

ជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ ហាក់មានសភាពតានតឹងជាងមុន បន្ទាប់ពីភាគីថៃចោទប្រកាន់មកលើភាគីកម្ពុជាថា បានផ្ទុះអាវុធនៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ កងទ័ពខ្មែរអះអាងថា គ្មានករណីផ្ទះអាវុធតាមព្រំដែនដូចការចោទប្រកាន់របស់យោធាថៃនោះឡើយ។ ក៏ប៉ុន្តែយោធាថៃបានលើកយកការចោទប្រកាន់នេះ មកដាក់បន្ទុក និងព្រមានបង្កសង្គ្រាមលើកម្ពុជាជាលើកទីបី។
សង្គ្រាមនៅលើសមរភូមិព្រំដែនរវាងកម្ពុជា និងថៃបានផ្អាកអស់រយៈពេលជិតកន្លះឆ្នាំទៅហើយ ក៏ប៉ុន្តែការសង្គ្រាមពាក្យសម្ដី និងករណីផ្ទុះអាវុធ នៅតែកើតមានជាប្រចាំ។
កងទ័ពភូមិភាគ២ របស់ថៃបានប្រកាសកាលពីថ្ងៃទី១៤ ខែឧសភា ថា មានករណីសំឡេងផ្ទុះបានកើតឡើងក្នុងទីតាំងរបស់ទាហានខ្មែរ ស្ថិតនៅតំបន់ព្រំដែនវាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ ដែលមានចំងាយប្រហែល ២០០ម៉ែត្រ ពីទីតាំងឈរជើងរបស់ទាហានថៃស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត។ កងទ័ពភូមិភាគ២អះអាងថា មិនមានអ្នករបួសនៅក្នុងហេតុការណ៍នេះទេ ហើយមេបញ្ជាការរបស់កងទ័ពថៃបានទំនាក់ទំនងទៅកាន់មេបញ្ជាការរបស់កងទ័ពខ្មែរ ដើម្បីបកស្រាយរឿងនេះ ដោយមិនមានការប៉ះទង្គិច ឬការផ្ទុះអាវុធតបតរបស់ភាគីទាំងសងខាងនោះឡើយ។
ទាហានថៃដែលឈរជើងនៅស្រុកកាន់ថាឡាក់បានចោទថា ហេតុការណ៍សំឡេងផ្ទុះនេះ បានកើតឡើងដោយសារទាហានខ្មែរ បានបាញ់កាំភ្លើងគ្រាប់បែកប្រភេទ M79 ដើម្បីញុះញង់បង្កជម្លោះ។
ក៏ប៉ុន្តែទាហានខ្មែរដែលឈរជើងនៅប្រាសាទព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណនៅថ្ងៃនេះថា សំឡេងផ្ទុះនោះមិនបានកើតឡើងក្នុងទីតាំងឈរជើងរបស់ទាហានខ្មែរនោះឡើយ ហើយទាហានខ្មែរក៏មិនដែលផ្ទុះអាវុធដោយចិត្តឯងននោះឡើយ។ ទាហានខ្មែរបានអះអាងទៀតថា គឺមានតែទាហានថៃនោះទេ បានបាញ់ប្រហារមកលើទាហានខ្មែរជាច្រើនលើកបណ្ដាលឱ្យរងបួស ខណៈទាហានខ្មែរមិនទាំងបានបាញ់តបតទៅវិញសូម្បីមួយគ្រាប់នោះឡើយ។
គិតមកដល់ពេលនេះ មេបញ្ជាការកម្ពុជា និងថៃ នៅតែមិនអាចកំណត់អំពីមូលហេតុនៃសំឡេងផ្ទុះនេះ បាននៅឡើយ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា នេះ បានច្រានចោលចំពោះការចោទប្រកាន់របស់ភាគីមកលើកម្ពុជា ជាការមូលបង្កាច់ដោយគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់។ ក្នុងនោះក្រសួងការពារជាតិកម្ពុជា បានតវ៉ាចំពោះការបំផ្ទុះសំណល់គ្រាប់កាំភ្លើងធំចំនួនបីគ្រាប់របស់ភាគីថៃ ដោយមិនបានជូនដំណឹងមកភាគីកម្ពុជាឱ្យបានដឹងមុននោះឡើយ ខណៈកម្ពុជាបាននាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំជាលើកដំបូង ចុះទៅសង្កេតការណ៍នៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៤ ខែឧសភា។
ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងផ្ទុះអាវុធដូចគ្នានេះដែរ កាលពីយប់ថ្ងៃទី១៣ ឧសភា យោធាថៃបានចោទប្រកាន់ថា ទាហានខ្មែរបានផ្ទុះអាវុធចំនួន ១១គ្រាប់នៅព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្នុងហេតុការណ៍នោះ ហានថៃបានបាញ់ព្រមាន ២គ្រាប់បន្ទាប់ពីឃើញជនបរទេសម្នាក់ ដើរចូលទៅជិតរបងបន្លាលួសរបស់ទាហានថៃ។
ភ្លាមៗនោះ ក្រសួងការពារជាតិកម្ពុជាបានចេញមកបដិសេធ ដោយចាត់ទុកការលើកឡើងរបស់ភាគីថៃថា ជាព័ត៌មានមិនពិត និងមានចេតនាមួលបង្កាច់មកលើភាគីកម្ពុជា។
ទោះជាបែបនេះក្ដី យោធាថៃបានយកករណីនេះមកដាក់បន្ទុកលើកម្ពុជា ដោយចោទថា តាំងពីមានបទឈប់បាញ់មក កម្ពុជាបានផ្ទុះអាវុធតាមបណ្ដោយព្រំដែនប្រវែង ៤០០គីឡូម៉ែត្រស្ទើររាល់ថ្ងៃ ដើម្បីបង្កជម្លោះជាមួយទាហានថៃ និងប្រឌិតព័ត៌មានក្លែងក្លាយយកមកផ្សព្វផ្សាយទៅកាន់អន្តរជាតិ ខណៈមេដឹកនាំ ឬអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តែងតែចេញមកបដិសេធភ្លាមៗ ដោយមិនបានធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់នោះឡើយ។ ជាមួយគ្នានេះ យោធាថៃបានព្រមានថា ប្រសិនបើមានករណីផ្ទុះអាវុធចូលក្នុងទឹកដីថៃ នោះយោធាថៃនឹងឆ្លើយតបដោយការប្រើប្រាស់កម្លាំងទ័ពទៅកាន់ភាគីកម្ពុជាវិញ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការចោទប្រកាន់របស់យោធាថៃ គឺមានចេតនាបង្កហេតុដើម្បីបង្កជម្លោះជាមួយកម្ពុជា ព្រោះបើផ្អែកតាមស្ថានភាពបច្ចុប្បន្ន កម្ពុជាគ្មានលទ្ធភាពទៅបង្កសង្គ្រាមជាមួយភាគីថៃ ដែលមានកម្លាំងទ័ពខ្លាំងជាងនោះឡើយ។ លោកបន្តថា ក្នុងការចោទប្រកាន់ពីភាគីថៃនេះ ក្រសួងការពារជាតិកម្ពុជា គួរតែចេញសេចក្ដីថ្លែងការណ៍ដែលមានខ្លឹមសារខ្លី និងមានអំណះអំណាងគ្រប់គ្រាន់ ដើម្បីកុំឱ្យភាគីថៃចោទប្រកាន់មកលើកម្ពុជាតាមអំពើចិត្តនោះឡើយ។
លោក ម៉ែន ណាត៖ «មិនមែនលិខិតដែលសរសេរនៅលើហ្វេសប៊ុកពីរបីបន្ទាត់ហ្នឹង ហៅថាលិខិតតវ៉ានោះទេ។ ពីរបីបន្ទាត់ហ្នឹង វាមិនមែនជាលិខិតតវ៉ា និង អាចយកមកធ្វើជាអំណះអំណាងកើតទេ។ រឿងនេះក្រសួងការពារជាតិគប្បីសរសេរឱ្យមានវិជ្ជាជីវៈជាងហ្នឹង ព្រោះជាក្រសួងទទួលខុសត្រូវចំពោះមុខជាតិ»។
តាមការអះអាងរបស់ទាហានខ្មែរកន្លងមក តំបន់ព្រំដែនខេត្តព្រះវិហារ គឺជាភូមិសាស្ត្រដែលមានភាពផុយស្រួយ និងមានការប៉ះទង្គិចជាមួយភាគីថៃច្រើនជាងគេ ក្រោយពីមានបទឈប់បាញ់ ដោយសារទាហានថៃបានព្យាយាមរាយបន្លាលួស និងដើរល្បាតក្នុងទឹកដីកម្ពុជា ហើយត្រូវទាហានខ្មែររារាំង ដែលបង្កើតទៅជាទំនាស់ពាក្យសម្ដី រហូតដល់ភ្ជង់កាណុងកាំភ្លើងដាក់គ្នាទៅវិញទៅមក និងករណីខ្លះទៀតឈានទៅដល់ការបាញ់ប្រហារទៀតផង។
ជាក់ស្ដែងកាលពីខែកុម្ភៈ ទាហានថៃបាញ់ប្រហារមកលើទីតាំងទាហានខ្មែរនៅតំបន់អានសេះ រហូតបណ្ដាលឱ្យទាហានខ្មែររងរបួសចំនួន ២នាក់។ ជាងនេះទៅទៀត ទាហានថៃបានផ្ទុះអាវុធ និងគំរាមបាញ់សម្លាប់ទាហានខ្មែរជាច្រើនលើក នៅពេលទាហានខ្មែរដើរល្បាត ជ្រួសផ្លូវគ្នាជាមួយទាហានថៃ និងនៅពេលទាហានថៃបានព្យាយាមរាយបន្លាលួស និងកាយប្រឡាយចូលក្នុងទឹកដីកម្ពុជាហើយត្រូវទាហានខ្មែរចូលទៅរារាំង៕









