បក្សកម្លាំង​ជាតិ​ចាត់ទុក​ការ​ឃុំខ្លួន​កម្មការិនី​និយាយ​រឿង​ព្រំដែន​ជា​ការ​រិតត្បិត​សេរីភាព​និង​ផ្ទុយ​ពីច្បាប់​រដ្ឋធម្មនុញ្ញ

0
49
ការិនី​រោងចក្រ លោកស្រី ហ៊ុល មុន្នីសាមន ដែលត្រូវចោទប្រកាន់ពាក់​ព​ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។ រូប៖ បណ្ដាញសង្គម
ការិនី​រោងចក្រ លោកស្រី ហ៊ុល មុន្នីសាមន ដែលត្រូវចោទប្រកាន់ពាក់​ព​ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។ រូប៖ បណ្ដាញសង្គម

គណបក្ស​កម្លាំង​ជាតិ ចាត់ទុក​ការ​បន្ត​ឃុំខ្លួន និង​ផ្ដន្ទាទោស​កម្មការិនី​រោងចក្រ​ម្នាក់ គឺ​លោកស្រី ហ៊ុល មុន្នីសាមន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ គឺជា​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ និង​ជា​ការ​គំរាមកំហែង​ទៅលើ​ប្រជាពលរដ្ឋ​ដ៏ទៃ​ទៀត ដែល​ចេះ​ឈឺឆ្អាល​បញ្ហា​ទឹកដី។

គណបក្ស​កម្លាំង​ជាតិ សោកស្ដាយ និង​ចាត់ទុក​ការ​បន្ត​ឃុំខ្លួន និង​ការ​ផ្ដន្ទាទោស​កម្មការិនី​រោងចក្រ លោកស្រី ហ៊ុល មុន្នីសាមន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល គឺជា​រឿង​អយុត្តិធម៌ ព្រោះ​គាត់ គ្រាន់តែ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

គណបក្ស​កម្លា​ង​ជាតិ លើកឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែមីនា​ថា ការសម្រេច​ផ្ដន្ទាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​ផ្ទុយ​ពី​កា​រលើ​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ធ្លាប់​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ឈឺឆ្អាល​ជុំវិញ​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

បន្ថែម​ពី​នោះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែ​មីនា​ថា ការ​បន្ត​ឃុំខ្លួន​របស់​កម្មការិនី​រោងចក្រ​រូប​នេះ ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ នឹង​នាំ​ឲ្យ​កម្ពុជា​ខូច​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ ជុំវិញ​រឿង​រំលោភសិទ្ធិ​មនុស្ស និង​រិតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ លោក​ថា រដ្ឋាភិបាល​គួរតែ​បើក​សិទ្ធិ​ឲ្យ​ទូលំទូលាយ បញ្ឈប់​ការ​រិតត្បិត​សិទ្ធិ​សេរីភាព និង​ត្រូវ​ដោះលែង​ឲ្យ​គាត់​មាន​សេរីភាព​ឡើងវិញ។

លោក រ៉ុង ឈុន៖ «ប្រសិនបើ​យើង​នៅតែ​បន្ត​បែបនេះ យើង​គ្មាន​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ​ទៀត​ទេ ជាពិសេស​ផ្នែក​ការ​ទំនាក់ទំនង​កិច្ច​ការទូត​ក្ដី យើង​នឹង​មាន​ការ​លំបាក ពីព្រោះ​កម្ពុជា​រំលោភសិទ្ធិ​មនុស្ស មិន​បើក​លំហ​សិទ្ធិ​សេរីភាព ប្រជាពលរដ្ឋ​នៅតែ​រឹតត្បិត ដូច្នេះ​ក្នុងនាម​គណបក្ស​កម្លាំង​ជាតិ សូម​ឲ្យ​ដោះលែង​កម្មការិនី​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បាន​ជួបជុំ​គ្រួសារ និង​កូន​របស់​គាត់​ឡើងវិញ​ទៅ»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក សេង ឌីណា ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​២៧ ខែ​មីនា។

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣ ខែមីនា សម្រេច​ផ្ដន្ទាទោស​លោកស្រី ហ៊ុល មុន្នីសាមន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា ប្រាក់​ចំនួន ៤ លាន​រៀល ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ ឧក្រិដ្ឋ​ជាអាទិ៍​» និង​បទ «​ប្រមាថ​អ្នករាជការ​សាធារណ​:» ជុំវិញ​ការ​បង្ហោះ​សា​រលើ​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។ គិត​មកដល់​បច្ចុប្បន្ន​កម្មការិនី​រូប​នេះ ជាប់​ពន្ធនាគារ​ប្រមាណ ៤​ខែ​ហើយ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ អំឡុង​ពេល​លោកស្រី​កំពុង​ជិះ​កង់​ទៅ​ទិញ​ថ្នាំពេទ្យ​នៅ​ផ្សារ​ជម្ពូវ័ន ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា យល់ឃើញ​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្នុង​ការ​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល ដើម្បី​កែ​លម្អ​ឲ្យ​មានការ​រីកចម្រើន និង​បញ្ហា​ប្រទេសជាតិ​របស់​ពួកគេ។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ត​ចាប់​ឃុំខ្លួន​ពលរដ្ឋ ដែល​ហ៊ាន​បញ្ចេញមតិ កែលម្អ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល នោះ​មានន័យថា មិនមែន​ជា​សង្គម​ប្រជាធិបតេយ្យ​នោះ​ទេ ហើយក៏​មិន​មាន​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ដែរ។

លោក នី សុខា៖ «រដ្ឋាភិបាល​អាច​នឹង​បាត់បង់​នូវ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន រដ្ឋាភិបាល​ទទួល​បាន​តែ​ព័ត៌មាន​បញ្ចើចបញ្ចើ ព័ត៌មាន​លើកជើង​ជាដើម ព័ត៌មាន​ដែល​មាន​ការរិះគន់ ព័ត៌មាន​ដែល​មិនល្អ​ពី​រដ្ឋាភិបាល មិនអាច​និយាយ​បាន នឹង​ធ្វើ​ឲ្យ​បាត់បង់​ព័ត៌មាន​មួយ​ដែល​រដ្ឋាភិបាល​ត្រូវការ​ចាំបាច់ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ហើយ​ទី​ពីរ​ទៀត គឺថា នៅតែ​បន្ត​រង​ការរិះគន់​ពី​មតិ​ជាតិ និង​អន្តរជាតិ គេ​ថា​ប្រទេស​របស់​យើង​មិន​ដើរ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​សិទ្ធិ​សេរីភាព​នេះ​កាត់​តែ​រួម​តូច​ទៅៗ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​កម្ពុជា»។

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​ហៅ​កាត់​ថា លីកាដូ (Licadho) បាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់​ខ្លួន​ថា គិត​ត្រឹម​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៥ មាន​មនុស្ស​ប្រមាណ​ជិត​១០០​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ចាប់​ដាក់​ពន្ធនាគារ។ លោកស្រី ហ៊ុល មុន្នីសាមន គឺជា ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​មនុស្ស​ជិត​១០០​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយសារតែ​ការប្រើប្រាស់​សិទិ្ធ​សេរីភាព​បញ្ចេញមតិ​របស់​ពួកគេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ