

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើសុំឲ្យអង្គការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់អង្គការសហប្រជាជាតិហៅកាត់ថា យូណេស្កូ (UNESCO) បញ្ជូនអ្នកជំនាញចុះពិនិត្យនិងវាយតម្លៃអំពីការខូចខាតប្រាសាទព្រះវិហារ ដោយសារសង្គ្រាមខ្មែរ-ថៃ កន្លងមក។ អ្នកឃ្លាំមើលយល់ថា រដ្ឋាភិបាលកម្ពុជា គួរតែប្រមូលភស្តុតាងរឿងថៃ រំលោភបំពានទឹកដីខ្មែរ និងបានបំផ្លាញប្រាសាទព្រះវិហារដើម្បីដាក់បណ្តឹងទាមទារឲ្យប្រទេសថៃសងការខូចខាតទាំងនោះ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានលើកយកក្តីកង្វល់ករណីប្រទេសថៃ សាងសង់ចម្លងតាមប្រាសាទអង្គរវត្ត និងករណីបំផ្លិចបំផ្លាញប្រាសាទព្រះវិហារក្នុងពេលសង្គ្រាមខ្មែរ-ថៃ ទៅជជែកពិភាក្សាជាមួយអគ្គនាយកអង្គការយូណេស្កូ។ នេះបើយោងតាមក្រសួងវប្បធម៌ ដែលបានចុះផ្សាយព័ត៌មាន នៅលើទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី២៨ ខែវិច្ឆិកា។
ក្នុងជំនួបជាមួយប្រធានអង្គការយូណេស្កូ លោក ខាឡេត អាម៉េត អេលអេនានី អាលី អ៊ីហ្ស (Khaled Ahmed El-Enany Ali Ezz ) នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស (Paris) កាលពីថ្ងៃទី២២៦ វិច្ឆិកា អ្នកស្រី ភឿង សកុណា បានអំពាវនាវឲ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់អង្គការយូណេស្កូសិក្សាអំពីយន្តការគតិយុត្តិនានានៃស្មារតីអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ដើម្បីទប់ស្កាត់បញ្ហាប្រទេសថៃ សាងសង់ចម្លងតាមប្រាសាទអង្គរវត្ត។ បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជារូបនេះ ក៏ពិភាក្សានិងស្នើឲ្យអង្គការយូណេស្កូ ពិនិត្យលទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញការរបស់អង្គការយូណេស្កូចុះពិនិត្យវាយតម្លៃផ្ទាល់ដោយឯករាជ្យអំពីការខូចខាតមកលើប្រាសាទព្រះវិហារក្នុងពេលទាហានថៃ បាញ់ប្រហារចូលឈ្លានពានទឹកដីកម្ពុជាកាលពីខែកក្កដាកន្លងទៅ។
ក្រសួងវប្បធម៌ បានឲ្យដឹងថា ជាការឆ្លើយតប អគ្គនាយកអង្គការយូណេស្កូ បានបញ្ជាក់ឡើងវិញអំពីគោលបំណងក្នុងការបន្តនូវរាល់កិច្ចសហការជាមួយកម្ពុជា និងពិនិត្យទៅលើកិច្ចការមួយចំនួនដែលជាការព្រួយបារម្ភរបស់កម្ពុជា។
ទូរទស្សន៍អាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីអង្គការយូណេស្កូ ដើម្បីសាកសួរអំពីរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា។
កន្លងមក អាជ្ញាធរជាតិព្រះវិហារ ធ្លាប់បានវាយតម្លៃបឋមថា ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតចំនួន១២៥ទីតាំង ដោយសារតែយោធាថៃបានប្រើសព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងប្រើប្រាស់ដ្រូននិងយន្តហោះចម្បាំង (F16) បាញ់ប្រហារតាមអាកាសមកលើប្រាសាទព្រះវិហារកាលពីថ្ងៃចុងខែកក្កដាក្នុងពេលយោធាថៃឈ្លានពានចូលទឹកដីកម្ពុជា។ អាជ្ញាធរជាតិព្រះវិហារ អះអាងថា ការខូចខាតនេះមានទំហំធំជាងសង្គ្រាមកាលពីឆ្នាំ២០០៨ដល់ឆ្នាំ២០១១ ទៅទៀត។ អាជ្ញាធរជំនាញកម្ពុជា បានរកឃើញមានគ្រាប់ដែលយោធាថៃទម្លាក់មកលើប្រាសាទព្រះវិហារចំនួន ៤៧គ្រាប់ ដែលធ្វើឲ្យតួប្រាសាទទាំងមូល ជណ្តើរបុរាណ និងស្ពានហាល រួមទាំងខ្លោងទ្វារធំៗទាំង៥ឬហៅម្យ៉ាងទៀតថា គោបុរៈទាំង៥នោះ រងការខូចខាតខូចខាតធ្ងន់ធ្ងរ។ អាជ្ញាធរជាតិព្រះវិហារ ឲ្យដឹងដែរថា ទីស្នាក់ការអភិរក្សវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់ប្រាសាទ និងផ្ទះមួយចំនួនរបស់ពលរដ្ឋនៅភូមិទាំង៧ ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ សុទ្ធតែរងការប៉ះពាល់ដោយសារតែការវាយប្រហារឈា្លនពានលើទឹកដីកម្ពុជារបស់យោធាថៃ។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ត្រូវប្រកាសជាបន្តបន្ទាប់ឲ្យសាធារណជនដឹងថា ប្រទេសថៃ ជាអ្នកឈ្លានពានលើទឹកដីកម្ពុជា និងបានធ្វើឲ្យខូចខាតប្រាសាទព្រះវិហារ។ ទន្ទឹមគ្នានេះ លោកថា រដ្ឋាភិបាល ត្រូវប្រមូលភស្តុតាងអំពីការឈ្លានពានរបស់យោធាថៃ និងការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដើម្បីប្តឹងទៅស្ថាប័នអន្តរជាតិ ទាមទារសំណងពីប្រទេសថៃ។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «បញ្ហាប្រមូលភស្តុតាង ហើយរឿងពិសេសរឿងសង្គ្រាមហ្នឹង កាលណាសង្គ្រាមឈ្លានពាន គឺសងគេ ដូចជប៉ុនអ៊ីចឹង ឈ្លានពានចិន ឈ្លានពានកូរ៉េ ឈ្លានពានខ្មែរ ធ្វើឲ្យខូចខាត គឺត្រូវសងគេបាទ»។
ប្រាសាទព្រះវិហារត្រូវបានសាងសង់នៅលើជម្រាលភ្នំដងរែក ហើយមានច្រើនជាន់ ពីទាបទៅខ្ពស់ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះជាបណ្ដុំនៃប្រាសាទមួយចំនួនសង់តម្រៀបគ្នាពីជើងទៅត្បូង លាតសន្ធឹងលើខ្នងភ្នំប្រវែងជិតមួយគីឡូម៉ែត្រ។ជណ្ដើរឡើង នៅភាគខាងជើង គឺជាផ្លូវបុរាណសំខាន់ជាងគេនៃប្រាសាទព្រះវិហារ។ជណ្ដើរថ្មបុរាណនេះ នាំអ្នកទស្សនាទៅដល់ប្រាសាទតាមខ្លោងទ្វារធំៗ ៥ ដែលគេហៅម្យ៉ាងទៀតថា គោបុរៈ។ នៅលើហោជាងនៃគោបុរៈទាំងនេះ មានចម្លាក់ក្បូរក្បាច់រចនាល្អឥតខ្ចោះ។
ឯកសារសិលាចារឹកបានបង្ហាញច្បាស់ថា ព្រះមហាក្សត្រខ្មែរសម័យអង្គរបួនអង្គ បានចូលរួមកសាងប្រាសាទព្រះវិហារ នៅក្នុងរាជនីមួយៗ របស់ព្រះអង្គ ដែលបានធ្វើឱ្យប្រាសាទព្រះវិហារ ក្លាយជាមហាសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ប្រជាជាតិខ្មែរ។ ព្រះរាជាដែលផ្ដួចផ្ដើមកសាងប្រាសាទព្រះវិហារនេះមុនគេ គឺព្រះបាទ យសោវរ្ម័នទី១ នៅចុងសតវត្សទី១០ ។ មកដល់ដើមសតវត្សទី១១ រហូតដល់ដើមសតវត្សទី១២ គឺព្រះបាទ សុរិយាវរ្ម័នទី១ និងព្រះបាទ ជ័យវរ្ម័នទី៦ បានសាងសង់បន្ត។ ការសាងសង់បន្ថែមចុងក្រោយបង្អស់ គឺធ្វើឡើងដោយព្រះបាទ សុរិយាវរ្ម័នទី២ ជាព្រះរាជាដ៏ល្បីល្បាញដែលបានកសាងប្រាសាទអង្គរវត្តដ៏ល្អឆ្នើមនៅលើលោកយើងនេះ។ ឈ្មោះដើមរបស់ប្រាសាទព្រះវិហារនេះ គឺប្រាសាទ”ព្រះសិខារេស្វរៈ” ដែលមានន័យថា “ព្រះឥសូរជាម្ចាស់នៃកំពូលភ្នំ”។ ព្រះរាជាខ្មែរកសាងប្រាសាទនេះឡើង ដើម្បីឧទ្ទិសដល់ព្រះឥសូរ ឬ ព្រះសិវៈ និងដើម្បីធ្វើជាទីគោរពបូជាសម្រាប់ព្រះមហាក្សត្រ និងប្រជារាស្ត្រខ្មែរ ដែលរស់នៅលើខេត្តបុរាណខ្មែរ ជុំវិញតំបន់នោះ។ ថ្វីត្បិតតែពេលនេះប្រាសាទព្រះវិហារស្ថិតនៅព្រំដែនខ្មែរ-ថៃ មែន តែកាលពីប្រាសាទនេះត្រូវបានសាងសង់ ទីតាំងនេះស្ថិតនៅតំបន់កណ្ដាលនៃចក្រភពខ្មែរនៅពេលនោះ។កាលណោះទឹកដីខ្មែរមានវិសាលភាពធំធេង គ្របដណ្ដប់មួយភាគធំនៃទឹកដីប្រទេសថៃ និងឡាវ បច្ចុប្បន្ននេះផង។ រហូតមកដល់សម័យបច្ចុប្បន្ន កេរដំណែលប្រវត្តិសាស្ត្រខ្មែរនេះ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្រោមការជ្រោមជ្រែងរបស់អង្គការយូណេស្កូ (UNESCO) ចាត់ចូលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
ទោះជាយ៉ាងណា ការបើកប្រតិបត្តិការឈ្លានពានជាថ្មីទៀតរបស់យោធាថៃមកលើទឹកដីកម្ពុជា កាលពីខែកក្កដា ដែលគេមើលឃើញថា ផ្តើមចេញពីទំនាស់រវាងគ្រួសារលោក ហ៊ុន សែន និងគ្រួសារអតីតមេដឹកនាំថៃ លោក ថាក់ ស៊ីន (Thaksin Shinawatra) នោះ បានធ្វើឲ្យប្រាសាទបុរាណដ៏ពិសិដ្ឋរបស់ខ្មែរនេះ រងការខូចខាតយ៉ាងដំណំ ដែលផ្នែកខ្លះមិនអាចជួសជុលវិញបានឡើយ។ មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា ក៏មិនទាន់បានបញ្ជាក់ជំហរច្បាស់លាស់នៅក្នុងការប្តឹងប្រទេសថៃ ដើម្បីឲ្យទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទព្រះវិហារនោះទេ៕









