

គណបក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំលាក់ពន្ធលើប្រេងឥន្ទនៈ ដើម្បីជួយសម្រួល បន្ទុកក្នុងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ខណ្ឌ:សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារយៈពេលជាងពីរសប្តាហ៍នេះ ធ្វើឱ្យប្រេងឥន្ធនៈមានតម្លៃខ្ពស់។
សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា នេះស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ទំលាក់ពន្ធលើការនាំចូលប្រេងឥន្ធនៈ ដែលរួមមានប្រេងសាំង និងប្រេងម៉ាស៊ូតឱ្យមកនៅត្រឹមសូន្យដុល្លារ ចំណែកអាករលើតម្លៃបន្ថែមក៏គួរទំលាក់ពីដប់ភាគរយ(10%) មកត្រឹមសូន្យភាគរយ(0%) វិញ។
សេចក្តីថ្លែងការណ៍បន្ថែមទៀតថា បើរាជរដ្ឋាភិបាលកម្ពុជាទំលាក់ពន្ធ និងអាករលើតម្លៃបន្ថែមមកត្រឹមសូន្យ នោះតម្លៃប្រេងសាំងអាចនឹងធ្លាក់ចុះមកនៅប្រហែលជាង ៤ ០០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតប្រហែលជាង ៥ ០០០រៀល ក្នុងមួយលីត្រ។ គណបក្សកម្លាំងជាតិថា រដ្ឋាភិបាលកម្ពុជាត្រូវតែមានថវិកាជាតិមួយកញ្ចប់សម្រាប់ទប់ស្កាត់តម្លៃប្រេងកុំឲ្យហក់ឡើងបន្តទៀត។
ទាក់ទងទៅនឹងបញ្ហាប្រេងឡើងថ្លៃនេះដែរ អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ការឡើងថ្លៃនៃប្រេងសាំង និងប្រេងម៉ាស៊ូត ប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងវិស័យកសិកម្ម ដូច្នេះលោកស្នើឲ្យរដ្ឋាភិបាលពិចារណា កាត់បន្ថយពន្ធនាំចូល និងអាករពិសេស កាត់បន្ថយភាគរយនៃពន្ធលើតម្លៃបន្ថែម (VAT) ឬពន្ធនាំចូលលើប្រេងឥន្ធនៈ ដើម្បីធ្វើឱ្យតម្លៃលក់រាយនៅតាមស្ថានីយធ្លាក់ចុះភ្លាមៗ។
លោក សុន ឆ័យ បានបន្ថែមទៀតថា ចំពោះដំណោះស្រាយរយៈពេលវែង លោកស្នើឱ្យរដ្ឋាភិបាលវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ (Solar) ឱ្យបានច្រើន ជាពិសេសសម្រាប់វិស័យកសិកម្ម ដើម្បីកាត់បន្ថយតម្រូវការប្រើប្រាស់ប្រេង។ លោកថា ការកាត់បន្ថយចំណូលរដ្ឋ គឺដើម្បីរក្សាចំណាយពលរដ្ឋ តាមរយៈការបញ្ចុះពន្ធ និងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជួយដល់កសិករ និងពលរដ្ឋដែលមានជីវភាពទន់ខ្សោយ។
ចំណែកឯ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា សេដ្ឋកិច្ចរបស់កម្ពុជាសព្វថៃ្ងស្ទើរតែជាប់គាំងទៅហើយ ដោយសារតែប្រព័ន្ធឆបោករបស់ក្រុមគ្រួសារត្រកូលហ៊ុន ធ្វើឲ្យប្រព័ន្ធធនាគារក្នុងស្រុកច្របូកច្របល់ ស្របពេលដែលសាំងកំពុងតែឡើងថ្លៃធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជីវភាពពលរដ្ឋខ្មែរ។
លោក គឹម សុខ៖ «ស្ថានភាពបែបនេះកម្ពុជាមិនត្រឹមតែជួបវិបត្តិសេដ្ឋកិច្ចប៉ុណ្ណឹងទេ ក៏ប៉ុន្តែនឹងជួបវិបត្តិហិរញ្ញវត្ថុជៀសមិនរួច ដែលនឹងធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្ស័យធន។ រដ្ឋាភិបាលមួយដែលប្រឈមនឹងក្ស័យធនទៅហើយ គ្មានវិធីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសជាតិទេ ដូច្នេះវិធីដែលល្អគឺរុញរដ្ឋាភិបាលនេះចេញពីអំណាច»។
ការអំពាវនាវរបស់គណបក្សប្រឆាំងគឺបន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះថា តម្លៃប្រេងត្រូវតម្កើង ៣០០រៀលបន្ថែមទៀត ក្នុង១លីត្រ គឺពី ៥,២០០ ទៅ ៥,៥០០រៀលសម្រាប់ប្រេងសាំងធម្មតា ខណៈតម្លៃប្រេងម៉ាស៊ូត ក៏ត្រូវដំឡើង ១៥០រៀល ទៀតដែរ នៅក្នុង១លីត្រ គឺពី ៦,៤០០ ទៅ ៦,៥៥០រៀល។
កន្លងមក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ នៃក្រសួងពាណិជ្ជកម្ម បានព្រមានប្រើវិធានរដ្ឋបាល និងផាកពិន័យចំពោះម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដែលលក់ប្រេងឥន្ធនៈថ្លៃជាងការកំណត់របស់ក្រសួងពាណិជ្ជកម្ម ក្រោយពីរកឃើញថា មានជនឆ្លៀតឱកាស លក់រាយ ប្រេងសាំងធម្មតា នៅតាមស្ថានីយតូចតាច និងនៅតាមផ្ទះខ្លះ ដំឡើងថ្លៃរហូតដល់ចន្លោះពី ៦ ទៅ ៧ពាន់រៀលក្នុង ១លីត្រ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការកំណត់តម្លៃប្រេងឥន្ធនៈដែលកំពុងហក់ឡើងចុងក្រោយនេះ មិនត្រូវបានក្រសួងកំណត់ពេលវេលាជាក់លាក់ទេ គឺខុសពីលើកមុន ដែលក្រសួងបានចេញគោលការណ៍កំណត់តម្លៃប្រេងរយៈពេល ១០ថ្ងៃម្តង រហូតបន្ថយមកនៅត្រឹម៣ថ្ងៃម្តង ប៉ុន្តែពេលនេះ ក្រសួងមិនបានកំណត់ពេលវេលាជាក់លាក់ដូចមុនឡើយ ដែលនឹងធ្វើឲ្យការកំណត់តម្លៃលែងមានតម្លាភាព៕









