

ពលរដ្ឋរងគ្រោះ ដែលចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធី ខកចិត្តនិងចាត់ទុក ការមិនអើពើរបស់តុលាការ និងស្ថាប័នរដ្ឋាភិបាល ក្នុងការដោះស្រាយសំណងថា កំពុងបង្កើតការឈឺចាប់ដល់ពួកគាត់បន្ថែមទៀត។ អ្នកឃ្លាំមើល ជំរុញឲ្យពលរដ្ឋរងគ្រោះចេញតវ៉ាទូទាំងប្រទេស ទើបទទួលបានយុត្តិធម៌ និងសំណងមកវិញ។
ពលរដ្ឋ ដែលចាញ់បោកក្រុមហ៊ុនប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា អះអាងថា ពួកគាត់ឈឺចាប់ ពីព្រោះ នៅពេលទៅរកកិច្ចអន្តរាគមន៍ពីតុលាការ និងរដ្ឋាភិបាលជាច្រើនដងហើយ ក្នុងពេលច្រើនឆ្នាំមកនេះ បែរជាស្ថាប័នរដ្ឋទាំងនោះ មិនអើពើរកដោះស្រាយសំណងជូនពួកគាត់។ ពលរដ្ឋរងគ្រោះ ចាត់ទុកស្ថាប័នរដ្ឋទាំងអស់នោះ ជាសំរាម និងធ្វើឱ្យពលរដ្ឋរងគ្រោះ ឈឺចាប់មិនស្បើយ។
ពួកគាត់អះអាងបែបនេះ បន្ទាប់ពីសំណុំរឿងរកស៊ីឆបោកដ៏ធំ របស់ក្រុមហ៊ុន ប្រ៊ីលានស៊ីធី ដែលដំណើរការរយៈពេល ៣ឆ្នាំទៅហើយ តុលាការខេត្តសៀមរាប បានត្រឹមតែចាប់ឃុំខ្លួននាយិកាក្រុមហ៊ុន គឺអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ប្រមាណ ១០នាក់ ដាក់ពន្ធនាគារ ហើយបានចេញដីការឹបអូសទ្រព្យសម្បត្តិរបស់ ក្រុមហ៊ុនជាដើម។ ប៉ុន្តែពលរដ្ឋរងគ្រោះត្អូញត្អែរថា ពួកគេមិនទាន់ទទួលបាន សំណងមួយរៀលណាឡើយ។
ពលរដ្ឋចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា នៅខេត្តបន្ទាយមានជ័យ លោកស្រី ឆាវ ស៊ីណាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៣ ខែឧសភា ថា គ្រួសារលោកស្រីលក់ដីស្រែអស់ហើយ ប៉ុន្តែនៅតែសងធនាគារមិនរួចទៀត ខណៈ ផ្ទះក៏គ្មាននៅដែរ។ លោកស្រីថា កូនៗរបស់លោកស្រីបានឈប់រៀនទាំងអស់គ្នា ដើម្បីទៅធ្វើការងារសំណង់ជាមួយឪពុក យកប្រាក់មកដោះបំណុលធនាគារ ជាង ១ម៉ឺនដុល្លារទៀត ដែលចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា។ លោកស្រីថា ជីវិតគ្រួសារ ចេះតែជួបរឿងអកុសល ព្រោះពេលខ្លះ ខំធ្វើការរកលុយសងបំណុល តែថៅកែមិនបើកប្រាក់ឲ្យទៀត។
លោកស្រី ឆាវ ស៊ីណាត៖ «ឈឺចាប់ហ្នឹង ព្រោះអីយើងជំពាក់គេ គេចេះតែរឹតកយើង យើងមិនមានលុយបង់ឲ្យគេ៤ទៅ៥ ថ្ងៃគេមករឹតកយើងម្ដងៗ យើងមិនមានលុយណា ឲ្យគេ រកតែលុយទិញអង្ករហូបមិនបានផង។ ខ្ញុំឲ្យកូន ឲ្យប្ដីទៅធ្វើការនៅភ្នំពេញ ៣ នាក់ ធ្វើការមិនបាន។ ធ្វើពីភ្នំពេញហើយ ធ្វើទៅដល់ខេត្តកោះកុង គេមិនបើកលុយ ឲ្យទៀត។ អត់មានលុយបង់ធនាគារ ៥ ទៅ ៦ ខែហើយ អត់មានបង់ឲ្យគេទេ។ ថ្ងៃមុនគេមកម្ដងហើយ គេថា បើមិនដោះស្រាយឲ្យគេទេ គេហៅឡើងឃុំ ខ្ញុំមិន មានលុយបង់ឲ្យលោកគ្រូទេ។ បើឡើងឃុំដោះស្រាយមិនចេញ គេហៅឡើង ដល់តុលាការ»។
ពលរដ្ឋម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ ទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង តុលាការសម្លឹងមើលពលរដ្ឋកំពុងរងទុក្ខវេទនា ព្រោះតែរង់ចាំដំណោះស្រាយ និងយុត្តិធម៌ពីស្ថាប័នពាក់ព័ន្ធ ច្រើនឆ្នាំហើយ។ លោកស្រីយល់ថា ការអូសបន្លាយមិនព្រមដោះស្រាយសំណងជូនពួកគាត់ គឺដូចជាតុលាការ និងរដ្ឋាភិបាល កំពុងបង្កើតការឈឺចាប់ដល់ជនរងគ្រោះ មួយជាន់ទៀត។
«ខ្ញុំមិនជឿថា ឡេង ចាន់ណាម្នាក់ឯង ហ៊ានយកលុយខ្ញុំនោះទេ ព្រោះវារៀបផែនការមក បើតាមគ្មានអ្នកធំណាចូលរួម ពួកខ្ញុំជាប្រជាពលរដ្ឋក៏មិនជឿបន្តិចដែរ អត់ជឿតែម្ដង សមត្ថភាពវាមិនអាចយកលុយពួកខ្ញុំទាំងលានដុល្លារ ទាំងម៉ឺនដុល្លារ ម្នាក់ៗអស់លានដុល្លារអ៊ីចឹងទេ តែដោយសារមានថ្នាក់ដឹកនាំ កំពូលៗចូលរួម ជាមួយវា គេមានរូបថតរូបអីអ៊ីចឹង»។
តំណាងពលរដ្ឋរងគ្រោះលោកស្រី ហាប ហៀម បង្ហាញការហួសចិត្ត ដែលរដ្ឋាភិបាលនៅតែ មិនអើពើជួយពលរដ្ឋរងគ្រោះ ដែលរងទុក្ខវេទនា និងស្រែកទាមទារយុត្តិធម៌ជាង ៣ឆ្នាំមកនេះ។ លោកស្រីថា កូនៗពលរដ្ឋរងគ្រោះ បានបោះបង់ ការសិក្សា ដើម្បីជួយរកប្រាក់ឪពុកម្ដាយដោះបំណុល ខណៈអ្នកខ្លះសម្លាប់ខ្លួន និងបែកបាក់គ្រួសារ ព្រោះគ្មានប្រាក់សងធនាគារ។
លោកស្រី ហាប ហៀម៖ «រដ្ឋាភិបាលមើលមិនឃើញ តុលាការក៏ធ្វើមិនដឹងមិនឮ បែរជា ក្រសួងយុត្តិធម៌ ជនរងគ្រោះរត់ទៅរកអស់ហើយ មិនថា ខាងតុលាការ ខេត្តសៀមរាប មិនថាក្រសួងយុត្តិធម៌ មិនថាទីណាទេ គឺជនរងគ្រោះរត់រកអស់ហើយ ក៏ប៉ុន្តែទាំងអស់នោះ គឺសុទ្ធតែសំរាមគ្មានន័យអី្វសម្រាប់ជនរងគ្រោះទេ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបលោក យិន ស្រាង អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌី ណា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៣ ខែឧសភា។
កាលពីខែសីហាកន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)សម្រេចព្យួរតំណែងអនុប្រធានអង្គភាព របស់ខ្លួន និងមានតួនាទី ជារដ្ឋលេខាធិការ ក្រសួងអប់រំ គឺលោក ស៊ាន បូរ៉ាត់ ព្រមទាំងព្យួរតំណែងអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិឧត្តមសេនីយ៍ ស ថាវី ដោយសារជាប់ពាក់ព័ន្ធករណីឆបោក លុយរាប់លានដុល្លារជាមួយអ្នកស្រី ឡេង ចាន់ណាដែរ។ លោក ស៊ាន បូរ៉ាត់ គឺជាមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត ព្រោះលោកគឺជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធាន។
ស្ថាបនិកវត្តភ្នំសេរី ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកា នៅក្នុងវេទិកា ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១២ ខែឧសភា ដោយជំរុញឲ្យពលរដ្ឋរងគ្រោះ ដែលចាញ់បោកក្រុមហ៊ុនឧកញ៉ាមួយចំនួននៅកម្ពុជា ក្រោកឡើងតវ៉ាទាំងអស់គ្នា ទើបអាចរកឃើញយុត្តិធម៌ និង បានសំណងមកវិញ។ ព្រះអង្គមានថេរដីកាថា ប្រសិនបើ ជនរងគ្រោះ នៅតែខ្លាច និងមិនហ៊ានក្រោកឡើងទាមទារយុត្តិធម៌ នោះពួកគាត់ នៅតែបន្តរងគ្រោះ រងទុក្ខវេទនា បាត់ដីស្រែចម្ការ និងផ្ទះសម្បែងតកូនចៅ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «ញាតិ ញោម ជនរងគ្រោះទាំងអស់ សូមយកគំនិត ៣ ទៅគិត ឆន្ទៈ វីរភាព និងការប៉ិនប្រសព្វនេះ មិនអាចខ្វះបានទេ ត្រូវមានឆន្ទៈរើសបម្រាស់ ឡើងកុំឲ្យគេធ្វើបាបយើងតជំនាន់ តពូជទៀត ព្រោះទឹកដីនេះ លែងជាកម្មសិទ្ធិ របស់យើងហើយ ទៅជាទឹកដីពូជគេហើយ ព្រោះកូនគេបានធ្វើនាយករដ្ឋមន្ត្រី។ ឥឡូវ ដឹកដៃចៅគេទាំងគូរ ឡើងអង្គុយទន្ទឹម ស្មើនឹងឧបនាយករដ្ឋមន្ត្រី»។
អ្នកឃ្លាំមើល លើកឡើងថា ដរាបណាពលរដ្ឋរងគ្រោះ នៅតែស្ងាត់ស្ងៀម មិនព្រមនាំគ្នា ចេញតវ៉ាឱ្យផុសផុលទូទាំងប្រទេសទេ នោះយុត្តិធម៌សម្រាប់ពួកគាត់ ក៏នៅតែកប់បាត់ ក្នុងនយោបាយមិនស្មោះត្រង់ និងដោះសារបស់ក្រុមអ្នកដឹកនាំ នៃរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន៕







