

អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មលើកឡើងថា យុទ្ធនាការបង្ក្រាបអំពើឆបោកតាមអនឡាញរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រៀបបីដូចជាការ «ចាប់ក្ដាមដាក់ចង្អេរ» ព្រោះអាជ្ញាធរមិនបានបង្ក្រាបឱ្យចំមេខ្លោងគោលដៅពិតប្រាកដ ដែលធ្វើឱ្យបណ្ដាញឧក្រិដ្ឋជនតែងតែជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត។
អ្នកឃ្លាំមើលវាយតម្លៃថា ការរីករាលដាលនៃអំពើឆបោកតាមអនឡាញនៅកម្ពុជាហាក់មានលក្ខណៈកាន់តែអាក្រក់ ខណៈបណ្ដាញឧក្រិដ្ឋជនបានពង្រាយជនបរទេសឱ្យបន្តធ្វើការតាមអគារតូចៗតាំងពីទីក្រុងរហូតដល់ទីជនបទ ក្រោមរូបភាពគំរាមកំហែង បង្ខិតបង្ខំ និងមានសន្តិសុខយាមកាមយ៉ាងតឹងរ៉ឹង។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា យុទ្ធនាការបង្ក្រាបអំពើឆបោកតាមអនឡាញរបស់រដ្ឋាភិបាលមិនបានឆ្លើយតបនឹងបញ្ហាដែលកំពុងកើតមាននៅកម្ពុជាឡើយ។ លោកបន្តថា មូលហេតុធំនោះគឺរដ្ឋាភិបាលមិនបានបង្ហាញឆន្ទៈចាប់មេខ្លោងធំៗយកមកផ្ដន្ទាទោសតាមច្បាប់ឡើយ។ រីឯការបង្ក្រាបរបស់សមត្ថកិច្ច នៅតាមអគារអនឡាញនីមួយៗវិញលោកថា គ្មានតម្លាភាព និងការអនុវត្តពេញលេញក្នុងការស្រាវជ្រាវស្វែងរកមេខ្លោង ឬម្ចាស់អគារនៅតាមតំបន់នីមួយៗ និងកំណត់អត្តសញ្ញាណជនរងគ្រោះឱ្យបានត្រឹមត្រូវឡើយ។
លោក ឌី ថេហូយ៉ា ឱ្យដឹងទៀតថា បណ្ដាញឧក្រិដ្ឋជនជាច្រើនបានបន្លំខ្លួនជាមួយជនរងគ្រោះ រត់គេចចេញពីការបង្ក្រាបរបស់សមត្ថកិច្ចនៅតាមមជ្ឈមណ្ឌលឆបោកតាមអនឡាញនាពេលកន្លងទៅ ហើយបច្ចុប្បន្នពួកគេបានប្រមូលជនរងគ្រោះបង្ខំឱ្យបន្តធ្វើការជាអ្នកឆបោកតាមអនឡាញនៅតាមអគារតូចៗ និងពង្រីកបណ្ដាញនេះកាន់តែច្រើនជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែន។ លោកវាយតម្លៃថា ទម្រង់ការងារឆបោកតាមអនឡាញថ្មីរបស់ក្រុមឧក្រិដ្ឋជននេះនឹងបង្កើតជារូបភាពកាន់តែអាក្រក់ និងបង្កគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់មុខមាត់ប្រទេសកម្ពុជា។
លោក ឌី ថេហូយ៉ា៖ «អ្នករកស៊ីឆបោកតាមអនឡាញនេះ ឧក្រិដ្ឋជននេះ នឹងគឃ្លើនកាន់តែកើនឡើង ព្រោះគេមើលឃើញអំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់មិនមានប្រសិទ្ធភាព។ អ៊ីចឹងនៅក្នុងពិភពលោកនេះ ប្រសិនបើឧក្រិដ្ឋជនមើលឃើញថា ប្រទេសណាការអនុវត្តច្បាប់ធូររលុង ហើយមិនមានប្រសិទ្ធភាព ពួកគេនៅតែរួចពីសំណាញ់ច្បាប់បាន គេច្បាស់ណាស់នឹងសម្រុកទៅរកស៊ី ទៅរស់នៅប្រទេសហ្នឹងហើយ។ រូបភាពវាផ្លាស់ប្ដូរពីមហាជនកុំឱ្យមើលឃើញច្បាស់ ពីខ្សែភ្នែកអន្តរជាតិមើលឃើញច្បាស់ គេនឹងដូររូបភាពទៅជាកន្លែងតូចៗ វាអាចមានច្រើនជាងមុន មានគ្រប់កន្លែងអីជាដើម។ ហើយអាហ្នឹងហានិភ័យនេះកាន់តែគ្រោះថ្នាក់ កាន់តែធ្វើឱ្យពិភពលោកហ្នឹងមើលឃើញថា យើងនៅតែមិនមានឆន្ទៈក្នុងការបោសសម្អាតឱ្យមានប្រសិទ្ធភាព»។
ការលើកឡើងនេះស្របពេលបណ្ដាញឧក្រិដ្ឋជននៅតែអាចប្រមូលផ្ដុំជនបរទេសចម្រុះជាតិសាសន៍ ដើម្បីបង្ខាំងឱ្យធ្វើការជាអ្នកឆបោកតាមអនឡាញនៅតាមអគារតូចៗ ឬក្រោមរូបភាពជាទីកន្លែងស្នាក់នៅ។ កាលពីថ្ងៃទី១៨ ខែឧសភា កម្លាំងសមត្ថកិច្ចចម្រុះក៏បានឃាត់ខ្លួនជនជាតិថៃ និងវៀតណាមជាង ១រយនាក់ក្នុងផ្ទះល្វែងមួយកន្លែងក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ។ សមត្ថកិច្ចមិនបានបង្ហាញមុខម្ចាស់អគារដែលជួលឱ្យជនបរទេសធ្វើការឆបោកតាមអនឡាញនេះឡើយ។
ទម្រង់ការងារឆបោកតាមអនឡាញរបស់បណ្ដាញឧក្រិដ្ឋជនដែលផ្លាស់ប្ដូរឱ្យជនរងគ្រោះបន្តធ្វើការនៅតាមអគារតូចៗ ឬតាមផ្ទះជួល មិនមែនរីករាលដាលតែក្នុងខេត្តបន្ទាយមានជ័យឡើយ សម្រាប់បណ្ដាខេត្តមួយចំនួនដូចជា ខេត្តកំពត ព្រះសីហនុ កែប ស្វាយរៀង និងរាជធានីភ្នំពេញជាដើមក៏កំពុងរីករាលដាលដូចគ្នា។ បុគ្គលិកធ្វើការលើវិស័យឆបោកតាមអនឡាញឱ្យដឹងថា ហេតុផលសំខាន់ដែលបណ្ដាញឧក្រិដ្ឋជនរៀបចំផែនការបែបនេះ គឺដើម្បីគេចចេញពីការរំខាន ឬការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច។
ទាក់ទងនឹងរឿងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពតកាលពីថ្ងៃទី១៨ ខែឧសភា បានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ដោយចោទប្រកាន់ថា ពួកគេលួចធ្វើសកម្មភាពពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១៩ ខែឧសភា។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ឱ្យដឹងថា បណ្ដាញឧក្រិដ្ឋជនបានប្រើល្បិចកល និងប្រមូលជនបរទេសមកពីគ្រប់ទិសទី ដើម្បីឱ្យបន្តធ្វើការងារជាអ្នកឆបោកតាមអនឡាញនៅតាមអគារក្រោមរូបភាពជាកន្លែងស្នាក់នៅ។ លោករិះគន់ថា ចំណាត់ការបង្ក្រាបរបស់សមត្ថកិច្ចក៏មិនបានធ្វើឱ្យបណ្ដាញឧក្រិដ្ឋជនទាំងនោះខ្លាចញញើតនោះដែរ ខណៈមេខ្លោងធំៗ និងមន្ត្រីមួយចំនួនដែលមានអគារជួលឱ្យក្រុមឧក្រិដ្ឋជនចិនពួកគេរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ។
លោក អ៊ិន គង់ជិត៖ «កន្លងមកនេះ យើងវាយតម្លៃថា វាជារូបភាពបង្ក្រាបគ្រាន់តែជាការមើលរូបភាពទៅគឺហាក់ដូចជាសស្រាក់សស្រាំ ប៉ុន្តែមិនបានចាប់មេខ្លោងធំៗដែលពាក់ព័ន្ធ។ យើងដឹងថា មានមន្ត្រីរាជការខ្លះ ឬក៏កងកម្លាំងខ្លះពាក់ព័ន្ធទៅនឹងកន្លែងទីតាំងដែលជួល និងផ្ដល់ឱ្យក្រុមជនស្កេមអនឡាញ (Scam Online) ហ្នឹង ប៉ុន្តែមកដល់ពេលនេះអត់ទាន់មានការចោទប្រកាន់ទៅលើអ្នកណាមួយ។ អ៊ីចឹងធ្វើឱ្យវាអត់បាត់ភ្លាមៗទេ ពួកមេស្កេមអនឡាញហ្នឹងគឺមានគំនិតខ្ពស់ ចេះបម្លែងធ្វើម៉េចកុំឱ្យវាពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ ពួកគេមិនបានបាត់ទៅណាទេ គ្រាន់តែផ្អាកសកម្មភាពមួយរយៈ រកកន្លែងរូបភាពផ្សេងៗទៀតដែលជាលក្ខណៈតូចតាច»។
ក្រៅពីឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) មកដល់ពេលនេះ មានមនុស្សជំនិតរបស់លោក ហ៊ុន សែន ២នាក់ហើយនោះគឺអ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា កុក អាន ត្រូវបានរដ្ឋាភិបាលអាមេរិកប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ ដោយសារតែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ ចំណែក សមាជិកក្រុមគ្រួសារត្រកូល ហ៊ុន ដូចជា លោក ហ៊ុន តូ រួមទាំងអ្នកជំនួញល្បីឈ្មោះខាងកាប់ឈើគឺលោក ទ្រី ភាព ទោះបីជាមិនទាន់មានឈ្មោះជាប់ក្នុងទណ្ឌកម្មដោយផ្ទាល់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មនេះ ក៏អាមេរិកបានចាត់វិធានការដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់ពួកគេមួយចំនួនរួចមកហើយ។
អ្នកឃ្លាំមើលយល់ថា ការលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា នឹងមិនអាចសម្រេចបានឡើយ ដរាបណាមេខ្លោងធំៗទាំងនេះនៅតែទទួលបានការកាងការពារពីរដ្ឋាភិបាលត្រកូល «ហ៊ុន»។ ពួកគាត់ក៏ព្រួយបារម្ភថា អំពើឧក្រិដ្ឋកម្មនេះនឹងបន្តប៉ះពាល់ដល់សេដ្ឋកិច្ច មុខមាត់ប្រទេសជាតិ និងជីវភាពពលរដ្ឋក្នុងរយៈពេលវែងបន្ថែមទៀត ខណៈបណ្ដាញឧក្រិដ្ឋជនកាន់តែពង្រីកសកម្មភាពឆបោកលើទឹកដីកម្ពុជាឥតឈប់ឈរ៕









