តុលាការ​កំពូល​បដិសេធ​សំណើ​របស់ រ៉ុង ឈុន សុំ​ទៅ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ស្រុកកំណើត

0
64
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

តុលាការ​កំពូល​កម្ពុជា​បាន​បដិសេធ​សំណើ​របស់លោក រ៉ុង ឈុន អតីត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ដែល​សុំ​អនុញ្ញាតឱ្យ​លោក​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​រយៈពេល ១៥​ថ្ងៃ ដើម្បី​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​ស្រុកកំណើត​ក្នុង​ខេត្តកណ្ដាល។ តុលាការ​កំពូល​លើក​មូល​ហេតុថា តុលាការ មិនអាច​ពិចារណា​លើ​ពាក្យ​ស្នើសុំ​ច្បាប់​របស់​លោក​ឡើយ ពីព្រោះថា សាលដីកា​របស់​តុលាការ​កំពូល​គឺជា​សេចក្តីសម្រេច​ស្ថាពរ។

អតីត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) លោក រ៉ុង ឈុន បង្ហាញ​ការខកចិត្ត​ដែល​តុលាការ​កំពូល មិន​អនុញ្ញាត​ឲ្យ​លោក​ទៅ​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​ស្រុកកំណើត​តាម​ការស្នើសុំ​របស់លោក​។ លោក យល់ថា ការលើក​ហេតុផល​របស់​តុលាការ ដោយ​បញ្ជាក់ថា ខ្លួន​មិនអាច​ពិនិត្យ​សំណើសុំ​ច្បាប់​របស់លោក​បាន​ទេ ដោយសារ​សាលដីកា​របស់​តុលាការ​កំពូល​ចុះ​ថ្ងៃទី​១៩ ខែមិថុនា គឺជា​សេចក្តីសម្រេច​ស្ថាពរ និង​មាន​អានុភាព​អនុវត្ត​។ លោក​យល់ថា​ការសម្រេច​នេះ​ជាការ​រឹតត្បិត​បន្ថែម​លើ​សេរីភាព​របស់លោក។

លោក រ៉ុង ឈុន បានឱ្យដឹងថា លិខិត​របស់​តុលាការ​កំពូល​បាន​ណែនាំ​ឱ្យ​លោក​ដាក់សំណើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជំនួស​វិញ ដូច្នេះ លោក​នឹង​ដាក់សំណើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អនុញ្ញាត​ឱ្យទៅ​ចូលរួម​ពិធីបុណ្យ​នៅ​ស្រុកកំណើត​ក្នុង​សប្តាហ៍​ក្រោយ​។ លោក​ថា លោក​ចង់ទៅ​ធ្វើបុណ្យ​ជាមួយ​បងប្អូន និង​សាច់ញាតិ និង​ឧទ្ទិស​កុសល​ដល់​ឪពុក ម្តាយ និង​ជីដូន​ជីតា​ដែល​បានទទួល​មរណភាព។

លោក រ៉ុង ឈុន សង្ឃឹមថា សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​អនុញ្ញាតឱ្យ​លោក​ធ្វើដំណើរ​ទៅ​ខេត្តកណ្ដាល ដោយ​លោក​បាន​លើកឡើងថា ការធ្វើ​បុណ្យ​ក្នុងឱកាស​ភ្ជុំបិណ្ឌ គឺជា​ប្រពៃណី​សំខាន់​មួយ​របស់​ប្រជាជន​កម្ពុជា។

ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៥ ខែ​កញ្ញា ប្រធាន​តុលាការ​កំពូល លោក ជីវ កេង បាន​បញ្ជាក់​ថា តុលាការ​កំពូល​មិនអាច​ពិនិត្យ​សំណើសុំ​ច្បាប់​របស់លោក រ៉ុង ឈុន បានទេ ដោយសារ​សាលដីកា​ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៦ ជា​សេចក្តីសម្រេច​ស្ថាពរ និង​មាន​អានុភាព​អនុវត្ត​។ តុលាការ​កំពូល​ក៏បាន​បញ្ជាក់ថា សាលដីកា​នោះ​ត្រូវបាន​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​សមត្ថកិច្ច​រួចហើយ ដោយ​យោងតាម​មាត្រា ៤៩៧ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ។

កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា លោក រ៉ុង ឈុន បានដាក់​សំណើសុំ​ច្បាប់​ទៅ​តុលាការ​កំពូល ដោយ​សុំ​អនុញ្ញាតឱ្យ​លោក​ចេញពី​ភ្នំពេញ​រយៈពេល ១៥​ថ្ងៃ ទៅធ្វើ​បុណ្យ​ជាមួយ​បងប្អូន និង​សាច់ញាតិ និង​ឧទ្ទិស​កុសល​ដល់​ឪពុក ម្តាយ និង​ជីដូន​ជីតា​ដែល​បានទទួល​មរណភាព។

ការស្នើសុំ​នេះ​កើតឡើង​បន្ទាប់ពី​សាលដីកា​របស់​តុលាការ​កំពូល​បានដាក់​លោក​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ និង​ហាម​លោក​មិនឱ្យ​ចាក​ចេញពី​ភ្នំពេញ​។ លោក​ក៏​ត្រូវបាន​ហាមឃាត់​ពី​សកម្មភាព​នយោបាយ និង​ការចូលរួម​ក្នុងការ​ជួបជុំ​សាធារណៈ​ក្នុងអំឡុងពេល​នៃ​ការត្រួតពិនិត្យ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែលមាន​មូលដ្ឋាន​នៅ​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​រិះគន់​ការសម្រេច​របស់​តុលាការ ដោយ លោក​អះអាងថា ប្រព័ន្ធតុលាការ​កម្ពុជា​ខ្វះ​ឯករាជ្យភាព និង​ថា​ការ​រឹតត្បិត​លើ​លោក រ៉ុង ឈុន រួមទាំង​ការមិន​អនុញ្ញាតឱ្យ​លោក​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​លោក។

លោក ស៊ឹង សែនករុណា៖ «អីចឹង​ការសម្រេច​បែបនេះ វា​ជា​អំពើ​អគុណ​ធម៌ ហើយ​យើង​ឃើញ​ហើយ បម្រាម​មិនឱ្យ​លោក រ៉ុង ឈុន ទៅ​មាន​សេរីភាព​ធ្វើ​នយោបាយ ហើយ​បិទ​សិទ្ធិសេរីភាព​ដើរហើ ហើយ​សូម្បីតែ​ការ​ទៅ​ប្រារព្ធ​ពិធីបុណ្យ​នៅ​ស្រុកកំណើត ក៏​មិន​អនុញ្ញាត​ដែរ វា​ជា​អំពើ​កាន់​បង្ហាញ​ឱ្យ​ច្បាស់​អំពី អំណាច​នៃ​នយោបាយ ដែល​ភ្ជាប់​ជាមួយ​តុលាការ នេះ ជា​អំពើ​អគុណ​ធម៌ និង​អមនុស្សធម៌​មែនទែន សម្រាប់​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា»។

លោក សឹង សែនករុណា បន្ថែម​ទៀត​ថា ការសម្រេច​របស់​តុលាការ គឺ​មិនបាន​ធ្វើតាម​ចំណេះ ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​នោះទេ គឺ​ការសម្រេច​នេះ​ទៅតាម​ការគូសវាស​រប​ស់​អ្នក​ដែលមាន​ឥទ្ធិពល អ្នក​ដែលមាន​អំណាច​នយោបាយ​បញ្ជា។

កាលពី​ថ្ងៃទី​១៩ ខែមិថុនា តុលាការ​កំពូល​បាន​រក្សា​ការផ្តន្ទាទោស​លោក រ៉ុង ឈុន ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ សុខ​សង្គម​។ លោក​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល​។ ប៉ុន្តែ​តុលាការ​កំពូល​បាន​ព្យួរទោស និង​ដាក់​លោក​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​រយៈពេល​បី​ឆ្នាំ​។ តុលាការ​ក៏បាន​កាត់បន្ថយ​ការហាមឃាត់​សិទ្ធិ​នយោបាយ​ពីមួយ​ជីវិត​មក​ត្រឹម​ប្រាំ​ឆ្នាំ​។ តុលាការ​កំពូល​បាន​ហាម មិនឱ្យ​ដូរ​ទីលំនៅ​ក្រៅពី​ភ្នំពេញ និង ហាម​មិនឱ្យ​ថ្លែង​សារ​នយោបាយ​នៅតាម​ទីសាធារណៈ និង​ហាម​មិន​ឱ្យមាន​វត្តមាន​ក្នុងចំណោម​មហាជន។

អ្នកឃ្លាំមើល​សង្គម​កម្ពុជា អះអាង​ថា ការ​ដាក់​កម្រិត​មិនឱ្យ​លោក រ៉ុង ឈុន ចាក​ចេញពី​ទីក្រុង​ភ្នំពេញ ជា​រឿង​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​អ្នកនយោបាយ​ប្រឆាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ