

អាជ្ញាធរខេត្តកំពង់ចាម ចាប់ខ្លួនសមាជិកគណបក្សកម្លាំងជាតិមួយរូបទៀតបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដោយគ្មានដីកាចាប់ខ្លួន។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការចាប់ខ្លួនសមាជិកគណបក្សនយោបាយ មុនការបោះឆ្នោតខិតជិតមកដល់បែបនេះជាការគំរាមកំហែងធ្ងន់ធ្ងរផ្នែកនយោបាយ។
សមាជិកគណបក្សកម្លាំងជាតិខេត្តកំពង់ចាម វ័យ ៥៦ឆ្នាំ លោក ប៉ាវ ប៉ោហេង ត្រូវអាជ្ញាធរចាប់ និងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត រយៈពេល២ថ្ងៃមកហើយ ដោយមិនមានដីកា ឬការបញ្ជាក់ប្រាប់ពីទោសកំហុសរបស់លោកឲ្យក្រុមគ្រួសារបានដឹងឡើយ។ លោក ប៉ាវ ប៉ោហេង ក៏ជាភ្នាក់ងារសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងបញ្ជីចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មួយរូប ឲ្យគណបក្សកម្លាំងជាតិនៅក្នុងឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។
អាជ្ញាធរបានចាប់ខ្លួនសមាជិកគណបក្សរូបនេះ កាលពីយប់ថ្ងៃទី១៣ តុលា នៅប៉ុស្តិ៍ប៉ូលីស ឃុំជើងព្រៃ ស្រុកបាធាយ ដោយមានគេបោកបញ្ឆោតទូរស័ព្ទទៅលោក ប៉ាវ ប៉ោហេង ដែលមានមុខរបរជាអ្នករត់កង់បី ឲ្យទៅដឹក ប៉ូលិស ឈ្មោះ មឿន មានអាការៈខ្យល់គប្រកាច់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីពេទ្យ។ លុះពេលលោកទៅដល់ ស្រាប់តែកម្លាំងសមត្ថកិច្ចចាប់ខ្លួនលោកបញ្ជូនទៅស្នងការដ្ឋានខេត្តភ្លាមតែម្តង។ នេះបើតាមលិខិតរបស់ប្រធានក្រុមការងារបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិស្រុកបាធាយ លោក ហ៊ុន ហាង។
បងប្រុសជីដូនមួយលោក ប៉ាវ ប៉ោហេង គឺ លោក ព្រំ ប្រាជ្ញ ប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងពេលលោកទៅឃ្លាំមើលករណីលោក ប៉ាវ ប៉ោហេង នៅមុខសាលាដំបូងខេត្តកំពង់ចាមថា អ្នកដែលបានហៅទូរសព្ទទៅប្អូនប្រុសរបស់លោក គឺជាមន្ត្រីប៉ូលីសនៅស្នងការផ្ទាល់។ លោកថា រហូតមកដល់ពេលនេះ លោក និងក្រុមគ្រួសារទាំងមូល មិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការចាប់ខ្លួននេះឡើយ ហើយអាជ្ញាធរមិនអនុញ្ញាតឲ្យសាច់ញាត្តិជួបជជែកជាមួយលោក ប៉ាវ ប៉ោហេង ឡើយ។
លោក ព្រំ ប្រាជ្ញ៖ «អាហ្នឹងវាឃើញថា មិនសមហើយប៉ុន្តែយើងធ្វើម៉េចមិនហ៊ានតវ៉ាជាមួយគេ និយាយវាមិនចេញ។ ខ្ញុំនាំប្រពន្ធ កូន បងប្អូនមកចាំមុខតុលាការហ្មង ហើយអារឿងការដោះលែងវាប្រៀបបាននឹងរាវរកម្ជុលនៅបាតសមុទ្រហាស៎»។
ប្អូនប្រុសម្នាក់ទៀតរបស់លោក ប៉ាវ ប៉ោហេង គឺលោក ប៉ាវ រំដោះ លើកឡើងថា នេះជារឿងអយុត្តិធម៌ជាខ្លាំង និងមិនអាចទទួលយកបានឡើយចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរ ចាប់ខ្លួនបងប្រុសរបស់លោក ដោយមិនមានដីកាត្រឹមត្រូវបែបនេះ។ លោកថា អាជ្ញាធរបានបញ្ជូនបងប្រុសរបស់លោក ទៅសាលាដំបូងខេត្តកំពង់ចាមជាច្រើនលើក ប៉ុន្តែមិនអនុញ្ញាតឲ្យសាច់ញាត្តិបានចូលស្តាប់ ឬសួរដេញដោលឡើយ។ លោកបារម្ភពីសុខទុក្ខរបស់លោក ប៉ាវ ប៉ោហេង ជាខ្លាំង និងនៅតែបន្តឃ្លាំមើលនៅមុខស្នងការដ្ឋាននគរបាលខេត្ត និងតុលាការ។
លោក ប៉ាវ រំដោះ៖ «សម្រាប់គ្រួសារទាំងមូល រួមទាំងប្រពន្ធគាត់គឺទទួលយកអត់បានទេ។ សម្រាប់តែដឹងអត់ដឹងសាច់រឿង ហើយស្រាប់តែយើងមានការចុះចាប់ដោយគ្មានការជូនដំណឹង អីចឹងហ្អាស៎ ចាំតែខាងក្រៅ ហើយអត់ដឹងថា មូលហេតុអីឲ្យជាក់លាក់ចឹង ដល់ចឹងយើងអត់បានដឹងថា ត្រៀមរឿងអីមួយចឹងហ្អាស៎។ គេនាំតែអ្នកជាប់ចោទហ្នឹង ទៅប្រុចៗបាត់ហ្មង ហើយស្មើទៅចេញពីតុលាការប្រុចៗមកបាត់ហ្មង ហើយសម្រាប់ចេញពីតុលាការប្រុចៗមកបាត់ហ្មងដល់អ៊ីចឹងយើងអត់ៗៗដឹងទទួលដំណឹងអីទាំងអស់។»
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តកំពង់ចាមលោក ហេង វុទ្ធី ដើម្បីឆ្លើយបំភ្លឺជុំវិញរឿងនេះបានទេ នៅថ្ងៃទី ១៥ តុលា នេះ ដោយលោកលើកឡើងថា ច្រលំលេខ រួចចុចផ្តាច់ទូរស័ព្ទ។
នៅថ្ងៃទី១៥ តុលា គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍មួយ ព្រួយបារម្ភពីស្ថានភាពនៃការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ ខណៈអាជ្ញាធរនៅតែបន្តចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់ ជាពិសេសការចាប់ខ្លួនលោក ប៉ាវ ប៉ោហេង។ គណបក្សកម្លាំងជាតិ យល់ថា អាជ្ញាធរកម្ពុជាមិនគួរធ្វើទុក្ខបុកម្នេញអ្នកមាននិន្នាការនយោបាយផ្ទុយពីគណបក្សកាន់អំណាច ក្នុងកាលៈទេសៈប្រទេសកំពុងរងការឈ្លានពានពីប្រទេសថៃឡើយ។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ថ្លែងថា អាជ្ញាធរមិនបានបំពេញនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវក្នុងការចាប់ ឬឃាត់ខ្លួនសកម្មជននយោបាយឡើយ ដោយធ្វើឡើងតាមតែការនឹកឃើញប៉ុណ្ណោះ។ លោកទទួចឲ្យរដ្ឋាភិបាល តុលាការ និងអាជ្ញាធរ អនុវត្តគោលការណ៍ច្បាប់ឲ្យស្មើភាពគ្នា និងត្រូវផ្តល់សិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋឲ្យបានពេញលេញ។
លោក សុខ គឹមសេង៖«អ្វីដែលយើងមើលឃើញថា កន្លងមក អ្នកដែលរងគ្រោះត្រូវបានឃាត់ខ្លួនហើយ ត្រូវបានតុលាការឃុំខ្លួនហ្នឹងភាគច្រើនគឺអ្នកមកពីខាងអឺៗគណបក្សប្រឆាំង។ ហើយជាទូទៅនៅពេលដែលមានការឃាត់ខ្លួនហើយ សង្ឃឹមតិចណាស់ដែលមានៗការលើកលែង។ ហើយអ្វីដែលគណបក្សកម្លាំងជាតិយើងអត់ចង់បានអីក្រៅអំពីការប្រើប្រាស់សិទ្ធិសេរីភាពស្មើគ្នាចំពោះមុខច្បាប់ទេទោះបីអ្នកហ្នឹងមាននិន្នាការគណបក្សនយោបាយផ្សេងគ្នាក៏ដោយ យើងត្រូវតែគោរពគោលការណ៍ច្បាប់ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។»
ចំណែក ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អាជ្ញាធរមិនបានអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយរូបភាពនេះ គឺជាការគំរាមកំហែងលើសកម្មជននយោបាយ មុនការបោះឆ្នោត និងជះឥទ្ធិពលមិនល្អនោះទេដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ។ លោកថា រដ្ឋាភិបាលគួរគិតគូរពីដំណើរការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ ដើម្បីឲ្យដំណើរការបោះឆ្នោតនាពេលខាងមុខទទួលបានការសាទរ និងចាប់អារម្មណ៍ពីអន្តរជាតិ។
លោក នី សុខា៖ «យើងឃើញថា កន្លងមកនេះគឺថាការចាប់ខ្លួនពិសេសគឺទៅលើក្រុមសកម្មជននេះ គឺហាក់បីដូចជាវាមានលក្ខណៈលាក់លៀមណាស់។ សមត្ថកិច្ចហ្នឹងហាក់បីដូចជាមានការលាក់លៀមមិនបញ្ចេញព័ត៌មានមិនអីទាំងអស់ ហើយទុកពេលហ្នឹងយូរណាស់ រហូតទៅដល់ពេលខ្លះសមាជិកគ្រួសារហ្នឹងមិនដឹងពីមូលហេតុនិងរហូតទៅដល់មានការទៅជួបក្រុមគ្រួសារនោះបានដឹងពីមូលហេតុពេលខ្លះ រហូតទៅដល់ជួបហើយនឹងមិនដឹងទៅទៀតក៏មានដែរបាទ។ ដូច្នេះខ្ញុំគិតថា នេះជាទង្វើមួយដែលមិនអឺឆ្លុះបញ្ចាំងពីការអនុវត្តអឺត្រឹមត្រូវទៅតាមបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌទេបាទ»។
រហូតមកដល់ពេលនេះ អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ជាង១០០នាក់ហើយ កំពុងជាប់ឃុំនៅពន្ធនាគារយ៉ាងអយុត្តិធម៌ ដោយសារការប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ និងចូលរួមសកម្មភាពសង្គម។
សង្គមស៊ីវិល និងគណបក្សកម្លាំងជាតិ អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច បញ្ឈប់ការចាប់ខ្លួនថ្នាក់ដឹកនាំ សកម្មជន និងយុវជនគណបក្សប្រឆាំង ដោយសារតែមូលហេតុចូលរួមសកម្មភាពនយោបាយ ហើយទាមទារឱ្យដោះលែង លោក ប៉ាវ ប៉ោហេង ព្រមទាំងអ្នកជាប់ឃុំនយោបាយនិងមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដើម្បីធានាដល់បរិយាកាសនយោបាយល្អប្រសើរឡើងវិញ៕









