

មេទ័ពជើងទឹកថៃ បានដាក់បញ្ជាឱ្យកងកម្លាំងដែលកំពុងឈរជើងនៅតំបន់ដែនសមុទ្រ និងដែនគោក ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា ត្រៀមខ្លួនដើម្បីប្រយុទ្ធសម្រាប់ស្ថានការណ៍ ដែលអាចនឹងមានជម្លោះប្រដាប់អាវុធកើតឡើងម្ដងទៀត។ ក្នុងនោះមេទ័ពជើងទឹកថៃ បានបញ្ជាឱ្យពង្រឹងកម្លាំងការពារនៅទីតាំងបង្គោលព្រំដែនលេខ ៥២ ដល់៥៩ ដែលស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាទីដែលភាគីថៃ បានសាងសង់របងព្រំដែនអចិន្ត្រៃយ៍ និងបានកែប្រែខ្សែបន្ទាត់ព្រំដែនក្នុងខេត្តប៉ៃលិន បន្ថែមទៀត។
មេបញ្ជាការកងទ័ពជើងទឹកថៃ លោក ណារេត វង្សត្រាក់គូន (Nares Wongtrakul) បានចុះត្រួតពិនិត្យទីតាំងជួរមុខនៅតំបន់ផ្ទះបីខ្នង និងតំបន់ថ្មដា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា និងបានបញ្ជាឱ្យកងទ័ពជើងទឹកថៃត្រៀមខ្លួនទាំងកម្លាំងមនុស្ស យុទ្ធវិធី និងសព្វាវុធ ដើម្បីអាចធ្វើសង្គ្រាមវាយប្រហារភ្លាមៗ នៅពេលមានករណីផ្ទុះអាវុធកើតឡើង ដោយប្រការណាមួយ។ លោកបានណែនាំឱ្យកងទ័ពជើងទឹកថៃ ប្រុងជើងការដោយស្ងប់ស្ងាត់ និងប្រុងប្រយ័ត្ន ដើម្បីប្រាកដថា កងទ័ពថៃនឹងមិនចាញ់ប្រៀបកម្ពុជា ប្រសិនបើមានករណីផ្ទុះសង្គ្រាមលើកទីបីផ្ទុះឡើងនោះឡើយ។
ក្រៅពីពង្រឹងកម្លាំងនៅតំបន់ព្រំដែនគោកហើយនោះ មេទ័ពជើងទឹកថៃរូបនេះ មេបញ្ជាការកងទ័ពជើងទឹកថៃ បានបញ្ជាឱ្យកងទ័ពជើងទឹកថៃត្រៀមខ្លួនខ្ពស់បំផុត បំពាក់សព្វាវុធ និងបញ្ជូននាវាល្បាត ដើម្បីការពារដែនសមុទ្រ រួមទាំងកោះគជ់ ដែលកំពុងមានភាពចម្រូងចម្រាសជាមួយកម្ពុជាទៀតផង។
តំបន់ថ្មដា និងអូរភ្លុកដំរី ឬដែលគេហៅថាតំបន់ផ្ទះបីខ្នង ស្ថិតនៅតាមបណ្ដោយជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ គឺជាទីតាំងឈរជើង និងជាផ្លូវដឹកជញ្ជូនស្បៀងអាហារ និងគ្រាប់រំសេវដ៏សំខាន់របស់កងទ័ពខ្មែរក្រហម ក្នុងចម្បាំងជាមួយកងទ័ពវៀតណាម កាលពីឆ្នាំ១៩៨០ រហូតតំបន់នេះបានក្លាយជាទីតាំងឈរជើងរបស់ទាហានខ្មែរមកដល់សព្វថ្ងៃ។
ក៏ប៉ុន្តែ ក្នុងអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនលើកទី២ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការវាយប្រហារ និងចូលកាន់កាប់នៅតំបន់ថ្មដា និងអូរភ្លុកដំរី ទាំងកម្រោល ដោយយោធាថៃបានប្រើប្រាស់កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់ និងយន្តហោះចម្បាំង F-16 វាយប្រហារមកលើទីតាំងរបស់ទាហានខ្មែរ រហូតទាហានខ្មែរត្រូវបង្ខំចិត្តដកថយ។
ទៅជាយ៉ាងណា ក្រោយពីមានបទឈប់បាញ់ យោធាថៃបានបន្តកាន់កាប់នៅតំបន់ថ្មដា និងអូរភ្លុកដំរី នេះ និងបានរាយបន្លាលួស និងតម្រៀបទូកុងតឺន័រព័ទ្ធយកផ្ទះសម្បែង និងអគារកាស៊ីណូរបស់កម្ពុជា ជាច្រើនទីតាំងទៀត។ បច្ចុប្បន្នយោធាថៃបានពង្រីកមូលដ្ឋានយោធា ជីកលេណដ្ឋានខ្វាត់ខ្វែងជាច្រើនកន្លែងនៅក្នុងតំបន់អូរភ្លុកដំរី និងបានកាត់បញ្ចូលតំបន់ទាំងនេះទៅក្នុងទឹកដីរបស់ថៃជាអចិន្ត្រៃយ៍។
ដោយឡែកនៅតំបន់ព្រំដែនខេត្តបាត់ដំបង ឯនោះវិញ មេបញ្ជាការកងទ័ពជើងទឹកថៃ លោក ណារេត វង្សត្រាក់គូន បានចុះទៅត្រួតពិនិត្យក្នុងតំបន់បង្គោលព្រំដែនលេខ៥២ ដល់៥៩ ដែលស្ថិតក្នុងស្រុកកំរៀង ជាទីដែលភាគីថៃបានសាងសង់របងព្រំដែនអចិន្ត្រៃយ៍ ជាឯកតោភាគី។ ក្នុងការចុះត្រួតពិនិត្យនេះ លោកបានបញ្ជាឱ្យកងទ័ពជើងទឹកថៃពង្រីកមូលដ្ឋានទ័ព នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ដើម្បីជំរុញឱ្យការសាងសង់របងព្រំដែននេះ បញ្ចប់ទៅដោយឆាប់រហ័ស ដោយគ្មានការរារាំងពីភាគីកម្ពុជានោះឡើយ។
ក្រៅពីសាងសង់របងព្រំដែននៅតាមបណ្ដាយព្រំដែនក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ហើយនោះ យោធាថៃបានលើកឡើងពីផែនការសាងសង់ផ្លូវយុទ្ធសាស្ត្រដែលមានប្រវែងជាង ២០គីឡូម៉ែត្របន្ថែមទៀត ដោយតភ្ជាប់ពីទីតាំងបង្គោលព្រំដែនលេខ៥៩ ឆ្ពោះទៅកាន់តំបន់ព្រំដែនខេត្តប៉ៃលិន ទៀតផង។ ជាមួយគ្នានេះ កងទ័ពជើងទឹកថៃ បានប្រកាសពីការដាក់បញ្ចូលតំបន់រាងក្រចកសេះចំនួន ២ទីតាំង ដែលស្ថិតក្នុងតំបន់ជ្រលងភ្នំក្បាលដំរី ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងមួយកន្លែងទៀតនៅក្នុងតំបន់ឃុំស្ទឹងកាច់ ស្ថិតក្នុងស្រុកសាលាក្រៅ ចូលទៅក្នុងផែនទីរបស់ប្រទេសថៃ បន្ទាប់ពីកងកម្លាំងរបស់ថៃ បានចូលឈូសឆាយ និងកែប្រែអូរធម្មជាតិ ដែលជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន ខណ្ឌចែកព្រំដែនរវាងកម្ពុជា-ថៃ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៨ ខែវិច្ឆិកា។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានប្រកាសតាមរយៈអ្នកនាំពាក្យរបស់លោកថា កម្ពុជានឹងលើកយកបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ទៅនិយាយនៅលើវេទិកាអន្តរជាតិ រហូតដល់ភាគីថៃអនុវត្តកិច្ចព្រមព្រៀងឱ្យបានពេញលេញ និងចាប់ផ្ដើមដំណើរការវាស់វែងនៅលើដីជាក់ស្ដែង ដែលមានចែងយ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីខែធ្នូ ឆ្នាំ២០២៥។
ក៏ប៉ុន្តែ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា វិធីសាស្ត្ររបស់លោក ហ៊ុន សែន នេះ គឺជាការដាក់សម្ពាធផ្នែកការទូត ដែលគ្មានទម្ងន់ផ្នែកច្បាប់ដើម្បីបង្ខំឱ្យភាគីថៃគោរពតាមនោះឡើយ។ លោកបន្តថា ការបង្ហាញសាច់ដុំយោធារបស់ភាគីថៃ គឺជាយុទ្ធសាស្ត្រគំរាមដោយប្រយោលមកលើកម្ពុជា ដែលបានលើកយកជម្លោះព្រំដែន ទៅនិយាយនៅក្នុងវេទិកាអន្តរជាតិ។
លោក ម៉ែន ណាត «កុំឱ្យកម្ពុជាខ្លាចក្រែង ភ័យព្រួយរឿងការគំរាមរបស់ថៃ ទោះបីថៃព្យាយាមរកឯកសារដាក់បន្ទុកកម្ពុជារបៀបណាក៏ដោយ ព្រោះកម្ពុជាជាភាគីរងគ្រោះ កម្ពុជាត្រូវបានសៀមឈ្លានពានហូរហែ»។
យ៉ាងណាក៏ដោយចុះ ចំពោះស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ គេសង្កេតឃើញថា ភាគីថៃបានដើរយុទ្ធសាស្ត្រពីរក្នុងពេលតែមួយ ដោយរដ្ឋាភិបាលស៊ីវិលរបស់ថៃ បានធ្វើសង្គ្រាមការទូត ដើម្បីបន្សាបការលាតត្រដាងរបស់កម្ពុជាទៅកាន់អន្តរជាតិ។ ចំណែកម្ខាងទៀត យោធាថៃបានពង្រីកកម្លាំង និងបន្តសកម្មភាពឈ្លានពាននៅតាមព្រំដែនកម្ពុជា។
ចណែកភាគីកម្ពុជា បានផ្ដោតសំខាន់តែទៅលើយុទ្ធសាស្ត្រការទូតដែលគ្មានភាពរឹងមាំ ខណៈកម្លាំងដែលឈរជើងនៅតាមព្រំដែន ហាក់កំពុងបាត់បង់កម្លាំងស្វ័យការពារបន្តិចម្ដងៗ ដោយសារមេដឹកនាំកម្ពុជា បានដាក់បញ្ជាឱ្យរក្សាការអត់ធ្មត់ ដើម្បីស្អំស្ថានការណ៍ និងភាពទន់ខ្សោយនៅក្នុងវិស័យការពារជាតិ៕









