

រដ្ឋាភិបាលក្រៅប្រទេស និងអ្នកឃ្លាំមើល ជំរុញឱ្យក្រសួងការពារជាតិជម្រះឈ្មោះទ័ពខ្មោច និង បង្ហាញផែនការជួយ កងទ័ពជួរមុខ ឱ្យបានត្រឹមត្រូវជាក់ស្ដែងសិន មុននឹងអនុវត្តគម្រោងកាតព្វកិច្ចយោធា ទើបយុវជន មានទំនុកចិត្តចូលរួមអនុវត្តកាតព្វកិច្ចយោធា។ ការជំរុញបែបនេះ ធ្វើឡើងស្របពេលរដ្ឋមន្ត្រីក្រសួងការពារ ជាតិ លោក ទៀ សីហា អំពាវនាវឱ្យយុវជនចូលបំពេញកាតព្វកិច្ចយោធា ចាប់ពី ថ្ងៃទី០១ ខែតុលា ដើម្បីកសាងកម្លាំងការពារជាតិ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា និងអ្នកឃ្លាំមើល លើកឡើងថា ការលើក ទឹកចិត្តឱ្យយុវជន ចូលបំពេញកាតព្វកិច្ចយោធា ដើម្បីកសាងកម្លាំងការពារជាតិ គឺជារឿងល្អ ប៉ុន្តែដើម្បីឱ្យគ្រួសារយុវជន មានទំនុកនុកចិត្តបញ្ជូនកូនចៅពួកគាត់ ឱ្យ ទៅចូលរួមបំពេញកាតព្វកិច្ចយោធានោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវបង្ហាញកំណែទម្រង់ជាក់លាក់ និងគួរឱ្យជឿទុកចិត្តជាក់ស្ដែងជាមុនសិន។
អនុប្រធានស្ថាប័នព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃរដ្ឋាភិបាលកម្ពុជា ឯករាជ្យ ២៣តុលា លោក ទេព មនោរម្យ មានប្រសាសន៍ថា យុវជននឹងពេញចិត្ត ទៅចុះឈ្មោះបំពេញកាតព្វកិច្ចយោធា ប្រសិនបើក្រសួងការពារជាតិ នៃរដ្ឋាភិបាល លោក ហ៊ុន មាណែត ជម្រុះចោលឱ្យអស់ នូវឈ្មោះទាហានខ្មោច រួមទាំងការ បំបាត់នូវអំពើពុករលួយ និងបក្ខពួកគ្រួសារនិយម ក្នុងក្រុមអ្នកដឹកនាំកងទ័ព។ លោកថា ទាល់តែធ្វើកំណែទម្រង់បានដូច្នេះ ទើបអាចប្រមូលប្រាក់ យកទៅតម្លើង ប្រាក់ខែជូនកងទ័ព ដែលការពារជាតិពិតប្រាកដ ដែលជាមូលដ្ឋានលើកទឹកចិត្ត យុវជនឱ្យចូលរួមបំពេញកាតព្វកិច្ចការពារជាតិ។
លោក ទេព មនោរម្យ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការគ្រាន់តែផ្សព្វផ្សាយអំពីគោលដៅបំពេញកាតព្វកិច្ចយោធា ដើម្បីកសាងកម្លាំងការពារជាតិនោះ មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវបង្ហាញឱ្យឃើញនូវ គម្រោងជំនួយច្បាស់លាស់ដល់កងទ័ពជួរមុខ និង ក្រុមគ្រួសារពួកគាត់។ លោកថា ស្មារតីការពារជាតិមាតុភូមិ មានក្នុងបេះដូងរបស់យុវជន ពលរដ្ឋទូទៅ និងកងទ័ពហើយ ប៉ុន្តែ កាលណារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតតែពីតម្លើងបុណ្យស័ក្ដិ ឱ្យគ្រួសារបក្ខពួក និងបូមប្រាក់ពីកងទ័ពតាមរយៈការប្រព្រឹត្តអំពើពុករលួយ នោះគឺជាការបំបាក់ស្មារតី យុវជន និងប្រជាពលរដ្ឋ ឱ្យរួញរាក្នុងការបំពេញកាតព្វកិច្ចយោធា។
លោក ទេព មនោរម្យ លើកឡើងថា រឿងដែលយុវជន និងប្រជាពលរដ្ឋ បារម្ភក្នុង ចិត្តគ្រប់គ្នានោះ គឺពេលមានសង្គ្រាម អ្នកត្រូវបាត់បង់ជីវិត និងព្រាត់ប្រាស់ គ្រួសារ ជាយុទ្ធជននៃគ្រួសារក្រីក្រ ដែលត្រូវបានបញ្ជូនឱ្យទៅប្រយុទ្ធទាំងមិនមានការបំពាក់អាវុធត្រឹមត្រូវ ប៉ុន្តែ ពួកកូនចៅអ្នកមានអំណាច បែរជាចាំទទួលផល ពាក់ផ្កាយពេញស្មា ទាំងនៅក្មេង ហើយកេងប្រវ័ញ្ចលុយជាតិរស់នៅយ៉ាងហ៊ឺហារ។
លោក ទេព មនោរម្យ៖ «ទ័ពយើងនៅខ្វះខាតគ្រប់បែបយ៉ាង ហើយនៅកងទ័ព មានតែទ័ពខ្មោចច្រើនជាង ទ័ពពិតប្រាកដដែលនៅច្បាំង។ យើងត្រូវកាត់បន្ថយបញ្ជីទ័ពខ្មោចជាមុនសិន ដើម្បីឱ្យកងទ័ពមានចំនួនពិតប្រាកដ ហើយប្រាក់ខែដែលគាត់ ទទួលបានសមរម្យ ដើម្បីគាត់អាចរស់បាន ហើយមានកម្លាំងដើម្បីច្បាំង ហើយមានអាវុធដើម្បីច្បាំង។ បើយើងអាវុធក៏គ្មាន ហើយកងទ័ពប្រាក់ខែតិចតួច ហើយមានតែទ័ពខ្មោច។ រដ្ឋមន្ត្រីម្នាក់ៗ ឃើញតែងតាំងទីប្រឹក្សា និងជំនួយការ ២រយ ទៅ ៣រយនាក់ ហើយបើសិនជាយើងកាត់បន្ថយទីប្រឹក្សាហើយនឹងទាហានខ្មោច យើងអាចយកប្រាក់ខែហ្នឹង សងទៅទាហានយើងគុណជាមួយគុណជាពីរ»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានប្រកាសជូនដំណឹង នៅថ្ងៃទី២៧ ខែកញ្ញាថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានដាក់ចេញ នូវគោលការណ៍ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ជាលើកដំបូង ដើម្បីកសាងកម្លាំងការពារជាតិ ឱ្យកាន់តែមានសមត្ថភាព និងវិន័យ ដែលជាតម្រូវការរបស់ជាតិ។ លោក ទៀ សីហា ថា យុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំ នៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។
លោក ទៀ សីហា អះអាងលើហ្វេសប៊ុករបស់លោកថា ដំណើរការជ្រើសរើស ត្រូវអនុវត្តតាមលក្ខខណ្ឌ និងនីតិវិធីដែលបានកំណត់ប្រកបដោយតម្លាភាព និងស្មើភាព ហើយលោកបានអំពាវនាវដល់មាតា បិតា អាណាព្យាបាល និងពលរដ្ឋទាំងអស់ ចូលរួមគាំទ្រផ្ដល់កម្លាំងចិត្ត និងជួយយុវជន ឱ្យយល់ច្បាស់អំពីគោល បំណងនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ។
លោករដ្ឋមន្ត្រីការពារជាតិ ឱ្យដឹងថា ប្រទេសជាតិ និងរដ្ឋាភិបាល ត្រូវការកម្លាំង ធនធានមនុស្សប្រកបដោយគុណភាព ខណៈបរិបថដែលសង្គម និងបច្ចេកវិទ្យា មានការប្រែប្រួលយ៉ាងរហ័ស។ ដូច្នេះ លោកថា ការអនុវត្តកាតព្វកិច្ចយោធា នឹងធ្វើ ឱ្យយុវជនឆ្លងកាត់ការហ្វឹកហាត់ ដែលនឹងទទួលបាននូវចំណេះដឹង វិន័យស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលអាចចូលរួមចំណែក ក្នុងការបម្រើជាតិមាតុភូមិ និងក៏អាចជាមូលដ្ឋានសម្រាប់ការសិក្សាការងារ និងជីវិតដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើក ឡើងថា ការការពារជាតិមាតុភូមិ ត្រូវពឹងផ្អែកទាំងលើកត្តាពង្រឹងកម្លាំងកងទ័ពផង និងគោលការណ៍ការពារខ្លួនជាអន្តរជាតិផង ដោយការប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំង ប្ដឹងភាគីឈ្លានពានទាំងឡាយ ទៅកាន់តុលាការអន្តរជាតិ ទើបប្រទេសកម្ពុជាអាចការពារខ្លួនបាន។
លោក ម៉ែន ណាត សង្កត់ធ្ងន់ថា ការតម្រូវឱ្យយុវជនបំពេញកាតព្វកិច្ចយោធាតែមួយមុខ មិនឆ្លើយតបនឹងការកសាងកម្លាំងការពារជាតិទេ គឺត្រូវការជាចាំបាច់ នូវការផ្សះផ្សាបង្រួបបង្រួមជាតិដែរ ដែលជាមូលដ្ឋានពង្រឹងស្មារតីជាតិ កសាងទំនុកចិត្ត និង ពង្រឹងសេដ្ឋកិច្ចជាតិឱ្យខ្លាំង។ បន្ថែមលើនេះ លោកថា រឿងដែលមិនអាចខ្វះបានមួយទៀត គឺការកសាងកម្លាំង ការពារជាតិ ដោយការផ្ដល់ប្រាក់ខែដល់កងទ័ព ឱ្យបានគ្រប់គ្រាន់ និងលើកតម្កើង បុគ្គលតាមសមត្ថភាព ដោយគ្មានការរើសអើង។
លោក ម៉ែន ណាត៖ «សង្គមទាំងមូល រួមទាំងក្រសួងការពារជាតិហ្នឹង ស្អុយរលួយ ហើយថ្មីៗកន្លងទៅហ្នឹង យើងឃើញមានការតែងតាំងកូន លោកឧត្ដមសនីយ៍ ផ្កាយនេះ ផ្កាយនោះ បន្ថែមមុខងារទៀត ហើយដល់ពេលកងទ័ពជួរមុខទាំងនោះ គ្នារងគ្រោះវេទនា ប្រឈមនឹងការស្លាប់គ្រប់ពេលជាមួយនឹងកងទ័ពថៃអីជាដើម។ កន្លែងហ្នឹង វាអយុត្តិធម៌ យើងចេះតែចង់ហើយ ចង់ឱ្យមានការកែទម្រង់ ប៉ុន្តែសុច្ឆន្ទៈរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គឺអត់មាន កម្រើកអត់ចេញនៅ តែកាងការពារបក្ខពួក ក្រុមគ្រួសារក្នុងអំណាចហ្នឹង»។
ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»ថ្មី ត្រូវបានប្រកាសជាប្រញាប់ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភា ដោយមាន ៨ជំពូក និង ២០មាត្រា។ ច្បាប់នេះ កំណត់ពីការបំពេញកាតព្វកិច្ចការពារជាតិ និងកសាងកងកម្លាំងបម្រុង។
យោងតាមច្បាប់នេះ ពលរដ្ឋខ្មែរអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ជាប់ក្នុងលក្ខខណ្ឌ ដែលត្រូវជ្រើសរើសឲ្យចូលបំពេញកាតព្វកិច្ចយោធា។ យុវជនដែលត្រូវជ្រើសរើស ត្រូវចូលហ្វឹកហាត់ បម្រើកងទ័ពរយៈពេល ២៤ខែ ហើយបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ ត្រូវបន្តជាទ័ព បម្រុង រហូតដល់អាយុ ៤៥ឆ្នាំ។
ពលរដ្ឋដែលមិនជាប់កាតព្វកិច្ចយោធា រួមមាន ស្ត្រីដែលអាចបំពេញកាតព្វកិច្ចនេះដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ព្រះសង្ឃ បុព្វជិតសាសនា ពលរដ្ឋដែល មិនមានកាយសម្បទាគ្រប់គ្រាន់ ពលរដ្ឋដែលមានទេពកោសល្យ ពិសេស ដូចជា អ្នកប្រាជ្ញ និង អ្នកវិទ្យាសាស្ត្រ ជាដើម និងពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ច យោធារួចរាល់។
សម្រាប់ទោសបញ្ញត្តិវិញ ច្បាប់នេះកំណត់ថា ពលរដ្ឋដែលត្រូវបានអញ្ចើញឱ្យ ចូលបំពេញកាតព្វកិច្ចយោធា តែមិនបង្ហាញខ្លួន រយៈពេល ៣០ថ្ងៃ គិតពីថ្ងៃ ដែល សាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជាជនដែលគេចវេះ ពីកាតព្វកិច្ចយោធា និង ត្រូវមានទោសជាប់ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំ រួមទាំងពិន័យជាប្រាក់ ពី ១ លានរៀល ទៅ ៤ លានរៀល ចំពោះស្ថានភាពប្រទេសជាតិ ពុំមានសង្គ្រាម។ ប៉ុន្តែ ច្បាប់នេះ កំណត់ថា ក្នុងកាលៈទេស ដែលប្រទេសជាតិ មានសង្គ្រាម ឬឈ្លានពាន ពីបរទេស អ្នកដែលគេចវេះ ពីកាតព្វកិច្ចយោធា ត្រូវជាប់ពន្ធនាគារ ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល។
ច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏ចែងពីទោសបញ្ញតិដែរថា ការញុះញង់ឱ្យពលរដ្ឋគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្ដន្ទាទោសដូចគ្នា នឹងបទល្មើសគេចវេះ ពីកាតព្វកិច្ចយោធាដែរ រីឯ អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតនៃបទល្មើស ត្រូវផ្ដន្ទាទោសដូចគ្នានឹងចារី។ បន្ថែមលើនេះ ជនណា ដែលឆ្លៀតប្រើឋានៈ និងតួនាទី ធ្វើឱ្យរាំងស្ទះ មិនឱ្យពលរដ្ឋ ចូលបំពេញកាតព្វកិច្ចយោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀលទៅ ១០ លានរៀល។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលនៅតែទទូចឱ្យរដ្ឋាភិបាលអនុវត្តច្បាប់នេះឱ្យមានតម្លាភាព យុត្តិធម៌ និងស្មើភាពគ្នារវាងកូនចៅអ្នកក្រ និងអ្នកមានលុយមានអំណាច និងត្រូវលុបបំបាត់ឱ្យបាននូវអំពើពុករលួយ បក្ខពួកនិយមនៅក្នុងជួរកងទ័ព។ លើសពីនេះ រដ្ឋាភិបាលក៏ត្រូវធ្វើទំនើបកម្មគ្រឿងសព្វាវុធ និងបណ្តុះបណ្តាលកងទ័ពឱ្យសមត្ថភាពខ្ពស់ នោះទើបកម្ពុជាអាចពង្រឹងវិស័យការពារជាតិបានលឿនរហ័ស និងមានគុណភាព ស្របពេលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានរបស់ប្រទេសជាតិខាង៕








