កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ​វិវត្ត​ពី​កិច្ច​សន្ទនា​ការទូត​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្ដែង​ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​បាន​ឆាប់

0
43
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN

រដ្ឋាភិបាល​កម្ពុជា​ជំរុញ​ភាគី​ថៃ​ថា ដល់ពេល​ត្រូវ​ប្រែ​ពី​ការសន្ទនា​ការទូត ទៅ​ជា​សកម្មភាព​ចុះ​វាស់វែង និង​បោះបង្គោល​ជាក់ស្តែង​នៅ​លើ​ដី​ជាក់ស្តែង ដោយ​ផ្អែកលើ​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ ១៩០៧ ព្រមទាំង​ផែនទី​ដែល​ផលិត​ដោយ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដើម្បី​ធានា​នូវ​សន្តិភាព​យូរអង្វែង សម្រាប់​ប្រជាជាតិ​ទាំងពីរ​។ ប៉ុន្តែ​អ្នកឃ្លាំមើល​សង្គម​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង​ខ្សោយ​ក្នុង​ការដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​ភាគី​ថៃ​មើលងាយ​កម្ពុជា និង​រំលាយ​កិច្ចព្រមព្រៀង​នានា​ជា​ឯកតោភាគី។

សេចក្តី​ថ្លែងការណ៍​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៦ ដែល​ទើបនឹង​ផ្សព្វផ្សាយ នៅថ្ងៃ​នេះ​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការ​ប្រើប្រាស់ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ដើម្បី​ចាប់ផ្តើម​ការងារ​វាស់វែង​ជាបន្ទាន់ ដែល​ការវាស់វែង ផ្អែកលើ​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤, សន្ធិសញ្ញា​ឆ្នាំ​១៩០៧ និង​ផែនទី​ដែល​ផលិត​ដោយ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​ឥណ្ឌូចិន​-​សៀម។

សេចក្តី​ថ្លែងការណ៍​អ្នកនាំពាក្យ​ក្រសួង​ការបរទេស បន្ថែម​ទៀត​ថា អ្វី​ដែល​កម្ពុជា​ជំរុញ​នោះ គឺ​ចង់​ឱ្យ​មាន​ការ​វិវត្ត​ចេញពី​បន្ទប់​ប្រជុំ ទៅ​កាន់​ការ​ចុះវាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ពិតប្រាកដ​មួយ។ ការ​ប្រកាន់យក​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ទាំងនេះ គឺជា​យុទ្ធសាស្ត្រ ម្ចាស់ការ របស់​កម្ពុជា ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ជៀសវាង​ការ​បកស្រាយ​ខុស ដែល​នាំ​ឱ្យ​មាន​ជម្លោះ​នា​ពេល​អនាគត។

អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​សង្កត់ធ្ងន់​ថា ក្នុងនាម​ជា​ប្រទេសជិតខាង និង​រដ្ឋ សមាជិក​អាស៊ាន​ដូចគ្នា កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការ​បន្ត​ពិភាក្សា តាមរយៈ​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ដោះស្រាយ​ជម្លោះ ផ្អែកលើ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ទាំងអស់ និង​ច្បាប់​អន្តរជាតិ។

ការ​អះអាង​នេះ​ធ្វើឡើង​ស្របពេល​ដែល​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​កំពុង​បន្ត​ជាប់​គាំង​ដោះស្រាយ​មិន​ចេញ ខណៈ​ទឹកដី​ខ្មែរ​ត្រូវ​គេ​រាយការណ៍​ថា កំពុង​ត្រូវ​បាន​ទាហាន​ថៃ​ឈ្លានពាន និង​គ្រប់គ្រង​ជា​បន្តបន្ទាប់។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក សឹង សែនករុណា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង​ខ្សោយ​ក្នុង​ការដឹកនាំ​ប្រទេស​ជាហេតុ​ធ្វើ​ឲ្យ​ភាគី​ថៃ​មើលងាយ​កម្ពុជា​តាម​អំពើ​ចិត្ត​ថែមទាំង​មិន​គោរព​កិច្ចព្រមព្រៀង​នានា​ដែល​មាន​តម្លៃ​ជា​អន្តរជាតិ។

លោក សឹង សែនករុណា៖ «ជា​ការ​ពិត​ទៅ​យើង​អត់​ចង់​បន្ទោស​មេដឹកនាំ​បច្ចុប្បន្ន​ទេ ការដែល​ថៃ​ហ៊ាន​នូវ​ទង្វើ​បែប​ហ្នឹង​ដោយសារតែ​ថៃ​មើលឃើញ​ពី​ភាព​កម្សោយ​នៃ​ការដឹកនាំ​របស់​ប្រទេស​កម្ពុជា​ហ្នឹងឯង គឺ​រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង​គឺជា​អ្នក​កំទេច​នូវ​កិច្ចព្រមព្រៀង​និង​សន្ធិសញ្ញា​ជាច្រើន​ដែល​ខ្លួន​បាន​ចុះហត្ថលេខា»។

ជុំវិញ​បញ្ហា​នេះ អ្នកស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត មាសនី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​នេះ​ថា ថៃ​បាន​ប្រើ​ផែនទី​ខ្នាត ១/៥០.០០០​ដែល​ពួកគេ​ផលិត​ខ្លួន​ឯង យក​មក​ឈ្លានពាន​ទឹកដី​ខ្មែរ ប៉ុន្តែ​ចាប់​ចេញពី​តំបន់​មុំ​បី រហូតដល់​ព្រំប្រទល់​ប្រទេស​ឡាវ ថៃ​នៅតែ​ប្រើ ផែនទី​បារាំង​សៀម​១៩០៤ និង​ឆ្នាំ​១៩០៧ ដដែល។

ចំណែកឯ ក្រុម​អ្នកវិភាគ ចាត់ទុកថា ការ​បោះបង្គោល​ព្រំដែន​បណ្តោះអាសន្ន គឺ​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​ផែនទី​ខ្នាត ១/៥០.០០០ ជា​ផែនទី​ដែល​ថៃ​គូស​ដោយ​ឯកតោភាគី ដូច្នេះ ការ​បោះបង្គោល​ព្រំដែន​បណ្តោះអាសន្ន​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់​នេះ ធ្វើ​ឱ្យ​ខ្មែរ​បាត់បង់​ទឹកដី​ទៅ​ខាង​ភាគី​ថៃ។

ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៥ មក ពលរដ្ឋ​ខ្មែរ​បាន​ចែកចាយ​លើ​បណ្ដាញ​ទំនាក់​សង្គម​ហ្វេសប៊ុក​ជា​បន្តបន្ទាប់ អំពី​សកម្មភាព​យោធា​ថៃ​ដែល​បាន​ប្រើ​គ្រឿងចក្រ​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ និង​រាយ​បន្លា​លួស ដាក់​ពង្រាយ​ទូ​កុងតឺន័រ​សាងសង់​លេណដ្ឋាន​ដែរ និង​ធ្វើ​សកម្មភាព​ជាច្រើន​ទៀត​លើ​ទឹកដី​ខ្មែរ​ដែល​ពួកគេ​កំពុង​កាន់កាប់​ដោយ​ខុសច្បាប់។

ជុំវិញ​បញ្ហា​នេះ គណបក្សប្រឆាំង លើកឡើង​ថា ទីតាំង​ដែល​ទាហាន​កម្ពុជា និង​ទាហាន​ថៃ ច្បាំង​គ្នា​ទាំង​ពីរ​លើក កាល​ពី​ឆ្នាំ​២០២៥ កន្លង​ទៅ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ក្នុង​ការគ្រប់គ្រង​រប​ស់​ថៃ​ចំនួន ៥១​ទីតាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ