សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឱ្យ​សកម្មជន​​៣រូប​​ជាប់​ពន្ធនាគារ​ករណី​បញ្ចេញមតិ​បញ្ហា​ព្រំដែន

0
74
សមាជិកក្រុមការងារបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិ​ខេត្តកំពង់ស្ពឺ លោក ឌឹម គៀង និងអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាអ្នកគំាទ្រគណបក្សកម្លាំងជាតិវ័យ លោក ឃូ ហាំងមាង និង​អ្នកប្រើប្រាស់បណ្តាញសង្គម និងជាកម្មករដឹកគ្រឿងសំណង់លោក ឈឿន ឈាន។ រូបលីកាដូ
សមាជិកក្រុមការងារបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិ​ខេត្តកំពង់ស្ពឺ លោក ឌឹម គៀង និងអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាអ្នកគំាទ្រគណបក្សកម្លាំងជាតិវ័យ លោក ឃូ ហាំងមាង និង​អ្នកប្រើប្រាស់បណ្តាញសង្គម និងជាកម្មករដឹកគ្រឿងសំណង់លោក ឈឿន ឈាន។ រូបលីកាដូ

សាលាឧទ្ធរណ៍ភ្នំពេញចេញសាលដីកាតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ​ឱ្យ​សកម្មជន​នយោបាយ និងសង្គម ៣រូប ជាប់ពន្ធនាគារម្នាក់ៗ១៨ខែ ក្នុងសំណុំរឿងចំនួន បី ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងបទល្មើស «ញុះញង់»។ មន្ត្រីសិទ្ធិមនុស្ស យល់ថា រដ្ឋាភិបាល​គួរពិចារណាដោះលែងសកម្មជននយោបាយ និងសង្គម ព្រមទាំងអ្នកទោសមនសិការ​ទាំងអស់​ឲ្យ​មានសេរីភាពឡើងវិញ មុន​ការ​បោះឆ្នោត​មក​ដល់។

សមាជិកក្រុមការងារបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិ​ខេត្តកំពង់ស្ពឺ លោក ឌឹម គៀង និងអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាអ្នកគំាទ្រគណបក្សកម្លាំងជាតិវ័យ៤៩ ឆ្នាំ លោក ឃូ ហាំងមាង ត្រូវបន្តជាប់ពន្ធនាគារ និងជាប់ពិន័យជាប្រាក់ ២លានរៀល ដូចគ្នា តាមសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី១៣ តុលា នេះ។ ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គម និងជាកម្មករដឹកគ្រឿងសំណង់លោក ឈឿន ឈាន សាលាឧទ្ធរណ៍សម្រេចបន្ថយពិន័យពី៥លានរៀលមកនៅត្រឹម៤លានរៀលវិញ និងត្រូវជាប់ពន្ធនាគារ១៨ខែដូចគ្នា។

អាជ្ញាធរ បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ និងសង្គមទាំង៣រូប កាលពីអំឡុងឆ្នាំ២០២៥។

លោក ឌឹម គៀង ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់២ករណី ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបទ “ប្រមាថ” ដោយផ្អែកលើសារសន្ទនាឯកជនមួយរបស់លោក។

លោក ឃូ ហាំមាង ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហាងកាហ្វេមួយកន្លែង នៅក្រុងសៀមរាប ខេត្តសៀមរាប និងត្រូវតុលាការចោទប្រកាន់ពី​បទ«ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខសង្គម‌‌»ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គមពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជាថៃ ។

ចំណែក កម្មករដឹកសម្ភារៈសំណង់លោក ឈឿន ឈាន ត្រូវបានអាជ្ញាធរចាប់ខ្លួន​ខណៈដែល​លោក​កំពុង​បើកបរឡានដឹកគ្រឿងសំណង់មួយ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ពាក់ព័ន្ធការ​ចែករំលែក និងបញ្ចេញមតិលើបណ្តាញសង្គម។ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ ៣ករណី ពីបទ«ញុះញង់ឱ្យមានការរើសអើង» «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ជេរប្រមាថជាសាធារណៈ» និងពិន័យជាប្រាក់ចំនួន ៥លានរៀល និងសងសំណងទៅដើមបណ្តឹងចំនួន ៤០ លានរៀល។

អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោក​សោកស្តាយ​ដែល​រដ្ឋាភិបាលបន្តឃុំខ្លួនសកម្មជននយោបាយ និងមនសិការទាំងអស់ក្នុង​ពន្ធនាគារ ហើយពលរដ្ឋ ជាម្ចាស់អំណាច ម្ចាស់ទឹកម្ចាស់ដី និងជាម្ចាស់ជោគវាសនានៃជាតិ មិនអាចទទួលបានការគោរព សិទ្ធិ សេរីភាព បានពេញលេញនៅចំពោះមុខច្បាប់។ លោកទទូចឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ គោរពសិទ្ធិមនុស្សឲ្យបានពេញលេញ​ស្របតាម​ច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក សុខ គឹមសេង៖ «មានជម្រើសតែមួយទេ ដែលប្រទេសជាតិយើងត្រូវតែរៀបចំឡើងវិញ គឺការសាមគ្គីភាព ឯកភាពផ្ទៃក្នុងតាមរយៈការផ្សះផ្សា។ អ៊ីចឹង ដើម្បីយើងអាចសាមគ្គីភាព ឯកភាពផ្ទៃក្នុងបាន ទាល់តែយើងចាប់ផ្តើមសាមគ្គីគ្នា ចាប់ផ្តើមកុំលាបពណ៌គ្នា កុំចោទប្រកាន់គ្នា កុំប្រើប្រាស់នូវប្រព័ន្ធតុលាការដើម្បីចោទប្រកាន់។ ហើយយើងងាកមកជជែកគ្នា តាមគោលការណ៍ប្រជាធិបតេយ្យ ដោយទុកលទ្ធភាពឱ្យប្រជាពលរដ្ឋជាអ្នកសម្រេច។ ប្រជាពលរដ្ឋចូលរួមនៅក្នុងការរៀបចំ ក្នុងនាមគាត់ជាម្ចាស់ប្រទេស ក្នុងនាមគាត់ជាម្ចាស់អំណាច គាត់សម្រេច របៀបដឹកនាំរបៀបម៉េច ថ្នាក់ដឹកនាំរបៀបម៉េច អាហ្នឹងសម្រេចទុកលើគាត់។»

ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមក មានការរិះគន់ច្រើនពីសហគមន៍ជាតិ និងអន្តរជាតិ អំពីការ​រឹតត្បិត​សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការចាប់ខ្លួន ការផ្តន្ទាទោសលើសកម្មជន​គណបក្សនយោបាយ សង្គម បរិស្ថាន សិទ្ធិមនុស្ស ជាដើម។ លោកថា ការបន្តឃុំខ្លួនសកម្មជនទាំងនោះ គឺជាការបន្តឲ្យមានការរិះគន់បន្ថែមទៀតមកលើកម្ពុជា ពាក់ព័ន្ធការរឹតត្បិតលំហសេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជា។

លោក អំ សំអាត៖ «សហគមន៍អន្តរជាតិ ឬក៏អង្គការសហប្រជាជាតិហ្នឹង ក៏អំពាវនាវឱ្យមានការបើកលំហទៅលើសេរីភាពក្នុងការបញ្ចេញមតិ លំហស៊ីវិល និងលំហនយោបាយ លំហរសារព័ត៌មាន ដើម្បីធ្វើយ៉ាងណា ឱ្យបរិយាកាសនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដូចជាការបោះឆ្នោតជាតិខាងមុខនេះ គឺមានបរិយាកាសល្អប្រសើរ ហើយការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ហើយបញ្ហាទាំងអស់ហ្នឹង គឺគេទទូចសុំឱ្យមានការដោះលែងទៅលើសកម្មជនទាំងអស់ហ្នឹងឲ្យមានសេរីភាពឡើងវិញណា៎»។

កាលពីខែកក្កដា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលោក ថម អេនដ្រូ (Tom Andrews) បានបង្ហាញក្តីបារម្ភចំពោះការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកក៏ធ្លាប់បានលើកឡើង និងបង្ហាញក្តីបារម្ភជុំវិញ ការរឹតត្បិតសេរីភាពជាមូលដ្ឋាន និងលំហស៊ីវិលនៅកម្ពុជា។ លោក ថម អេនដ្រូ បានសង្កត់ធ្ងន់ថា «មិនគួរមានបុគ្គលណាម្នាក់ត្រូវជាប់ពន្ធនាគារដោយសារតែការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពួកគេនោះឡើយ»។ បច្ចុប្បន្ន អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាង១០០នាក់ ត្រូវអាជ្ញាធរ និងតុលាការ បន្តឃុំខ្លួន ដោយសារតែភាពសកម្មនិយម ឬការបញ្ចេញមតិរបស់ពួកគេ។

មន្ត្រីគណបក្សជំទាស់ និងមន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកទូលាយលំហសេរីភាពបញ្ចេញមតិ លំហសេរីភាពសង្គមស៊ីវិល និងធានាការគោរពសិទ្ធិនយោបាយ ព្រមទាំងដោះលែងអ្នកទោសនយោបាយ សង្គម និងមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញ ខណៈប្រទេសកំពុងឈានទៅរកការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ