អ្នកជំនាញ​បារម្ភ​ថា កម្ពុជា​ពឹងផ្អែក​លើ​ចិន​កាន់​តែ​ខ្លាំង​ក្រោយ​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក ស៊ី ជីនពីង

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅប្រទេសចិន កាលពីថ្ងៃទី២៦ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅប្រទេសចិន កាលពីថ្ងៃទី២៦ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​រដ្ឋាភិបាល​ក្រៅប្រទេស​ព្រួយបារម្ភ​ថា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល និង​ការ​ពឹង​ផ្អែកលើ​ចិន​កាន់តែ​ខ្លាំង ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​ក្រីក្រ​មួយ​នេះ​ធ្លាក់​ក្រោម «​នឹម​អាណានិគម​សម័យថ្មី​» របស់​របប​ចិន​កុម្មុយនិស្ត។ ការ​ព្រួយបារម្ភ​នេះ កើតឡើង​បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើ​ឱ្យ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បន្ត​ផ្ដល់​ការ​គាំទ្រ​ផ្នែក​នយោបាយ និង​ជំនួយ​ហិរញ្ញវត្ថុ​ដល់​កម្ពុជា​។ អ្នកឃ្លាំមើល​ព្រមាន​ថា ការ​លម្អៀង​ទៅ​រក​ចិន​កុម្មុយនិស្ត​កាន់តែ​ខ្លាំង នឹង​រឹតត្បិត​ឱកាស​របស់​កម្ពុជា​ក្នុង​ការ​ស្ដារ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​រដ្ឋាភិបាល​ក្រៅប្រទេស​វាយតម្លៃ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​នាពេល​ថ្មីៗ​នេះ គឺ​មាន​គោលបំណង​រឹតចំណង​ទំនាក់ទំនង​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនិស្ត​ចិន​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ធានា​ពី​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​។ ទោះជា​យ៉ាងណា ពួកគាត់​ព្រមាន​ថា ការ​បន្ត​ពឹងផ្អែក និង​លម្អៀង​ផ្នែក​ការទូត​ទៅ​រក​មហាអំណាច​ចិន​តែមួយ នឹង​មិន​នាំមក​នូវ​ផលប្រយោជន៍​យូរអង្វែង​សម្រាប់​កម្ពុជា​នោះ​ទេ។

សាស្ត្រាចារ្យ​ជំនាញ​ការទូត និង​កិច្ចការ​សកល​នៃ​មហាវិទ្យាល័យ​អូស៊ីដិនថល (Occidental College) សហរដ្ឋអាមេរិក លោក អៀ សុផល ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​តាម​អ៊ីមែល (Email) ថា ជំនួប​រវាង​មេ​បក្ស​កាន់អំណាច​លោក ហ៊ុន សែន និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង ថ្មីៗ​នេះ​បាន​បញ្ជាក់​ពី​ភាព​ស៊ីជម្រៅ និង​និរន្តរភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន។ លោក​ថា លោក ហ៊ុន សែន នៅតែ​មាន​តួនាទី​ស្នូល​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន ទោះបី​បាន​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ទៅ​កូនប្រុស​ច្បង​គឺ​លោក ហ៊ុន ម៉ា​ណែ​ត ក៏ដោយ​។ លោក​បន្ថែម​ថា កម្ពុជា​នៅតែ​ជា​ដៃគូ​ជិតស្និទ្ធ​មួយ​របស់​ចិន​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ទីក្រុង​ប៉េកាំង​កំពុង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ។

អ្នកជំនាញ​ការទូត​រូប​នេះ​ព្រមាន​ថា ទោះបី​កម្ពុជា​អាច​ទទួល​បាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ពី​ទំនាក់ទំនង​ជាមួយ​ចិន​ក៏ដោយ ហានិភ័យ​ធំ​បំផុត គឺ​ការពឹងផ្អែក​ខ្លាំងពេក​លើ​ចិន​។ លោក អៀ សុផល ពន្យល់​ថា នៅពេល​ដៃគូ​ខាងក្រៅ​តែមួយ​មាន​ឥទ្ធិពល​ខ្លាំង​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ នយោបាយ ទំនាក់ទំនង​រវាង​បក្ស និង​បក្ស ព្រមទាំង​វិស័យ​សន្តិសុខ នោះ​លំហ​នៃ​ការ​ធ្វើ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​នឹង​កាន់តែ​រួម​តូច ហើយ​កម្ពុជា​ក៏​អាច​ពឹង​ផ្អែកលើ​ចិន​កាន់តែ​ខ្លាំង​ទាំង​ផ្នែក​នយោបាយ និង​យុទ្ធសាស្ត្រ។

ក្នុង​ដំណើរ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​រយៈពេល ៣​ថ្ងៃ នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែមិថុនា កន្លង​ទៅ​នេះ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ជួប​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) នាយករដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang) និង​ថ្នាក់ដឹកនាំ​កំពូល​ចិន​ផ្សេងទៀត​។ លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ប្រើប្រាស់​តួនាទី​ជា​មេដឹកនាំ​គណបក្សកាន់អំណាច​ផង និង​តួនាទី​រដ្ឋាភិបាល​ជំនួស​កូនប្រុស​របស់​លោក​ផង ដើម្បី​ពង្រឹង​ទំនាក់ទំនង​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច​ជាមួយ​ទីក្រុង​ប៉េកាំង។

ក្នុង​ជំនួប​ជាមួយ​លោក ស៊ី ជីនពីង កាលពី​ថ្ងៃទី​២៦ ខែមិថុនា ភាគី​កម្ពុជា និង​ចិន​មិនបាន​ប្រកាស​អំពី​ជំនួយ ឬ​ប្រាក់កម្ចី​ថ្មី​នោះ​ទេ​។ ប៉ុន្តែ លោក ហ៊ុន សែន បាន​ស្នើ​ដោយ​ត្រង់ៗ​ឱ្យ​ភាគី​ចិន​បន្ត​ផ្ដល់​ជំនួយ និង​ជំរុញ​អ្នក​វិនិយោគ​ចិន​ឱ្យ​បង្កើន​ការ​បណ្ដាក់ទុន​នៅ​កម្ពុជា​បន្ថែម​។ លោក​ក៏បាន​លើក​ឡើងលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ចិន​គឺជា​ដៃគូ​ដ៏​សំខាន់ ដែល​កម្ពុជា​មិនអាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​កម្ពុជា​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឱ្យដឹង​ថា កម្ពុជា និង​ចិន​ក៏​បន្ត​ឯកភាព​ការដឹកនាំ​ឱ្យ​មាន​ភាព​បន្ស៊ី​គ្នា​រវាង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់​ចិន សម្រាប់​បន្ត​អនុវត្ត​គម្រោង ច្រករបៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម ច្រករបៀង​ត្រី និង​អង្ករ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។ ក្រៅពី​នេះ មេដឹកនាំ​កម្ពុជា និង​ចិន ក៏បាន​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ សន្តិសុខ ទេសចរណ៍ វប្បធម៌ អប់រំ សុខាភិបាល បរិស្ថាន និង​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន។

ចំណែកឯ វិស័យ​នយោបាយ​វិញ លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​ទៅកាន់​ភាគី​ចិន​ថា កម្ពុជា​ប្ដេជ្ញា​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ និង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន ដោយ​ឥត​ងាករេ និង​គ្រប់​កាលៈទេសៈ​។ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនិស្ត​ចិន ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ថ្មី​មួយ​ស្ដីពី​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​គណ​បក្ស​ទាំងពីរ រួម​ទាំង​ការ​បណ្ដុះបណ្ដាល​យុវជន​គណបក្ស និង​ការពង្រីក​កិច្ច​សន្ទនា​របស់​ឥស្សរជន​នយោបាយ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា កម្ពុជា​កំពុង​រអិល​ចូល​ទៅ​ក្នុង​ឥទ្ធិពល​របស់​ចិន​កុម្មុយនិស្ត​កាន់តែ​ជ្រៅ ដែល​លោក​ចាត់ទុកថា ជា​រូបភាព​នៃ​ការគ្រប់គ្រង «​ក្រោម​អាណានិគម​បែប​ថ្មី​» ដោយ​របប​ចិន​កុម្មុយនិស្ត។ លោក​សង្កត់ធ្ងន់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​ថ្មីៗ​នេះ​គឺ​លោក ហ៊ុន សែន មាន​គោលបំណង​ស្វែងរក​ការ​គាំទ្រ​ពី​ទីក្រុង​ប៉េកាំង ដើម្បី​ពង្រឹង និង​ធានា​ការ​ក្ដោបក្ដាប់​អំណាច​រដ្ឋាភិបាល​ត្រកូល ហ៊ុន ខណៈ​កម្ពុជា​កំពុង​ប្រឈម​សម្ពាធ និង​ទណ្ឌកម្ម​បន្ថែម​ពី​បណ្ដា​ប្រទេស​លោក​សេរី​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

លោក គឹម សុខ បន្ត​ថា ជំហរ​របស់​លោក ហ៊ុន សែន ដែល​បន្ត​ផ្ដេកផ្ដួល​លើ​ចិន​នេះ ក៏​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក ក្នុង​គ្រា​ដែល​កម្ពុជា និង​អាមេរិក​កំពុង​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​ការទូត និង​វិស័យ​ការពារ​ជាតិ។

លោក គឹម សុខ៖ «​កម្ពុជា​នឹង​ធ្លាក់​ជាក់ស្ដែង​ទៅ​ក្នុង​ការគ្រប់គ្រង​បែប​កុម្មុយនិស្ត​កូរ៉េខាងជើង​។ ពីមុន​យើង​ឃើញ​ត្រឹម​តែ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ឥឡូវ​វា​ចូល​ដល់​របប​បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនិស្ត​ចិន​។ នោះ​មានន័យថា ពួកគេ​កំពុងតែ​ចង​ជា​ចង្កោម​បក្ស​កុម្មុយនិស្ត ដើម្បី​ជួយ​ពង្រឹង​អំណាច​គ្នា​។ ហើយ​របៀប​ពង្រឹង​អំណាច​ហ្នឹង ទាំង​បញ្ហា​សន្តិសុខ និង​សេដ្ឋកិច្ច​។ បញ្ហា​សន្តិសុខ​មានន័យថា នៅ​ពេល​ដែល​ក្រុម​គ្រួសារ ហ៊ុន ជួបប្រទះ​ហានិភ័យ​ដួល​រលំ​អំណាច ចិន​ក៏​អាច​លូកដៃ​ដោយ​ប្រការ​ណាមួយ​។ នៅ​ពេល​ដែល​បញ្ហា​សេដ្ឋកិច្ច​ចិន​ក៏​អាច​លូកដៃ​សម្រួល​ដោយ​ប្រការ​ណាមួយ​ដែរ»។

ក្រៅពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​អំពើ​ឆបោក​តាម​អនឡាញ ក៏បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​ក្នុង​ជំនួប​រវាង​មេដឹកនាំ​កម្ពុជា និង​ចិន។ ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ីនហួ (Xinhua) រាយការណ៍​ថា ក្នុង​ជំនួប​ជាមួយ​មេ​បក្ស​កាន់អំណាច​លោក ហ៊ុន សែន ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង សន្យា​ថា នឹង​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ផ្នែក​សន្តិសុខ​ជាមួយ​កម្ពុជា និង​ស្នើ​ឱ្យ​រួមគ្នា​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ខណៈ​ស្ថានការណ៍​ក្នុង​តំបន់ និង​ពិភពលោក​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង។

សាស្ត្រាចារ្យ​ជំនាញ​ការទូត និង​កិច្ចការ​សកល​នៃ​មហាវិទ្យាល័យ​អូស៊ីដិនថល (Occidental College) សហរដ្ឋអាមេរិក លោក អៀ សុផល លើកឡើង​ថា គម្រោង​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​ផ្នែក​សន្តិសុខ ភាគី​ចិន​មាន​ផលប្រយោជន៍​ផ្ទាល់​ក្នុង​ការ​ទប់ស្កាត់​អំពើ​ឆបោក​តាម​អន​ឡាញ និង​ការ​ជួញដូរ​មនុស្ស ដោយសារ​ពលរដ្ឋ​ចិន​ជាច្រើន​បាន​ក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ លោក​បន្ថែម​ថា កិច្ច​សហប្រតិបត្តិការ​នេះ​ទំនង​មិនមែន​ផ្ដោត​តែ​លើ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​មួយ​នៃ​គោលដៅ​យុទ្ធសាស្ត្រ​របស់​ទីក្រុង​ប៉េកាំង ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការពារ​ជាតិ ការ​សម្របសម្រួល​នយោបាយ និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ