សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី០៥ តុលា

0
115
ប្រធានសមាគមគ្រូបង្រៀនករាជ្យ​ អ្នកស្រី​ អ៊ុក​ ឆាយ៉ាវី(ស្ដាំ) និងទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន (លើកដៃសំពះ)​ និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រធានសមាគមគ្រូបង្រៀនករាជ្យ​ អ្នកស្រី​ អ៊ុក​ ឆាយ៉ាវី(ស្ដាំ) និងទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន (លើកដៃសំពះ)​ និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក លើកទី៣២ នៅទីស្នាក់ការសមាគម ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ តុលា ខាងមុខ។ ការប្រារព្ធទិវានេះ គឺដើម្បីលើកកម្ពស់សិទ្ធិសេរីភាពគ្រូបង្រៀននៅកម្ពុជា។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងអបអរសាទរទិវាគ្រូបង្រៀនពិភពលោក លើកទី៣២ និងរំលឹកខួប ៦០ ឆ្នាំ នៃការអនុវត្តអនុសាសន៍រួមរបស់អង្គការអន្តរជាតិខាងការងារ និងអង្គការយូណេស្កូ (ILO/UNESCO) ស្ដីពីឋានៈគ្រូបង្រៀន (ឆ្នាំ១៩៦៦-២០២៦)។ ក្នុងពិធីនោះ សមាគមគ្រោងជួបជុំសម្តែងមតិ ក្រោមប្រធានបទ «ឈរជាមួយគ្រូបង្រៀន ៦០ឆ្នាំនៃការការពារវិជ្ជាជីវៈ លើកកម្ពស់ឋានៈ និងការកសាងអនាគតរបស់យើង»។

ក្នុងលិខិតចុះថ្ងៃទី០២ តុលា សមាគមគ្រូបង្រៀនឯករាជ្យឲ្យដឹងថា គោលបំណងនៃការប្រារព្ធទិវានេះ គឺដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈគ្រូបង្រៀន ជំរុញឱ្យមានការកែលម្អលក្ខខណ្ឌការងារ បង្កើនប្រាក់បៀវត្សរ៍ឱ្យសមរម្យនឹងជីវភាព ទាមទារឱ្យមានការគោរពសិទ្ធិសេរីភាពគ្រូបង្រៀន បញ្ឈប់ការរើសអើងចំពោះសមាគម​និងគ្រូបង្រៀននៅកន្លែងការងារ ផ្តល់សិទ្ធិសេរីភាពឲ្យទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន និងដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញជាដើម។

កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៦ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានដាក់លិខិតទៅរដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនេះ នៅទីលានប្រជាធិបតេយ្យ ប៉ុន្តែអភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ បានបដិសេធចំពោះសំណើនោះ។

នៅក្នុងលិខិតចុះថ្ងៃទី ៣០ កញ្ញា របស់រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានចាត់វិធានការផ្លូវច្បាប់លើប្រធានសមាគម អ្នកស្រី អ៊ុក ឆាយ៉ាវី ក្នុងករណីដែល អ្នកស្រី នៅតែធ្វើសកម្មភាពជួបជុំ ប្រមូលផ្តុំ នៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួន ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការបដិសេធរបស់អភិបាលរងសាលារាជធានីភ្នំពេញរូបនេះ គឺជាការរឹតត្បិតសិទ្ធិ និងរើសអើងចំពោះសមាគមក្នុងការប្រារព្ធទិវានេះ។ លោកថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានបង្ហាញហេតុផលណាមួយច្បាស់លាស់ និងសមស្របក្នុងការបដិសេធនេះឡើយ។ លោកបន្តថា សាលារាជធានីភ្នំពេញតែងបដិសេធចំពោះសំណើរបស់សមាគមនេះ ជារៀងរាល់ឆ្នាំដែលហាក់បង្ហាញឲ្យឃើញច្បាស់ថា សេរីភាពរបស់គ្រូបង្រៀន គឺតូចចង្អៀតយ៉ាងខ្លាំង។ លោកអះអាងថា ការអនុវត្តរបស់សាលារាជធានីភ្នំពេញ គឺជាការបំពានច្បាប់ស្តីពីកូដកម្មបាតុកម្មក្នុងការហាមប្រាមមិនឲ្យសមាគមប្រើប្រាស់ទីលានប្រជាធិបតេយ្យសម្តែងមតិ។

លោក រ៉ុង ឈុន ទទូចឲ្យអ្នកអនុវត្តច្បាប់ត្រូវគោរពច្បាប់ និងត្រូវធានាដល់សិទ្ធិសេរីភាពរបស់​ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ នោះទើបច្បាប់រឹងមាំបាន។

លោក​ រ៉ុង​ ឈុន៖​ «បើយើងនិយាយអំពីតួនាទីគ្រូបង្រៀន ក៏ដូចជាអង្គការវិជ្ជាជីវៈគ្រូបង្រៀន ដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួមធ្វើឱ្យវិស័យអប់រំប្រសើរឡើង ក្នុងការដើរតួនាទីដ៏សំខាន់ក្នុងការផ្ទេរនូវចំណេះដឹងទៅដល់កូនខ្មែរ បណ្ដុះនូវសីលធម៌ វិន័យ សុជីវធម៌ ក៏ដូចជាការបង្កើតនូវធនធានមនុស្សសម្រាប់អភិវឌ្ឍជាតិ តាមរយៈគ្រូបង្រៀន។ ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរមិនដែលឱ្យតម្លៃទៅលើគ្រូបង្រៀនទេ តែងតែរកវិធីត្បិតត្បៀតសេរីភាព មិនឱ្យគាត់សម្ដែងមតិ តាមរយៈទិវាគ្រូបង្រៀនពិភពលោកទេ»។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អំពាវនាវដល់លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ អាណាព្យាបាលសិស្ស សិស្ស និស្សិត យុវជន កម្មករ សមាគម សហជីព និងអង្គការសង្គមស៊ីវិល នានាចូលរួមអបអរសាទរទិវាគ្រូបង្រៀនពិភពលោកឲ្យបានច្រើនកុះករនៅទីស្នាក់ការផ្ទាល់របស់សមាគម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ