HRW ទទូចឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅ​បារាំងករណីឃាតកម្មលើលោក លិម គិមយ៉ា

0
15
ជនសង្ស័យក្នុងអំពើឃាតកម្មលើ​លោក លិម គិមយ៉ា គឺ​លោក លី រតនរស្មី (ស្ដាំ) ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថតរូប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ (រូប៖ បណ្ដាញសង្គម)
ជនសង្ស័យក្នុងអំពើឃាតកម្មលើ​លោក លិម គិមយ៉ា គឺ​លោក លី រតនរស្មី (ស្ដាំ) ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថតរូប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ (រូប៖ បណ្ដាញសង្គម)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើការស៊ើបអង្កេតឯករាជ្យ និង មិនលំអៀងដើម្បី ឆ្លើយតបរដ្ឋាភិបាលបារាំង ដែលអំពាវនាវឲ្យរក យុត្តិធម៌ ជូនលោក លិម គិមយ៉ា។ អ្នកឃ្លាំមើលថា រដ្ឋាភិបាលមិនអាច​ដោះខ្លួន​ពី​ការទទួលខុសត្រូវលើអំពើឃាតកម្មសម្លាប់លោក លិម គិមយ៉ា បានទេ ក្រោយពីផ្ទុះ​ប្រតិកម្មទាមទារចម្រុះជាអន្តរជាតិ។

កាលពីថ្ងៃទី១៥ វិច្ឆិកា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រាប់លោក ហ៊ុន ម៉ាណែត ឲ្យស៊ើបអង្កេតផ្ដល់ យុត្តិធម៌ដល់លោក លឹម គីមយ៉ា។ បន្ទាប់មក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីឆាត (Olivier Richard) បានជំរុញរឿងនេះជាថ្មីទៀត​ឲ្យចាប់ជនសង្ស័យ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លើកឡើង​កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា សេចក្ដីថ្លែងរបស់លោកប្រធានាធិបតីបារាំង គឺជាការស្តីបន្ទោសជាសាធារណៈ ដ៏កម្រ ទៅលើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហើយក៏ជាសារអន្តរាគមន៍នយោបាយ ដ៏ម៉ឺងម៉ាត់។ HRW អំពាវនាវ​ឲ្យមេដឹកនាំបរទេសផ្សេងទៀត ជួយផ្សព្វផ្សាយសាររបស់លោក ម៉ាក្រុង ឱ្យទូលំទូលាយ​ដើម្បីស្វែងរកយុត្តិធម៌ជូនលោក លិម គិមយ៉ា។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch  ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើការស៊ើបអង្កេតលើករណីឃាតកម្មលោក លិម គិមយ៉ា ដោយឯករាជ្យ និង​មិន​លំអៀង។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់ទូរទស្សន៍​អាស៊ីសេរី នៅថ្ងៃទី២០ ខែវិច្ឆិកា ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែចាប់ខ្លួន​ជនសង្ស័យ លី រតនរស្មី និង ពេជ្រ គឹមស្រ៊ីន តាមការអំពាវនាវរបស់រដ្ឋាភិបាលបារាំង។ លោកថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត នៅតែមានះមិនព្រមចាប់ជនសង្ស័យទាំងពីរទេ នោះសម្ពាធ​នឹងកាន់​តែធ្ងន់ លើរដ្ឋាភិបាលោក ហ៊ុន ម៉ាណែត។

«បើគាត់អត់ចាត់វិធានការបញ្ជូនពេជ្រ គឹមស្រ៊ីន និង លី រតនរស្មី ទេ គឺប៉ះជាប់ដូចសម្លរក្រពឹសអ៊ីចឹង ព្រោះមិនមែនមានតែប៉ុណ្ណឹង ទេ គេមានទាំងពីលោក ឃ្លាំង ហ៊ួត ឃួង ស្រេងអីបន្តបន្ទាប់ទៀត។ អ៊ីចឹង យើងដឹងពីរបាយការណ៍ទាំងអស់នេះហើយ ដឹងអស់​ហើយ ខ្ញុំជឿជាក់ថា គាត់នឹងចាត់វិធានការ ប៉ុន្តែតាមនីតិវិធី​គេធ្វើបន្តិចម្ដងៗ គេមិនទាន់បង្ខំទេ ។ ប៉ុន្តែបើមិនធ្វើទេ គឺគុណវិបត្តិ គឺធ្ងន់ណាស់ អន្តរជាតិទាំងសហរដ្ឋអាមេរិក ទាំងអឺរ៉ុបអីគេចាត់​វិធានការ ទាំងរឿងឧក្រិដ្ឋកម្មអនឡាញអីផង ជាពិសេស ខ្លាំងបំផុត គឺលោក ម៉ាក្រុង គាត់​និយាយ​ខ្លួនឯង រឿងលោក លិម គិមយ៉ា ហើយនឹងរឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺល្អមែន​ទែន​ខ្លាំងបំផុត គឺរឿងទាំងពីរហ្នឹងហើយ»។

លោក ម៉ែន សុថាវរិន្ទ្រ

ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីបំភ្លឺជុំរិញរឿងនេះ បានទេ នៅថ្ងៃទី២០ ខែវិច្ឆិកា។ 

លោក លិម គិមយ៉ា ត្រូវបានឃាតក​បាញ់សម្លាប់កណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។ តុលាការថៃបានកាត់ទោសខ្មាន់​កាំភ្លើងជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Paenoi) ក្នុងខែតុលា ឆ្នាំ ២០២៥ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែ ជនសង្ស័យផ្សេងទៀត ដូចជា លី រតនរស្មី និងពេជ្រ គឹមស្រ៊ីន នៅមានសេរីភាព​លើទឹកដី​កម្ពុជា​នៅឡើយ។

តាមការស្នើរបស់រដ្ឋាភិបាលបារាំង នៅពេលនេះ ប៉ូលីសអន្តរជាតិ អាំងទែប៉ូល (Interpol) កំពុងតាមចាប់ជនសង្ស័យខ្មែរពីរនាក់ លី រតនរស្មី និង ពេជ្រ គឹមស្រ៊ីន ដែលជាមនុស្ស​របស់​គណបក្សប្រជាជនកម្ពុជា។ និវេទន៍ក្រហម (Red Notices) របស់ ប៉ូលីសអន្តរជាតិ អាំងទែប៉ូល បង្ហាញថា លី រតនរស្មី និង ពេជ្រ គឹមស្រ៊ីន ជាប់ចោទពីបទសមគំនិតក្នុងអំពើឃាតកម្ម​គិតទុក​ជាមុន ក្នុងការសម្លាប់លោក លិម គិមយ៉ា។

ទោះបីជាយ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់ទទួលស្គាល់ដីកាចាប់ខ្លួនទាំងនោះ ឬចាប់ផ្តើមការស៊ើបអង្កេតដោយមិនលំអៀងនៅឡើយទេ។

បន្ថែមលើនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch រំឭកថា សេចក្ដីថ្លែង​របស់​លោក ម៉ាក្រុង អំពីករណីឃាតកម្មលើលោក លិម គិមយ៉ា គឺជាសារដ៏ខ្លាំងមួយ។ សាររបស់លោកប្រមុខរដ្ឋបារាំង បញ្ជាក់ថា រដ្ឋាភិបាលបារាំង កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង​ចំពោះការវាយ​ប្រហារ​របស់អាជ្ញាធរកម្ពុជាទៅលើសកម្មជន និង អ្នកនយោបាយ នៅក្រៅ​ប្រទេស ក្រុមអ្នកនយោបាយប្រឆាំងជាទូទៅ រួមទាំងសកម្មជនបរិស្ថានផង ខណៈតុលាការ​គឺស្ថិត​នៅក្រោមការបញ្ជារបស់អ្នកកាន់អំណាច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ