

អង្គការអ្នកកាសែតគ្មានព្រំដែន (RSF)នៅថ្ងៃទី៧ ខែសីហា ចេញសេចក្ដីថ្លែងការណ៍ អំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យ ដោះលែងអ្នកសារព័ត៌មានកម្ពុជា គឺលោក លួត សុផល និងបញ្ឈប់ការរំលោភបំពាន និងប្រើប្រាស់ការចោទប្រកាន់ព្រហ្មទណ្ឌដើម្បីបំបិទមាត់ការរាយការណ៍ឯករាជ្យ។ អង្គការនេះ ចាត់ទុកការឃុំខ្លួន លោក លួត សុផល រយៈពេលប្រាំមួយខែមកហើយ នេះជាការសងសឹកទៅនឹងការរាយការណ៍របស់លោកអំពីបញ្ហាខ្វះខាតទឹកស្អាតដែលបានជះឥទ្ធិពលដល់កងទ័ពកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន ជាមួយប្រទេសថៃ។
សេចក្តីថ្លែងការណ៍របស់ RSF ធ្លាក់ចំពេលក្រុមមេធាវីរបស់អ្នកសារព័ត៌មាន លោក លួត សុផល ដែលនៅថ្ងៃទី៧ ខែសីហានេះ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងខេត្តឧត្តរមានជ័យដែលបានផ្ដន្ទាទោសលោក លួត សុផល ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។ អ្នកសារព័ត៌មានវ័យ ៣៨ឆ្នាំរូបនេះ បានបម្រើការងារឱ្យសារព័ត៌មានក្នុងស្រុកឈ្មោះ «ស្រទាប់យុវវ័យ» (Srotop Yuvakvey News) ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃទី១៤ ខែកក្កដា ពីបទ «ធ្វើឲ្យខូចទឹកចិត្តកងទ័ព» និង «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
លោក លួត សុផល ត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី១៣ ខែកុម្ភៈ។ លោកត្រូវបានគេប្តឹងបន្ទាប់ពីបានផ្សាយផ្ទាល់ អំពីការរាយការណ៍របស់លោកជុំវិញការខ្វះខាតទឹកស្អាតដែលប៉ះពាល់ដល់កងទ័ពជួរមុខរបស់កម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែនជាមួយប្រទេសថៃ។ ទន្ទឹមគ្នានោះ អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បានបញ្ជាក់ថា អ្វីដែល លោក លួត សុផល បានរាយការណ៍ ក៏មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់កម្ពុជាផ្សេងទៀតបានផ្សាយដែរ រួមមាន វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងវិទ្យុអាស៊ីសេរី (RFA) ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ដែលស្ថាប័នទាំងពីរនេះបានដំណើរការពីក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែការបង្ក្រាបពីរដ្ឋាភិបាល។
នាយកការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ RSF លោក សេដ្រិក អាល់វីយ៉ានី (Cédric Alviani ) លើកឡើងក្នុងសម្ដីដើមថា «អ្នកសារព័ត៌មាន លោក លួត សុផល គ្រាន់តែបំពេញការងាររបស់គាត់ប៉ុណ្ណោះ នៅពេលដែលគាត់បានរាយការណ៍អំពីស្ថានភាពលំបាកដែលកងទ័ពកម្ពុជាបានជួបប្រទះនៅព្រំដែន ហើយកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការបំបិទមាត់គាត់ បានបង្ហាញពីការមើលងាយទាំងស្រុងចំពោះសេរីភាពសារព័ត៌មាន។ យើងជំរុញឱ្យអាជ្ញាធរកម្ពុជាលុបចោលការកាត់ទោសរបស់គាត់ និងដោះលែងគាត់ជាបន្ទាន់។ ពួកគេត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធលើអ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាផលប្រយោជន៍សាធារណៈ។
អង្គការRSF ក៏បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានបង្កើនការបង្ក្រាបកាន់តែខ្លាំងឡើងលើអ្នកសារព័ត៌មានដែលរាយការណ៍រិះគន់អំពីជម្លោះព្រំដែនរបស់ប្រទេសនេះជាមួយប្រទេសថៃ ចាប់តាំងពីភាពតានតឹងបានកើនឡើងកាលពីឆ្នាំមុន។ កាលពីខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មាន លោក មាស សារ៉ា ត្រូវបានឃុំខ្លួនរយៈពេលមួយថ្ងៃ និងត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីបានចុះផ្សាយបទសម្ភាសន៍ជាមួយប្រជាពលរដ្ឋកម្ពុជារស់នៅក្បែរព្រំដែន ដែលបាននិយាយថា មានពលរដ្ឋជាច្រើនបានភៀសសឹក ដោយសារតែការឈ្លានពានរបស់យោធាថៃ៕







