អ្នកឃ្លាំមើល​សង្គម​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក មីន អ៊ុងឡាំង មក​កម្ពុជា បង្ក​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​របប​យោធា​ភូមា

0
88
​ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន (ស្ដាំ) និងប្រធានាធិបតី​​ភូមា​លោក មីន អ៊ុងឡាំង (Min Aung Hlaing) ។ រូប៖ ទទក
​ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន (ស្ដាំ) និងប្រធានាធិបតី​​ភូមា​លោក មីន អ៊ុងឡាំង (Min Aung Hlaing) ។ រូប៖ ទទក

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​​ភូមា​លោក មីន អ៊ុងឡាំង (Min Aung Hlaing) មក​កម្ពុជា​នៅ​ដើមខែ​កញ្ញា អាច​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាលយោធា​ភូមា ដើម្បី​ស្វែងរក​ការ​ទទួលស្គាល់ និង​ភាព​ស្របច្បាប់​កាន់តែ​ខ្លាំង​នៅក្នុង​តំបន់ ខណៈ​របប​របស់​លោក​នៅតែ​ប្រឈម​នឹង​ការរិះគន់ និង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​វិបត្តិ​នយោបាយ អំពើ​ហិង្សា និង​បញ្ហា​សិទ្ធិមនុស្ស​។ អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ប្រើ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​លើកកម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​សន្តិភាព និង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​ភូមា។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ដំណើរ​ទស្សនកិច្ច​របស់ ប្រធានាធិបតី​ភូមា លោក មីន អ៊ុងឡាំង មិន​គួរ​ត្រូវ​បាន​មើលឃើញ​ត្រឹមតែ​ជា​កិច្ច​ការទូត​ធម្មតា​នោះ​ទេ​។ លោក​ថា វា​អាច​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មេ​ដឹកនាំ​យោធា​ភូមា ដើម្បី​ស្វែងរក​ការ​ទទួលស្គាល់ និង​ភាព​ស្របច្បាប់​កាន់តែ​ខ្លាំង​នៅក្នុង​តំបន់។

លោក សេង វណ្ណលី បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​ក៏​អាច​មាន​គោលបំណង​បំបែក​ភាព​ឯកោ​ផ្នែក​ការទូត​របស់​ភូមា និង​បង្ហាញថា រដ្ឋាភិបាលយោធា​របស់​ខ្លួន​កំពុង​ទទួល​បាន​ការ​ទទួល​ស្គាល់​ឡើងវិញ​ពី​ប្រទេសជិតខាង​។ លោក ថា កម្ពុជា​អាច​ប្រឈម​នឹង​ការរិះគន់ ប្រសិនបើ​ទទួល​លោក មីន អ៊ុងឡាំង ក្នុង​កម្រិត​ខ្ពស់ ដោយ​មិន​ប្រើ​ជំនួប​នេះ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការបញ្ឈប់​អំពើ​ហិង្សា ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​ការវិលត្រឡប់​ទៅ​រក​ដំណើរការ​នយោបាយ​ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​។ លោកថា កម្ពុជា​គួរ​ប្រើ​ការទូត​ដើម្បី​ជំរុញ​សន្តិភាព និង​គោរព​គោលការណ៍​របស់​អាស៊ាន ជាជាង​ផ្តល់​ឱកាស​ឱ្យ​មេដឹកនាំ​យោធា​ភូមា​កែ​លម្អ​រូបភាព​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។

លោក សេង វណ្ណលី បន្ថែម​ថា អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ គឺ​ប្រសិនបើ​លោក ហ៊ុន ម៉ា​ណែ​ត ទទួល​លោក មីន អ៊ុងឡាំង ក្នុង​កម្រិត​ខ្ពស់​ដោយ​មិន​ភ្ជាប់​ជាមួយ​សារ​ច្បាស់លាស់​អំពី​ការបញ្ឈប់​អំពើ​ហិង្សា ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​ការ​វិលត្រឡប់​ទៅ​រក​ដំណោះស្រាយ​នយោបាយ​ដែល​មាន​ការចូលរួម នោះ​កម្ពុជា​អាច​ត្រូវ​បាន​មើលឃើញ​ថា កំពុង​ជួយ​ផ្តល់​ភាព​ស្របច្បាប់​ដល់​មេដឹកនាំ​ដែល​បាន​ឡើង​កាន់​អំណាច​ពី​រដ្ឋប្រហារ។

លោក សេង វណ្ណលី បន្ថែមថា​ សំណួរ​សំខាន់​សម្រាប់​កម្ពុជា​មិនមែន​ថា តើ​គួរ​ជួប​លោក មីន អ៊ុង​ឡាំង ឬ​អត់​នោះទេ ប៉ុន្តែ​ថា តើ​កម្ពុជា​នឹង​ប្រើ​ជំនួប​នេះ​ដើម្បី​ទាមទារ​ឱ្យ​មាន​ជំហាន​ជាក់លាក់​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​អំពើ​ហិង្សា និង​ការអនុវត្ត​កិច្ចសន្យា​សន្តិភាព​ឬ​យ៉ាងណា​។ ប្រសិនបើ​កម្ពុជា​គ្រាន់តែ​ទទួល​ស្វាគមន៍​លោក មីន អ៊ុងឡាំង និង​ថតរូប​ជាមួយគ្នា នោះ​វា​អាច​ផ្តល់​ផលប្រយោជន៍​ផ្នែក​នយោបាយ​ដល់​របប​យោធា​ច្រើនជាង​ប្រជាពលរដ្ឋ​ភូមា។

ការ​អះអាង​របស់​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​រូបនេះ បន្ទាប់ពី​ព្រឹទ្ធសភា​កម្ពុជា​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​១៧ ខែសីហា ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បាន​ចុះ​ពិនិត្យ​ការរៀបចំ​ទីតាំង​សម្រាប់​ព្រះរាជ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិមាន​សាមគ្គីភាព និង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ភូមា។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ភូមា​លោក មីន អ៊ុងឡាំង នឹង​ជួប​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា រួមមាន​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង ខណៈ​មេដឹកនាំ​យោធា​ភូមា​កំពុង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេសជិតខាង បន្ទាប់ពី​រដ្ឋប្រហារ​ឆ្នាំ​២០២១ ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក មីន អ៊ុងឡាំង មក​កម្ពុជា​មាន​គោលបំណង​សំខាន់​ពីរ គឺ​បន្ត​កិច្ច​សហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​ទាំងពីរ និង​ពង្រឹង​ទំនាក់ទំនង​រវាង​មេដឹកនាំ​ដែល​កំពុង​ប្រឈម​នឹង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​។ លោក​ថា មេដឹកនាំ​យោធា​ភូមា​ចង់ឱ្យ​កម្ពុជា​ជួយ​បញ្ចុះបញ្ចូល​អាស៊ាន​ឱ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​បាន​បង្កើត​ឡើង​បន្ទាប់ពី​ការបោះឆ្នោត​នៅ​ភូមា និង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​នេះ​មាន​តួនាទី​កាន់តែ​ច្រើន​នៅក្នុង​កិច្ចប្រជុំ និង​កិច្ចពិភាក្សា​របស់​អាស៊ាន។

លោក គឹម សុខ បន្ថែម​ទៀត​ថា ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា និង​យោធា​ភូមា​កាន់តែ​ស៊ីជម្រៅ ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០២១ ជាពិសេស​លើ​វិស័យ​យោធា និង​ហិរញ្ញវត្ថុ​។ លោក ថា ទំនាក់ទំនង​នេះ​កាន់តែ​ជិតស្និទ្ធ​នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ នៅពេល​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​កាលនោះ បាន​ធ្វើ​ដំណើរ​ទៅ​ភូមា និង​ជួប​មេដឹកនាំ​យោធា​។ លោក ថា ទំនាក់ទំនង​រវាង​អាជ្ញាធរ​កម្ពុជា ភូមា និង​បណ្តាញ​ឆបោក​តាម​អ៊ីនធឺណិត​ដែល​មាន​ជនជាតិ​ចិន​ពាក់ព័ន្ធ ជា​កិច្ច​សហប្រតិបត្តិការ​មិន​ត្រឹម​វិស័យ​យោធា​ទេ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​បណ្តាញ​ហិរញ្ញវត្ថុ​ផង​ដែរ។

លោក គឹម សុខ៖ «សេចក្តី​ប្រាថ្នា​ដ៏​ធំ​មួយ របស់​មេ​យោធា មីន អ៊ុងឡាំង គឺ​ចង់ឱ្យ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន បញ្ចុះបញ្ចូល​អាស៊ាន ឱ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​យោធា​នៅ​ភូមា​ដែល​ទើបតែ​រៀបចំ និង​មានមុខ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការប្រជុំ​អាស៊ាន ឬ​ចូលរួម​ពិភាក្សា​កិច្ចការ​នៅក្នុង​អាស៊ាន នៅពេល​ក្រោយ»។

លោក ហ៊ុន សែន និង​លោក មីន អុងឡាំង ដែល​ឡើង​កាន់​អំណាច​ពី​ការ​ធ្វើ​រដ្ឋប្រហារ​ដូចគ្នា និង​កំពុង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ដូចគ្នា​រឿង​រំលោភ​សិទ្ធិមនុស្ស​នោះ ធ្លាប់​រាប់អាន​គ្នា​ជា​បង​ប្អូនធម៌​។ លោក មីន អុងឡាំង ធ្លាប់​បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ថ្ងៃ នៅ​កម្ពុជា​ម្តង​រួច​មក​ហើយ ក្នុងនាម​ជា​អគ្គមេបញ្ជាការ នៃ​កងកម្លាំងប្រដាប់អាវុធ​ភូមា កាលពី​ខែមីនា ឆ្នាំ​២០១៧ ។ សម្រាប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា​នា​ពេល​ខាងមុខនេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់​លោក បន្ទាប់ពី​លោក​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ីវិល កាលពី​ខែមេសា ឆ្នាំ​២០២៦ កន្លង​ទៅ។

មុននឹង​ឈាន​ជើង​មក​ដល់​កម្ពុជា លោក មីន អុងឡាំង បាននិងកំពុង​បន្តដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មួយចំនួន​រួចមក​ហើយ រួមមាន ប្រទេស​ចិន ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​រុស្ស៊ី។

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ដំណើរ​ទស្សនកិច្ច​នេះ​អាច​ជា​ការសាកល្បង​មួយ​ចំពោះ​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ការចូលរួម​ការទូត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ និង​មនុស្សធម៌​ដែល​អូស​បន្លាយ​នៅ​មីយ៉ាន់ម៉ា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ