

អ្នកវិភាគស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ស្ដារប្រព័ន្ធប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ឱ្យបានត្រឹមត្រូវឡើងវិញ ដើម្បីទាក់ទាញអ្នកវិនិយោគល្អៗ ពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកសេរី។ ការស្នើនេះ ធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក និងកម្ពុជា កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ លើវិស័យអាកាសយានដ្ឋាន តម្លៃ១០០លានដុល្លារ បន្ទាប់ពីប្រទេសទាំងពីរ មានភាពរកាំរកូសផ្នែកទំនាក់ទំនងអស់ជាច្រើនឆ្នាំ។
ក្នុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក ហាក់យកចិត្តទុកដាក់ជាមួយកម្ពុជាឡើងវិញ ដូចជាការលើកលែងបម្រាមលក់អាវុធ ឱ្យកម្ពុជា ហើយ ថ្មីៗនេះទៀត ក៏បានបោះទុន វិនិយោគ១០០លានដុល្លារលើវិស័យអាកាសយានដ្ឋាន។ អ្នកវិភាគយល់ថា នេះជាការវិវត្តវិជ្ជមានមួយ ក៏ប៉ុន្តែ កម្ពុជាត្រូវតែលាងសម្អាតខ្លួនឱ្យបានស្អាត ដើម្បីទាក់ទាញការវិនិយោគបន្ថែម ដូចជាការស្ដារប្រព័ន្ធ ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស លុបបំបាត់អំពើពុករលួយ និង ពង្រឹងប្រព័ន្ធនីតិរដ្ឋឱ្យបានត្រឹមត្រូវឡើង។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៣ ខែមិថុនាថា ការបោះទុកវិនិយោគ១០០លានដុល្លារលើវិស័យអាកាសយានដ្ឋានរបស់សហរដ្ឋអាមេរិក នេះ បង្ហាញថាកម្ពុជាមានការវិវត្ត ទៅរកភាពវិជ្ជមាន និងមានតុល្យភាព ដែលកម្ពុជា មិនបានផ្ដេកផ្ដួលតែទៅលើទុនវិនិយោគរបស់ចិនតែមួយ លើវិស័យអាកាសយានដ្ឋាននោះឡើយ។ លោកបន្តថា ការវិនិយោគរបស់អាមេរិក មិនមែនមានន័យថា កម្ពុជាមានស្ថានភាពនយោបាយ និង ការគោរពសិទ្ធិមនុស្សល្អហើយនោះទេ ប៉ុន្តែ លោកជឿថា អាមេរិកនឹងជំរុញឱ្យកម្ពុជាត្រូវគោរពតាមគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។
បន្ថែមពីលើនោះ លោកថា ដើម្បីឱ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគល្អៗពីបណ្ដាប្រទេស លោកសេរី បន្ថែមទៀត ទល់តែកម្ពុជាពង្រឹងប្រព័ន្ធនីតិរដ្ឋឱ្យបានត្រឹមត្រូវដែលទទួលស្គាល់ ជាអន្តរជាតិ។ មួយទៀត លោកថា កម្ពុជាត្រូវដោះស្រាយបញ្ហានយោបាយ ឱ្យមានស្ថិរភាព គោរពសិទ្ធិមនុស្ស និងមានប្រជាធិបតេយ្យពេញលេញ។ ជាមួយគ្នានោះ កម្ពុជាក៏ត្រូវពង្រឹងធនធានមនុស្ស ឱ្យខ្លាំង និង ត្រូវបោសសម្អាត អំពើពុករលួយ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ផ្ដើមពីការបោសសម្អាត ឱ្យអស់នូវក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញជាដើម ។ លោកបញ្ជាក់ថា ទាំងនេះ ជាចំណុចស្នូល ដែលកម្ពុជា អាចទាក់ទាញអ្នកវិនិយោគល្អៗ ពីបណ្ដាប្រទេសលោកសេរី ហើយ លោកជឿថារដ្ឋាភិបាល អាចធ្វើបានប្រសិនបើមានឆន្ទៈនយោបាយពិតប្រាកដ។
លោក ឯម សុវណ្ណារ៉ា៖ «ការសម្អាតខ្លួនរបស់កម្ពុជា គឺទី១ពាក់ព័ន្ធនឹងតម្លាភាព បានន័យថាយើងធ្វើឱ្យមានភាពត្រឹមត្រូវ ។ វាលែងមានស្កេម (Scam) វាលែងមានការចាប់ជំរិត និងលែងមានគ្រឿងញៀនច្រើន»។
ការលើកឡើងនេះ គឺក្រោយពីសហរដ្ឋអាមេរិក តាមរយៈប្រធានមន្ត្រីគោលនយោបាយនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) អ្នកស្រី ការ៉ូលីន វីក (Caroline Vik) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងវិនិយោគ ព្រលានយន្តហោះថ្មី តម្លៃ ១០០លានដុល្លារ ជាមួយនឹងកម្ពុជា តាមរយៈអនុប្រធានក្រុមហ៊ុន OCIC គឺ អ្នកស្រី ពុង ការ៉ូលីន នៅឯសណ្ឋាគារ កាណាឌីយ៉ា ថៅវើ (CanadiaTower) រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន គីរីផុស្ដិ៍ កាលពីពេលថ្មីៗនេះ។
អ្នកស្រី ការ៉ូលីន វីក បានរៀបរាប់ថា គម្រោងវិនិយោគ១០០លានដុល្លារនេះ គឺផ្ដោតសំខាន់លើការអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោ ដែលស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលជាសញ្ញាបង្ហាញអំពីទំនាក់ទំនងកាន់ស៊ីជម្រៅ និងបង្កើនទំនុកចិត្តគ្នា រវាងកម្ពុជា និងសហរដ្ឋអាមេរិកឡើងវិញ ក្រោយពីប្រទេសទាំងពីរ បានខកខាន មានទំនាក់ទំនងនឹងគ្នា ព្រោះតែ បញ្ហានយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីបញ្ជាក់បន្ថែម ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៣ ខែមិថុនា ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ការផ្ដល់ទុនវិនិយោគពីអាមេរិក គឺជារឿងល្អ ដែលពលរដ្ឋខ្មែរ និងអ្នកនយោបាយបក្សប្រឆាំងតែងតែចង់ឃើញ និងជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បង្កើនទំនាក់ទំនងល្អដល់បណ្ដាប្រទេសលោកសេរី។ លោកថា ជាច្រើនឆ្នាំមកនេះ បញ្ហាដែលធ្វើឱ្យកម្ពុជា ពិបាកទាក់ទងអ្នកវិនិយោគល្អៗ គឺដោយសារតែកម្ពុជាសម្បូរដោយអំពើពុករលួយ បក្ខពួកនិយម និងរឿងអាស្រូវច្រើនពេក លើឆាកអន្តរជាតិដូចជាការរំលោភសិទ្ធិមនុស្ស ការឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្សជាដើម។ លោកថា ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងតែជួបវិបត្តិសេដ្ឋកិច្ច ពលរដ្ឋខ្វះ ការងារធ្វើ ហើយថៃ បន្តឈ្លានពានទឹកដីទៀតនោះ រដ្ឋាភិបាល គួរតែផ្ដោតមកលើការគោរពសិទ្ធិមនុស្ស និងពង្រឹងប្រព័ន្ធនីតិរដ្ឋ ស្ដារមុខមាត់ជាតិឡើងវិញ ដើម្បីទាក់ទាញ អ្នកវិនិយោគល្អៗគឺជារឿងចាំបាច់បំផុត។
លោក ម៉ែន ណាត៖ «ការកែទម្រង់បញ្ហាជាតិនឹង មិនពិបាកទេ ឱ្យតែរដ្ឋាភិបាលនឹងប្ដេជ្ញាចិត្តមុតមាំទៅ គឺស្រួលកែទេ។ ម្យ៉ាងទៀត លោក ហ៊ុន សែន ដែលជាប្រមុខរដ្ឋស្ដីទីនឹងល្មមឈប់គគរកកាយការងាររបស់រដ្ឋាភិបាលទៅ ពីព្រោះ ពាក្យសម្ដី លោក ហ៊ុន សែន វាធ្វើឱ្យអាឡាក់ស៊ី ទៅដល់អ្នករកស៊ីអន្តរជាតិ អ្នកការទូតអន្តរជាតិ ។ពាក្យសម្ដីរបស់គាត់ពោរពេញដោយពាក្យសម្ដីក្រេវក្រោធ អាមឹង និងជេរប្រទេច»។
កន្លងមកនេះទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយ្យ តែងតែជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្ដារនូវលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ជាពិសេសបើកលំហសិទ្ធិបញ្ចេញមតិដល់ពលរដ្ឋ ដោយគ្មានការរឹតត្បិត។ ក្នុងនោះពួកគេតែងតែជំរុញឱ្យរដ្ឋាភិបាល លើកលែងទោសមេបក្សប្រឆាំងគឺ លោក គឹម សុខា ឱ្យមានសេរីភាពពេញលេញ និងដោះលែងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស រួមនឹង សកម្មជនបរិស្ថាន ដែលកំពុងជាប់ពន្ធនាគារ យ៉ាងអយុត្តិធម៌ ព្រោះថា កន្លងទៅទាំង សហគមន៍ជាតិ និង អន្តរជាតិ មើលឃើញថា ចំណាត់ការរបស់រដ្ឋាភិបាល ធ្វើមកលើសកម្មជនទាំងនោះ ដោយប្រើប្រាស់ប្រព័ន្ធតុលាការ គឺពុំមែនធ្វើតាមស្មារតីនៃការអនុវត្ត ច្បាប់នោះទេ ប៉ុន្តែ គឺជា ការសងសឹកផ្នែក នយោបាយ។ ពួកគេថា បញ្ហាទាំងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងកម្ពុជា ជាមួយប្រទេសលោកសេរី៕








