មន្ត្រី​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​ពិនិត្យ​​ឱ្យ​បាន​ច្បាស់​ជៀសវាង​​ផ្សាយ​ព័ត៌មាន​មិន​ពិត​រឿង​បក្ស​​ប្រឆាំង​ទទួល​លុយ​ពី​ក្រៅ​ប្រទេស​សម្រាប់​ការ​បោះឆ្នោត

0
73
អនុប្រធាន​គណបក្ស​ឆន្ទ​:​ខ្មែរ​លោក សុន ឆ័យ។ រូប៖ ហ្វេសប៊ុក
អនុប្រធាន​គណបក្ស​ឆន្ទ​:​ខ្មែរ​លោក សុន ឆ័យ។ រូប៖ ហ្វេសប៊ុក

មន្ត្រី​បក្ស​ប្រឆាំង ​និង​​សង្គម​ស៊ីវិល ​ស្នើ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​ពិនិត្យ​​ឱ្យ​បាន​ច្បាស់​ជៀសវាង​​ផ្សាយ​ព័ត៌មាន​​មិន​ពិត​ រឿង​​បក្ស​​ប្រឆាំង ​ទទួល​លុយ​ពី​ក្រៅ​ប្រទេស​សម្រាប់​ការ​បោះឆ្នោត​ ​ក្រោយ​​ពី​ក្រសួង​បាន​​ចេញ​​​​​សារ​ ​គំរាម​​រំលាយ​​គណបក្ស​​​ប្រឆាំង​​​ប្រសិន​បើ​ហ៊ាន​​ទទួល​​​​ថវិកា​​​ ​ពី​​​រដ្ឋ​បរទេស​ ​​​ដើម្បី​​​​​ធ្វើ​​​សកម្មភាព​នយោបាយ​​​ នៅ​កម្ពុជា។ ការ​​​គំរាម​របស់​ក្រសួង​​​​នេះ​ ធ្វើ​ឡើង​​​​​ដោយ​​សំអាង​​​អត្ថបទ​​​​​ភាសា​អង់គ្លេស​​មួយ​បាន​ ចុះ​ផ្សាយ​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​​ថា​ មាន​គណបក្ស​​​​ប្រឆាំង​​​​​​ចំនួន​៥ និង​​​ ​​សង្គម​ស៊ីវិល​ ​​​ចំនួន​៣ ​នឹង​ទទួល​បាន ​ថវិកា​ពី​សហរដ្ឋ​អាមេរិក​​​​​​​​​ចំនួន​​២លាន​ដុល្លារ ​​ដើម្បី​​​​​​​​​ជួយ​គាំទ្រ​​​កម្លាំង​​គណ​បក្ស​ប្រឆាំង​ ​និង​​​សកម្មភាព​លើក​​ កម្ពស់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ខណៈ​​​​​ដែល​​​​​សកម្មភាព​នយោបាយ ​របស់​គណបក្សប្រឆាំង និង​អង្គការសង្គម​​ស៊ីវិល​​នៅ​កម្ពុជា​ ​កាន់​តែ​រួម​តូច​ ​ដោយ​សារ​​តែ​ ​ការ​រឹតត្បិត​​​ពី​សំណាក់​ ​​រដ្ឋាភិបាល​​​​ត្រកូល«ហ៊ុន»​ ​កាន់​តែ​ខ្លាំង​​​​ នៅ​​​​​ប៉ុន្មាន​ឆ្នាំ​​ចុង​​ក្រោយ​ ​ស្រាប់តែ មាន​​​អត្ថបទ​​​​ភាសា​អង់គ្លេស​មួយ​របស់​​គេហទំព័រ​​​​​ឈ្មោះ​ ឌឹ សាន់ដេរ ហ្គាដៀន​ (The Sunday guardian)​​ ​​​​​បាន​ចុះ​ផ្សាយ​​អំពី​ផែន​ការ​​រ​​​អាមេរិក​ត្រៀម​នឹង​​ផ្ដល់​​ថវិកា​​​​​​ចំនួន​​ ២លាន​ដុល្លារ គាំទ្រ​គណបក្សប្រឆាំង​​នៅ​កម្ពុជា​ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ នៅ​ឆ្នាំ​២០២៧-​២០២៨​ ​​​​​​​​ដែល​​ករណី​នេះ​​ធ្វើ​ឱ្យ​ក្រសួង​មហា​​ផ្ទៃ​​​​ ​​​​​ចេញ​សារ​ព្រមាន។

អនុប្រធាន​គណ​បក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ ​ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​​ថា លោក​បាន​អាន​អត្ថបទ​​​របស់​ ឌឹក សាន់ដេរ ហ្គាដៀន​ (The Sunday guardian) ដែល​បាន​​ផ្សាយ​​កាល​ពី​ថ្មី​ៗ​​​​​ដែរ​​ ដែល​ថា​​​ អាមេរិក​នឹង​​ត្រៀម​ផ្ដល់​ថវិកា​២លានដុល្លារ​ឱ្យ​​គណបក្សប្រឆាំង​ចំនួន​៥ ដែល​មាន​​គណ​បក្ស​ឆន្ទៈ​ខ្មែរ ​ដើម្បី​​ចង់​សម្ពន្ធភាព​ជា​មួយ​បក្ស​ដទៃ​ទៀត​ ​​​​ក្នុង​ការ​​ត្រៀម​ខ្លួន​​ ​​​​​ចូល​រួម​​ប្រកួតប្រជែង​ការ​ បោះ​ឆ្នោត​​​​​​ឆ្នាំ២០២៧។​ លោក​​​បញ្ជាក់​ថា​ ​​​នេះ​ជា​«ព័ត៌មាន​មិន​ពិត»។

លោក​បង្ហាញ​ការ​ ​សោកស្ដាយ​​​​ ​ដែល​​​អត្ថបទ​នេះ​ ​​​​​គ្មាន​មូលដ្ឋាន​​ត្រឹម​ត្រូវ ហើយ​បែរ​​ជា​ ​ក្រសួង​មហា​ផ្ទៃ​ ​​​យក​ធ្វើ​​ជា​ អំណះអំណាង​​​ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​​ត្រឹម​ត្រូវ​ ​​​រួច​​ចេញ​​ សារ​គំរាម​​កំហែង​មក​លើ​បក្ស​ប្រឆាំង។ លោក​បន្ត​ថា កន្លង​ទៅ​នេះ​ គណបក្ស​ប្រឆាំង​​ជួប​បញ្ហា​ជា​ច្រើន​ ដូច​ជា​ កា​ជួប​ប្រជុំ​ជា​មួយ​អ្នក​គាំទ្រ​តាម​មូលដ្ឋាន​​ ​​និង​ការ​លើក​ស្លាក​គណបក្ស​តាម​ទី​សាធារណៈ​ ​​ ​គឺ​តែងតែត្រូវ​សមត្ថកិច្ច​​​​ ​យាយី រំខាន ​​និង​បដិសេធ​មិន​ឱ្យ​ធ្វើ។ លោក​​បន្ត​ថា នៅ​ពេល​មាន​​អត្ថបទ​​​​នេះ​​​ចុះ​ផ្សាយ​ ​​​មិន​ពិត​​​​ទៀត ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​ កាន់​តែ​លំបាក និង​​ព្រួយ​បារម្ភ​ ​​​​​​ពី​​ដំណើរ​ការ​​នៃ​ការ​រៀបចំ​​​​ការ​ បោះ​ឆ្នោត​​នា​ពេល​ខាង​មុខ​។​ លោក​ជំរុញ​ ឱ្យ​ក្រសួង​ ​មហាផ្ទៃ​ គួរ​តែ​ត្រួតពិនិត្យ​ព័ត៌មាន​ឱ្យ​ច្បាស់​​លាស់​ ​​​​មុន​​ចេញ​​​សេចក្ដីថ្លែងការណ៍​ ណា​មួយ​ ​ដែល ​ខុស​ទៅ​ នឹង​​ការពិត។

​លោក សុន ឆ័យ៖ «​​ដល់​បន្ថែម​ព័ត៌មាន​បែប​នេះ​ទៀត​​ធ្វើ​ឱ្យ​យើង​រឹត​តែ​ព្រួយ​បារម្ភ​ ថែម​ទៀត​ថា​តើ​ ​វា​អាច​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ ចំពោះ​យើង​ដែល​ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ ។ ដើម្បី​ជៀសវាង​កុំ​ឱ្យ​មាន​​ព័ត៌មាន​បែប​នេះ​ ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​មើល​ប្រភព​ព័ត៌មាន​ទាំង​នេះ​ឱ្យ​បាន​ច្បាស់​លាស់​សិន​ មុន​នឹង​យក​មក​​ប្រើ​ប្រាស់​ចេញ​​ជា​សេចក្ដី​ថ្លែង​ការណ៍»

គេហទំព័រ​មួយ​ឈ្មោះ​ ​ ឌឹ សាន់ដេរ ហ្គាដៀន​ (The Sunday guardian) ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា​ បាន​​ចុះ​ផ្សាយ​អត្ថបទ​​​ ​​​មាន​ចំណងជើង​ថា​«សហរដ្ឋអាមេរិក​គាំទ្រ​ផែនការ​ដើម្បី​ពង្រឹង​ក្រុម​ប្រឆាំង​របស់​កម្ពុជា»។ នៅ​ក្នុង​អត្ថបទ​នោះ​ បាន​ពិពណ៌នា​ថា​ជា​ ​«​សំណើ​សម្ងាត់»​ដែល​ធ្វើ​ឡើង​ តាម​រយៈ​អង្គការ​ ​​មូលនិធិជាតិដើម្បីប្រជាធិបតេយ្យ (NED) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។​ គម្រោងថវិកា​នេះ​​ ផ្ដល់​ដល់​ប្រទេស​​ទាំង​អស់​នៅ​លើ​ពិភពលោក​ ​​​​​​​ក្នុង​គោល​បំណង​ ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​ មនុស្ស។

ប្រភព​បន្ត​ថា​ ​​​​កញ្ចប់​ថវិកា​​ ដែល​នឹង​ឧបត្ថម្ភ​ពី​ស្ថាប័ន​​អន្តរជាតិ​​​​​មួយ​​នេះ​​​ ​មាន​​​ ​២​លាន​ដុល្លារ​​ គឺ​ធ្វើ​ឡើង​ដើម្បី​​ពង្រឹង​ចលនា​បក្ស​ប្រឆាំង​នៅ​​​កម្ពុជា រួម​ទាំង​ការ​​​​​ផ្ដល់​លទ្ធភាព​ក្នុង​ការ​​​ ចង​សម្ព័ន្ធ​ភាព​របស់​ ​​គណបក្ស​ចំនួន​ប្រាំ ឱ្យ​ទៅ​ជា​ស្ថាប័ន​នយោបាយ​តែ​មួយ មុន​ពេល​ការ​ បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ ២០២៧ និង​ ការបោះឆ្នោត​សកល​ឆ្នាំ ​២០២៨។​

​​ក្នុង​នោះ​គណ​បក្ស​ប្រឆាំង​ដែល​នឹង​ទទួល​បាន​ថវិកា​រួម​មាន​ ​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បក្ស​កំណែ​ទម្រង់​​កម្ពុជា និង​បក្ស​កម្ពុជា​និយម ដែល​បច្ចុប្បន្ន​ ​ដូរ​មក​ជា ​គណ​បក្ស​​ប្រជាធិបតេយ្យ​ជឿន​លឿន។ រីឯ​ ​អង្គការសង្គម​ស៊ីវិល​​​ ​​ដែល​​នឹង​ទទួល​បាន​​ថវិកា​នេះ​​ដែរ​ រួម​​មាន​ ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់«សង់​ត្រាល់​» ​​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​​​​​ខុមហ្វ្រែល (COMFREL) ​និង​ អង្គការ​​​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​​កម្ពុជា​(YRDP)។

ក្រោយ​ពី​ព័ត៌មាន​​​នេះ ​ត្រូវ​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​កម្ពុជា​ ​​​យក​មក​បង្ហោះ​ចែក​ចាយ​​​​​​ជា​បន្ត​​បន្ទាប់​​​មក​ ក្រសួង​មហា​ផ្ទៃ​ នៅ​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ក៏​បាន​​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ​​ដោយ​​​ព្រមាន​ថា​ ​ប្រសិន​បើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ គឺ​ជា​ការ​ពិត ​​គឺ​គណបក្ស​នយោបាយ​ទាំង​អស់​ ដែល​​​បាន​​ទទួល​វិភាគទាន​ ពី​ភាគី​បរទេស ​ទោះ​ក្នុង​រូប​ភាព ណា​ក៏​ដោយ ​​​​គឺ​​ជា​សកម្មភាព​​​​​ល្មើស​នឹង​​ច្បាប់ស្ដីពី​ គណ​បក្ស​នយោបាយ និង​ច្បាប់​នានា​ជា​ធរមាន។

ក្រសួង​មហាផ្ទៃ​​បញ្ជាក់​ថា​ ក្នុង​ករណី​ល្មើស​​ច្បាប់​​​​ ក្រសួង​​​នឹង​ផាក​ពិន័យ​ជា​ប្រាក់ និង​អាច​​ប្ដឹង​រំលាយ​គណបក្ស​នយោបាយ​នោះ​ ទៅ​តុលាការ​កំពូល​។ ​​​បន្ថែម​​ពី​លើ​នោះ​ ក្រសួង​ថា​​ នៅ​ក្នុង​​ច្បាប់​​បាន​ចែង​​ថា​ មិន​ឱ្យ​គណបក្ស​នយោបាយ​ស្ថិត​នៅ​ ក្រោម​​ចំណុះ ឬ​ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​នយោបាយ​បរទេស ឬ​រដ្ឋាភិបាល​បរទេស​​នោះ​ទេ​ ​ដូច្នេះ​ ក្នុង​ករណី​ល្មើស​តុលាការ ​អាច​សម្រេច​ផ្អាក​សកម្មភាព​​​ ឬ​​​​រំលាយ​គណបក្ស​នយោបាយ​នោះ​តែ​ម្ដង។

ជុំវិញ​រឿង​នេះ​​​​ ​​​នាយក​ប្រតិបត្តិ​នៃ​ មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់«សង់ត្រាល់» លោក មឿន តុលា បាន​​​ឱ្យ​ដឹង​​​ថា​ ​​អត្ថបទ​​របស់​​ ឌឹក សាន់ដេរ ហ្គាដៀន​ (The Sunday guardian) ​នេះ​ ​គឺ​ឃើញ​​​​​​ចុះ​ផ្សាយ​​ចំនួន​២​លើក​​​​​រួច​មក​ហើយ​​ ​អំពី​ករណី​ស្រដៀង​គ្នា​​នេះ​​ ​​ប៉ុន្តែ​លោក​ថា​​ ស្ថាប័ន​​នេះ​ តែងតែ​ផ្សាយ​ព័ត៌មាន​​មិន​ពិត ​​​និង​គ្មាន​​​​​​​មូលដ្ឋាន​ត្រឹម​ត្រូវ។ លោក​បញ្ជាក់​ថា ​អត្ថបទ​​​ដែល​ស្ថាប័ន​​នេះ​​បាន​ផ្សាយ​ អំពី​ផែនការ​​​អាមេរិក​​ផ្ដល់​ថវិកា​២លានដុល្លារ​នោះ​​​​​​«​មិន​ពិត»។

លោក មឿន តុលា៖ «​យើង​អត់​មាន​ទទួល​បាន​ថវិកា​ទាំង​នោះ​ទេ។​ សង្ស័យ​ថា​អ្នក​សារព័ត៌មាន​ទាំង​នោះ​ចេះ​តែ​យក​ព័ត៌មាន​បំភ្លៃ​ ដែល​យើង​ធ្លាប់​ធ្វើ​ការ​ជា​មួយ​ USAID កាល​មិន​នោះ​ ប៉ុន្តែ​ឥឡូវ​យើង​លែង​​មាន​ទៀតហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​ លោក ស៊ឹង សែនករុណា យល់​​ថា​ប្រសិន​បើ​ថវិកា​នេះ​​​ ផ្ដល់​ឱ្យ​ទៅ​​​បក្ស​ប្រឆាំង ​​និង​អង្គការ​ស៊ីវិល​មែន​ ក៏​មិន​​​​​​អាច​​​​​ថា​ «បទល្មើស​»​នោះ​​​​ទេ។ លោក​បញ្ជាក់​ថា ប្រសិន​​បើ​ថវិកា​​នោះ​ ​​ឧបត្ថម្ភ​ ​ដើម្បី​​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ ​និង​​សិទ្ធិ​មនុស្ស​​​​​នោះ​​ គឺ​ជា​រឿង​ល្អ​​​ ដែល​រដ្ឋាភិបាល​ត្រូវ​​សាទរ ​មិន​គួរ​ចេញ​​​សារ​គំរាម​ ​​​នោះ​​ឡើយ។ លោក​ថា រឿង​ដែល​ត្រូវ​ខ្វល់​នោះ​គឺ​បក្ស​អំណាច​ ទៅ​វិញ​ទេ​ ដែល​កន្លង​ទៅ​​​មាន​ក្រុម​ឧកញ៉ា និង​អ្នក​មាន​អំណាច​​​មួយ​ចំនួន ​​​បាន​​យក​លុយ​កខ្វក់​បាន​ពី​ការ​រំលោភ​បំពាន់ បោក​ប្រាស់​ពលរដ្ឋ​​​​​​យក​ទៅ​ឧបត្ថម្ភ​​បក្ស​កាន់​អំណាច។

លោក ស៊ឹង សែនករុណា៖ «គួរតែ​បញ្ចប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព​​នោះ​វិញ​ទៅ​ ហើយ​ទទួល​យក​អ្វី​ដែល​ជា​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ឱ្យ​​គេ​មើល​ឃើញ​ថា​ កម្ពុជា​មាន​ការ​កែប្រែ ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ ហើយ​ដើរ​តាម​គម្លង់​​​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»។

មន្ត្រី​សង្គម​ស៊ីវិល ​​ស្នើ​ឱ្យ​រដ្ឋាភិបាល​​​ ​​គួរតែ​​​ប្ដូរ​​ទម្លាក់​ដឹកនាំ​​​​​​​​​ ដែល​ចាំ​តែ​ចាប់​កំហុស​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ​ ​ដោយ​គ្មាន​បាន​ពិចារណា​ឱ្យ​បាន​​ត្រឹម​ត្រូវ និង​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ ​ព្រោះ​ការ​ធ្វើ​បែប​នេះ​ពុំ​ផ្ដល់​ផល​ចំណេញ​​ដល់​ជាតិ​នោះ​​​ទេ។​​ ផ្ទុយ​ទៅវិញ​ ​ទង្វើ​របស់​រដ្ឋាភិបាល​​ត្រូវ​បាន​​សហគមន៍​អន្តរជាតិ ​មើល​ឃើញ​ថា​កម្ពុជា​កំពុង​តែ​ដើរ​នាំ​ប្រទេស​ បែប​​ផ្ដាច់ការ​​​ កាន់​តែ​ខ្លាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ