កម្ពុជា​​មិន​ប្រារព្ធ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ ខណៈ​ព្រះមហាក្សត្រ​ប្រឈួន

0
157
ព្រះរាជពិធិច្រត់ព្រះនង្គ័ល កាលពីឆ្នាំ​២០២៤។ រូប៖​ ក្រសួងព័ត៌មាន
ព្រះរាជពិធិច្រត់ព្រះនង្គ័ល កាលពីឆ្នាំ​២០២៤។ រូប៖​ ក្រសួងព័ត៌មាន

កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​នៃ​ក្រុមគ្រួសារ​ត្រកូល ហ៊ុន បាន​ប្រកាស​លុបចោល​ការ​ប្រារព្ធ​ពិធីបុណ្យ​របស់​ជាតិ​ដ៏​សំខាន់​មួយ​គឺ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នៅ​ឆ្នាំនេះ។ មូលហេតុ​នៃ​ការលុបចោល​ព្រះរាជ​ពិធីបុណ្យ​ជាតិ​មួយ​នេះ​គឺ​ដោយសារតែ​ព្រះមហាក្សត្រ​ទ្រង់​ប្រឈួន​កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។

នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន ហ្វ្រែសញូវ (Fresh News) ដែល​ជា​ប្រព័ន្ធ​ឃោសនា​គាំទ្រ​រដ្ឋាភិបាល​។ ទោះជា​យ៉ាងណា គេ​មិនឃើញ​រដ្ឋាភិបាល​ចេញ​សេចក្ដីប្រកាស​ផ្លូវការ​ចំពោះ​ការ​ផ្អាក​ប្រារព្ធ​ពិធី​នៅក្នុង​ឆ្នាំ​នេះ​ឡើយ។

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​គឺជា​អត្តសញ្ញាណ​ជាតិ​ដ៏​សំខាន់​មួយ​ដែល​បង្ហាញ​ពី​ជំនឿ និង​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម និង​សុភមង្គល​ជាតិ។ ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់​ដើមរដូវ​វស្សា​តាំង​ពី​សម័យ​បុរាណ​មក ដើម្បី​បួងសួង​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​សម្រាប់​ការ​ដាំដុះ​ដំណាំ​របស់​កសិករ និង​ទស្សន៍ទាយ​ពី​ទិន្នផល​កសិកម្ម​នៅ​រដូវ​ខាងមុខ។

ទាក់ទង​កសិកម្ម​នេះ ប្រជាកសិករ​នា​ឆ្នាំ​ខ្លះ​ក៏​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់ ប៉ុន្តែ​ពួកគាត់​នៅតែ​ប្រឈម​បញ្ហា​គ្មាន​ទីផ្សារ និង​មិនអាច​លក់ដូរ​បាន​ក្នុង​តម្លៃ​សមរម្យ ដោយសារតែ​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិនអាច​ធានា​ពី​ចំណូល​ប្រជាកសិករ​ឱ្យ​មាន​ស្ថិរភាព និង​មិន​អើពើ​ជួយ​រក​ទីផ្សារ​ជូន​ពួកគាត់​ឱ្យ​បាន​ត្រឹមត្រូវ។

ក្នុង​ពេល​រដ្ឋាភិបាល​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ក៏​មាន​មតិ​ខ្លះ​រិះគន់​ដែរ​ថា កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បែរជា​អាច​រៀបចំ​កម្មវិធី និង​ព្រឹត្តិការណ៍​កម្សាន្ត​ធំៗ​តាមតែ​អំពើ​ចិត្ត ដោយ​គេ​មើល​ឃើញ​ថា ដើម្បី​លើកមុខ​មាត់​លោក ហ៊ុន ម៉ានី ផ្ទាល់​ផង និង​ពេលខ្លះ​ដើម្បី​បង្វែរ​ស្ថានការណ៍​ដែល​យោធា​ថៃ​កំពុង​បន្ត​ឈ្លានពាន​កម្ពុជា និង​ការ​លំបាក​របស់​ពលរដ្ឋ​ខ្មែរ​ជា​ជនភៀសសឹក​ដែល​កំពុង​រស់នៅ​បាត់បង់​ផ្ទះសម្បែង និង​ដីធ្លី​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ