

អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ NagaWorld ដែលបន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុន NagaWorld នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នេះ អះអាងថា វិវាទការងារដែលអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំមកនេះ នៅតែមិនទាន់អាចបញ្ចប់បាន ដោយសារតែសំណើសំខាន់ៗរបស់កម្មករ ជាពិសេសការទទួលយកសមាជិកសហជីព និងបុគ្គលិកដែលត្រូវបានបញ្ឈប់ឱ្យចូលធ្វើការវិញ មិនទាន់ត្រូវបានដោះស្រាយ។
អតីតបុគ្គលិក ណាហ្គាវើលដ៍ NagaWorld និងជាកូដករ អ្នកស្រី អ៊ូច ចាន់សុភារី បានប្រាប់អ្នកសារព័ត៌មានថា ការតវ៉ារបស់កម្មករបានអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំ ដោយសារក្រុមហ៊ុនមិនទាន់ដោះស្រាយតាមសំណើដែលកម្មករទាមទារ ជាពិសេសការទទួលយកបុគ្គលិក និងសហជីពឱ្យចូលធ្វើការវិញ។
អ្នកស្រីក៏បានលើកឡើងថា ការតវ៉ាដែលអូសបន្លាយជាច្រើនឆ្នាំ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព និងស្ថានភាពហិរញ្ញវត្ថុរបស់កម្មករ ដោយសារតែចូលរួមកូដកម្មធ្វើឲ្យបាត់បង់ចំណូល។ ប៉ុន្តែក្រុមកូដករនឹងបន្តការតវ៉ា ប្រសិនបើនៅតែមិនទាន់មានដំណោះស្រាយ។
អ្នកស្រី អ៊ូច ចាន់សុភារី៖ «តវ៉ានេះ គឺអាសំខាន់ៗគឺអត់ទាន់បាន។ សំខាន់គឺ ចង់បានគោលការណ៍ធំៗ ដូចជាការយកសហជីពចូលធ្វើការវិញ ចាស ហើយកូដករដែលគាត់បញ្ឈប់ហ្នឹងណា ដែលគេអត់ទាន់ចូល នេះហ្នឹង ឱ្យគាត់ចូលធ្វើការវិញដោយ អត់មានលក្ខខណ្ឌអីទាំងអស់បង ចង់និយាយអញ្ចឹងណា។ ហើយគិតគូរតាមសំណើដែលយើងត្រូវ ឱ្យត្រឹមត្រូវតាមលក្ខខណ្ឌ រដ្ឋ ច្បាប់របស់យើង»។
ជុំវិញវិវាទនេះ ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ បានលើកឡើងថា ទោះបីក្រសួងការងារបានផ្ដួចផ្ដើម និងសម្របសម្រួលវិវាទការងារនៅក្រុមហ៊ុន NagaWorld ជាច្រើនលើកក៏ដោយ ក៏ដំណើរការនេះមិនទាន់អាចឈានទៅដល់កិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធបាននៅឡើយ។ បញ្ហាស្នូលនៃវិវាទនេះ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីព ហើយការធានាឱ្យមានការអនុវត្តសិទ្ធិនេះ គឺជាចំណុចសំខាន់សម្រាប់ឈានទៅរកដំណោះស្រាយ។
លោក ឃុន ថារ៉ូ៖ «បើសិនមានការផ្សះផ្សា មានការសម្បទាន នៅក្នុងការធានាឲ្យសហជីពអាចមាន ការអនុវត្តនូវសិទ្ធិសេរីភាព ថ្នាក់ដឹកនាំអាចចូលធ្វើការងារវិញ ដើម្បីអនុវត្តនូវកិច្ចការងារសហជីពនៅក្នុងក្រុមហ៊ុន បញ្ហានេះគឺត្រូវបានដោះស្រាយហើយ។ ហើយដោយឡែក ពាក់ព័ន្ធទៅនឹងសំណងនៃការទូទាត់ចំពោះកម្មករនិយោជិត ខ្ញុំគិតថា គឺជានិយោជក គឺចំណុចមួយដែលមានការជជែកពិភាក្សាតាមរយៈការសម្បទាន»។
លោក ឃុន ថារ៉ូ បន្ថែមថា កូនសោគន្លឹះ គឺដោះស្រាយដើម្បីធានាទៅដល់ការធានាសិទ្ធិ ធានាឲ្យកម្មករនិយោជិតអាចមាន សេរីភាពគ្រប់គ្រាន់នៅក្នុងការបង្កើតនូវសហជីព មួយនៅកន្លែងការងារ ដែលជាសហជីពឯករាជ្យ។ ចំណុចនោះហើយដែលជាឧបសគ្គរារាំងដែលធ្វើឲ្យបញ្ហា វិវាទការងារនេះមានការអូសបន្លាយ។ លោក ថា មានតែអាជ្ញាធររដ្ឋទេដែលអាចមានសិទ្ធិមានអំណាច ដើម្បីស្វែងរកនូវច្រក ដោះស្រាយនូវបញ្ហាវិវាទនេះ។
កាលពីខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្កាវើលដ៍ បានបញ្ឈប់បុគ្គលិកពីការងារជាង ១ពាន់ ៣រយនាក់។ បញ្ហានេះ ត្រូវកម្មករធ្វើកូដកម្មតវ៉ាជាមួយក្រុមហ៊ុន អស់រយៈពេលជាង ៤ឆ្នាំហើយ បើគិតមកទល់ពេលនេះ ប៉ុន្តែមិនត្រូវបានក្រសួងពាក់ព័ន្ធរកដំណោះស្រាយជូនកម្មករឡើយ ផ្ទុយទៅវិញ ក្រុមកូដករ ត្រូវរងនូវការចោទប្រកាន់តាមផ្លូវតុលាការពីបទព្រហ្មទណ្ឌ ខណៈ តំណាងកូដករកញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារ ចំនួនពីរលើក។
ទាក់ទិននឹងបញ្ហានេះ កាលពី ឆ្នាំ២០២៣ ក្នុងពិធីជួបជាមួយកម្មករក្នុងខេត្តកណ្តាល មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន លើកឡើងថា អតីតបុគ្គលិកណាហ្គាវើលដ៍ ដែលនៅសេសសល់ចំនួន ៩៨នាក់ គួរតែបញ្ឈប់សកម្មភាពតវ៉ាទៀតទៅ។ លោកបន្ថែមថា មិនមែនលោកមិនដឹងថា ពួកគេកំពុងស៊ីឈ្នួលបាតុកម្មនោះទេ។
លោក ហ៊ុន សែន លើកជាសំណួរថា កម្មករម្នាក់ដែលអត់មានការងារធ្វើសោះ តែមានលទ្ធភាពធ្វើបាតុកម្មរយៈពេល ២ឆ្នាំ ដោយមិនចាំបាច់ធ្វើការងារ តើជារឿងដែលទៅរួចដោយរបៀបណា។ លោកបន្ថែមថា នេះគឺដោយសារមានអ្នកជួលនៅពីក្រោយខ្នងឱ្យកម្មករទាំងនោះធ្វើបាតុកម្មប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមកូដករបានបដិសេធចំពោះការចោទប្រកាន់របស់លោក ហ៊ុន សែន ហើយចាត់ទុកការលើកឡើងនេះគឺជាការលាបពណ៌ដើម្បីជាលេសឱ្យអាជ្ញាធរបង្ក្រាបមកលើកូដករដែលតែងចេញតវ៉ាដោយសន្តិវិធីដើម្បីទាមទារអត្ថប្រយោជន៍ការងាររបស់កូដករ។
អ្នកឃ្លាំមើលសង្គមបានលើកឡើងថា ការដែលវិវាទការងារនៅក្រុមហ៊ុន NagaWorld អូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំ បង្ហាញថា បញ្ហានេះមិនមែនគ្រាន់តែជាជម្លោះរវាងកម្មករ និងនិយោជកពាក់ព័ន្ធនឹងការងារ ឬសំណងប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាដែលពាក់ព័ន្ធនឹងទំនុកចិត្តលើយន្តការដោះស្រាយវិវាទការងាររបស់រដ្ឋាភិបាល។
អ្នកឃ្លាំមើលសង្គមអះអាងថា តួនាទីរបស់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធមានសារៈសំខាន់ក្នុងការធានាថា ការសម្របសម្រួលមិនត្រឹមតែផ្តោតលើការបញ្ចប់ការតវ៉ាប៉ុណ្ណោះទេ ប៉ុន្តែត្រូវដោះស្រាយលើមូលហេតុដើមនៃវិវាទ ដើម្បីបង្កើតដំណោះស្រាយដែលអាចទប់ស្កាត់ការកើតឡើងវិញនៃជម្លោះការងារប្រភេទនេះ៕









