
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា រំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញ នឹងបញ្ចប់សំណុំរឿងកូនក្ដីរបស់លោក ឲ្យបានឆាប់ ដើម្បីធ្វើការផ្សះផ្សាជាតិឡើងវិញ បន្ទាប់ពីតុលាការលើកពេលសវនាការជាច្រើនដង។ សង្គមស៊ីវិលយល់ ថា លោក កឹម សុខា ពិបាកនឹងទទួលបានសិទ្ធិសេរីភាពធ្វើនយោបាយវិញ ខណៈគណបក្សកាន់អំណាច មិនមានឆន្ទៈផ្សះផ្សាជាតិពិតប្រាកដ។
សហមេធាវីការពារក្តីលោក កឹម សុខា គឺលោក ផែង ហេង សង្ឃឹមថា តុលាការជាន់ខ្ពស់ នឹងពិចារណាអំពីភាពស្អាតស្អំរបស់លោក កឹម សុខា និងផ្ដល់យុត្តិធម៌ឲ្យលោកមានសេរីភាពឡើងវិញ។
ការលើកឡើងនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ គ្រោងនឹងបើកសវនាការសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា នៅថ្ងៃទី៨ ខែមេសា។ សេចក្ដីជូនដំណឹងរបស់សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី០៣ ខែមេសា ឲ្យដឹង ថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមាន ៣រូបរួមមាន លោក អឹម វណ្ណៈ ជាប្រធានក្រុមប្រឹក្សា ហើយមាន លោក ឃឹម សូណា និង លោក ឌុច សុខសារិន ជាចៅក្រម។
លោក ផែង ហេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០៦ ខែមេសា ថា លោក កឹម សុខា នឹងចូលរួមសវនាការ នៅថ្ងៃទី៨ ខែមេសា ពីព្រោះជាសវនាការធ្វើសេចក្ដីសន្និដ្ឋានផ្ទាល់មាត់។ លោកមេធាវីបន្ដថា តាំងពីមុនពេលសមត្ថកិច្ចចាប់ខ្លួន រហូតដល់ការឃុំខ្លួន កូនក្ដី របស់លោកពុំមានចេតនាណាមួយបំបែកបំបាក់ជាតិ ឬធ្វើសកម្មភាពក្បត់ជាតិ ដូចការចោទប្រកាន់ពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស» ឡើយ ផ្ទុយទៅវិញលោក កឹម សុខា តែងតែចូលរួមចំណែកបម្រើផលប្រយោជន៍ សង្គម និងសហការជាមួយ តុលាការគ្រប់ជាន់ថ្នាក់តាំងពីដើមរៀងមក។
លោកមេធាវី ផែង ហេង សង្ឃឹមថា តុលាការនឹងពិនិត្យឃើញភាពស្អាតស្អំ របស់លោក កឹម សុខា ហើយអាចផ្ទៀងផ្ទាត់ជាមួយគោលនយោបាយរបស់រដ្ឋាភិបាល អំពីការប្រកាសកន្លងមក ឱ្យមានការផ្សះផ្សាបង្រួបបង្រួមជាតិ ដើម្បីបើកឱកាសឱ្យលោក កឹម សុខា មានសេរីភាពពេញលេញឡើងវិញ។
លោកមេធាវី ផែង ហេង៖ «ខ្ញុំគិតថា ឥរិយាបថរបស់ឯកឧត្ដម កឹម សុខា មិនមិនត្រង់ណា មួយដែលកត់សម្គាល់ថា គាត់មានចេតនាបំបែកបំបាក់ជាតិទេ។ អ៊ីចឹងហើយ បើរដ្ឋាភិបាលអំពាវនាវឲ្យមានការបង្រួបបង្រួមជាតិ ខ្ញុំគិតថា សម្រាប់កាលៈទេសៈ នេះ គួរតែលើកលែងការចោទប្រកាន់ ហើយផ្សះផ្សាជាតិឲ្យមានសេរីភាពដល់គាត់ ទៅបង្ហាញពីឯកភាព និងជាតិនិយមឡើងវិញ ឲ្យសមនឹងអ្វីដែលរដ្ឋាភិបាល និយាយផងធ្វើផង»។
សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការសំណុំរឿងលោក កឹម សុខា ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ មកដល់ពេលនេះ ក្ដីក្ដាំរបស់លោក កឹម សុខា នៅសាលាឧទ្ធរណ៍ភ្នំពេញ មានរយៈពេលជាង២ឆ្នាំហើយ ប៉ុន្តែនៅមិនទាន់ដាច់ ស្រេចនៅឡើយ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាលពីខែមីនា ឆ្នាំ២០២៣ ឲ្យលោកមានទោស«ក្បត់ជាតិ» ជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា រដ្ឋាភិបាលនឹងទទួលបានការសាទរពីសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ ប្រសិនបើតុលាការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងផ្ដល់សិទ្ធិ សេរីភាពនយោបាយឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ រូបនេះ តាមវិធីបើកលំហសេរីភាពប្រជាធិបតេយ្យ និងការផ្សះផ្សា បង្រួបបង្រួមជាតិកម្ពុជា។
លោក ស៊ឹង សែនករុណា៖ «បើសិនជាគណបក្សកាន់ មិនចង់ឲ្យគូបក្សប្រកួតរបស់ខ្លួន ដែលជាមេដឹកនាំបក្សប្រជែង ដែលមានប្រជាប្រិយភាព គាត់មានឱកាសធ្វើនយោបាយ អីអស់ទាំងនេះ អ៊ីចឹងច្បាស់ជាមិនអាចផ្ដល់ឱកាសឲ្យលោកមានសេរីភាពទេ។ អ៊ីចឹង នៅក្នុងស្ថានភាពបច្ចុប្បន្ន វាលុះត្រាតែគណបក្សកាន់អំណាចមើលឃើញពីគ្រោះថ្នាក់ប្រទេសកម្ពុជាដែរ ហើយបើកឱកាសឲ្យមេដឹកនាំមានសេរីភាព នោះអាចធ្វើទៅបាន។ ក៏ប៉ុន្តែយើងមើលទៅសញ្ញានៃការរឹតត្បិតនេះ ស្ថានភាពចុង ក្រោយអីទាំងអស់ហ្នឹង ខ្ញុំមិនរំពឹងថា មានការបើកលំហសេរីភាពនោះទេ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានបញ្ជូនទៅដាក់នៅពន្ធនាគារ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម។ ក្រោយមក តុលាការបានបញ្ជូនលោក មកដាក់ឃុំក្នុងផ្ទះ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ វិញ ហើយសម្រេចឲ្យលោកមានទោស«ក្បត់ជាតិ» ជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ។ មកដល់ពេលនេះ លោក កឹម សុខា ជាប់ឃុំជិត ៩ឆ្នាំហើយ និងនៅមិនទាន់មាន ពន្លឺសេរីភាពនៅឡើយទេ៕









