តុលាការ​ផ្ដន្ទាទោស​សកម្ម​ជន ២៣ តុលា ឲ្យ​ជាប់ពន្ធនាគារ​ពី ១៨-២៤ ខែ​ក្នុង​សំណុំរឿង CLV

0
123
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម

តុលាការ​ផ្ដន្ទាទោស​សកម្ម​ជន ២៣ តុលា ឲ្យ​ជាប់ពន្ធនាគារ​ពី ១៨-២៤ ខែ​ក្នុង​សំណុំរឿង​CLV-DTA។ គ្រួសារ និង​សង្គម​ស៊ីវិល ខកចិត្ត និង​អំពាវនាវ ឲ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់ ពួកគេ​វិញ។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែមេសា បាន​ប្រកាស​សាលក្រម ផ្ដន្ទាទោស សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ព្រមទាំង​សកម្មជន ៧ នាក់​ទៀត ឲ្យ​ជាប់ ពន្ធនាគារ​២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ៤ លាន​រៀល ខណៈ​លោកស្រី សែម សុផល លោក ធែ​ល ធីលែន និង​កញ្ញា ពៅ នីតា និង​ជនជាប់ចោទ​ផ្សេង​ទៀត តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី ១៨ ទៅ​២២​ខែ ពី​បទ «​ញុះញង់ បង្ក ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ពាក់ព័ន្ធ​ទៅ​នឹង​ការរិះគន់ ទៅលើ គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ និង វៀតណាម CLV-DTA។

មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក អែម ចន្ថា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែមេសា​ថា កូនក្ដី​របស់​លោក នឹង​បន្ត​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី ភ្នំពេញ ។ ក្រៅពី​បង្ហាញ​ជំហរ​ប្ដឹង​ជំទាស់​នោះ លោក​ថា កូនក្ដី​របស់​លោក​ក៏​ចង់ សម្ដែង​មតិ បន្ទាប់ពី​តុលាការ​កាត់​ឲ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​ដែរ ប៉ុន្តែ​មិន​មាន​អ្នកសារព័ត៌មាន អាច​សម្ភាស​ពួក គាត់​នៅក្នុង​បន្ទប់​សវនាការ​បាន។

លោក​បញ្ជាក់​ថា សម្រាប់​អ្នក​ជាប់ពន្ធនាគារ ២ ឆ្នាំ គឺ​នៅ​សល់តែ ៣ ខែ​ទៀត ប៉ុណ្ណោះ នឹង​ត្រូវ​ដោះលែង ខណៈ​អ្នក​ជាប់ពន្ធនាគារ​២២ ខែ ក៏​កាន់តែ​ជិត​ដល់​ថ្ងៃ ដោះលែង​ដូចគ្នា ពីព្រោះ​ពួកគាត់​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន ដែល​តុលាការ​កាត់ ទោស​។ លោក​យល់ថា ការ​ឃុំខ្លួន​កូនក្ដី​រហូតដល់​ថ្ងៃ​ប្រកាស​សាល ក្រម​នេះ ជា រឿង​អយុត្តិធម៌​ចំពោះ​កូនក្ដី​របស់​លោក។

លោក អែម ចន្ថា៖ «កូនក្ដី​តែងតែ​អះអាង និង​ធានា​ថា នឹង​ចូលរួម​គ្រប់​នីតិវិធី ហើយ មែនទែន​ទៅ​រឿង​វា​ស៊ើបអង្កេត​មូល​ហើយ វា​អត់​មានអី​ទៀត ហើយ​ការ​ព្រួយ​បារម្ភ អំពី​ការ​គេចខ្លួន​អី​មិន​មាន​ទេ ព្រោះ​មានការ​ធានា​ច្បាស់លាស់ ហើយ​បើ​មាន​ការធានា​ច្បាស់លាស់ ចាំបាច់​ដាក់​ឃុំ​អី ប៉ុន្តែ​តុលាការ​នៅតែ​បន្ត​ឃុំ ហើយ​ដល់​ប្រកាស ហើយ​ជិត​គ្រប់​។ នេះ​វា​ចង់​មិន​ចង់​យើង​ថា អង្ករ​ក្លាយទៅជា​បាយ​ហើយ​យើង ត្រូវតែ​ហូរ​ចង់​និយាយ​អ៊ីចឹង​។ បាទ​! ពួកគាត់​ថា នឹង​ប្ដឹង​ឧទ្ធរណ៍​។ សំណូមពរ​ទៅ តុលាការ​ដែរ ក្នុង​ការ​អនុវត្ត​នីតិ​វិធី​ច្បាប់​ធ្វើ​ម៉េច ឲ្យ​បាន​ផ្ដល់​នូវ​ភាព​យុត្តិធម៌ សម្រាប់​កូនក្ដី សម្រាប់​ជនជាប់ចោទ​នៅក្នុង​អង្គហេតុ អង្គច្បាប់​មួយចំនួន»។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ត្រូវ​បាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤​។ រីឯ​លោកស្រី សែម សុផល ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៤។

បងស្រី​របស់​កញ្ញា ភឹង សោភា គឺ​កញ្ញា ភឹង សុភ័ណ្ឌ លើកឡើង​ថា កញ្ញា​មិន​សប្បាយចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ ពីព្រោះ​ប្អូនស្រី​របស់​កញ្ញា ជាប់ ពន្ធនាគារ​យូរហើយ គួរតែ​តុលាការ​ព្យួរទោស​ពួកគាត់​ដែល​នៅសល់ ប៉ុន្តែ​បែរជា ឲ្យ​ប្អូន របស់​កញ្ញា​អនុវត្ត​ទោស ២​ឆ្នាំ ហើយ​ពិន័យ​ប្រាក់ ៤ លាន​រៀល​បន្ថែម​ទៀត​។ កញ្ញា​យល់ថា សកម្មភាព​ដែល​ប្អូនស្រី​របស់​ខ្លួន និង​លោក ស្រ៊ុន ស្រ៊ន និង​លោក សាន សិទ្ធ បាន​ធ្វើ​កន្លង​មក ជា​រឿង​ត្រឹមត្រូវ។

កញ្ញា ភឹង សុភ័ណ្ឌ៖ «គួរតែ​មានការ អាច​ថា ព្យួរទោស ឬមួយ​ក៏ ការអនុវត្ត​ត្រឹម​ដំណាក់​ការ​ឃុំ ប៉ុន្តែ​ដោយឡែក​មើល​ឃើញ​ថា អនុវត្ត​ទោស​២​ឆ្នាំ​ហើយនឹង​ការ​ផាក​ពិន័យ តាម​កំណត់​នៃ​ច្បាប់​អ៊ីចឹង​។ អ៊ីចឹង​ខ្ញុំ​គិតថា វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច អ្វី​ដែល​បាន​បាត់បង់​នៅ​ពេល​ដែល​គាត់​នៅក្នុង​ឃុំ។ អ៊ីចឹង​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច គ្រួសារ​ហើយ​ហ្នឹង នូវ​ការខាតបង់​នានា ដែល​គាត់​បាន​ជាប់ឃុំ​កន្លងមក​ហ្នឹង»។

រីឯ​ប្រពន្ធ​លោក សាន សិទ្ធ គឺ​លោកស្រី ស្វាយ ពៅ ខកចិត្ត និង​ចាត់ទុក​ការ ឃុំខ្លួន​ប្ដី​លោកស្រី និង​សកម្មជន ផ្សេងៗ​រហូត​ជិត ២ ឆ្នាំនេះ​ថា ជា​រឿង​អយុត្តិធម៌​។ លោកស្រី​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់ និង ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ។

លោកស្រី ស្វាយ ពៅ៖ «​ដូច​តុលាការ​បាន​ចោទប្រកាន់​ថា បទ​ញុះញង់ តែ​ផ្ទុយទៅវិញ អត់​ទេ​។ អត់​មាន​បទ​ញុះញង់​ទេ សាន សិទ្ធ អ្នក​ទាំង​បី​ហ្នឹង និយាយ​ទៅ​គាត់​ជា​ពលរដ្ឋ​សកម្ម។ សកម្ម​ឲ្យ​ពលរដ្ឋ​ចេះ​ដាំ​ដុះ មាន​សីល ៥ ពលរដ្ឋ និង​មន្ត្រី​ចេះ​ស្រឡាញ់​គ្នា ពលរដ្ឋ និង​ពលរដ្ឋ​ចេះ​ចងក្រង​គ្នា រាប់អាន​គ្នា ដល់​ឥឡូវ​ចោទ​ពី​បទ​ញុះញង់​អ៊ីចឹង ខ្ញុំ​ថា អត់​យុត្តិធម៌​សម្រាប់​ពួកគាត់​ទាំង ៣​នាក់​ទេ»។

ជាមួយ​គ្នា​នេះ​ដែរ កូនប្រុស​លោកស្រី សែម សុផល គឺ​យុវជន ផល្លា ផានិត សោកស្ដាយ និង​ចាត់ទុក ការ​សម្រេច​នេះ​ថា នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់ ជំនឿ​លើ​ប្រព័ន្ធ​តុលាការ។

យុវជន ផល្លា ផានិត៖ «ខ្ញុំ​មើលឃើញ​ថា វា​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់ គ្រាន់តែ​បញ្ចេញមតិ​តិចតួច ឬក៏​ស៊ែរ​តាម​ហ្វេសប៊ុកអី​តិចតួច​អ៊ីចឹង​។ គាត់​គ្មាន​គម្រោង​អី​ណា ទៅជា​មេ​បាតុកម្ម ព្រោះ​គាត់​ត្រឹមតែ​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់ គ្រាន់តែ​គោលនយោបាយ​គាត់​ខុសពី​គណបក្ស​កាន់អំណាច អ៊ីចឹង​ទៅ​វា​ផ្ទុយគ្នា​បន្តិច វា​មិន អាច​ចាប់​គាត់​ដាក់ទោស​រាប់​ឆ្នាំ​ហើយ ទើបតែ​ម្ភៃ​ខែ ជិត​ចូល​ម្ភៃ​មួយ​ខែ ទើប​គាត់​កាត់ក្ដី សម្រេច​ក្ដី​ថា គាត់​មាន​ទោស»។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ចំនួន ៣​នាក់​រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង លោក សាន សិទ្ធ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤​។ ការ ចាប់ ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ពួកគាត់​បាន​និយាយ​អំពី​ការ​បញ្ចូល​ខេត្ត​ចំនួន ៤ របស់​ប្រទេស​កម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង ខេត្តស្ទឹងត្រែង ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ ជាមួយ​ប្រទេស​ឡាវ និង វៀតណាម (CLV-DTA)​។ ទោះបីជា​អាជ្ញាធរ ចាប់ខ្លួន​សកម្មជន​ទាំង ៣​នាក់ ទាក់ទង​នឹង​ការ អត្ថាធិប្បាយ​អំពី​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​នេះ​ក៏ដោយ ក្រោយ​ការ​តវ៉ា​របស់ ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បានសម្រេច លុបចោល​គម្រោង​អភិវឌ្ឍន៍​ត្រីភាគី​នេះ​វិញ ប៉ុន្តែ​តុលាការ​មិនបាន​ដោះលែង អ្នក​ដែល​រិះគន់​ពី​គម្រោង​នេះ​ឲ្យ​មាន​សេរីភាព​វិញ​នោះ​ទេ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩ ខែមេសា​ថា ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង ៣៧ រូប មានតែ ១៤ រូប​ប៉ុណ្ណោះ មាន​វត្តមាន​ស្ដាប់​សាលក្រម​របស់​ពួកគេ​នៅ​ថ្ងៃទី​២៩ ខែ​មេសា​នេះ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សោកស្ដាយ ចំពោះ​សាលក្រម​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បានសម្រេច ផ្ដន្ទាទោស​សកម្មជន​កិច្ច​ព្រម ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចំនួន ៣ រូប ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ និង ពិន័យ ជា​ប្រាក់​ចំនួន ៤ លាន​រៀល ក្នុង​ម្នាក់ៗ ដែល​ជា​កម្រិត​ទោស អតិបរិមា សម្រាប់​បទ​ញុះញង់។

CCHR ដែល​បាន​តាមដាន​ករណីនេះ​មើល​ឃើញ​ថា ការសម្ដែង​មតិ​របស់​ពួកគេ​អំពី តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម មិន​គួរ​ជា​បទល្មើស​នោះ​ទេ។ ការសម្ដែង​មតិ​របស់​ពួកគេ​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​កិត្តិយស​របស់​អ្នកដទៃ ឬ​ហានិភ័យ​ដល់​ការ​ការពារ​សន្តិសុខ​ជាតិ ឬ​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ថា ជា​ការ​រឹតត្បិត​សម្រាប់​ការ​បញ្ចេញមតិ​នោះ​ទេ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក សេង សុវឌ្ឍនា អំពាវនាវ ដល់​អាជ្ញាធរ​កម្ពុជា ឲ្យ​គោរព និង​លើកកម្ពស់​សេរីភាព​បញ្ចេញមតិ ពីព្រោះ​ជា សេរីភាព​មូលដ្ឋាន​ដ៏​សំខាន់​មួយ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន និង​មាន​កាតព្វកិច្ច​ត្រូវ​លើក​កម្ពស់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ