

មន្ត្រីផ្នែកសិទ្ធិមនុស្សស្នើឲ្យតុលាការគួរដោះលែងនិស្សិតស្រីផ្នែកច្បាប់ម្នាក់ដែលបានប្រើប្រាស់សិទ្ធរិះគន់បញ្ហាគម្រោងរកស៊ីរួមគ្នារវាងកម្ពុជា ឡាវ និងវៀតណាម (CLV) លើបណ្ដាញសង្គម ឲ្យមានសេរីភាពឡើងវិញ។ ការស្នើសុំនេះ គឺក្រោយពេលដែលតុលាការបានផ្តន្ទោទោសនិស្សិតស្រីរូបនេះឲ្យជាប់ពន្ធនាគារ ២២ខែ។
មន្ត្រីសិទ្ធិមនុស្សសោកស្តាយចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឲ្យនិស្សិតស្រីវ័យក្មេងមួយរូបជាប់ពន្ធនាគារ ២២ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀលឬស្មើនឹងប្រមាណ ៥០០ ដុល្លារសហរដ្ឋអាមេរិក។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសយុវតី និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបនេះពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយរបស់អង្គការលីកាដូ កាលពីថ្ងៃទី២៥ មិថុនា។
និស្សិតស្រីផ្នែកច្បាប់ឆ្នាំទី២ វ័យ២២ឆ្នាំ គឺកញ្ញា យន់ សេងឡាត់ ត្រូវបាននគរបាលចាប់ខ្លួន អំឡុងពេលដែលកញ្ញាទៅលេងបងប្អូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៤ រួចបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងករណីដែលកញ្ញាបានចែករំលែកមតិរិះគន់នៅលើបណ្ដាញសង្គម ជុំវិញគម្រោងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA)។ ក្រុមគ្រួសាររបស់កញ្ញាបានទទួលដំណឹងពីការចាប់ខ្លួននេះ គឺពីរសប្តាហ៍ក្រោយ ខណៈពេលដែលកញ្ញាកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ រាជធានីភ្នំពេញ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការដាក់ទោសនិស្សិតស្រីរូបនេះ និងសកម្មជនដទៃជាច្រើនទៀត ឲ្យជាប់ពន្ធនាគារ ដោយសារតែពួកគាត់បានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ នឹងរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ។ លោកបន្តថា ការចាប់ខ្លួនយុវតីរូបនេះ នឹងធ្វើឲ្យកញ្ញាបាត់បង់ឱកាសក្នុងការបន្តការសិក្សា ប៉ះពាល់ដល់អនាគត ជីវភាពក្រុមគ្រួសារកញ្ញាទាំងមូល ថវិកាជាតិ និងសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋជាដើម។ លោកលើកឡើងថា ប្រសិនបើតុលាការកាត់ទោសពលរដ្ឋដោយមិនបានបែងចែកពីសិទ្ធិបញ្ចេញមតិបែបនេះ នឹងនាំឲ្យជះឥទ្ធិពលធ្ងន់ធ្ងរដល់លំហសេរីភាពបញ្ចេញមតិ និងការអភិវឌ្ឍន៍សង្គមផងដែរ។។ លោកទទូចឲ្យតុលាការគួរដោះលែងអ្នកទោសទាំងនោះឲ្យមានសេរីភាពឡើងវិញ។
លោក អំ សំអាត៖ «អ៊ីចឹងនៅក្នុងសង្គមប្រជាធិបតេយ្យសេរីភាពក្នុងការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រឹះមួយ ព្រោះការរិះគន់ដើម្បីស្ថាបនាអាហ្នឹងវាជារឿងមួយចាំបាច់ ពីព្រោះការរិះគន់ដើម្បីស្ថាបនា វាហាក់ វាហាក់បីដូចជាកញ្ចក់សំរាប់ឆ្លុះបញ្ចាំងអញ្ចឹង។ កាលណាឃើញប្រឡាក់ត្រូវតែលុបលាង ឬក៏ដុះខាត់ចេញអីចឹងទៅ កាលណាបើសិនជាមិនមានការរិះគន់ដើម្បីស្ថាបនា អាហ្នឹងវាក៏មិនសូវជាមានការរីកចម្រើនទេ។ កាលណាដែលពលរដ្ឋកម្រិតសេរីភាពក្នុងការបញ្ចេញមតិក៏វាប៉ពាល់ដល់សេរីភាពនៃការចូលរួមដែរ»។
រដ្ឋាភិបាលត្រកូល”ហ៊ុន” បានសម្រេចលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម» ឬហៅដោយខ្លីថា កិច្ចព្រមព្រៀង CLV-DTAនោះហើយកាលពីចុងឆ្នាំ២០២៤ ក្រោយមានការរិះគន់ និងការតវ៉ាខ្លាំងក្លាពីប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ។ ប៉ុន្តែរដ្ឋាភិបាលមិនបានដោះលែងអ្នករិះគន់គម្រោងCLVនេះឡើយ។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសមនុស្សចំនួន ៣៣ នាក់ ដែលក្នុងនោះមានមនុស្សចំនួន ១៤ នាក់ កំពុងជាប់ឃុំ ក្រោមបទចោទ ញុះញង់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់ពួកគេទៅលើបញ្ហាCLV កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
លោក ស្រ៊ុន ស្រ៊ន និងសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសផ្សេងទៀត ដូចជា កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ក៏ស្ថិតនៅក្នុងចំណោមអ្នកដែលកំពុងជាប់ឃុំទាំង១៤នាក់នោះដែរ ដែលតុលាការក្រុងភ្នំពេញ បានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ។
គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ចំនួនអ្នកជាប់ឃុំបានកើនដល់១១៧នាក់ ក្នុងនោះជាង៧០ភាគរយ ឬជាង៥០នាក់ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនដោយសារការបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ កញ្ញា យន់ សេង ឡាត់ ក៏ស្ថិតនៅក្នុងចំណោមមនុស្សទាំង១១៧នាក់នោះផងដែរ៕









