«ការ​យក​ព្រឹត្តិការណ៍​សង្គ្រាម​កម្ពុជា​-​ថៃឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ជា​រូបភាព​បង្ហាញ​ខ្មែរ​ចាញ់​សង្គ្រាម​និង​បាត់​ដី»

0
84
ពិធីសម្ពោធរូបគំនូរ​ដែលដឹកនាំដោយ​លោក ហ៊ុន ម៉ានី នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសសយក
ពិធីសម្ពោធរូបគំនូរ​ដែលដឹកនាំដោយ​លោក ហ៊ុន ម៉ានី នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសសយក

អ្នកឃ្លាំមើល​សង្គម​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​គួរ​យក​ព្រឹត្តិការណ៍​សង្គ្រាម​កម្ពុជា​-​ថៃ និង​ភាព​ឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរ ទៅ​ឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ជា​ការ​ចងចាំ​នោះ​ទេ ពីព្រោះ​រូបភាព​ទាំងនោះ​បាន​បង្ហាញ អំពី​ការ​បែកបាក់​ផ្ទៃក្នុង​រវាង​ខ្មែរ​និង​ខ្មែរ​ដែល​មិនអាច​មាន​ការ​ផ្សះផ្សា​ជាតិ ទើប​បណ្តាល​ឲ្យ​ប្រទេសជិតខាង​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​ទៅកាន់​កាប់​។ ការ​អះអាង​នេះ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា សម្រេច​ឱ្យ​ឆ្លាក់​រូបភាព​អំពី​ព្រឹត្តិការណ៍​សង្គ្រាម​កម្ពុជា​-​ថៃ នៅ​លើ​ជញ្ជាំង​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុកជា​កេរដំណែល​ប្រវត្តិសាស្ត្រ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង​និង​ចងចាំ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​គួរ​យក​ព្រឹត្តិការណ៍​សង្គ្រាម​កម្ពុជា​-​ថៃ ទៅ​ឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ជា​ការ​ចងចាំ​នោះ​ទេ ពីព្រោះ​រូបភាព​នៃ​សង្គ្រាម​ជាមួយ​ថៃ​នេះ កម្ពុជា​គ្មាន​ឈ្នះ​អ្វី​នោះ​ទេ ព្រោះ​កម្ពុជា​បាន​បាត់បង់​ទឹកដី ពលរដ្ឋ​ចាកចោល ផ្ទះសម្បែង​ដីធ្លី ធ្វើ​ឲ្យ​គាត់​រស់​រង​ទុក្ខ​ដល់​បច្ចុប្បន្ន។

លោក ស៊ឹង សែនករុណា បន្ថែម​ទៀត​ថា បើ​និយាយ​ថា ខ្មែរ​រូប​រួមគ្នា​នៅ​ជំនាន់​សង្គ្រាម លោក​ថា​មិនជា​រឿង​ទាំងស្រុង​ទេ បើ​ទោះបី​ឃើញ​រូបភាព​ខ្មែរ​មកពី​គ្រប់​និន្នាការ ចូលរួម​ការ​សោកស្ដាយ​ចង់​រួបរួម​គ្នា​ជួយ​ការពារ​ជាតិ ក៏ប៉ុន្តែ​គណបក្សកាន់អំណាច​នៅតែ​ជា​តួអង្គ​ដែល​បំបែកបំបាក់ មិនបាន​បើក​ចិត្ត​ឲ្យ​ទូលំទូលាយ​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ​នៅឡើយ ដោយសារ​នៅ​បន្ត​ចាប់ខ្លួន​សកម្មជន​សង្គម សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​គាំទ្រ​បើសិនជា​រូបភាព​ទាំងឡាយ បាន​បង្ហាញ​បានធ្វើ​ឡើង​បង្ហាញ​ពី​រឿង​ឈឺចាប់​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​មានការ​ឈឺចាប់ ហើយ​បញ្ឈប់​ការ​បែកបាក់​គ្នា រួបរួមសាមគ្គី​គ្នា អី​កុំ​យក​នូវ​តម្រាប់​ដែល​ធ្វើ​ឲ្យ​មានការ​បែកបាក់ ឲ្យ​ខ្មែរ​ចុះ​ខ្សោយ​ត្រវ​បាន​បរទេស​ជិត​ខាង​ឈ្លានពាន​អី​ទាំងអស់​នេះ​អាហ្នឹង​វា​ជា​រូបភាព​ពិត​ជាក់ស្តែង​ជាង ជាជាង​យើង​យក​ទៅ​ដាក់​ពី​វិមាន​ឈ្នះ​ឈ្នះ តែ​យើង​ចាញ់ ហើយ​បើ​យើង​បែកបាក់​ជាតិ​ថា​យើង​រួបរួម​ជាតិ នេះ​គឺជា​រូបភាព​មួយ ដែល​មិន​ពិតប្រាកដ ហើយ​មិន​ឆ្លុះបញ្ចាំង​ការពិត​ទេ»។

ការ​លើកឡើង​នេះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា លោ​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង នៅ​ថ្ងៃទី​១៥ ខែឧសភា នាឱកាស​ដែល អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទរ​ទិវា​អតីតយុទ្ធជន និង​និវត្តជន​កម្ពុជា លើក​ទី​១៩ ថា ក្នុង​ស្មារតី​ចងចាំ​នូវ​រាល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​ការលះបង់​ដ៏​ខ្ពង់ខ្ពស់​របស់​កងទ័ព និង​ប្រជាពលរដ្ឋ​ខ្មែរ លោក​បានសម្រេច​ឱ្យ​ឆ្លាក់​រូបភាព​អំពី​សង្គ្រាម​ការពារ​អធិបតេយ្យភាព នៅលើ​ជញ្ជាំង​វិមាន​ឈ្នះ​-​ឈ្នះ​។ ការ​ចារឹក​ព្រឹត្តិការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​នេះ គឺ​ដើម្បី​ទុកជា​កេរដំណែល​ប្រវត្តិសាស្ត្រ​រាប់រយ​ឆ្នាំ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង និង​ចងចាំ​។​

លោក ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​រៀបចំ​ឆ្លាក់​រូបភាព​ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សំខាន់ៗ​ចំនួន​៣ នៃ​សង្គ្រាម​ការពារ​ព្រំដែន ដើម្បី​ចារឹក​ទុកជា​ប្រវត្តិសាស្ត្រ​ជាតិ​។ ក្នុង​នោះ​ទិដ្ឋភាព​ទី​១ នឹង​បង្ហាញ​ពី​ភាព​ឈឺចាប់ និង​ផលវិបាក​នៃ​សង្គ្រាម​ឈ្លានពាន ដែល​បង្ក​ឱ្យ​មាន​ការ​ព្រាត់ប្រាស់ ជនភៀសសឹក ព្រមទាំង​ការ​បាត់​បង់ជីវិត និង​របួស​ទាំង​កងទ័ព និង​ប្រជាជន​ស៊ីវិល​។ ទិដ្ឋភាព​ទី​២ គឺ​ការលើកតម្កើង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ព នគរបាល​ជាតិ និង​អាវុធហត្ថ ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​។ រីឯ​ទិដ្ឋភាព​ទី​៣ នឹង​បង្ហាញ​ពី​ចលនា​មហា​គ្រួសារ​ខ្មែរ និង​សាមគ្គីភាព​ដ៏​អស្ចារ្យ​របស់​ប្រជាជន​គ្រប់​និន្នាការ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​រួបរួម​គ្នា​គាំទ្រ​កងកម្លាំង​ជួរមុខ​យ៉ាង​ខ្លាំងក្លា​បំផុត។

លោក ហ៊ុន ម៉ាណែត៖ «ប៉ុន្តែ​សំខាន់​ឆ្លាក់​វា​នៅ​លើ​វិមាន​ឈ្នះ​ឈ្នះ​តែម្ដង ដើម្បី​ទុកជា​កេរដំណែល​រាប់​រយ​ឆ្នាំ​តទៅ​ទៀត ជា​ប្រវត្តិសាស្ត្រ​របស់​យើង»។

ទាក់ទង​ទៅ​នឹង​គំនូរ​សិល្បៈ​ដើម្បី​សន្តិភាព រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​គូរ​គំនួន​ចំនួន​២​ផ្ទាំង​ហើយ គឺ​មួយ​ផ្ទាំង​នៅ​ខេត្តសៀមរាប និង​ផ្ទាំង​ទី​២ នៅ​រាជធានី​ភ្នំពេញ​។ គំនូរ​សិល្បៈ​ដើម្បី​សន្តិភាព បាន​ដាក់​បង្ហាញ​ដល់​សាធារណជន​និង​ភ្ញៀវ​អន្តរជាតិ នៅ​បរិវេណ​សួនច្បារ​វត្ត​បទុមវតី។ ផ្ទាំងគំនូរ​នេះ​ឆ្លុះបញ្ចាំង​អំពី​ទុក្ខវេទនា​របស់​ជន​ស៊ីវិល និង​ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​បេតិកភណ្ឌ​របស់​កម្ពុជា​ក្នុង​ជម្លោះព្រំដែន​ជាមួយ​ថៃ។

ទាក់ទង​ទៅ​នឹង​សង្គ្រាម​កម្ពុជា ថៃ នេះ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា កាលពី​ថ្ងៃទី​២២ ខែមេសា បាន​ចេញ​សារ​កាន់ទុក្ខ​ជា​ទម្ងន់ ចំពោះ​ការបាត់បង់​ទឹកដី​ខ្មែរ ហើយ រំលឹក​ឱ្យ ពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម ផ្លាស់ប្ដូរ​មេដឹកនាំ​ត្រកូល​«​ហ៊ុន​» ចេញពី​អំណាច ដើម្បី​រួមគ្នា​ទាមទារ ទឹកដី​ដែល​បាត់បង់​ទាំងនោះ យក​មក​វិញ។

តាមរយៈ សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ដាក់​ចំណងជើង​ថា​«​កាន់ទុក្ខ​ដ៏​រន្ធត់​» របស់​ប្រជា​ជាតិខ្មែរ ដោយសារ​ការបាត់បង់​ទឹកដី​កម្ពុជា ខ្លឹមសារ​ទាំងមូល បាន​រៀបរាប់​ថា កាលសម័យ លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្រជាជាតិ​ខ្មែរ មាន​ទុក្ខសោក​ជា​ខ្លាំង ដោយសារ​ការបាត់បង់​ទឹកដី​មួយ​ផ្នែក​ធំ ទៅ​ប្រទេសជិតខាង ដូចជា កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ កោះ​គជ រួម​នឹង​ដែន​សមុទ្ទ​ជាង​៧​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ និង តាម​ព្រំដែន​ដីគោក​ជាច្រើន​ហិកតារ​ទៀត។

ចំណែក សម័យ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី មិន​ដល់​៣​ឆ្នាំ ស្រួលបួល​កម្ពុជា​ក៏​បាន​ធ្លាក់ខ្លួន​កាន់តែ​រន្ធត់ ដោយសារ​ការបាត់បង់​ទឹកដី យ៉ាងតិច ៦៦​តំបន់​បន្ថែម​ទៀត ក្រោយ​ពី​យោធា​ថៃ​បាន​បង្ក​សង្គ្រាម​ឈ្លានពាន​វាយ​យក។

អ្នកឃ្លាំមើល​សង្គម​ថា បើ​សង្គ្រាម​កម្ពុជា​-​ថៃ​ត្រូវ​បាន​បង្ហាញ​ជា​រូបភាព​នៃ “​ជ័យជម្នះ​” វា​អាច​បង្ក​ការ​ជជែក​ចម្រូងចម្រាស ព្រោះ ប្រជាពលរដ្ឋ​ជាច្រើន ភៀសខ្លួន បាត់បង់​ផ្ទះសម្បែង និង​បាត់បង់​ជីវភាព ដោយ​រស់នៅ​ក្រោម​ភាព​ភ័យខ្លាច ដូច្នេះ ការ​ចងចាំ​បែប​ជ័យជម្នះ​អាច​មើលទៅ​មិន​ស្រប​ជាមួយ​បទពិសោធន៍​របស់​ជន​រងគ្រោះ​នោះ​ទេ ដូច្នេះ​រដ្ឋាភិបាល​មិន​គួរ​ឆ្លាក់​រូបគំនូរ​នោះ​ឲ្យ​ពលរដ្ឋ​ឈឺចាប់​បន្ថែម​ទៀត​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ