្មែរទៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ាន។
«បើលោក ហ៊ុន ម៉ាណែត មិនបានបង្ហាញជំហរច្បាស់លាស់នៅ ក្នុងការតស៊ូមតិទេ។ ហើយទីពីរមិនបង្ហាញភស្តុតាងច្បាស់លាស់ដែលថៃត្រួតត្រាលើទឹកដី កម្ពុជានិងឈ្លានពានកម្ពុជា។ ទីបីមិនបង្ហាញភាពច្បាស់លាស់ឲ្យថៃវិលទៅកាន់កិច្ច ព្រមព្រៀងចុងខែកក្កដា និងចុងខែធ្នូឆ្នាំ២០២៥វិញនោះមិនមានលទ្ធផលល្អទេសម្រាប់ កម្ពុជា។ ហើយការជជែកគ្នាឬដេញដោលគ្នារវាង ភាគីអនុទីន និងភាគីលោក ហ៊ុន ម៉ាណែត វាគ្រាន់តែជាវោហារសាស្ត្រថ្លៃដាក់គ្នាទៅវិញទៅមកដែលមិនមានលទ្ធផលនៅ ពេលដែលថៃព្យាយាមអុកម្ដងហើយម្ដងទៀតទៅលើអាស៊ានហើយលោក ហ៊ុន ម៉ាណែត បែរទៅជាមិនបង្ហាញភាពរឹងមាំនៅក្នុងការតស៊ូមតិរកយុត្តិធម៌ណាស់»។
លោក គឹម សុខ
អ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន ម៉ាណែត មានម្ចាស់ការក្នុងការបង្ហាញភស្តុតាង និងទិដ្ឋភាពជាក់ស្តែងជូនសហគមន៍អន្តរជាតិថា កម្ពុជាពិតជាកំពុងប្រឈមនឹងការឈ្លានពានទឹកដី និងការរំខានដល់លំនៅឋានរបស់ពលរដ្ឋពីសំណាក់យោធាថៃ៕









