កម្មករ​រោងចក្រ​ជាង ១ពាន់​នាក់​នៅ​ខេត្ត​កណ្ដាល​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​លក្ខខណ្ឌការងារ

0
113
ទិដ្ឋភាពកម្មកររោងចក្រនៅក្នុងតំបន់អភិវឌ្ឍន៍ សែវិនអែនជី (7NG) ក្នុងភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល តវ៉ា កាលពីថ្ងៃទី១៨ វិច្ឆិកា ២០២៦។ រូប៖ សង់ត្រាល់
ទិដ្ឋភាពកម្មកររោងចក្រនៅក្នុងតំបន់អភិវឌ្ឍន៍ សែវិនអែនជី (7NG) ក្នុងភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល តវ៉ា កាលពីថ្ងៃទី១៨ វិច្ឆិកា ២០២៦។ រូប៖ សង់ត្រាល់

កម្មករជាង ១ពាន់នាក់ នៅរោងចក្រ ខេមបូ យូនីសូល (Cambo Unisol Co., Ltd.) ក្នុងខេត្តកណ្ដាល ធ្វើកូដកម្មអហិង្សា ដើម្បីទាមទារ​លក្ខខណ្ឌការងារតាមច្បាប់ និង ឲ្យថ្នាក់ដឹកនាំសហជីពចូល​ការងារវិញ។ កម្មករ និង​សហជីពសោកស្ដាយ ដែលក្រុមហ៊ុន គាប​សង្កត់​សិទ្ធិកម្មករ និង​រើសអើង​សហជីព ហើយសំណូមពរ​ឲ្យរដ្ឋាភិបាល​ចាត់វិធានការ​លើក្រុមហ៊ុន។

នៅសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះ កម្មករ/កម្មការិនី ជាង ១ពាន់នាក់ នៃក្រុមហ៊ុន ខេមបូ យូនីសូល ខូអិលធីឌី (Cambo Unisol Co., Ltd.) ក្នុងខេត្តកណ្តាល បាននាំគ្នាធ្វើកូដកម្មអហិង្សា ដើម្បីទាមទារឱ្យក្រុមហ៊ុនដោះស្រាយបញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹងសិទ្ធិការងារ លក្ខខណ្ឌការងារតាមច្បាប់ និង បញ្ហាបញ្ឈប់​ថ្នាក់ដឹកនាំសហជីពពីការងារ ជាដើម។ ក្រុមហ៊ុន ខេមបូ យូនីសូល ដែលកម្មករ​ចេញធ្វើកូដកម្មតវ៉ានេះ មានទីតាំងនៅតំបន់អភិវឌ្ឍន៍ សែវិនអែនជី (7NG) ក្នុងភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

ក្នុងលិខិតស្នើសុំជួបដោះស្រាយចវាទការងារ ដោយមានស្នាមមេដៃអ្នកតំណាង ៤នាក់ ផ្ញើជូននាយកក្រុមហ៊ុន ខេមបូ យូនីសូល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា សហជីពសាមគ្គីភាពការងារកម្ពុជា និងសហជីពអភិវឌ្ឍន៍កម្ពុជា បានធ្វើសំណូមពរ​ទៅក្រុមហ៊ុនឲ្យផ្ដល់នូវដំណោះស្រាយបញ្ហាចំនួន ៧ចំណុច។

សំណូមពរ​របស់​សហជីព​រួមមាន ការទាមទារឲ្យក្រុមហ៊ុនទទួលយក​ប្រធាន​សហជីព និង កម្មករម្នាក់ទៀត ដែលជាប្រតិភូបុគ្គលិក​ពេញសិទ្ធិ នៃក្រុមហ៊ុន គឺលោក ហ៊ុន ហេង ឲ្យ​ចូល​ធ្វើការវិញ ដោយរក្សាប្រាក់ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ ចាប់ពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការ។ សហជីព​ទាមទារក្រុមហ៊ុន មិនឲ្យកំណត់លក្ខខណ្ឌផលិតកម្ម ដែលខ្ពស់ហួសពី​កម្លាំង​របស់​កម្មករ និង បញ្ឈប់ការរើសអើងសហជីព។
ប្រធាន​សហព័ន្ធសហជីពអំណាចយុវជនកម្ពុជា លោក សៀង រិទ្ធី ថ្កោលទោស ក្រុមហ៊ុន​ដែល​បង្ហាញ​ចេតនា​គាប់សង្កត់​កម្មករ និង​រើសអើងសហជីពមូលដ្ឋាន ដែលធ្វើការការពារសិទ្ធិការងារ​កម្មករ។ លោកបន្ថែម​ថា កូដរកម្មរបស់កម្មករ​នៅថ្ងៃទី១៨ ខែវិច្ឆិការនេះ កើតឡើង​ដោយសារតែក្រុមហ៊ុន មិនព្រម​ដោះស្រាយ សំណូមទាំង ៧ចំណុច របស់សហជីព ដែលបានដាក់ជូន​ក្រុមហ៊ុន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។

លោក សៀង រិទ្ធី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៨ ខែវិច្ឆិកា ថា ទង្វើរបស់​រោងចក្រ គឺជាការប្រឆាំងនឹងច្បាប់ការងារ ច្បាប់សហជីពក៏ដូចជា អនុសញ្ញា​ពលកម្មអន្តរជាតិ ហើយក៏ជាអំពើ ដែលមិនអនុវត្តទៅតាមវិធាន​របស់អ្នកបញ្ជាទិញ ដែលឲ្យតម្លៃលើសិទ្ធិការងាររបស់កម្មករ និង សេរីភាពសហជីព។

«ដោយសាររោងចក្រមានយុទ្ធនាការ មានផែនការបញ្ឈប់​សហជីពជាប្រព័ន្ធ មានន័យថា កន្លងមក គាត់ធ្លាប់បានបញ្ឈប់ប្រធានសហជីព មួយទៀតឈ្មោះ ហ៊ុន ហេង ដែលជាសហជីពមួយ ដៃគូររបស់យើងដែរនៅក្នុង រោងចក្រហ្នឹង។ បន្ទាប់មកទៀត គាត់បានបញ្ឈប់ប្រធានសហជីពមូលដ្ឋានរបស់ សហព័ន្ធរបស់យើងបន្តទៀត។ អ៊ីចឹងមានន័យថា ផែនការរោងចក្រ គឺចង់កម្ទេច​សហជីពទាំងអស់ ដែលសកម្ម ដែលលេចធ្លោរក្នុងការតវ៉ាទាមទារឲ្យបងប្អូនកម្មករ របស់យើង។ រួមជាមួយគ្នាហ្នឹង ក៏មានលក្ខខណ្ឌការងារ ៧ ចំណុច ដែលមាន​ចំណុច សំខាន់គោលទាក់ទងជាមួយការកំណត់ផលិកម្មខ្ពស់ហួសហេតុពេក ហើយបើសិនជាបងប្អូនកម្មករធ្វើមិនបាន ឈានទៅដល់ការអប់រំផ្ទាល់មាត់ ការ​ព្រមាន។ អ៊ីចឹង ជាការបង្ខំ ការដាក់សម្ពាធធ្ងន់ធ្ងរ ចំពោះបងប្អូនកម្មកររបស់យើង ធ្វើការហួសពីសមត្ថភាពរបស់គាត់»។


លោក សៀង រិទ្ធី

លោក សៀង រិទ្ធី ក៏បានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការលើក្រុមហ៊ុន ឲ្យ​គោរព​ច្បាប់ការងារកម្ពុជា និង គោលការណ៍សិទ្ធិការងារជាអន្តរជាតិ ដែលកម្ពុជាជា​រដ្ឋ​ភាគី​ដែរ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង​ប្រធានធនធានមនុស្សនៃក្រុមហ៊ុន ខេមបូ យូនីសូល ខូអិលធីឌី អ្នកស្រី តុល គីមឡូត និងអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ដើម្បីបំភ្លឺជុំវិញរឿងនេះ បានទេ នៅថ្ងៃទី១៨ ខែវិច្ឆិកា។

បន្ថែមលើនេះ សហជីពសាមគ្គីភាពការងារកម្ពុជា និងសហជីពអភិវឌ្ឍន៍កម្ពុជា បានស្នើឲ្យក្រុមហ៊ុនផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់គ្រប់​ផ្នែកទាំងអស់ រួមបញ្ចូល​ទាំងប្រាក់រង្វាន់ប្រចាំសប្តាហ៍ ស្នើឲ្យក្រុមហ៊ុន​រៀបចំតំឡើង​កង្ហា​សម្រួលខ្យល់​អាកាស​ល្អនៅកន្លែងធ្វើការ។ សហជីពក៏តម្រូវឲ្យក្រុមហ៊ុន ដកអ្នកគ្រប់គ្រង​ជនជាតិ​កូរ៉េ ឈ្មោះ ផាក អ៊ូជីន (Park, Woo-Jin) និង​ រដ្ឋបាលរោងចក្រ លោកស្រី តុល គីមឡូត (ហៅលីលី) ចេញពីការងារ ដោយសារអ្នកទាំងពីរ គាបសង្កត់សិទ្ធិ​សេរីភាព​កម្មករ និងរើសអើសថ្នាក់ដឹកនាំសហជីព ដោយប្រើអំណាចបញ្ឈប់​អ្នកដឹក​នាំសហជីពជាបន្តបន្ទាប់។

កម្មកររោងចក្រ គឺលោក យ៉ិន យ៉ុង បង្ហាញការសោកស្ដាយ​ប្រាប់ទូរទស្សន៍​អាស៊ីសេរី នៅថ្ងៃទី១៨ ខែវិច្ឆិកា នៅពេលក្រុមហ៊ុនគាបសង្កត់ និង រើសអើង​សហជីព​នៅ​ក្នុងរោងចក្រ។ លោកថា ជារឿងមិនត្រឹមត្រូវទេ ដែលក្រុមហ៊ុន ធ្វើ​ទុក្ខបុកម្នេញ​សហជីព ដែលគ្រាន់តែសហជីព យកចិត្តទុកដាក់ការពារ​សិទ្ធិការងារ​របស់កម្មករ ស្របតាមច្បាប់នោះ។
លោក យ៉ិន យ៉ុង៖ «ក្នុងនាមខ្ញុំជាកម្មករ ខ្ញុំមានការសោកស្ដាយ ដែលរោងចក្រ មានការរើសអើងសហជីព គឺរោងចក្របញ្ឈប់សហជីពជាបន្តបន្ទាប់ រហូតដល់​ពេលនេះ មានសហជីព ៣ នាក់ ហើយ ដែលត្រូវបានបញ្ឈប់ ទើបតែលើកទី៣ ហ្នឹង បានកម្មករផ្ទុះការតវ៉ា»។

ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញកាលពីពេលថ្មីនេះថា គិតត្រឹមចុងឆ្នាំ២០២៥ ចំនួនសហជីពដែលបានចុះបញ្ជីផ្លូវការនៅកម្ពុជា បានកើន​ឡើង​ដល់ជិត ៧ពាន់សហជីព ដោយរដ្ឋាភិបាលចាត់ទុកថា នេះជាសក្ខីភាពនៃការគាំទ្រសិទ្ធិសេរីភាពក្នុងការបង្កើតសហជីពស្របតាមច្បាប់ការងារ និង រដ្ឋធម្មនុញ្ញ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលលើកឡើងថា ទិន្នន័យនេះ មិនបាន​ជួយសម្រាលស្ថានភាពរងគ្រោះរបស់កម្មករ និង​ក្រុមសហជីពដែល​ជួយកម្មករ​ពិប្រាកដទេ ពីព្រោះ សហជីពដែលធ្វើការបម្រើផលប្រយោជន៍កម្មករ តាមច្បាប់​ការងារ​ជាក់ស្ដែង តែងតែរងការធ្វើទុក្ខបុកម្នេញ និង រើសអើងពីក្រុមហ៊ុនភាគច្រើន និងរដ្ឋាភិបាល។ ក្នុងពេលថ្មីៗនេះទៀត សហជីពភាពច្រើន ដែលចូលរួម​ពិភាក្សា​ជាមួយក្រសួងការងារ អំពីប្រាក់ឈ្នួលកម្មករ មិនបានគាំទ្រការ​តម្លើង​ប្រាក់ឈ្នួល​ឲ្យកម្មករឡើយ ហើយការពារប្រយោជន៍ក្រុមហ៊ុនទៅវិញ។
អង្គការសង់ត្រាល់ (CENTRAL) បានកត់ត្រាថា ក្នុងរយៈពេល ៩ខែដំបូងនៃ​ឆ្នាំ២០២៦នេះ ការតវ៉ា និងវិវាទការងារចំនួន ២៧ករណី ដែលមានកម្មករចូលរួម ប្រហែលជាង ៣ម៉ឺននាក់ (៣៤ ៤៥៥នាក់) ដោយភាគច្រើនកើត​ឡើងនៅក្នុង​វិស័យកាត់ដេរ និងស្បែកជើង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ