ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ថៃ​ខេត្ត​ឧត្តរមានជ័យ​កំពុង​មាន​ជីវភាព​ខ្វះខាត ខណៈ​ជម្លោះ​ព្រំដែន​បន្ត​ជាប់​គាំង

0
76
ទិដ្ឋភាពពលរដ្ឋភៀសសឹក​ដោយសារ​ការឈ្លានពានរបស់​យោធាថៃ។ រូប៖ ហ្វេសប៊ុក​លោក មាន ចាន់យ៉ាដា
ទិដ្ឋភាពពលរដ្ឋភៀសសឹក​ដោយសារ​ការឈ្លានពានរបស់​យោធាថៃ។ រូប៖ ហ្វេសប៊ុក​លោក មាន ចាន់យ៉ាដា

ពលរដ្ឋ​មួយចំនួន​ដែល​បន្ត​ក្រាញ​ននៀល រស់​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ កំពុង​មាន​ជីវភាព ខ្វះខាត ព្រោះ​មិនអាច​ប្រកបមុខរបរ​បាន ដូច​មុន​បើ​ទោះជា​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ បាន​ស្ងប់ស្ងាត់​ហើយ​ក្ដី។ ទន្ទឹមគ្នា​នោះ ពួកគាត់​ថា ដំណាំ​កសិកម្ម ដូចជា​ដំឡូង​មី និង​ស្វាយចន្ទី ជាដើម ក៏​មិន​សូវ​មាន​ឈ្មួញ​មក​ទិញ។

ពលរដ្ឋ​រស់នៅ តាម​ព្រំដែន កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ​ភាគច្រើន​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​លក់ដូរ​អីវ៉ាន់​តាម​មុខ​ផ្ទះ និង​តាម​ផ្សារ​នៅ​ជាប់​ព្រំដែន​ថៃ។ ទន្ទឹមគ្នា​នោះ ពួកគាត់​ក៏​ធ្វើ​កសិកម្ម ដូចជា​ដាំដំឡូង​មី ស្វាយកែវ​រមៀត និង​ស្វាយចន្ទី​ជាដើម លក់​ឱ្យ ឈ្មួញកណ្ដាល ជា​ជនជាតិ​ថៃ​។ ក៏ប៉ុន្តែ ចាប់តាំងពី​មាន​ជម្លោះព្រំដែន​មក ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

ពលរដ្ឋ​រស់នៅ​ឃុំ​លំទង ស្រុក​អន្លង់វែង លោក ណូន ណារិន្ទដា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៨ ខែមីនា​ថា សព្វថ្ងៃ​នេះ ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន ពុំ​សូវ​មាន​អារម្មណ៍​រកស៊ី​ដូច​មុន​នោះ​ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ហើយ​បើទោះបីជា បើក​លក់ដូរ​ផ្សេងៗ ក៏​ពុំ​សូវ​មាន​មនុស្ស ធ្វើ​ឱ្យ​បារម្ភ​ពី​ការ​ខាតបង់។ ទន្ទឹមគ្នា​នោះ លោក​ថា តម្លៃ​កសិផល​ដូចជា​ដំឡូង​មី និង​គ្រាប់​ស្វាយ​ចន្ទី​ជាដើម លក់​មិន​បាន​ថ្លៃ ព្រោះ​មិន​សូវ​មាន​ឈ្មួញ​ទិញ​ច្រើន ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​លំបាក។

លោក ណូន ណារិន្ទដា៖ «ការលក់ដូរ​វា​អត់​សូវ​បាន​ដូច​មុន​សង្គ្រាម​។ កាល​មុន​លក់ដូរ​បាន​កាក់កប​ជាង ដែល​ពេល​មាន​សង្គ្រាម​អ៊ីចឹង​ទៅ ការលក់ដូរ​វា​អត់​ដាច់ ហើយ​ពលរដ្ឋ​នៅ​តាម​ភូមិ​ក៏​គ្នា រក​អ៊ី​មិនបាន​ដូច​មុន​ដែរ ពិបាក​ក្នុង​ការ​រក​។ សព្វថ្ងៃ​នេះ ពិបាក​យ៉ាងម៉េច គឺ​ពិបាក ចេញទៅ​រកស៊ី​អី វា​មិន​ពេញដៃពេញជើង​។ ធ្វើ​អ្វីមួយ​ចេះតែ​ខ្លាច មិន​ហ៊ាន​ធ្វើ​អ្វី​ធំដុំ​ដូច​មុន​។ ឧទាហរណ៍ ធ្វើ​ចម្ការ​អ៊ីចឹង យើង​ត្រូវ​ដាំ​ដុះ​ច្រើន ក៏​អត់​ហ៊ាន​ដែរ ខ្លាច​ស្ថានភាព ខ្លាច​ផ្ទុះ​សង្គ្រាម​ឡើង យើង​រត់ចោល​ដំណាំ​យើង ខាត​ច្រើន»។

សង្គ្រាម​ឈ្លានពាន​ថៃ មក​លើ​កម្ពុជា​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​ជាតិ និង សេដ្ឋកិច្ច​ពលរដ្ឋ​។ កាលពី​មិនទាន់​មាន​ជម្លោះព្រំដែន ពលរដ្ឋ​កម្ពុជា​-​ថៃ តែង​រស់នៅ​ពឹង​អាស្រ័យ គ្នា​ទៅវិញទៅមក តាមរយៈ​ការដោះដូរ​ទំនិញ​ផ្សេងៗ​តាម​ព្រំដែន ប៉ុន្តែ ចាប់តាំងពី​មាន​ជម្លោះ​មក ព្រំដែន ត្រូវ​បាន​បិទ​រហូត​មក​ដល់​សព្វថ្ងៃ។

ពលរដ្ឋ​ម្នាក់​ទៀត នៅ​តំបន់​អូរស្មាច់ ក្រុង​សំរោង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​លើក​ឡើង​ថា ពលរដ្ឋ​នៅ​តំបន់​អូ​ស្មាច់ មាន​ត្រឹមតែ​១០ ទៅ​២០% ដែល​ត្រឡប់ មក​រស់នៅ​ក្នុង​លំនៅឋាន​វិញ ។ លោក​ថា បើទោះបីជា អាជ្ញាធរ​ខេត្ត​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មក រស់នៅ​ក្នុង​តំបន់​នេះ​ក្ដី ពលរដ្ឋ​ពុំ​សូវ​ចង់​មក​ទេ ព្រោះ​បារម្ភ​ពី​ជីវភាព និង​សុវត្ថិភាព ដូច្នេះ​មានតែ​បន្ត​រស់នៅ​ក្នុង​ជំរំ​ជនភៀសសឹក គ្រាន់​បាន​ស្បៀង​ខ្លះ​បរិភោគ។

លោក​បន្ត​ថា ពលរដ្ឋ​ខ្លះទៀត បន្ត​ក្រាញននៀល​រស់នៅ​ក្នុង​តំបន់​អូរស្មាច់ ទាំង​ជីវភាព​ខ្វះខាត ក៏​ព្រោះតែ បារម្ភ​ខ្លាច យោធា​ថៃ​បន្ត ពង្រីក​ឈ្លានពាន​កាន់តែ​ជ្រៅ ខណៈ​បច្ចុប្បន្ន យោធា​ថៃ​ចេះតែ​បន្ត​រុល​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ យ៉ាង​គឃ្លើន ហើយ​អាជ្ញាធរ​កម្ពុជា ហាក់​ពុំ​សូវ​បាន​អើពើ​នោះ​ទេ​។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ជូន​ពលរដ្ឋ ដែល​កំពុង​រស់នៅ​តាម​ព្រំដែន​។ លោក​ក៏​ស្នើសុំ ឱ្យ​អាជ្ញាធរ គួរតែ កុំ​យក​ថ្លៃ​ទឹក ភ្លើង ពី​ពួកគាត់ ជា​បណ្ដោះអាសន្ន ព្រោះ​ពលរដ្ឋ កំពុង​ជួប​ការ​លំបាក​គ្មាន​ប្រាក់ចំណូល។


ពលរដ្ឋថ្លែងលាក់ឈ្មោះ «ទី​១​កុំ​យក​ថ្លៃ​ភ្លើង ដើម្បី​ឱ្យ​បងប្អូន​គាត់​ប្រើ ៣-៤-៥​ខែ​ទៅ​។ ទី​២ ចង់ឱ្យ​ផ្ដល់​ដូចជា​អង្ករ ដូចជា​ស្បៀង ឱ្យ​ពលរដ្ឋ​ហូប​ផង។ អ្នកខ្លះ​ខ្វះខាត​មែនទែន ដូចជា​ខ្ញុំ​ជាដើម ក៏​អត់​ដែរ​។ រក​ចំណូល​ចូល រកស៊ី​អី​ក៏​អត់​បាន»។

ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៨ ខែមីនា បាន​ទាក់ទង អភិបាលខេត្ត​ឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា ដើម្បី​សុំ​ការ​ឆ្លើយតប ជុំវិញ​រឿង​នេះ ប៉ុន្តែ លោក បដិសេធ មិន​និយាយ ហើយ​ឱ្យ​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត លោក ម៉េត មាសភក្ដី។ យ៉ាងណា ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង លោក ម៉េត មាសភក្ដី បាន​ទេ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

បើ​ទោះ​ជា​បែប​នេះ​ក្ដី បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ​ឱ្យ​ដឹង​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ឈ្លានពាន របស់​ថៃ នៅ​តាម​ព្រំដែន ក្នុង​ខេត្ត​ឧត្តរមានជ័យ ដូចជា​ការខូចខាត​ផ្ទះសម្បែង រដ្ឋាភិបាល​បាន​ផ្ដល់​ថវិកា ក្នុង ១​គ្រួសារ​ចំនួន ២​លាន​រៀល។ ចំណែក​ពលរដ្ឋ​ដែល​មាន​លំនៅឋាន ក្នុង​តំបន់​ក្រហម ទទួល​បាន​ប្រាក់ឧបត្ថម្ភ​មួយ​គ្រួសារ​២០​ម៉ឺន​រៀល រយៈពេល​១​ឆ្នាំ។

រីឯ ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​ដោយ​យោធា​ថៃ​កំពុង​កាន​កាប់ អាជ្ញាធរ​កម្ពុជា​បាន​រៀបចំ​ជា ផ្ទះ​បណ្ដោះអាសន្ន​ជូន។ យ៉ាងណា ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ ព្រោះ​បញ្ហា​សេដ្ឋកិច្ច បង្ក​ឡើង​ដោយសារ សង្គ្រាម​ឈ្លានពាន​នេះ​ដែរ ពួកគាត់​ក៏​ជួប​ផល​លំបាក​ដែរ ប៉ុន្តែ រដ្ឋាភិបាល​ហាក់​ពុំ​បាន​អើពើ​នោះ​ទេ​។ ពួកគាត់​សង្ឃឹម​ថា ប្រសិនបើ​រដ្ឋាភិបាល ជួយ​សម្រួល​ផ្នែក​ខ្លះ ដូចជា កុំ​យក​ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង​ជាដើម គឺជា​រឿង​ដ៏​ល្អ ដើម្បី​ជួយ​សម្រាល​បន្ទុក​បាន​ខ្លះ។

ប្រធាន​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ិន គង់ជិត យល់​ស្រប​ថា ស្ថានភាព​សេដ្ឋកិច្ច​របស់​ពលរដ្ឋ នៅ​តាម​ព្រំដែន គឺ​ពិត​ជា​មាន​ផល​លំបាក​ខ្លាំង ក្រោយ​ពី​មាន​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​។ លោក​ថា ពលរដ្ឋ​ភាគច្រើន នៅ​តាម​ព្រំដែន មិន​ថា​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ គឺ​សុទ្ធតែ ជួប​ផល​លំបាក​ដូចគ្នា ព្រោះ​កន្លងទៅ​ពួកគាត់​តែងតែ​រកស៊ី​ដោះដូរ​ទំនិញ ជាមួយ​ប្រទេស​ថៃ។

លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល គួរតែ​គិតគូរ រៀបចំ​ស្ដារ​សេដ្ឋកិច្ច​នៅ​តាម​ព្រំដែន​ឡើងវិញ​ឱ្យ​បាន​ឆាប់ ហើយ គួរតែ​ផ្ដល់​ជា អំណោយ​មនុស្សធម៌​ខ្លះ ដល់​ពលរដ្ឋ​នៅ​តាម​ព្រំដែន ដែល​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច។ ទន្ទឹមគ្នា​នោះ​លោក​ថា អាជ្ញាធរ ក៏​ត្រូវតែ​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ក្នុង​ទាក់ទាញ​ឈ្មួញ​ឱ្យមក​ប្រមូល​ទិញ​កសិផល​ពី​ពលរដ្ឋ​ឱ្យ​បាន​តម្លៃ​សមរម្យ ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​ពលរដ្ឋ។


លោក អ៊ិន គង់ជិត៖ «បន្ទាយមានជ័យ​ក្ដី ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​បាត់បង់​ដំបង​ក្ដី អាជ្ញាធរ​ត្រូវ​ជួយ​រក​ទីផ្សារ​ដើម្បី លើកទឹកចិត្ត​ឱ្យ​ឈ្មួញកណ្ដាល​នឹង​អាច ទិញ​កសិផល​របស់​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ខ្ពស់ ដើម្បី​ពួកគាត់ អាច​លក់​ផលិតផល​ពួកគាត់​ដាច់ និង​បាន​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ​បន្ត​ទៀត»។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ក្នុង​ស្ថានភាព​ដែល​ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក ដោយសារតែ​មិនអាច​ប្រកបមុខរបរ​បាន រដ្ឋាភិបាល​ក៏​ត្រូវ​ប្រឹងប្រែង​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ឱ្យ​បាន​ទាន់​ពេល​វេលា។ ពួកគាត់​ថា ថ្វី​ត្បិត​ថា បញ្ហា​នេះ​បាន​កើត​ឡើង ដោយសារតែ បញ្ហា​សង្គ្រាម​ឈ្លានពាន​ក្ដី រដ្ឋាភិបាល មិន​ត្រូវ​ទុក​ពួកគាត់ ចោល​នោះ​ដែរ ព្រោះ​ពលរដ្ឋ​គឺជា​ជនរងគ្រោះ​ពី​ការដឹកនាំ​របស់​រដ្ឋាភិបាល ដែល​ពុំបាន ធានា​នូវ​សុវត្ថិភាព ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ